ហេតុអ្វីបានជាប្រទេសសិង្ហបុរី ជ្រើសរើសការដាក់ទណ្ឌកម្មលើរុស្ស៊ី?
បើទោះបីជាស្ថិតនៅឆ្ងាយពីប្រទេសអ៊ុយក្រែនក៏ដោយ ក៏រដ្ឋាភិបាលសិង្ហបុរីបានសម្តែងនូវការថ្កោលទោសចំពោះការឈ្លានពានរបស់រុស្ស៊ី និងថែមទាំងបានចាត់វិធានការដ៏កម្រក្នុងការដាក់ទណ្ឌកម្មជាឯកតោភាគីលើប្រទេសនេះផងដែរ។
ព័ត៌មានលម្អិតស្តីអំពីការដាក់ទណ្ឌកម្មនៅមិនទាន់បានចេញផ្សាយនៅឡើយនោះទេ ក៏ប៉ុន្តែវាអាចនឹងផ្តោតលើការត្រួតពិនិត្យលើការនាំចេញ និងការទប់ស្កាត់ប្រតិបត្តិការហិរញ្ញវត្ថុមួយចំនួនដែលមានទំនាក់ទំនងជាមួយធនាគារនិងស្ថាប័នហិរញ្ញវត្ថុរបស់រុស្ស៊ី។
ចំណាត់ការរបស់សិង្ហបុរីគឺជារឿងដ៏កម្រ ដែលនេះក៏ដោយសារទណ្ឌកម្មទាំងអស់ដែលអាជ្ញាធរសិង្ហបុរីបានដាក់លើបណ្តារដ្ឋផ្សេងទៀតគឺផ្អែកលើ សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
បើទោះបីជាចំណាត់ការនេះជារឿងដ៏កម្រក៏ដោយ ក៏ប៉ុន្តែវាមិនមែនជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលនោះទេ ពីព្រោះការឆ្លើយតបដ៏ខ្លាំងក្លារបស់សិង្ហបុរី ចំពោះសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី ជាពិសេសការដាក់ទណ្ឌកម្មជាឯកតោភាគីលើប្រទេសរុស្ស៊ី មានលក្ខណៈស្របទៅនឹងគោលនយោបាយការបរទេសរបស់សិង្ហបុរី។
ការសម្រេចចិត្តបែបនេះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងតួនាទីដឹកនាំរបស់ប្រទេសសិង្ហបុរីក្នុងចំណោមរដ្ឋតូចៗ ហើយក៏ជាការព្រួយបារម្ភមួយផងដែរអំពីការរស់រានរបស់បណ្តារដ្ឋតូចៗនៅក្នុងប្រព័ន្ធអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ ទំនាក់ទំនងមិនសូវមានភាពជិតស្និទ្ធរវាងសិង្ហបុរីនិងរុស្សីក៏បានរួមចំណែកឱ្យសិង្ហបុរីអាចបញ្ចេញសំឡេង និងភាពក្លាហាននៅក្នុងគោលជំហររបស់ខ្លួនផងដែរ។
ជាមួយនឹងទឹកដីទំហំត្រឹមតែ ៧២៨ គីឡូម៉ែត្រការ៉េ សិង្ហបុរីគឺជាប្រទេសដ៏តូចបំផុតមួយនៅក្នុងពិភពលោក។ ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៦៥ មេដឹកនាំសិង្ហបុរីបាន ដឹងយ៉ាងច្បាស់អំពីទំហំដ៏តូចរបស់ខ្លួន និងភាពងាយរងគ្រោះ ដែលខ្លួននឹងត្រូវប្រឈម។ ដូច្នេះ សិទ្ធិរបស់រដ្ឋតូចៗនៅក្នុងកិច្ចការពិភពលោកបានទទួលការចាប់អារម្មណ៍ខ្លាំងនៅក្នុងគោលនយោបាយការបរទេសរបស់សិង្ហបុរី។
