ខ្មែរប៉ុស្ដិ៍ Close

លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ​ រួច​ផុត​ពី​បញ្ហា​ប្រឈម ប៉ុន្តែ​តើ​នេះ​ជាការបើក​ផ្លូវ​ឲ្យ​លោក​ថាក់ស៊ីន វិល​ចូលស្រុកវិញឬ​ទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 44
លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ​ រួច​ផុត​ពី​បញ្ហា​ប្រឈម ប៉ុន្តែ​តើ​នេះ​ជាការបើក​ផ្លូវ​ឲ្យ​លោក​ថាក់ស៊ីន វិល​ចូលស្រុកវិញឬ​ទេ? លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ​ រួច​ផុត​ពី​បញ្ហា​ប្រឈម ប៉ុន្តែ​តើ​នេះ​ជាការបើក​ផ្លូវ​ឲ្យ​លោក​ថាក់ស៊ីន វិល​ចូលស្រុកវិញឬ​ទេ?

នៅក្រោយសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃកាលពីថ្ងៃសុក្រទី ៣០ ខែកញ្ញាដែលបានសម្រេចថាលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា មិនទាន់ដល់ពេលផុតកំណត់កាន់អំណាចរយៈពេល ៨ឆ្នាំ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញថៃនៅឡើយទេ លោកប្រាយុទ្ធអាចត្រឡប់ទៅបំពេញការងារបានភ្លាមៗ។ លោក ប្រាយុទ្ធ ប្រហែលជាបានឆ្លងផុតពីបញ្ហាប្រឈមដែលបង្កឡើងដោយក្រុមប្រឆាំង ប៉ុន្តែមិនមែនអ្វីៗសុទ្ធតែទទួលបានលទ្ធផលល្អនោះទេ ពោលគឺឥឡូវនេះលោកប្រាយុទ្ធ គឺជាមេដឹកនាំដ៏ «បរាជ័យ» ម្នាក់។

សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃដែលថា អាណត្តិផ្លូវការរបស់លោកប្រាយុទ្ធបានចាប់ផ្តើមនៅថ្ងៃទី ៦ ខែមេសាឆ្នាំ ២០១៧ ពោលគឺនៅពេលដែលរដ្ឋធម្មនុញ្ញថ្មីបានចូលជាធរមាន មានន័យថា ប្រសិនបើលោកប្រាយុទ្ធបន្តជាប់ឆ្នោតជាថ្មី នោះដែនកំណត់នៃអាណត្តិរបស់លោកនឹងមកដល់នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៥ ពោលគឺប្រហែលនៅពាក់កណ្តាលអាណត្តិទី៤ របស់លោក។ ប្រការនេះបានធ្វើឱ្យលោកប្រាយុទ្ធ ស្ថិតនៅក្នុងជំហរមួយដ៏លំបាក ពោលគឺលោកនឹងមានពេលវេលាកាន់អំណាចស្របច្បាប់តែ ២ឆ្នាំ ប៉ុណ្ណោះ មុននឹងឈានទៅដល់ការបោះឆ្នោតជាតិនៅពេលបន្ទាប់។

ការបោះឆ្នោតជាតិរបស់ថៃនឹងមក ឲដល់នៅខែឧសភា ឆ្នាំ ២០២៣ ខាងមុខ។ ទោះយ៉ាងណា គេបានរំពឹងទុកយ៉ាងទូលំទូលាយថា លោក ប្រាយុទ្ធ នឹងរំលាយសភា ហើយអំពាវនាវឱ្យមានការបោះឆ្នោតសកលមុនកាលកំណត់ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC នៅទីក្រុងបាងកកក្នុងខែវិច្ឆិកាឆ្នាំនេះ។ ប្រការនេះនឹងអនុញ្ញាតឱ្យរដ្ឋមន្ត្រីរបស់លោកដែលជាអ្នកនយោបាយអាចទទួលបាននូវ
អត្ថប្រយោជន៍ដែលមិនអាចកាត់ថ្លៃបាន ពីការកាន់អំណាចរបស់ពួកគេនៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត។

ទំនុកចិត្តលើខ្លួនឯងរបស់លោកប្រាយុទ្ធ ក្នុងនាមជាបុរសខ្លាំងផ្ដាច់គេ ត្រូវបានបំផ្លាញរួចទៅហើយ នៅពេលដែលលោកត្រូវបានព្យួរពីតំណែងកាលពីថ្ងៃទី ២៤ ខែសីហា។ ឥឡូវនេះ តំណែងជានាយករដ្ឋមន្ត្រីដ៏មានសក្តានុពលរបស់លោក អាចមានរយៈពេលត្រឹមតែខែមេសា ឆ្នាំ ២០២៥ ប៉ុណ្ណោះ ដូច្នេះវាជាការមិនសមហេតុផលឡើយ សម្រាប់គណបក្ស Palang Pracharath (PPP) ក្នុងការតែងតាំងរូបលោកឱ្យឈរឈ្មោះជាបេក្ខភាពតែមួយគត់របស់ខ្លួនសម្រាប់តំណែងនាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់។

