ខ្មែរប៉ុស្ដិ៍ Close

កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ បើកយុទ្ធនាការឃោសនាប្រជាមតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 65
កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ បើកយុទ្ធនាការឃោសនាប្រជាមតិ លោកស្រី Paetongtarn

កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃដែលនិរទេសខ្លួន គឺលោក Thaksin Shinawatra បានដាក់បង្ហាញនូវកម្មវិធីគោលនយោបាយបែបប្រជានិយម ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលមិនមានប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រី Prayut Chan-o-cha នៅក្នុងការបោះឆ្នោតឆ្នាំក្រោយ ដើម្បីបញ្ចប់នូវការគ្រប់គ្រងរយៈពេលជិត ១ ទសវត្សរ៍របស់រដ្ឋាភិបាលដែលគាំទ្រដោយក្រុមយោធា។

ថ្លែងកាលពីម្សិលមិញនៅក្នុងកិច្ចប្រជុំមហាសន្និបាតរបស់គណបក្ស Pheu Thai លោកស្រី Paetongtarn Shinawatra បានប្រកាសថា ជ័យជម្នះសម្រាប់គណបក្សនេះនឹងក្លាយជាការចាប់ផ្តើមនូវយុគសម័យថ្មីនៃសមធម៌សង្គមសម្រាប់ប្រទេសថៃ។

សារព័ត៌មានបាងកកប៉ុស្តិ៍បានរាយការណ៍ថា ស្ត្រីវ័យ ៣៦ ឆ្នាំរូប នេះបានគូសបញ្ជាក់អំពីសំណើមួយចំនួនដែលនឹងអាចផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រជាជនថៃ។ សំណើរទាំងនោះរួមមានទាំងការដំឡើងប្រាក់ឈ្នួលអប្បបរមាទ្វេដង និងវិធានការដើម្បីគាំទ្រតម្លៃទំនិញកសិកម្ម កាត់បន្ថយតម្លៃថាមពល និងពង្រីកសេវាថែទាំសុខភាព។

យោងតាមសារព័ត៌មាន The Associated Press លោកស្រីបាននិយាយថា «រយៈពេល ៤ ឆ្នាំខាងមុខ គឺជាឆ្នាំដែលប្រទេសរបស់យើងនឹងត្រូវត្រឡប់មករកស្ថានភាពធម្មតា, ទទួលបានសេចក្តីថ្លៃថ្នូរ និងមោទនភាពរបស់យើងឡើងវិញ»។ លោកស្រីបានបន្ថែមថា «ការគិតឲ្យបានធំ និងអនុវត្តដោយឆ្លាតវៃ នឹងអាចជួយកសាងប្រទេសរបស់យើងឡើងវិញ និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាជនថៃ។ អ្វីដែលយើងត្រូវធ្វើ គឺធ្វើការជាមួយគ្នាដើម្បីផ្លាស់ប្តូរការដឹកនាំប្រទេសនេះ»។

គណបក្ស Pheu Thai ដែលជាគណបក្សដ៏ធំជាងគេនៅក្នុងសភាប្រទេសថៃ គឺជាអត្តសញ្ញាណនៅពេលបច្ចុប្បន្នរបស់គណបក្ស Thai Rak Thai ដែលលោក Thaksin ដែលជាមហាសេដ្ឋីទូរគមនាគមន៍បានទទួលជ័យជម្នះកាលពីឆ្នាំ ២០០១។

ខណៈដែលលោកស្រី Paetongtarn គឺជាអ្នកចំណូលថ្មីរបស់គណបក្សនេះ នៅក្នុងខែតុលា ឆ្នាំ ២០២១ លោកស្រីត្រូវបានគេតែងតាំងឱ្យដឹកនាំគណៈកម្មាធិការទីប្រឹក្សាបរិយាប័ន្ន និងនវានុវត្តន៍របស់គណបក្ស (Inclusion and Innovation Adviser Committees) ហើយការទទួលស្គាល់ចំពោះអត្តសញ្ញាណនិ ងភាពយុវវ័យរបស់លោកស្រី បានធ្វើឱ្យលោកស្រីក្លាយជាកម្លាំងចលករមួយនៅក្នុងគណបក្សចាប់តាំងពីពេលនោះមក។

