ខ្មែរប៉ុស្ដិ៍ Close

រដ្ឋប្រហារមីយ៉ាន់ម៉ាបានបង្ហាញពីចំណុចខ្សោយនៅក្នុងតំបន់ដែលបែកបាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 50
រដ្ឋប្រហារមីយ៉ាន់ម៉ាបានបង្ហាញពីចំណុចខ្សោយនៅក្នុងតំបន់ដែលបែកបាក់ រដ្ឋប្រហារមីយ៉ាន់ម៉ាបានបង្ហាញពីចំណុចខ្សោយនៅក្នុងតំបន់ដែលបែកបាក់

ការធ្វើរដ្ឋប្រហាររបស់យោធាមីយ៉ាន់ម៉ាប្រឆាំងនឹងរដ្ឋាភិបាលដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍និងបានបង្ហាញនូវចំណុចខ្សោយថ្មីៗនៅក្នុងប្លុកមួយដែលកំពុងត្រូវបានជំរុញកាន់តែខ្លាំងដោយពាណិជ្ជកម្ម។

រដ្ឋប្រហារនេះ ក៏បានបង្កការភ្ញាក់ផ្អើលដល់អាស៊ានផងដែរ បន្ទាប់ពីពួកគេបានរក្សាភាពស្ងប់ស្ងាត់ និងហាក់ដូចជាបានបង្ហាញនូវការពេញចិត្តចំពោះការធ្លាក់ចុះនៃ លទ្ធិប្រជាធិបតេយ្យ និងអំពើឃោរឃៅទ្រង់ទ្រាយធំដែលបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

អាស៊ានបានបែកបាក់ជាជំរុំចំនួន ៣ ដែលបានឆ្លុះបញ្ចាំងអំពីទិសដៅភូមិសាស្ត្រ នយោបាយក៏ដូចជាស្ថានភាពនយោបាយក្នុងស្រុកខុសៗគ្នា។

លោក Richard Javad Heydarian បានកត់សម្គាល់ថា «សមាជិកអាស៊ានបានធ្វើការឆ្លើយតបខុសៗគ្នា ពាក់ព័ន្ធនឹងរដ្ឋប្រហារដោយអ្នកខ្លះបានរិះគន់ដោយបើកចំហនិងខ្លះទៀត បានរក្សាភាពស្ងៀមស្ងាត់ដូចគ្នានឹងប្រទេសចិន»

លោក Heydarian បានលើកឡើងថា «នៅក្នុងប្រទេសជាសមាជិកអាស៊ាន ដែលកំពុងជួបប្រទះបញ្ហាប្រជាធិបតេយ្យ ដូចជាប្រទេសហ្វីលីពីន ការផ្តួលរំលំរបបដែលបានជ្រើសរើសតាមបែបប្រជាធិបតេយ្យនៅក្នុងប្រទេសជិតខាងបានធ្វើឱ្យមាន ការភ័យខ្លាចចំពោះការដែលអាចកើតមានការកាន់កាប់អំណាចបែបផ្តាច់ការស្រដៀងគ្នានេះ ខណៈពេលដែលមានការឆ្លើយតបយ៉ាងស្ងៀមស្ងាត់ពី ប្លុកក្នុងតំបន់»

របបផ្តាច់ការនៅកម្ពុជានិងថៃបានបន្ទរជំហររបស់ប្រទេសមហាអំណាច ដូចជាចិនដែលបានប្រឆាំងនឹងទណ្ឌកម្មអន្តរជាតិ និងបានចាត់ទុកវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាថាជា «កិច្ចការក្នុងស្រុករបស់គេ»

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ដែលធ្លាប់បានដកចេញនូវក្រុមប្រឆាំងក្នុងស្រុកក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានលើកឡើងថា «រដ្ឋប្រហារយោធារបស់ប្រទេសមីយ៉ាន់ម៉ាគឺជាបញ្ហាកិច្ចការផ្ទៃក្នុង។ ហើយប្រទេសកម្ពុជានឹងមិនធ្វើអត្ថាធិប្បាយលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ រាប់ទាំងក្នុងក្របខណ្ឌអាស៊ាន និងទាំងប្រទេសផ្សេងទៀត»

នៅក្នុងប្រទេសថៃ ដែលយោធាកំពុងតែក្តោបក្តាប់អំណាច បន្ទាប់ពីការធ្វើរដ្ឋប្រហារ លោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បានបន្ទរជំហររបស់ប្រទេសកម្ពុជាដែលបានពិពណ៌នារដ្ឋប្រហារថាជា «បញ្ហាផ្ទៃក្នុង»

ជនចំណាកស្រុករាប់លាននាក់របស់មីយ៉ាន់ម៉ានៅក្នុងប្រទេសថៃបានតវ៉ាប្រឆាំងដោយចំហនិងយ៉ាងខ្លាំងក្លា។ ទន្ទឹមនឹងនេះ សមាជិកឈានមុខរបស់អាស៊ាន ដូចជាឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងសិង្ហបុរី ក៏បានប្រកាន់ជំហរយ៉ាងតឹងរឹងជាងមុនពាក់ព័ន្ធនឹងវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

