តើអាស៊ានគួរប្រកាន់ជំហរម៉ឺងម៉ាត់ជាងមុនចំពោះសង្គ្រាមនៅអ៊ុយក្រែនដែរឬទេ?
ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែននៅថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២២ បានរងនូវការថ្កោលទោសយ៉ាងទូលំទូលាយពីបណ្តារដ្ឋាភិបាលលោកខាងលិច។ ផ្ទុយទៅវិញ ២/៣ នៃចំនួនប្រជាជនពិភពលោកបានបន្តរក្សាអព្យាក្រឹត ឬមានទំនោរឈរខាងរុស្ស៊ីនៅក្នុងសង្រ្គាមនេះ ហើយសមាជិកអាស៊ានភាគច្រើនក៏ស្ថិតនៅក្នុងក្រុមនេះដែរ។
នៅក្នុងគម្រោងស្រាវជ្រាវដែលកំពុងបន្តដែលនឹងត្រូវចេញផ្សាយនៅក្នុងពេលឆាប់ៗនេះ យើងបានរកឃើញថា «រដ្ឋាភិបាលអាស៊ីអាគ្នេយ៍ភាគច្រើនបានបដិសេធមិនចូលរួមជាមួយលោកខាងលិចក្នុងការថ្កោលទោស ឬផ្តាច់ទំនាក់ទំនងការទូតពីរុស្ស៊ី»។ អ្នកសង្កេតការណ៍មួយចំនួនបានអះអាងថា «អាស៊ាននិងបណ្តារដ្ឋជាសមាជិកគួរតែប្រកាន់ជំហរម៉ឺងម៉ាត់ជាងនេះប្រឆាំងនឹងការបំពានជាក់ស្តែងរបស់រុស្ស៊ីចំពោះច្បាប់ អន្តរជាតិ»។
សិង្ហបុរីគឺជាសមាជិកអាស៊ានតែមួយគត់ដែលបានថ្កោលទោសចំពោះសង្គ្រាមរបស់រុស្ស៊ីម្តងហើយម្តងទៀត ដោយបានហៅថាជា «អំពើខុសច្បាប់»។ លើសពីនេះ ជាលើកដំបូងក្នុងរយៈពេលជាង ៤ ទសវត្សរ៍ សិង្ហបុរីបានដាក់ទណ្ឌកម្មជាឯកតោភាគីលើប្រទេសរុស្ស៊ី។
ផ្ទុយទៅវិញ ប្រទេសមីយ៉ាន់ម៉ាបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់វិមានក្រឹមឡាំង ដោយបានហៅការឈ្លានពាននេះថាជា «រឿងសមហេតុផល» ដោយសារតែរុស្ស៊ីត្រូវការពារអធិបតេយ្យភាពរបស់ប្រទេសរបស់ពួកគេ។ នេះគឺជាជំហររបស់យោធាដែលជាអ្នកដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ននៅមីយ៉ាន់ម៉ា (SAC) ហើយវាមិនមែនជាជំហររបស់រដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) នោះទេ។
បណ្តារដ្ឋអាស៊ានផ្សេងទៀតបានរក្សាជំហរនៅកណ្តាល ដោយក្នុងនោះ ឥណ្ឌូណេស៊ីនិងវៀតណាម បានព្យាយាមដើរតួនាទីសម្រុះសម្រួលរវាងរុស្ស៊ីនិងអ៊ុយក្រែន ទន្ទឹមនឹងការរក្សានូវការប្រុងប្រយ័ត្នរវាងការថ្កោលទោសចំពោះសង្គ្រាម និងការមិនបន្ទោសចំពោះរុស្ស៊ី។
គួរកត់សម្គាល់ផង ដែរថា «កម្ពុជាគឺជារដ្ឋអាស៊ានមួយដែលមានទំនោរស្រដៀងគ្នាខ្លាំងជាមួយនឹងប្រទេសសិង្ហបុរី» ដោយក្នុងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញកំហឹងរបស់លោក ហើយលោកគឺជាមេដឹកនាំអាស៊ានតែមួយគត់ ដែលបានចូលរួមជាមួយប្រទេសសិង្ហបុរី ជាមួយនឹងការបញ្ជាក់យ៉ាងច្បាស់ថា «ប្រទេសរបស់លោកនឹងមិនរក្សាអព្យាក្រឹតភាពចំពោះជម្លោះនេះទេ»។
