ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន ២

ដោយ៖ Sreyleak ​​ | 11 ម៉ោងមុន ព័ត៌មានទូទៅ 152
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន ២ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន ២

 

(ភ្នំពេញ)៖ ព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី,ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន ២ គឺ៖ (១).សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើ​ងក្នុង   រយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និង (២).សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសហការី ព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើ​ងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ កំណត់អំពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ​ត្រូវបានទទួលស្គាល់ដោយសេចក្ដីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលសរសេរកាត់ថា «អ.វ.ត.ក.» ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំ​ឱ្យឧក្រិដ្ឋកម្មទាំងនេះ​វិលត្រឡប់មកវិញនៅ​កម្ពុជា សេចក្តីព្រាងច្បាប់នេះ មាន ៧មាត្រា និងដើម្បីជំនួសច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៣/០១៣ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។

ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកច្បាប់ កំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជា​បណ្តោះអា​សន្ន​នូ​វ​វត្ថុ​ចាប់​យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុង​​គោលបំណងរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ​ ព្រមទាំងការពារ​ផលប្រយោជន៍របស់​ម្ចាស់នៃវត្ថុចាប់យកឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផល​​ប្រយោជន៍​សាធារណៈ សេចក្តីព្រាងច្បាប់នេះ មាន ៤ ជំពូក និង ១៥មាត្រា ហើយមានវិសាលភាពអនុវត្តចំពោះវត្ថុទាំងអស់ដែលត្រូវបានចាប់យក​នៅ​គ្រប់​ដំណាក់​កាល នៃ​នីតិវិធីនៅក្នុងរឿងក្តីព្រហ្មទណ្ឌ លើកលែងតែ​មាន​បទប្បញ្ញត្តិចែងផ្សេងពីនេះ។

អង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំងពីរខាងលើយ៉ាងផុលផុស ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់ទាំងពីរនេះ ឱ្យកាន់តែមានសង្គតិភាព និងគ្រប់ជ្រុងជ្រោយ ព្រមទាំងស្របតាមបរិការណ៍​ជាក់ស្តែងនៃសង្គមសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន ចំពោះសេចក្តីច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ អង្គប្រជុំបានធ្វើការពិនិត្យនិងពិភាក្សាទៅលើទិដ្ឋភាពរួមផ្នែកប្រវត្ដិសាស្ដ្រនិងកេរដំណែលនៃការកាត់សេចក្ដីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ(របបខ្មែរក្រហម) ទិដ្ឋភាពទម្រង់ និងខ្លឹមសារពាក់ព័ន្ធនឹងភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម ដែលរួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណេវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្ដរជាតិនិងទម្លាប់អន្ដរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្ដរជាតិដែលកម្ពុជាទទួលស្គាល់ ការមិនទទួលស្គាល់ ឬការសម្រាល ឬការបដិសេ ឬការជំទាស់នឹងអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងបីខាងលើ មិនមែនជាការអនុវត្ដនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្ដែផ្ទុយទៅវិញ ទង្វើនេះគឺជាការប្រមាយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងដែលបានបាត់បង់ជីវិតនៅក្នុងសម័យដ៏ខ្មៅងងឹត និងធ្វើឱ្យមានការឈឺចាប់ដល់គ្រួសារជនរងគ្រោះដែលនៅរស់រានមានជីវិតរហូតដល់សព្វថ្ងៃនេះ

ដោយឡែកពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក អង្គប្រជុំបានពិនិត្យនិងពិភាក្សាទៅលើទិដ្ឋភាពរួម ទិដ្ឋភាពទម្រង់ និងខ្លឹមសារមួយចំនួនពាក់ព័ន្ធទៅនឹងភាពខ្វះចន្លោះនៃបទប្បញ្ញត្ដិនៃក្រមនីតិវីធីព្រហ្មទណ្ឌ ដែលមិនបានកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច យន្តការ និងនីតិវិធីនៃការចាត់ចែងបណ្តោះអាសន្ននូវវត្ថុចាប់យក ដែលជាវត្ថុតាង វត្ថុឃាត់ទុក ឬវត្ថុបង្កក ឬវត្ថុផ្សេងៗទៀតនៅក្នុងរឿងក្ដីព្រហ្មទណ្ឌ ដើម្បីបំពេញបន្ថែមទៅលើបទប្បញ្ញត្ដិនៃក្រមនីតិវីធីព្រហ្មទណ្ឌជាធរមាន ក្នុងគោលបំណងដើម្បីរក្សាផលប្រយោជន៍ស្របច្បាប់របស់​ម្ចាស់នៃវត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងផលប្រយោជន៏សាធារណៈ នៅពេលអនុវត្តជាក់ស្តែង ក៏ដូចជាដើម្បីរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុដែលចាប់យក ព្រមទាំងធានាកាត់បន្ថយបន្ទុកចំណាយក្នុងការគ្រប់គ្រងនិងថែរក្សានៃវត្ថុចាប់យក។​

 

អត្ថបទទាក់ទង