គណបក្ស PPP នឹងត្រូវបង្ហាញទៅអ្នកគាំទ្ររបស់ខ្លួនតាំងពីដំបូងទី នូវអ្នកដែលនឹងស្នងតំណែងបន្តពីលោកប្រាយុទ្ធ បន្ទាប់ពីលោកឈានដល់ដែនកំណត់រយៈពេល ៨ ឆ្នាំ។ ជាក់ស្ដែង គណបក្សនីមួយៗត្រូវបានអនុញ្ញាតឱ្យតែងតាំងបេក្ខជនរហូតដល់ទៅ ៣ នាក់។

នៅពេលលោកប្រាយុទ្ធ អវត្តមានរយៈពេល ៥ សប្តាហ៍ «បងធំ» ដែលជាឧបនាយករដ្ឋមន្ត្រីទីមួយ គឺលោកប្រាវីត វង្សសុវណ្ណ បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺសុខភាពរបស់អតីតមេទ័ពវ័យ ៧៧ ឆ្នាំ ដែលជាមេដឹកនាំគណបក្សPPP មួយនេះ ហាក់ដូចជាបានប្រសើរឡើងភ្លាមៗ ពោលគឺឥឡូវនេះលោកអាចដើរបានដោយគ្មានជំនួយ នៅពេលដែលលោកធ្វើដំណើរទៅកាន់ខេត្តនានា។

លោកប្រាវីត បាន​សន្យា​បម្រើ​ប្រជាជនដោយអស់ពី​បេះដូង​របស់​លោក បើទោះ​បី​ជា​លោក​មាន​វ័យ​កាន់​តែចាស់ និងរាង​កាយ​កាន់តែទ្រុឌទ្រោមក៏​ដោយ។ មិនតែប៉ុណ្ណោះ លោកប្រាវីត ក៏កាន់តែមានភាពរួសរាយរាក់ទាក់ចំពោះប្រព័ន្ធផ្សព្វផ្សាយ និងបានបង្ហាញថា ខ្លួនលោកមានឆន្ទៈក្នុងការឆ្លើយនឹងសំណួរដែលគេសម្ភាសន៍ភ្លាមៗទៀតផង។

គ្មានអ្វីគួរឱ្យឆ្ងល់នោះទេ គណបក្ស PPP នឹងជ្រើសយកមេបក្សរបស់ខ្លួនដែលជាបេក្ខភាពលេចធ្លោជាងគេ សម្រាប់តំណែងនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតសកលខាងមុខ។ សម្រាប់លោកប្រាវីត លោកចង់ឱ្យគណបក្ស PPP តែងតាំងលោកប្រាយុទ្ធ ជាថ្មីម្ដងទៀត។ ទោះ​ជា​យ៉ាង​ណា លោកក៏​មិន​បាន​ច្រាន​ចោលនូវ​លទ្ធភាព​នៃ​ការ​តែងតាំងរូបលោក​ជា​ជម្រើស​ទី២ របស់គណបក្សនោះ​ដែរ។

ចំពោះសំណួរដែល​ថា តើ​អ្វី​ទៅ​ជា​ចំណុចល្អក្នុងការ​តែងតាំង​លោក​ប្រាយុទ្ធ​? ប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះ ហើយសេចក្ដីសម្រេចរបស់តុលាការធម្មនុញ្ញបានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅតាមប្រព័ន្ធអ៊ីនធឺណិត ជាមួយនិងការធ្វើបាតុកម្មដ៏រំខានមួយចំនួននៅទីក្រុងបាងកកដើម្បីទាមទារឱ្យលោកលាលែងពីតំណែងជាបន្ទាន់ «ដើម្បីអនាគតដ៏ល្អប្រសើររបស់ប្រទេសថៃ»។