ទោះជាយ៉ាងណាក៏ដោយ ជារួមតំបន់អាស៊ីអាគ្នេយ៍នៅតែបន្តរក្សាភាពស្ងាត់ស្ងៀម ហើយប្រតិកម្មរបស់បណ្តារដ្ឋសមាជិកអាស៊ានចំពោះសង្រ្គាមនៅអ៊ុយក្រែន មានភាពផ្ទុយស្រឡះពីគ្នាពីជំហរដ៏រឹងមាំរបស់រដ្ឋាភិបាលលោកខាងលិច (និងសិង្ហបុរី) ។ មនុស្សជាច្រើនបានលើកឡើងអំពីកង្វះឯកភាពរបស់អាស៊ានលើបញ្ហាអន្តរជាតិ និងសូម្បីតែបញ្ហាអនុតំបន់ ដែលនេះក៏ដោយសារតែប្រពៃណីការទូតស្តីពីការឯកភាពរបស់អាស៊ានក្នុងចំណោមរដ្ឋជាសមាជិកទាំងអស់ ដែលជាហេតុបង្កភាពស្មុគស្មាញដល់សេចក្តីថ្លែងការណ៍ ឬកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់អាស៊ាននៅឯអង្គការសហប្រជាជាតិ។
ប៉ុន្តែ នៅកម្រិតអង្គការសហប្រជាជាតិ ការចូលរួមបោះឆ្នោតជារឿយៗតែងតែមានភាពរឹងមាំ បើទោះបីជាវាមានទំនោរងាកទៅរកផលប្រយោជន៍ជាតិខ្លាំងជាងការរួបរួមគ្នាផ្នែកការទូតក៏ដោយ។ ប្រទេសចំនួន ៨ ក្នុងចំណោមសមាជិកអាស៊ានទាំង ១០ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេច ES-11/1 របស់មហាសន្និបាតអង្គការសហប្រជាជាតិដែលបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។
វៀតណាមនិងឡាវបានបោះឆ្នោតអនុប្បវាទ ខណៈដែលមីយ៉ាន់ម៉ា ដែលតំណាងនៅអង្គការសហប្រជាជាតិដោយរដ្ឋាភិបាល NUG (មិនមែនជារដ្ឋាភិបាលយោធា) ក៏បានបោះឆ្នោតគាំទ្រសេចក្តីសម្រេច ES-11/1 ផងដែរ។ នៅកម្រិតអាស៊ាន សេចក្តីថ្លែងការណ៍បានបង្ហាញអំពីជំហរទន់ខ្សោយ ជាមួយនិងវោហាសាស្ត្រការទូតតិចតួច។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយមានលក្ខណៈទូទៅដូចគ្នាចំនួន ៣ ដែល៖
- ទី១ គឺ «ការសង្កត់ធ្ងន់លើតម្រូវការសម្រាប់ដំណោះស្រាយដោយសន្តិវិធី និងការផ្តល់ជំនួយមនុស្សធម៌»។
- ទី២ គឺ«ការគាំទ្រចំពោះច្បាប់ និងគោលការណ៍អន្តរជាតិដែលបានបញ្ជាក់នៅក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) របស់អាស៊ានដែលមានរុស្ស៊ីជាភាគីមួយដែរ» និង
- ទី៣ គឺ «បើទោះបីជាមានការលើកឡើងអំពីសន្ធិសញ្ញា TAC ក៏ដោយ ក៏គ្មានសេចក្តីថ្លែងការណ៍របស់អាស៊ានណាមួយបានថ្កោលទោសចំពោះរុស្ស៊ី ឬចំពោះការឈ្លានពានរបស់រុស្ស៊ីទេ» ហើយអាស៊ានក៏មិនបានកំណត់អត្តសញ្ញាណអ៊ុយក្រែនជាជនរងគ្រោះនោះដែរ។
