ខ្មែរប៉ុស្ដិ៍ Close

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖ ការវាយតម្លៃរបស់អ្នករាយការណ៍ពិសេស មានភាពមិនត្រឹមត្រូវ ជ្រើសរើសតែមួយជ្រុង និងមានភាពលម្អៀង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ ឯកសារ 52
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖ ការវាយតម្លៃរបស់អ្នករាយការណ៍ពិសេស មានភាពមិនត្រឹមត្រូវ ជ្រើសរើសតែមួយជ្រុង និងមានភាពលម្អៀង ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖ ការវាយតម្លៃរបស់អ្នករាយការណ៍ពិសេស មានភាពមិនត្រឹមត្រូវ ជ្រើសរើសតែមួយជ្រុង និងមានភាពលម្អៀង

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការបញ្ចេញទស្សនៈផ្ទាល់ខ្លួននាពេលថ្មីៗនេះ របស់អ្នករាយការណ៍ពិសេសមួយចំនួន តូចពាក់ព័ន្ធនឹងការបោះឆ្នោតជាតិនៅកម្ពុជា។

ការលើកឡើងរបស់ពួកគេ មានភាពមិនត្រឹមត្រូវ ជាពិសេសពាក់ព័ន្ធនឹងសភាពពិតនៅមូលដ្ឋាន ដែលប្រការនេះនាំឱ្យអ្នករាយការណ៍ពិសេស ធ្វើការវាយតម្លៃដោយជ្រើសរើសតែមួយជ្រុង និងមានភាពលម្អៀង។

បើតាមសេចក្តីថ្លែងការណ៍នោះ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានផ្តល់នូវការសង្កេតជាតថភាពមួយចំនួនដូចតទៅ៖

១៖ បុគ្គលដែលអះអាងខ្លួនជាអ្នកជំនាញខាងលើ បែរជាធ្វើមិនដឹងមិនឮអំពីអត្រាអ្នកចូលរួមបោះឆ្នោតដ៏ខ្ពស់ចំនួន ៨៤,៥៩% ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការបោះឆ្នោត ព្រមទាំងលទ្ធិប្រជាធិបតេយ្យក្មេងខ្ចី តែរីកចំរើននៃកម្ពុជា។ អត្រាខ្ពស់នៃអ្នកទៅបោះឆ្នោត ជាសក្ខីភាពបង្ហាញឱ្យឃើញពីការប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងការអំពាវនាវឱ្យមានការធ្វើពហិការការបោះឆ្នោត និងយុទ្ធនាការលាបពណ៌នានាដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណង ឱ្យមានការផ្លាស់ប្តូររបប តាមរយៈវិធីសាស្ត្រមិនប្រជាធិបតេយ្យ។ អ្នករាយការណ៍ពិសេសទាំងនេះបែរជាជ្រើសរើសការមិនទទួលស្គាល់ការពិត​ដែលមិនអាចប្រកែកបាននេះ ដោយរក្សាភាពស្ងប់ស្ងៀមទាំងស្រុងរបស់ខ្លួន ដែលជាការបង្ហាញឱ្យឃើញច្បាស់ពីរបៀបវារៈលាក់កំបាំងដោយលម្អៀងរបស់ពួកគេ។

២៖ ដំណើរការបោះឆ្នោតដែលមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង ជាសក្ខីភាពយ៉ាងជាក់ច្បាស់អំពីនយោបាយពហុបក្សពិតប្រាកដ និងឱកាសស្មើៗគ្នាក្នុងដែនកំណត់នៃច្បាប់ ដូចគ្នានឹងប្រទេសគោរពនីតិរដ្ឋផ្សេងទៀតដែរ។ ការគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បោះឆ្នោត គឺជាប្រការចាំបាច់ ហើយការមិនគោរពតាម នឹងនំាមកនូវផលវិបាកនានា។

៣៖ ការចោទប្រកាន់ថា ការបោះឆ្នោតជាតិ មិនមានតុល្យភាព និងបង្ករការព្រួយបារម្ភពីអន្តរជាតិ គឺជាការលើកទ្បើងប្រាសចាកពីការពិត។ អ្នកសង្កេតការណ៍អន្តរជាតិ ៤២២ នាក់ ដែលតំណាងឱ្យ ៦៥ សញ្ជាតិ មកពី៦១ ស្ថាប័ន បូករួមទាំងភ្នាក់ងារគណបក្សនយោបាយ ចំនួន ៦០.០០០ នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យ ចំនួន ៩០.០០០ នាក់ បានត្រួតពិនិត្យតាមដានយ៉ាងដិតដល់នូវដំណើរការបោះឆ្នោតនេះ ដោយបានបញ្ជាក់ពីភាពត្រឹមត្រូវ និងតម្លាភាព។ ប្រការនេះបង្ករការងឿងឆ្ងល់ទៅលើលទ្ធភាពមើលឃើញច្បាស់ ឬមើលមិនឃើញទាល់តែសោះរបស់អ្នករាយការណ៍ពិសេសទាំងនោះ។

៤៖ សេចក្តីថ្លែងការណ៍នានារបស់ក្រុមអ្នកសង្កេតការណ៍បានបញ្ជាក់ថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព ដោយសន្តិវិធី ក្នុងបរិយាកាសប្រកបដោយ
បរិយាប័ន្ន និងអនុលោមយ៉ាងតឹងរ៉ឹងតាមច្បាប់។ ឯករាជ្យភាព និងភាពមានវិជ្ជាជីវៈរបស់មន្ត្រី និងស្ថាប័នដែលរៀបចំការបោះឆ្នោតត្រូវបានទទួលស្គាល់យ៉ាងត្រឹមត្រូវ។

៥៖ ការអះអាងថា នាយករដ្ឋមន្ត្រីកម្ពុជា ដែលរំពឹងថានឹងផ្ទេរអំណាចទៅឱ្យកូនប្រុសច្បង គឺជាការលើកទ្បើងដែលគ្មានមូលដ្ឋានទាល់តែសោះ ដែលប្រការនេះ បង្ហាញពីការយល់ដឹងនៅមានកម្រិតរបស់ក្រុមអ្នករាយការណ៍ពិសេស ឬការបដិសេធដោយចេតនាក្នុងការយល់អំពីនីតិវិធីច្បាប់របស់កម្ពុជា។ ការតែងតាំងនាយករដ្ឋមន្ត្រីត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមដំណើរប្រជាធិបតេយ្យប្រកបដោយភាពហ្មត់ចត់ ទាំងក្នុងកម្រិតគណបក្ស ការបោះឆ្នោត និងសភា។

សរុបសេចក្ដីមក ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បដិសេធទាំងស្រុងនូវសេចក្ដីអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេស និងសូមក្រើនរំលឹកអ្នករាយការណ៍ពិសេស ត្រូវគោរពតាមឱ្យបានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស ពុំដូច្នេះទេការបំពានជាម្ដងហើយម្ដងទៀត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការនាពេលអនាគតរបស់កម្ពុជា ជាមួយយន្តការអ្នករាយការណ៍ពិសេសនេះ៕

Fresh News

អត្ថបទទាក់ទង