ខ្មែរប៉ុស្ដិ៍ Close

ខណៈដែលការបោះឆ្នោតនៅឥណ្ឌូនេស៊ីខិតជិតមកដល់ ក្រុម Buzzers កំពុងតែបំផ្លិចបំផ្លាញប្រជាធិបតេយ្យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 139
ខណៈដែលការបោះឆ្នោតនៅឥណ្ឌូនេស៊ីខិតជិតមកដល់ ក្រុម Buzzers កំពុងតែបំផ្លិចបំផ្លាញប្រជាធិបតេយ្យ ក្រុមកម្មករ កំពុងថតរូប Selfie ក្នុងអំឡុងពេលប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងច្បាប់ការងារដែលពួកគេចាត់ទុកថាជាអាជីវកម្មរកប្រាក់ចំណេញ នៅទីក្រុងហ្សាកាតានៅថ្ងៃទី ១៤ ខែមករាឆ្នាំ ២០២៣ ហើយប្រកាសគាំទ្រគណបក្សនយោបាយដែលទើបបង្កើតថ្មីគឺគណបក្សការងារសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខនេះ។ នៅពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ ក្រុម Buzzers កំពុងទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងទូលំទូលាយ ដើម្បីជំរុញឥទ្ធិពលនយោបាយ។ រូបថត៖ Bay Ismoyo/AFP

នៅពេលដែលប្រទេសឥណ្ឌូនេស៊ីកាន់តែខិតជិតដល់ព្រឹត្តិការណ៍នយោបាយដ៏គួរឱ្យកត់សម្គាល់ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចរំពឹងថា នឹងបានឃើញការធ្វើអត្ថាធិប្បាយពីសំណាក់ប្រភពដ៏លេចធ្លោមួយគឺ ក្រុម Buzzers ។

«ក្រុម Buzzers គឺសំដៅទៅលើបុគ្គល ឬក្រុមមនុស្សដែលត្រូវគេជួលដើម្បីផលិត និងផ្សព្វផ្សាយខ្លឹមសារនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម»។

«ពួកគេទាំងនោះត្រូវបានគេប្រើប្រាស់នៅក្នុងយុទ្ធនាការនយោបាយ និងដោយក្រុមមនុស្សដែលមានផលប្រយោជន៍ដើម្បីឱ្យធ្វើការជះឥទ្ធិពលទៅលើមតិសាធារណៈ ប៉ុន្តែវាពិតជាពិបាកក្នុងការតាមរកអ្នកដែលឧបត្ថម្ភដល់ពួកគេណាស់»។

ក្រុម Buzzers ជាច្រើនបានដើរតួ «ជាអ្នកមានឥទ្ធិពល (Influencer) និងបានចាត់ទុកខ្លួនឯងថាជាជម្រើសបន្ថែមពីលើប្រព័ន្ធផ្សព្វផ្សាយទូទៅ ដែលអាចផ្តល់ព័ត៌មានដល់សាធារណជន ពោលគឺពួកគេសឹងតែប្រៀបដូចជាអ្នកសារព័ត៌មាន ពលរដ្ឋអញ្ចឹងដែរ»។

នៅពេលដែលការបោះឆ្នោតជាតិឆ្នាំ ២០២៤ កាន់តែខិតជិតមកដល់ អ្នកជំនាញខាងសិទ្ធិឌីជីថលបានព្រមានថា យុទ្ធសាស្ត្រក្នុងការប្រើប្រាស់ក្រុម Buzzers អាចជំរុញឱ្យមានការបែកខ្ញែក, ធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងរារាំងការបញ្ចេញមតិដោយសេរីនៅក្នុងលំហឌីជីថល។

លោក Ismail Fahmi ស្ថាបនិកក្រុមហ៊ុន Drone Emprit ដែលតែងតែឃ្លាំមើលវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនិងឌីជីថល បាននិយាយថា «ប្រសិនបើវាត្រូវបានអនុញ្ញាតឱ្យបន្តទៅទៀត សាធារណជនអាចនឹងមានអារម្មណ៍ថា វាកំពុងតែមានការប្រេះឆានៅក្នុងសហគមន៍ ខណៈដែលតាមពិតវាគ្រាន់តែជាធ្វើសកម្មភាពរបស់ក្រុម Buzzer តែប៉ុណ្ណោះ»។