ជំហរថ្នាក់ជាតិក្នុងចំណោមរដ្ឋជាសមាជិកអាស៊ានមានភាពចម្រុះ។ អាស៊ានតែងតែ មានភាពប្រុងប្រយ័ត្ន ចំពោះទស្សនៈរបស់សមាជិកដែលមានទំនោរម៉ឺងម៉ាត់ដូចជាសិង្ហបុរី ក៏ដូចជាកេរ្តិ៍ឈ្មោះអន្តរជាតិរបស់ខ្លួន ជាពិសេសជាមួយដៃគូសន្ទនារបស់លោកខាងលិច។ នេះមានន័យថា «មេដឹកនាំអាស៊ានត្រូវតែបន្តរក្សាតុល្យភាព ដោយឈរលើមូលដ្ឋាននៃការសម្រុះសម្រួលតិចតួច ទន្ទឹមនឹងការចូលរួមមួយចំនួនជាមួយនឹងការអំពាវនាវជាអន្តរជាតិ»។
ការរក្សាតុល្យភាពនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងជំហរក្នុងន័យស្ថាប័នរបស់អាស៊ានចំពោះ សង្គ្រាមនៅអ៊ុយក្រែនដែលជាហេតុជំរុញឱ្យមានការជជែកដេញដោលគ្នាមិនចេះចប់អំពីប្រសិទ្ធភាពរបស់អាស៊ាន។ ហេតុផលដ៏គួរឱ្យទាក់ទាញបំផុតសម្រាប់អាស៊ានក្នុងការប្រកាន់ជំហររឹងមាំចំពោះសង្រ្គាមគឺជា «សុចរិតភាពនៃច្បាប់ និងបទដ្ឋានអន្តរជាតិ»។
រុស្ស៊ីបានបំពានលើរាល់បទដ្ឋាននៃសន្ធិសញ្ញា TAC របស់អាស៊ាន បូករួមទាំងលើអធិបតេយ្យភាព, បូរណភាពទឹកដី និងភាពអហិង្សា។ ការការពាររដ្ឋតូចៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាហេតុផលដ៏ចម្បងមួយដែលនៅពីក្រោយការបង្កើតឱ្យមានអាស៊ាន ហើយគោលការណ៍នេះនៅតែបន្តមានសារៈសំខាន់ដូចពេលមុនដដែល។ ជាក់ស្តែង អ្នកសង្កេតការណ៍ជាច្រើនបានព្រមានថា «ការឈ្លានពានរបស់រុស្សីអាចជំរុញឱ្យមានអាកប្បកិរិយាឈ្លានពានរបស់ចិននៅក្នុងតំបន់អាស៊ី»។
ការទាមទារជាប្រវត្តិសាស្ត្ររបស់រុស្ស៊ីចំពោះទឹកដីអ៊ុយក្រែន និងការការពារដ៏មានឥទ្ធិពលរបស់ជនជាតិរុស្ស៊ីដែលបានបន្តរស់នៅអ៊ុយក្រែន បានបង្កើតជាគំរូដ៏អាក្រក់មួយ។ រដ្ឋជាសមាជិកអាស៊ានស្ទើរតែទាំងអស់មានចំនួនប្រជាជនជាច្រើនជាជនជាតិភាគតិចចិន ហើយក៏មានរដ្ឋមួយចំនួនជារដ្ឋមានជម្លោះនៅសមុទ្រចិនខាងត្បូងផងដែរ ដែលកំពុងប្រឈមមុខនឹងការទាមទាររបស់ចិនចំពោះ «សិទ្ធិជាប្រវត្តិសាស្ត្រ» នៅឯសមុទ្រចិនខាងត្បូង។
ទំនួលខុសត្រូវចម្បងរបស់អាស៊ានមិនមែនជាសន្តិសុខរបស់អឺរ៉ុបទេ ហើយអាស៊ានក៏បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនផងដែរ ទាំងខាងក្នុងនិងខាងក្រៅ ដោយរាប់ចាប់ពីរដ្ឋប្រហារនៅមីយ៉ាន់ម៉ាឆ្នាំ ២០២១, ការប្រកួតប្រជែងកាន់តែតានតឹងរវាងចិននិងអាមេរិក រហូតដល់ការគ្រប់គ្រងទំនាក់ទំនងពហុភាគី និងភាពមិនចុះសម្រុងនៅក្នុងចំណោមសមាជិក។