នៅក្នុងការបោះឆ្នោតសកលឆ្នាំ ២០១៩ គណបក្ស PPP បានកេងយកចំណេញតាមរយៈការធ្វើជាគណបក្សកូនអុករបស់របបយោធាដែលបង្កើតឡើងដោយអតីតឧត្តមសេនីយ៍ប្រាយុទ្ធ និងលោកប្រាវីត បន្ទាប់ពីពួកគេបានធ្វើរដ្ឋប្រហារកាលពីខែឧសភា ឆ្នាំ ២០១៤។ គណបក្ស PPP ធ្វើបានយ៉ាងល្អជាមួយនិងពាក្យស្លោកយុទ្ធនាការដ៏ឈ្លាសវៃរបស់ខ្លួន ដោយបានរំលឹកម្ចាស់ឆ្នោតដែលប្រាថ្នាចង់បានសន្តិភាពនិងសន្តិសុខ ឱ្យគាំទ្រលោកប្រាយុទ្ធសម្រាប់ការកាន់តំណែងជានាយករដ្ឋមន្ត្រី។

កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៩ ប្រទេសថៃបានរៀបចំការបោះឆ្នោតជាតិជាលើកដំបូងបន្ទាប់ពីមានរដ្ឋប្រហារដោយយោធា ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រី Yingluck Shinawatra នៅក្នុងឆ្នាំ 2014។ (រូបថត៖ AFP)

ឈុតឆាកដែលមិននឹកស្មានដល់នៅក្នុងនយោបាយថៃមួយនេះ បានធ្វើឱ្យមានការបំផុសបំផុលកាន់តែខ្លាំងឡើងពីសំណាក់គណបក្សនយោបាយធំៗ ដែលកំពុងត្រៀមរៀបចំសម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខ។ អ្នកនយោបាយថ្មីម្នាក់ដែលបាន​ទាក់ទាញ​នូវការ​ចាប់​អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ គឺលោក ស្រី Paetongtarn Shinawatra។

កូនស្រីវ័យ ៣៦ ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ត្រូវបានតែងតាំងជាទីប្រឹក្សារបស់គណបក្សភឿថៃ (PT) កាលពីខែតុលា ឆ្នាំ ២០២១។ ក្រោយមក លោកស្រីក៏បានទទួលតួនាទីដ៏ខ្ពង់ខ្ពស់ជា «ប្រមុខគ្រួសាររបស់គណបក្សភឿថៃ»។

នៅលើក្រដាស បេសកកម្មចម្បងរបស់លោកស្រីគឺប្រមូលផ្តុំការគាំទ្រឱ្យគណបក្សទទួលបាន «ជ័យជម្នះភ្លូកទឹកភ្លូកដី» នៅក្នុងការបោះឆ្នោតសកលនាពេលខាងមុខ។ ប៉ុន្តែតាមពិតទៅលោកស្រីហាក់ដូចជាចាប់អារម្មណ៍ខ្លាំងជាងក្នុងការកៀងគរការគាំទ្រដើម្បីនាំឪពុករបស់លោកស្រីឱ្យវិលចូលស្រុកវិញ បន្ទាប់ពីបាននិរទេសខ្លួនទៅក្រៅប្រទេសអស់រយៈពេលជាង ១៣ ឆ្នាំ។

ប្រសិនបើលោកថាក់ស៊ីនដែលមានវ័យ ៧៣ ឆ្នាំរូបនេះ ត្រឡប់មកប្រទេសថៃវិញនៅក្នុងកាលៈទេសៈធម្មតា នោះលោកនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបរយៈពេល ១០ ឆ្នាំ ពីការកាត់ទោសក្នុងសំណុំរឿងពុករលួយចំនួន ៣ ករណី ហើយសំណុំរឿងពុករលួយ​ចំនួន ២ ករណីផ្សេង​ទៀត ​ក៏កំពុង​រង់ចាំ​ការ​ស៊ើបអង្កេត។

លោកស្រី Paetongtarn

កាលពីឆ្នាំ ២០១៣ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី Yingluck Shinawatra ដែលជាប្អូនស្រីរបស់លោកថាក់ស៊ីន បានព្យាយាមអនុម័តច្បាប់លើកលែងទោសទូទៅដ៏ចម្រូងចម្រាស់មួយ ក្នុងគោលបំណងដើម្បីដោះលែងលោកថាក់ស៊ីន ពីការចោទប្រកាន់ពីបទពុករលួយទាំងអស់ ប៉ុន្តែមិនបានសម្រេចនោះទេ។ ការប៉ុនប៉ងនោះបាននាំឱ្យមានការធ្វើបាតុកម្មតវ៉ាដ៏យូរនៅតាមដងផ្លូវ និងបានបង្កឱ្យមានភាពវឹកវរនៅក្នុងទីក្រុងបាងកកដែលនៅទីបំផុតទៅបានធ្វើឱ្យលោកមេទ័ពប្រាយុទ្ធឡើងកាន់អំណាចនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៤។

