គណបក្សភឿថៃ ប្ដេជ្ញាថា ខ្លួននឹងមិនសប្បាយភ្លេចខ្លួននោះទេ បន្ទាប់ពីទទួលបានជ័យជម្នះលើការស្ទង់មតិ
គណបក្សប្រឆាំងនាំមុខគេនៅប្រទេសថៃ «ភឿថៃ» បានសន្យាថា ខ្លួននឹងមិនសប្បាយភ្លេចខ្លួននឹងជ័យជម្នះនោះទេ បន្ទាប់ពីការស្ទង់មតិមួយបានបង្ហាញថា លោកស្រី Paetongtarn «Ung Ing» Shinawatra ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រជាជនថៃ សម្រាប់តំណែងជានាយករដ្ឋមន្ត្រី។
ការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍ «National Institute of Development Administration (NIDA)» បានបង្ហាញថា កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបានការគាំទ្រចំនួន ២៥,២៨% បន្ទាប់មក គឺមេដឹកនាំគណបក្សអនាគតថ្មី «Move Forward Party» លោក Pita Limjaroenrat ដែលទទួលបានសំឡេងឆ្នោត ១៣,២៤%។ ចំណែកឯលោក Prayut Chan-o-cha វិញទទួលបានត្រឹមតែ ១១,៦៨% ប៉ុណ្ណោះ ខណៈដែល ១៨,៨% ផ្សេងទៀត បាននិយាយថា ពួកគេមិនឃើញមានបេក្ខជនណាម្នាក់ ដែលសក្ដិសមនឹងតំណែងនេះទេ។
បើយោងតាមការស្ទង់មតិនោះ គណបក្សភឿថៃ និងគណបក្សអនាគតថ្មី មានសំឡេងគាំទ្រពីប្រជាជនថៃជាងពាក់កណ្តាល។ គណបក្ស Palang Pracharath ឈរនៅលេខរៀងទី៣ ដោយទទួលបានតែ ៧% តាមពីក្រោយដោយគណបក្សប្រជាធិបតេយ្យ ដែលទទួលបានសំឡេងគាំទ្រ ៦,៣២% ។
លោក Anussorn Iamsa-ard អនុលេខានៃគណៈកម្មាធិការយុទ្ធសាស្ត្រ និងទិសដៅនយោបាយរបស់គណបក្សភឿថៃ បានថ្លែងអំណរគុណចំពោះប្រជាជនថៃដែលបានបង្ហាញនូវការគាំទ្រចំពោះលោកស្រី Paetongtarn ក៏ដូចជាគណបក្សភឿថៃ តាមរយៈការស្ទង់មតិរបស់ NIDA នេះ។
លោកបាននិយាយថា គណបក្សលោកនឹងមិនភ្លើតភ្លើន ឬក៏មិនសប្បាយភ្លេចខ្លួនជាមួយនឹងលទ្ធផលនៃការស្ទង់មតិនេះទេ។ ផ្ទុយទៅវិញគណបក្សនេះនឹងខិតខំបង្កើតនូវគោលនយោបាយថ្មីៗដើម្បីដោះស្រាយបញ្ហានានារបស់ប្រទេស និងប្រជាជនថៃ។
លោក Anussorn បាននិយាយថា គណបក្សណាក៏អាចសរសេរគោលនយោបាយរបស់ខ្លួន ដើម្បីទាក់ទាញការគាំទ្រនៅក្នុងយុទ្ធនាការនយោបាយបានដែរ។ ប៉ុន្តែមានតែគណបក្សភឿថៃមួយប៉ុណ្ណោះ ដែលពិតជាអាចបង្កើតនូវគោលនយោបាយ ដែលអាចយកមកអនុវត្តជាក់ស្ដែងបាន។
លោកបានស្នើឱ្យលោកឧត្តមសេនីយ៍ Prayut Chan-o-cha ដែលជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្ន ឱ្យពិនិត្យមើលអំពីខ្លួនឯង និងត្រូវពន្យល់ប្រជាពលរដ្ឋថៃអំពីមូលហេតុដែលរូបលោកមិនអាចជំរុញឱ្យមានការអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានពិតប្រាកដ។ លោកបាននិយាយថា ឥឡូវនេះដល់ពេលដែលលោកឧត្តមសេនីយ៍ Prayut ត្រូវប្រគល់អំណាចជូនប្រជាជនថៃវិញ ហើយអនុញ្ញាតឱ្យពួកគេជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីតាមរយៈសមាជិកសភាដែលពួកគេបានបោះឆ្នោតឱ្យ តាមរយៈការបោះឆ្នោតថ្មីមួយ។
សមាជិកព្រឹទ្ធសភាថៃ លោក Wanchai Sornsiri បានសរសេរនៅលើទំព័រ Facebook របស់លោកថា ពាក្យថា «ជ័យជម្នះភ្លូកទឹកភ្លូកដី» ដែលគណបក្សភឿថៃបានយកមកប្រើ ស្តាប់ទៅគួរឱ្យរំភើប និងជាការជំរុញទឹកចិត្តខ្លាំងណាស់។ ប៉ុន្តែគេមិនជឿទេថា គណបក្សនេះនឹងអាចយកឈ្នះការបោះឆ្នោខាងមុខបាន។
សមាជិកព្រឹទ្ធសភារូបនេះបាននិយាយថា លោកស្រី Paetongtarnហាក់ដូចជាចង់ដើរ តាមគន្លងរបស់ម្តាយមីងខ្លួន គឺលោកស្រី Yingluck ដែលបានព្យាយាមផ្លោះរំលងគេឯង ទៅស្រវាចាប់កៅអីនាយករដ្ឋមន្ត្រីក្នុងរយៈពេលត្រឹមតែ ៤៩ ថ្ងៃ។
លោកបាននិយាយថា លោកស្រី Paetongtarn មិនបានទទួលស្គាល់ការពិតទេថា សមាជិកគ្រួសាររបស់លោកស្រីជាច្រើននាក់ត្រូវបានគេបណ្ដេញចេញជាបន្តបន្ទាប់ ដោយសារតែពួកគេបានយកការធ្វើនយោបាយមកធ្វើជាអាជីវកម្មគ្រួសារ។
ព្រឹទ្ធសមាជិករូបនេះបានបន្តទៀតថា ប្រសិនបើលោកស្រីនៅតែបន្តធ្វើនូវទង្វើដែលគ្រួសារលោកស្រីបានធ្វើទៀតនោះ លោកស្រីនិងគណបក្សភឿថៃនឹងជួបនូវជោគវាសនាដូចគ្នា។
លោក Wanchai បាននិយាយថា តំណែងនាយករដ្ឋមន្ត្រី មិនមែននរណាៗក៏អាចចាប់យកបាននោះទេ។ លោកបានបន្ថែមថា លោកស្រី Paetongtarn នៅមានផ្លូវវែងឆ្ងាយទៀត ដែលត្រូវដើរ ហើយលោកស្រីក៏មិនចាំបាច់ធ្វើជាចាស់ទុំខាងនយោបាយនោះដែរ។
លោកបាននិយាយថា មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew គួរតែជាបេក្ខភាពសម្រាប់តំណែងនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ដោយទុកឱ្យសមាជិកគ្រួសារ Shinawatra ដើរតួនាទីផ្សេងវិញ គឺដោយចេញមុខក៏បាន ឬលាក់មុខក៏បាន៕ Bangkok Post