«ការប្រើប្រាស់ក្រុម Buzzers នៅក្នុងប្រទេសឥណ្ឌូនេស៊ីគឺមិនសូវខុសគ្នាពីកលល្បិចដែលគេបានឃើញនៅប្រទេសផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍នោះឡើយ ដោយរាប់ចាប់តាំងពី «Troll Army» របស់អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte រហូតដល់អង្គភាព Cyber Unit របស់វៀតណាម»។ ការស្រាវជ្រាវ របស់វិទ្យាស្ថាន ISEAS-Yusof Ishak កាលពីឆ្នាំ ២០២២ បានឱ្យដឹងថា ករណីប្រទេសឥណ្ឌូនេស៊ីហាក់មានភាពខុសប្លែកគេបន្តិច ដោយសារតែពួកគេមានការរៀបចំរចនាសម្ព័ន្ធធូរលុងដើម្បីបម្រើដល់យុទ្ធនាការជាក់លាក់មួយ។ ក្រុម Buzzers អាចមានឥទ្ធិពលទៅលើបណ្តាញសង្គមតាមបែបផ្សេងៗគ្នា ប៉ុន្តែត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរួមរបស់រដ្ឋ ឬក្រុមដែលមានផលប្រយោជន៍ពិសេសណាមួយ។

ផ្នែកមួយនៃការងាររបស់ក្រុមហ៊ុន Drone Emprit រួមមានការប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) យកទៅធ្វើការវិភាគទៅលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីបង្ហាញអំពីប្រព័ន្ធវិមជ្ឈការបន្ថែមទៀត។

លោក Fahmi បាននិយាយថា «ការប្រមូលទិន្នន័យរបស់យើងត្រូវបានធ្វើឡើងនៅពេលដែលមានព្រឹត្តិការណ៍ធំៗ ពោលគឺព្រឹត្តិការណ៍នៃការធ្វើបាតុកម្មការបោះឆ្នោត និងនៅពេលដែលព័ត៌មានមិនពិតចាប់ផ្តើមកើនឡើង ឬនៅពេលដែលមានបញ្ហាជាក់លាក់ណាមួយដែលបានជម្រុញឱ្យសហគមន៍ មួយប្រឆាំងនឹងសហគមន៍មួយផ្សេងទៀត»។

Ahmad Mustofa Bisri ដែលត្រូវបានគេស្គាល់ថាជា Gus Mus និង Kyai Gaul នៅលើបណ្ដាញ Twitter ដែលជាបព្វជិតមូស្លីមដ៏មានឥទ្ធិពលម្នាក់ ថតជាមួយ iPad របស់គាត់នៅពេលគាត់ពិនិត្យមើល timelines របស់មិត្តគាត់នៅលើបណ្ដាញ twitter ក្នុងទីក្រុងហ្សាកាតា។ រូបថត៖ Bay Ismoyo/AFP

ដំបូងឡើយ ក្រុម Buzzers ត្រូវបានដាក់ពង្រាយសម្រាប់ការធ្វើទីផ្សារដោយពួកគេត្រូវធ្វើការផ្សព្វផ្សាយផលិតផលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប៉ុន្តែនៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៤ ក្រុម Buzzers បានលើកស្ទួយបេក្ខជន ហើយថែមទាំងបានធ្វើការតបតទៅវិញចំពោះមតិមិនពេញចិត្តដែលសកម្មភាពនេះពិតជាបានជំរុញឱ្យមានការកើនឡើងនៃការបែកខ្ញែកគ្នាកាន់តែខ្លាំង។

លោក Anton Muhajir លេខារបស់ក្រុមហ៊ុន SAFENet បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែមុនដើម្បីចេញផ្សាយនូវរបាយការណ៍អំពីសិទ្ធិឌីជីថលថ្មីថា «ឧប្បត្តិហេតុនៃសន្តិសុខឌីជីថលគឺជារឿងនយោបាយដ៏សំខាន់។ វាមិនអាចកើតឡើងដោយឯងៗនោះទេ»។

របាយការណ៍ឃ្លាំមើលអំពើពុករលួយរបស់ប្រទេសឥណ្ឌូនេស៊ីឆ្នាំ ២០២០ បានបង្ហាញថា ការចំណាយរបស់រដ្ឋាភិបាលសម្រាប់សកម្មភាពឌីជីថលត្រូវបានពង្រីកយ៉ាងឆាប់រហ័សបន្ទាប់ពីឆ្នាំ ២០១៦ ដែលនៅឆ្នាំនោះ ការចំណាយមានទំហំតិចជាង ៤០ ០០០ ដុល្លារតែប៉ុណ្ណោះ តែសម្រាប់ឆ្នាំ ២០១៧ ការចំណាយនោះបានកើនឡើងដល់ជាង ៣៤,៦ លានដុល្លារ។

ទោះបីជាការចំណាយប្រចាំឆ្នាំបានធ្លាក់ចុះពី ១ ទៅ ២/៣ នៅក្នុងឆ្នាំបន្ទាប់ក៏ដោយ ក៏ការចំណាយទៅលើឌីជីថលពីឆ្នាំ ២០១៤-២០២០ មានចំនួនសរុបរហូតដល់ទៅ ៧,៨ ពាន់លានដុល្លារ ឬប្រហែល ១,២ ទ្រីលានរូពី។