សារព័ត៌មាន Asia Times បានរាយការណ៍ថា «ប្រទេសសិង្ហបុរី ដែលជាប្រទេសមាន ការអភិវឌ្ឍខ្លាំងជាងគេ នៅក្នុងតំបន់និងជា វិនិយោគិនដ៏ធំមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនាពេលចុងក្រោយនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា»

ក្រសួងការបរទេសសិង្ហបុរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងកំពុងតាមដានស្ថានការណ៍ នេះយ៉ាងដិតដល់ ហើយសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធនឹងអនុវត្តការអត់ធ្មត់, បន្តការសន្ទនាគ្នា និងធ្វើការដោះស្រាយបញ្ហាដោយសន្តិវិធីដើម្បីឈានទៅរកលទ្ធផលវិជ្ជមាន»

លោក Heydarian បានសរសេរថា «ប្រជាជន ដែលកាន់សាសនាអ៊ីស្លាម ដែលភាគច្រើនស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ីដែលបាន រិះគន់ចំពោះអំពើឃោរឃៅរបស់យោធាមីយ៉ាន់ម៉ា
ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ានិងបានទទួលយកជនភៀស ខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ក៏បានឆ្លើយតប យ៉ាងតឹងរ៉ឹងចំពោះរដ្ឋប្រហារនេះផងដែរ»

ក្រសួងការ បរទេសឥណ្ឌូណេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ឥណ្ឌូណេស៊ីអំពាវនាវឱ្យមានការគោរពគោលការណ៍ធម្មនុញ្ញរបស់អាស៊ាន, ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់, អភិបាលកិច្ចល្អ, គោលការណ៍លទ្ធិប្រជាធិបតេយ្យនិង រដ្ឋាភិបាលស្របច្បាប់។  ឥណ្ឌូណេស៊ីទទូចដល់គ្រប់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យអនុវត្តការអត់ធ្មត់ និងប្រើប្រាស់ការសន្ទនាគ្នាដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា»

ក្នុងនាមជាប្រទេស មួយក្នុងចំណោមប្រទេសប្រជាធិបតេយ្យធំជាងគេនៅលើពិភពលោក ប្រទេសឥណ្ឌូណេស៊ីបានសង្កត់ធ្ងន់លើគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងរដ្ឋាភិបាលស្របច្បាប់ ក្នុងការបដិសេធមិនទទួលស្គាល់ការធ្វើរដ្ឋប្រហាររបស់មីយ៉ាន់ម៉ា។

ប្រទេសម៉ាឡេស៊ីក៏បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង និងបានជំរុញឱ្យរបបយោធាផ្តល់អាទិភាពខ្ពស់បំផុតដល់ការស្តារសណ្តាប់ធ្នាប់នយោបាយនិងនីតិរដ្ឋឡើងវិញដោយក្រសួងការបរទេសម៉ាឡេស៊ីបាននិយាយថា «ប្រទេសម៉ាឡេស៊ី គាំទ្រដល់ការបន្តការពិភាក្សាក្នុងចំណោម មេដឹកនាំមីយ៉ាន់ម៉ា ដើម្បីចៀសវាងផល ប៉ះពាល់មិនល្អដល់ប្រជាជននិងរដ្ឋមីយ៉ាន់ម៉ា ជាពិសេសនៅក្នុងស្ថានការណ៍នៃការកើតមានវីរុសរាតត្បាតដ៏លំបាកនាពេលបច្ចុប្បន្ន»

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសម៉ាឡេស៊ី បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុតពាក់ព័ន្ធនឹងបញ្ហាដែលអង្គការសហប្រជាជាតិបានពិពណ៌នាថាជា «ប្រតិបត្តិការបោសសម្អាតជនជាតិភាគតិច របស់របបយោធាប្រឆាំងនឹងក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា»

ខណៈពេលដែលអាស៊ានបានប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក ប្រទេសម៉ាឡេស៊ីគឺជាសំលេងតែមួយគត់ដែលបានអំពាវនាវឱ្យមានសកម្មភាពប្រឆាំងនឹងការរំលោភបំពានយ៉ាងរ៉ាំរ៉ៃដែលបានកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក Heydarian បានសរសេរថា «ទន្ទឹមនឹង នេះដែរ ប្រទេសប្រ៊ុយណេដែលជាប្រធានបច្ចុប្បន្នរបស់អាស៊ាន ក៏ដូចជាប្រទេសផ្តាច់ការវៀតណាមនិងឡាវ ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយជាផ្លូវការ ពាក់ព័ន្ធនឹងវិបត្តិមីយ៉ាន់ម៉ានេះផងដែរ»៕ Business World

អត្ថបទទាក់ទង