ខ្មែរប៉ុស្ដិ៍ Close

តោះមកស្វែងយល់ អំពីកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៨

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 937
តោះមកស្វែងយល់ អំពីកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៨តោះមកស្វែងយល់ អំពីកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៨

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨ ដែលកិច្ច ប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័នក្រោមវិស័យសហគមន៍សង្គម-វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន ឧត្តមមន្ត្រីវិស័យក្រោម សហគមន៍សង្គម-វប្បធម៌អាស៊ាន, អគ្គលេខាធិការរងអាស៊ាន តំណាងអចិន្ត្រៃយ៍សហគមន៍សង្គម-វប្បធម៌អាស៊ាន, ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជា ប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន នឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ (28th ASCC Council Meeting)នេះផងដែរ ។

កិច្ចប្រជុំនេះ នឹងមានព្រឹត្តិការណ៍អមចំនួន២ គឺកម្មវិធីប្រកួតជជែកដេញដោលយុវជនអាស៊ាន ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅវេលាពេលព្រឹក នៅមជ្ឈមណ្ឌលម៉ានី (អគារ Kampus) និងពិធីសម្ពោធមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ កាលពីម្សិលមិញនេះ។

កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨ នឹងពិនិត្យមើលអំពីវឌ្ឍនភាពវិស័យអាទិភាពដែលសម្រេចបានក្នុងឆ្នាំ២០២២ នៃកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ នាពេលកន្លងមក និងបញ្ហាប្រឈមនានា ដើម្បីចូលរួមដោះស្រាយ សម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នាពេលខាងមុខ។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នឹងជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗ អាទិភាព ព្រឹត្តការណ៍អម និងឯកសារដែលត្រូវអនុម័ត រួមមាន៖ សេចក្ដីប្រកាសទាក់ទងទៅនឹងការងារកីឡា អត្តសញ្ញាណអាស៊ាន វប្បធម៌ ពលករចំណាកស្រុក, សហគ្រិនភាពរបស់ស្ត្រី, ការលើកកម្ពស់ស្ត្រី សន្តិភាព និងសន្តិសុខ។ កិច្ចប្រជុំនឹងចេញសេចក្តីថ្លែងការណ៍រួមទាក់ទងទៅនឹងការបម្រែបម្រួលអាកាសធាតុ និងការកំណត់ឆ្នាំ២០២២ គឺជាឆ្នាំនៃយុវជនអាស៊ានផងដែរ៕

អត្ថបទទាក់ទង