ក្នុងចំណោមនោះ ថវិកាប្រហែល ៥,៨ លានដុល្លារ ឬប្រហែល ៩០,៤៥ ពាន់លានរូពី ត្រូវបានបែងចែកដោយរដ្ឋាភិបាលកណ្តាល សម្រាប់អ្នកដែលមានឥទ្ធិពល (Influencer) ក្រុម Buzzers ឬអ្នករៀបចំមតិសំខាន់ផ្សេងៗទៀត។

លោក Mohammad Darry Abiyyu នាយកវិទ្យាស្ថាន Think-tank Politica បាននិយាយថា ក្រុមអ្នកមានឥទ្ធិពលទាំងនេះត្រូវបានគេប្រើប្រាស់ជាយុទ្ធសាស្ត្រនៅក្នុងអំឡុងពេលគ្រប់គ្រងរបស់ប្រធានាធិបតី Joko Widodo ដែលត្រូវបានគេស្គាល់ជាទូទៅថា Jokowi ។

លោក Abiyyu បាននិយាយថា «ក្រុម Buzzers ត្រូវបានគេប្រើប្រាស់ដើម្បីការពារគោលនយោបាយអភិវឌ្ឍន៍នៅក្នុងរដ្ឋាភិបាលសម័យលោក Jokowi។ ការរិះគន់ និងការបញ្ចេញមតិយោបល់ទាក់ទងនឹងការខ្វះខាតរបស់រដ្ឋ និងរឿងផ្សេងៗទៀត ត្រូវបានប្រឆាំងត្រឡប់ទៅវិញទៅតាមរយៈការប្រើប្រាស់ក្រុម Buzzers»។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុម Buzzers បានជួយពង្រីកការប្រឆាំងទៅនឹងការរិះគន់ចំពោះគោលនយោបាយបែបនេះ។ ថ្មីៗនេះ ក្រុម Buzzers បានធ្វើសកម្មភាពយ៉ាងលើសលប់នៅលើប្រព័ន្ធឌីជីថលបន្ទាប់ពីការអនុម័តនៃក្រមព្រហ្មទណ្ឌថ្មីកាលពីខែធ្នូ។

ការស្វែងរករហ័ស (Quick Search) នៅលើបណ្តាញសង្គម Twitter បានបង្ហាញនូវការបង្ហោះជាច្រើន ដែលមានខ្លឹមសារស្រដៀងគ្នាក្នុងការគាំទ្រចំពោះការអនុម័តច្បាប់ខាងលើ ដោយមានភ្ជាប់ជាមួយនូវ Hashtag មួយចំនួនដូចជា #KUHPUntukKemajuanIndonesia ឬ «ក្រមព្រហ្មទណ្ឌសម្រាប់វឌ្ឍនភាពឥណ្ឌូនេស៊ី – Criminal Code for Indonesian Progress»។

កាលពីឆ្នាំមុន យុទ្ធនាការឌីជីថលស្រដៀងគ្នានេះក៏បានលេចឡើងផងដែរកាលពីខែកុម្ភៈ ដើម្បីប្រឆាំងនឹងសកម្មជនដែលប្រឆាំងនឹងគម្រោងរុករករ៉ែនៅក្នុងភូមិ Wadas នៃខេត្ត Central Java និងកាលពីខែមេសា ដែលជាពេលដែលក្រុមនិស្សិតបានធ្វើបាតុកម្មដើម្បីប្រឆាំងនឹងការឈរឈ្មោះរបស់លោក Widodo សម្រាប់អាណត្តិទី៣ ហើយនៅក្នុងខែសីហា នៅពេលដែលក្រសួងទំនាក់ទំនងនិងព័ត៌មានបានបិទកម្មវិធីគេហទំព័រជាច្រើន។

នៅក្នុងឆ្នាំ ២០១៩ ក្រសួងទំនាក់ទំនង និងព័ត៌មានបានចាប់ផ្តើមយុទ្ធនាការ #SawitBaik ដើម្បីប្រឆាំងនឹងការថ្កោលទោសចំពោះផលប៉ះពាល់បរិស្ថាននៃឧស្សាហកម្មដូងប្រេង ជាពិសេសគឺបញ្ហាភ្លើងឆេះព្រៃ។ ក្រុម Buzzers បានជួយពង្រីកយុទ្ធនាការដែលរួមទាំងការផលិតខ្លឹមសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបានអះអាងថា ភ្លើងឆេះបែបនេះគឺជារឿងធម្មជាតិនិងមិនមែនបណ្ដាលមកពីឧស្សាហកម្មនោះទេ។