ជាងនេះទៅទៀត ក្នុងនាមជារដ្ឋតូចនិងមានការអភិវឌ្ឍសិង្ហបុរីបានចាត់ទុកខ្លួនឯងជាតំណាងរបស់បណ្តារដ្ឋតូចៗ នៅក្នុងពិភពលោក។ ដោយសង្ឃឹមថា «បណ្តារដ្ឋតូចៗនឹងទទួលបានទម្ងន់យុទ្ធសាស្ត្របន្ថែមទៀតនៅក្នុងអង្គការសហប្រជាជាតិ» នៅក្នុងឆ្នាំ ១៩៩២ សិង្ហបុរីបានបង្កើត និងធ្វើជាប្រធានវេទិការនៃរដ្ឋតូចៗ (Forum of Small States)។
ដូចគ្នានេះដែរ នៅក្នុងឆ្នាំ ២០០៩ ដើម្បីដោះស្រាយការអនុវត្តយ៉ាងអយុត្តិធម៌មកលើរដ្ឋតូចៗនិងមធ្យមពីសំណាក់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (Organization for Economic Co-operation and Development) និងដើម្បីបង្កើតទំនាក់ទំនងរវាងក្រុម G-20 និងអង្គការសហប្រជាជាតិ ប្រទេសសិង្ហបុរីបាន បង្កើតក្រុមក្រៅផ្លូវការមួយទៀតដែល ប្រមូលផ្តុំទៅដោយរដ្ឋតូចៗ និងមធ្យម
ចំនួន៣០ នៅក្នុងអង្គការសហប្រជាជាតិដែលមានឈ្មោះថា«Global Governance Group»។
សិង្ហបុរីក៏បានចូលរួមនៅក្នុងក្រុមរដ្ឋតូចៗចំនួន2 ផ្សេងទៀតគឺ «Alliance of Small Island States» និង «Small Island Developing States»។
កង្វល់ដ៏ធំមួយទៀត សម្រាប់សិង្ហបុរីគឺ «ការរស់រានរបស់បណ្តារដ្ឋតូចៗ»។ ជាការពិតណាស់ការរស់រានគឺជាកង្វល់ដ៏ធំមួយសម្រាប់គ្រប់រដ្ឋទាំងអស់។ ក៏ប៉ុន្តែសម្រាប់រដ្ឋតូចៗ ដូចជាប្រទេសសិង្ហបុរីវាពិតជាមានសម្ពាធកាន់តែខ្លាំង ដោយ សារតែភាពងាយរងគ្រោះរបស់ពួកគេ និងកង្វះកម្លាំងនៅក្នុងប្រព័ន្ធអន្តរជាតិ។
ដោយទទួលស្គាល់ពីភាពងាយរងគ្រោះនៃការរស់រាន របស់រដ្ឋតូចៗនៅក្នុងប្រព័ន្ធអន្តរជាតិ ប្រទេសសិង្ហបុរីបានបន្តការតស៊ូមតិអស់រយៈពេលជាយូរមក ហើយនៅក្នុងគោលការណ៍នៃច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការគោរព បូរណភាពទឹកដីនិងអធិបតេយ្យភាព។
ដូច្នេះ ប្រទេសសិង្ហបុរីបានបន្តប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួន និងតែងតែប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការឈ្លានពានគ្រប់ប្រភេទ ជាពិសេសក្នុងករណីដែលរដ្ឋតូចៗត្រូវបានឈ្លានពានដោយមហាអំណាចធំៗ ដូចជានៅពេលដែលឥណ្ឌូណេស៊ីបានឈ្លានពានលើប្រទេសទីម័រឡេស្ត។
វាមិនមែនជាលើកទី១ ទេ ដែលសិង្ហបុរីបានបញ្ចេញសំឡេង ថ្កោលទោសទង្វើរបស់រុស្ស៊ី។ ក្នុងឆ្នាំ ២០១៤ នៅពេលដែលទីក្រុងម៉ូស្គូបានលុកលុយ តំបន់ Crimea សិង្ហបុរីបានថ្កោល ទោសយ៉ាងខ្លាំង ដោយបាននិយាយថា «កងទ័ពរបស់រុស្ស៊ីមិនគួរបន្តស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនដោយបំពានច្បាប់អន្តរជាតិឡើយ ហើយអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែនត្រូវតែទទួលបាននូវការគោរព»។