លោកស្រី Paetongtarn មិនទាន់ត្រូវបានគេតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្ស Pheu Thai សម្រាប់ឆ្នាំ ២០២៣ នៅឡើយទេ ហើយកាលពីខែមុនលោកស្រីបានប្រកាសថា លោកស្រីមានផ្ទៃពោះកូនទី២ ដែលនឹងត្រូវសម្រាលនៅក្នុងខែឧសភា ប៉ុន្តែលោកស្រីធ្លាប់បានប្តេជ្ញាថា នឹងដឹកនាំគណបក្សនេះឱ្យឡើងកាន់អំណាចវិញ ពោលគឺបន្ទាប់ពីរយៈពេលជាង ៨ ឆ្នាំ ក្រោយបក្សនេះត្រូវបានផ្តួលរំលំដោយការធ្វើរដ្ឋប្រហារ។

សូមអាន គណបក្សភឿថៃ ប្ដេជ្ញាថា ខ្លួននឹងមិនសប្បាយភ្លេចខ្លួននោះទេ បន្ទាប់ពីទទួលបានជ័យជម្នះលើការស្ទង់មតិ

សម្រាប់ចលនាគាំទ្រលោក Thaksin ប្រភេទនៃគោលនយោបាយប្រជានិយម ដែលត្រូវបានប្រកាសដោយលោកស្រី Paetongtarn កាលពីម្សិលមិញ គឺជាមូលដ្ឋានដ៏ល្អ។ លោក Thaksin ទទួលបានការគាំទ្រជាសំឡេងឆ្នោតយ៉ាងច្រើននៅក្នុងឆ្នាំ ២០០១ ក្រោយលោកបានធ្វើការសន្យាថា នឹងផ្តល់ការថែទាំសុខភាពជាសកល និងផ្តល់ភាពងាយស្រួលក្នុងការទទួលបានប្រាក់កម្ចីខ្នាតតូច។

គោលនយោបាយទាំងនេះបានបង្កើនសំឡេងគាំទ្រយ៉ាងច្រើនសម្រាប់លោក Thaksin នៅតាមបណ្តាខេត្តមួយចំនួន ជាពិសេសនៅភាគខាងជើង (មូលដ្ឋាននៃត្រកូល Shinawatra) និងភាគឦសាននៃប្រទេសដែលបានជួយឱ្យគណបក្ស Thaksin ឈ្នះអាសនៈច្រើនជាងគេនៅរាល់ការបោះឆ្នោតជាតិ ចាប់តាំងពីពេលនោះមក។

លោកស្រី Paetongtarn បានថ្លែងនៅក្នុងកិច្ចប្រជុំគណបក្សថា «តម្លៃនៃទំនិញកសិកម្មត្រូវតែមានការតម្លើង។ យើងបានធ្វើវាហើយ ហើយយើងនឹងធ្វើវាម្ដងទៀត។ ត្រឹមឆ្នាំ ២០២៧ ប្រជាជនថៃត្រូវតែទទួលបាន ប្រាក់ឈ្នួលសមស្របទៅនឹងកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ដែលយ៉ាងតិចបំផុតគឺ ៦០០ បាតក្នុងមួយថ្ងៃ»។

តាមរយៈការសន្យាបែបនេះ គណបក្ស Pheu Thai ដែលបានឈ្នះអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតជាតិចុងក្រោយនៅឆ្នាំ ២០១៩ អាចត្រូវបានគេរំពឹងថា នឹងមានដំណើរការល្អម្តងទៀត ក៏ប៉ុន្តែពួកគេក៏ទំនងជាត្រូវការនូវការគាំទ្រពីសំណាក់គណបក្សផ្សេងទៀតដើម្បីបង្កើតរដ្ឋាភិបាល ដោយសារសមាជិកព្រឹទ្ធសភាចំនួន ២៥០ រូបដែលត្រូវបានជ្រើសតាំងទាំងស្រុងដោយស្ថាប័នរាជានិយម មានអំណាចក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី។

ទោះបីជាគណបក្សនេះបានក្លាយជាបក្សដ៏ធំបំផុតតែមួយគត់នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩ ក៏ដោយ ក៏គណបក្ស Pheu Thai ត្រូវបានគេរារាំងមិនឱ្យបង្កើតរដ្ឋាភិបាលពីសំណាក់គណបក្ស Palang Pracharath (PPRP) ដែលបានគាំទ្រដល់មេដឹកនាំរបបយោធា លោក Prayut Chan-o-cha និងបានធ្វើជាយានបោះឆ្នោតសម្រាប់កងទ័ពភូមិន្ទថៃ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើគណបក្ស Pheu Thai ធ្វើការគម្រាមទៅលើកូនជឹងរបស់ក្រុមរបបរាជវង្សដែលបានគាំទ្រចំពោះក្រុមយោធានោះ ប្រវត្តិសាស្ត្របានបង្ហាញថា ស្ថានភាពនេះនឹងមិនខុសពីការបំផ្លាញខ្លួនដោយមធ្យោបាយបើកចំហ ឬលាក់កំបាំងឡើយ។