ដូចនេះ បើទោះបីជាសង្រ្គាមនៅអ៊ុយក្រែនពិតជាបានជះឥទ្ធិពលមកលើតំបន់អាស៊ីអាគ្នេយ៍ក៏ដោយ ក៏អាស៊ានមិនមានចំណែកផ្ទាល់ ឬក៏សមត្ថភាព ឬទំនួលខុសត្រូវ ដើម្បីជះឥទ្ធិពលលើវិបត្តិនៅអ៊ុយក្រែននោះទេ។ ទី២ «បើទោះបីជាធ្លាប់មានគំរូដ៏អស្ចារ្យស្តីពីការរួបរួមរបស់អាស៊ានចំពោះវិបត្តិអន្តរជាតិក៏ដោយ ក៏សង្រ្គាមអ៊ុយក្រែននឹងមិនក្លាយជាករណីមួយក្នុងចំណោមគំរូទាំងនោះទេ»។
តាមរយៈការប្រកាន់យកជំហរម៉ឺងម៉ាត់លើបញ្ហានេះ អាស៊ានអាចប្រឈមមុខនឹងការលាតត្រដាងឱ្យគ្រប់គ្នាឃើញអំពីភាពមិនចុះសម្រុងរបស់ខ្លួនដែលជាហេតុធ្វើឱ្យមុខមាត់អន្តរជាតិរបស់ខ្លួនរងនូវការខូចខាតកាន់តែខ្លាំង។ ជាចុងក្រោយ វាមានបញ្ហាដ៏សំខាន់បំផុតមួយទាក់ទងនឹងការប្រកាន់យក «ជំហរជាគោលការណ៍»។
គោលការណ៍គឺជារឿងដាច់ខាត និងបង្ហាញអំពីភាពត្រឹមត្រូវនៃជំហរជាក់លាក់ណាមួយ ដែលផ្អែកលើគោលការណ៍កំណត់ ពីព្រោះបើមិនដូច្នេះទេ វានឹងមិនត្រូវបានចាត់ទុកជាគោលការណ៍នោះទេ ក៏ប៉ុន្តែវានឹងក្លាយជារឿងដែលធ្វើតាមអំពើចិត្ត។
នៅពេលណាដែលមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ឬផ្នែកផ្សេងទៀតនៃច្បាប់អន្តរជាតិ ជាពិសេសលើអធិបតេយ្យភាពរបស់រដ្ឋ ប្រតិកម្មស្រដៀងគ្នានេះនឹងក្លាយជារឿងដ៏ចាំបាច់ ហើយសេចក្តីថ្លែងការណ៍ខ្លាំងៗអាចនឹងត្រូវបានចេញផ្សាយជាបន្តបន្ទាប់។ គោលនយោបាយបែបនេះនឹងផ្តល់ឱកាសតិចតួចណាស់សម្រាប់ភាពបត់បែននៅពេលអនាគត ហើយជាទូទៅអ្នកការទូតនៅតំបន់អាស៊ីអាគ្នេយ៍មិនចូលចិត្តគោលនយោបាយបែបនេះទេ។
អាស៊ាននឹងមិនទទួលបានផលច្រើនទេពីការប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះសង្រ្គាមដែលជះឥទ្ធិពលតិចតួចមកលើខ្លួន។ ការប្រកាន់ជំហរម៉ឺងម៉ាត់នឹងនាំមកនូវភាពស្មុគស្មាញកាន់តែខ្លាំងដល់ការទូតផ្ទៃក្នុង និងការកំណត់ជម្រើសគោលនយោបាយនៅពេលអនាគត។ ដូច្នេះ អាស៊ានគួរតែបន្តអនុវត្តនូវប្រពៃណីការទូតរបស់ខ្លួនស្តីអំពីភាពមិនលម្អៀង និងបរិយាប័ន្ន ដែលជាចំណុចខ្លាំងនៃពហុភាគីនិយមដែលផ្តោតលើអាស៊ាន។
អាស៊ានគួរតែបន្តជួយសម្រួលដល់ការសន្ទនារួមរវាងមហាអំណាច។ ក្នុងករណីមានទស្សនៈខុសគ្នា បើទោះបីជាផ្ទៃក្នុងឬក្នុងចំណោមដៃគូសន្ទនារបស់ខ្លួនបូករួមទាំងប្រទេសចិន, សហរដ្ឋអាមេរិក និងរុស្ស៊ី ក៏ដោយ ក៏អាស៊ាននៅតែមានតួនាទីដ៏សំខាន់បំផុតក្នុងនាមជាអ្នកកសាងស្ពានដើម្បីសម្របសម្រួលការផ្លាស់ប្តូរទស្សនៈរវាងមេដឹកនាំ ជាជាងការផ្តោតតែទៅលើការលើកកម្ពស់ច្បាប់អន្តរជាតិ៕
The Diolomat