ទន្ទឹមនឹងនេះដែរ ប្រទេសសិង្ហបុរីបាន ដឹងច្បាស់ថា «ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ប្រហែលជាមិនអាចចាត់វិធានការដ៏មានអត្ថន័យណាមួយសម្រាប់រដ្ឋតូចៗដូចជាអ៊ុយក្រែនបានឡើយ ដោយសារតែសិទ្ធិវេតូរបស់រុស្ស៊ី»។
ក្រោយការលុក លុយ រុស្ស៊ីបានវេតូ សេចក្តីសម្រេចរបស់ UNSC ដែលបានថ្កោលទោសទង្វើរបស់ខ្លួន។ ដំណើរការខុសប្រក្រតីរបស់អង្គការសហប្រជាជាតិ និងការអសមត្ថភាពក្នុងការការពារធម្មនុញ្ញរបស់ខ្លួន ក៏ដូចជាគោលការណ៍បូរណភាពទឹកដីនិងអធិបតេយ្យភាពគឺជាប្រភពនៃក្តីកង្វល់របស់សិង្ហបុរី។
ដូច្នេះដើម្បីបង្ហាញអំពីទំនួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាមេដឹកនាំក្នុងចំណោម រដ្ឋតូចៗ សិង្ហបុរីបានសម្រេចចិត្តថ្កោល ទោសប្រទេសរុស្ស៊ី និងចាត់វិធានការដ៏កម្រក្នុងការដាក់ទណ្ឌកម្មជាឯកតោភាគីលើប្រទេសនេះ។
«ហេតុអ្វីបានជាសិង្ហបុរីប្រកាន់ជំហរម៉ឺងម៉ាត់ជាងបណ្តាប្រទេសជិតខាងរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍?»
មូលហេតុមួយគឺសិង្ហបុរីមិនសូវមានទំនាក់ទំនងជាមួយរុស្ស៊ីនោះទេ ទាំងផ្នែកសេដ្ឋកិច្ចនិងយោធា ហើយការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីក៏មិនមានអ្វីគួរឱ្យកត់សម្គាល់នោះដែរ។
វាជាការពិតដែលថា «ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍គឺជាអ្នកទិញអាវុធដ៏ធំរបស់រុស្ស៊ី។ ក៏ប៉ុន្តែសិង្ហបុរីគឺជាករណីលើកលែងមួយ»។ យោងតាមមូលដ្ឋានទិន្នន័យ SIPRI «ចំនួនអាវុធដែលបាន បញ្ជាទិញពីប្រទេសរុស្ស៊ីដោយសិង្ហបុរីមានចំនួនតិចពេកក្នុងការចុះបញ្ជី។ ៨០%នៃ អាវុធនាំចូលសរុបរបស់វៀតណាមគឺជាការបញ្ជាទិញពីរុស្ស៊ី ខណៈដែលឡាវបាន បញ្ជាទិញ ៤៧%, មីយ៉ាន់ម៉ា ៤០% និងម៉ាឡេស៊ី ២៦%»។
ដូច្នេះហើយ បើប្រៀបធៀបសិង្ហបុរីទៅនឹងប្រទេសសមាជិកអាស៊ានដែលការថ្កោលទោសរបស់ពួកគេចំពោះសកម្មភាពរបស់ទីក្រុងមូស្គូ មិនមានប្រើពាក្យ «រុស្ស៊ី» ឬពាក្យ «ឈ្លានពាន» ជំហរដ៏អង់អាចរបស់សិង្ហបុរីគឺជារឿងដ៏ល្អ ហើយវាក៏នឹងជួយលើក តម្កើងកេរ្តិ៍ឈ្មោះរបស់សិង្ហបុរីផងដែរ ក្នុងនាមជាសមាជិកដ៏ស្មោះត្រង់របស់អាស៊ាន និងក្នុងនាមជាមេដឹកនាំនៃរដ្ឋតូចៗរបស់ពិភពលោក៕ The Diplomat