រូបភាពនេះត្រូវបានថតនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ បង្ហាញពីសកម្មជនកាន់បដា ដែលខ្លះមានសញ្ញា Hashtags នៅពេលពួកគេតវ៉ាប្រឆាំងនឹងក្រមព្រហ្មទណ្ឌថ្មីនៅខាងក្រៅអគារសភាក្នុងទីក្រុងហ្សាកាតា។ រូបថត៖ Adek Berry/AFP

នៅឆ្នាំ ២០១៩ ដដែលនោះ ចលនា Reformasi Dikorupsi ឬ «ការធ្វើកំណែទម្រង់កំពុងត្រូវបានជាប់គាំង» បានបង្កឱ្យមានក្រុមបាតុករចេញមកតវ៉ាតាមផ្លូវនៅទូទាំងប្រទេស។ កងកម្លាំងសន្តិសុខបានបញ្ឈប់ចលាចលដោយប្រើប្រាស់គ្រាប់កាំភ្លើងជ័រនិងឧស្ម័នបង្ហូរទឹកភ្នែក ដោយក្នុងនោះមានមនុស្ស ៥ នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា។

ការបង្ហោះសារនៅតាមអ៊ីនធឺណិតដែលត្រូវបានធ្វើឡើងដោយក្រុម Buzzers បានដាក់ការចោទប្រកាន់ទៅលើក្រុមបាតុករនិស្សិតដែលបានបង្កភាពអនាធិបតេយ្យ ហើយត្រូវបានជំរុញដោយរបៀបវារៈនយោបាយផ្សេងទៀត។

លោក Fahmi បានពន្យល់ថា «ជាចម្បង ក្រុម Buzzers ទាំងនេះត្រូវគេជួល ហើយពួកគេគ្មានមនោគមវិជ្ជាផ្ទាល់ខ្លួននោះទេ។ ពួកគេអាចបង្កើតគណនីច្រើន អាចនិយាយបានថា ៤០ គណនីដែលក្នុងនោះ ២០ គណនីគាំទ្រ «បេក្ខជន ក» និង ២០ គណនីទៀតគាំទ្រ «បេក្ខជន ខ» ។ សកម្មភាពទាំងនេះភាគច្រើនជាសកម្មភាពកំបាំងមុខ ដោយផ្អែកទៅលើខ្លឹមសារដែលពួកគេត្រូវបានផ្តល់ឱ្យ»។

ទោះបីជា ក្រុម Buzzers មានកិច្ចសន្យាផ្នែកនយោបាយក៏ដោយ ក៏ពួកគេមិនមែនជាផ្នែកនៃគណបក្សនយោបាយណាមួយនោះឡើយ ហើយផ្តោតតែទៅលើគោលគំនិតនៃការផ្គត់ផ្គង់ និងតម្រូវការតែប៉ុណ្ណោះ។

លោក Fahmi ពន្យល់ទៀតថា «ក្រុម Buzzers ត្រូវបានជំរុញដោយការផ្គត់ផ្គង់និងតម្រូវការ ហើយការជម្រុញផ្នែកថវិកាគឺពិតជាបានដើរតួយ៉ាងសំខាន់។ មានបញ្ហាជាច្រើនដែលគួរតែត្រូវបានលើកឡើង ឬគូសបញ្ជាក់ ព្រោះមានបុគ្គលនយោបាយជាច្រើនដែលចង់ទទួលបានការចាប់អារម្មណ៍ ជាពិសេសនៅក្នុងអំឡុងពេលនៃការបោះឆ្នោតប្រធានាធិបតី និងតំណាងរាស្ត្រ»។

សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៤ អ្នកជំនាញជឿជាក់ថា ក្រុម Buzzers នឹងនៅតែជានិន្នាការបន្ត ប៉ុន្តែអំណាចនៃទំនាក់ទំនងរវាងតួអង្គនយោបាយ និងឧស្សាហកម្ម Buzzers គឺជាមូលហេតុនៃការប្រកាសអាសន្ន ព្រោះវាបានបង្កើតបរិយាកាសនៃការ បំបិទការរិះគន់ និងជំរុញឱ្យមានការរីករាលដាលនៃពត៌មានមិនពិត។

លោក Muhajir បាននិយាយថា «ក្រុម Buzzers ទាំងនេះត្រូវបានជួលដោយមនុស្សដែលមានថវិកាច្រើន។ ដរាបណាពួកគេស្ថិតនៅក្នុងតម្រូវការ វានឹងពិបាកក្នុងការបញ្ឈប់ពួកគេណាស់»៕

Southeast Asia Globe

អត្ថបទទាក់ទង