នៅពេលដែលលោកស្រី Paetongtarn បានចូលរួមក្នុងកម្មវិធី Road Show របស់គណបក្សភឿថៃនៅទីក្រុងឈៀងម៉ៃកាលពីខែកញ្ញា ម្តាយរបស់លោកស្រី និងសមាជិកដទៃទៀតនៃគ្រួសារស៊ីណាវ៉ាត្រា បានបង្ហាញខ្លួនយ៉ាងពេញទំហឹងដើម្បីគាំទ្ររូបលោកស្រី។ វាគឺជាលើកដំបូងហើយក្នុងរយៈពេលជិត ២ ទសវត្សរ៍ដែលម្តាយរបស់លោកស្រី និងជាអតីតភរិយារបស់លោកថាក់ស៊ីន គឺលោកស្រី Khunying Potjaman បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នយោបាយមួយ បន្ទាប់ពីការដួលរលំរបស់លោកថាក់ស៊ីន នៅក្នុងរដ្ឋប្រហារឆ្នាំ ២០០៦។

ថ្នាក់ដឹកនាំគណបក្សភឿថៃ ក៏មិនបានបញ្ជាក់ ឬបដិសេធដែរថា លោកស្រី Paetongtarn នឹងក្លាយជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពរបស់គណបក្សមួយនេះ។ ប៉ុន្តែ ការស្ទង់មតិរបស់វិទ្យាស្ថានជាតិសម្រាប់ការអភិវឌ្ឍរដ្ឋបាល (National Institute for Development Administration) កាលពីពាក់កណ្តាលខែកញ្ញា បានបង្ហាញថា លោកស្រី Paetongtarn គឺជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់តំណែងនាយករដ្ឋមន្ត្រីនាពេលបន្ទាប់ (២១,៦%) ខណៈដែលលោកប្រាយុទ្ធបានជាប់ចំណាត់ថ្នាក់លេខ៣ (១០,១២%)។

គណបក្សភឿថៃកំពុងរីករាយនឹងប្រជាប្រិយភាពរបស់លោកស្រី Paetongtarn។ ដូច្នេះ ការនាំលោកថាក់ស៊ីនត្រឡប់មកវិញ បានក្លាយជារឿងដ៏សំខាន់មួយ នៅក្នុងកម្មវត្ថុនៃគោលនយោបាយរបស់គណបក្ស។

ថាតើវានឹងជួយឱ្យគណបក្សប្រឆាំងដ៏ធំបំផុតមួយនេះទទួលបាន «ជ័យជម្នះភ្លូកទឹកភ្លូកដី» ឬទេ នៅក្នុងការបោះឆ្នោតសកលនាពេលខាងមុខ គឺនៅតែជាប្រធានបទដែលគេកំពុងពិភាក្សាគ្នានៅឡើយ។ ប៉ុន្តែអ្នកខ្លះមានការងឿងឆ្ងល់រួចទៅហើយថា តើការសម្រេចរបស់តុលាការធម្មនុញ្ញថៃ អាចនឹងពិចារណាឡើងវិញក្នុងការកំណត់ឡើងវិញនូវអាណត្តិនយោបាយកាលពីខែមេសា ឆ្នាំ ២០១៧ ហើយជាយថាហេតុនឹងបើកផ្លូវឱ្យលោកថាក់ស៊ីន វិលមកឡើងកាន់អំណាចវិញឬទេ។

តើលោកប្រាយុទ្ធនឹងធ្វើការជាមួយលោកប្រាវីត និងគណបក្ស PPP ដើម្បីរារាំងគណបក្សភឿថៃ មិនឱ្យទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ដើម្បីការពារមិនឱ្យរឿងនេះកើតឡើងបានឬទេ បើទោះបីជាលោកនឹងមិនឈរឈ្មោះនៅក្នុងការបោះឆ្នោតសកលនាពេលខាងមុខក្ដី? បើ​លោក​ប្រាយុទ្ធ​ ចង់​ប្រើប្រាស់កម្លាំងទ័ពដើម្បីធ្វើរឿងនេះ តើលោក​អាច​ទទួលជោគជ័យ​ក្នុងកម្រិតណា នៅពេលដែលអំណាចនយោបាយរបស់លោកកំពុងតែថយចុះ? ភាព​មិន​ប្រាកដប្រជា​ខាង​នយោបាយនៅ​ក្នុង​ប្រទេស​ថៃ​នៅក្រោយការព្យួរតំណែងជាលើកដំបូងរបស់លោកប្រាយុទ្ធ នឹង​បន្ត​កើន​ឡើងខ្លាំងជាងនេះ៕

Channel News Asia