ចាប់តាំងពីការបោះឆ្នោតកាលពីឆ្នាំ ២០០១ លោក Thaksin ត្រូវបានគេមើលឃើញថា គឺជាបុគ្គលដែលបានបង្កការគំរាមកំហែងដល់ទ្រព្យសម្បត្តិ និងអំណាចរបស់ក្រុមឥស្សរជនអភិរក្សនិយមរបស់ប្រទេសថៃ ហើយចាប់តាំងពីពេលនោះមក គេបានប្រើវិធីសាស្ត្រក្រៅលទ្ធិប្រជាធិបតេយ្យមួយចំនួនដើម្បីធ្វើឱ្យឥទ្ធិពលរបស់លោកត្រូវបានសាបរលាបពីឆាកនយោបាយថៃ។

សូមអាន Bangkok Post ៖ ពេលវេលាដ៏តានតឹងនាពេលខាងមុខ សម្រាប់ថ្នាក់ដឹកនាំថៃ

កងទ័ពបានដកគាត់ចេញពីអំណាចតាមរយៈការធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ ២០០៦ ហើយនៅពេលដែលគណបក្សដែលតំណាងឱ្យលោកទទួលបានជ័យជម្នះម្តងហើយម្តងទៀត រហូតទទួលបានការគាំទ្រដោយចលនា បាតុកម្ម «អាវក្រហម» ដ៏ធំនោះ មេដឹកនាំរបស់ពួកគេត្រូវបានដកចេញពីអំណាចជាថ្មី ដោយពេលខ្លះគឺមិនមានហេតុផលសមស្របនោះឡើយ ។

ក្រោយបាត់បង់ភាពអត់ធ្មត់ ក្រុមយោធាបានធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ ២០១៤ ម្តងទៀត ដោយបានដករដ្ឋាភិបាលរបស់គណបក្ស Pheu Thai ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Yingluck Shinawatra ដែលត្រូវជាប្អូនស្រីរបស់លោក Thaksin ចេញពីអំណាច។

បន្ទាប់មករបបយោធាបានគ្រប់គ្រងប្រទេសនេះតាមរយៈសេចក្តីបង្គាប់អស់រយៈពេល ៥ ឆ្នាំ ហើយបានធ្វើការព្រាងរដ្ឋធម្មនុញ្ញថ្មី ខណៈដែលរដ្ឋធម្មនុញ្ញចាស់ត្រូវបានគេរៀបចំឡើងជាពិសេសដើម្បីរារាំងលោក Thaksin ដែលបច្ចុប្បន្នកំពុងតែនិរទេសខ្លួននៅក្នុងទីក្រុងឌូបៃ ហើយមិនឱ្យវិលត្រឡប់មកធ្វើនយោបាយក្នុងស្រុកវិញនោះឡើយ។

ខណៈពេលដែលគណបក្ស PPRP កំពុងតែស្ថិតនៅក្នុងស្ថានភាពប្រែប្រួល ដោយមានពាក្យចចាមអារ៉ាមថា នាយករដ្ឋមន្ត្រី Prayut អាចចូលរួមជាមួយ គណបក្សមិត្តភាពយោធាមួយផ្សេងទៀតនៅមុនការបោះឆ្នោតឆ្នាំ ២០២៣ នោះ ការប្តេជ្ញាចិត្តរបស់ក្រុមរាជវង្សដែលគាំទ្ររបបយោធានឹងតែងតែបានទប់ស្កាត់ចំពោះរាល់លទ្ធភាពណាមួយនៃការវិលត្រឡប់មកកាន់ឆាកនយោបាយវិញរបស់ លោក Thaksin គឺមិនគួរត្រូវបានគេមើលរំលងនោះទេ ។

សូមអាន លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ​ រួច​ផុត​ពី​បញ្ហា​ប្រឈម ប៉ុន្តែ​តើ​នេះ​ជាការបើក​ផ្លូវ​ឲ្យ​លោក​ថាក់ស៊ីន វិល​ចូលស្រុកវិញឬ​ទេ?

ទោះជាយ៉ាងណាក៏ដោយ វាច្បាស់ណាស់ដែលថា គណបក្ស Pheu Thai នឹងត្រូវប្រឈមមុខនឹងបញ្ហាធំជាងការបញ្ចុះបញ្ចូលប្រជាជនថៃភាគច្រើនឱ្យបង្កើតរដ្ឋាភិបាលថ្មីទៅទៀត៕

The Diplomat

អត្ថបទទាក់ទង