ខ្មែរប៉ុស្ដិ៍ Close

    របៀបដែលលោក Putin អាចទប់ទល់បាននឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1786
    របៀបដែលលោក Putin អាចទប់ទល់បាននឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលោកពូទីនបានរួចរស់ជីវិត ដោយមានជំនួយបន្តិចបន្តួចពីមិត្តរបស់លោក។ រូបថត៖ Alexei Druzhinin / Sputnik តាមរយៈ The Conversation / Kremlin Pool

    អាមេរិកនិងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀតបានដាក់ទណ្ឌកម្មលើរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការលុកលុយចូលអ៊ុយក្រែនកាល ពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ ការដាក់ទណ្ឌកម្មនៅក្នុងវិសាលភាពបែបនេះគឺមិនធ្លាប់កើតមានពីមុនមកទេសម្រាប់សេដ្ឋកិច្ចរបស់រុស្ស៊ី។

    ការដាក់ទណ្ឌកម្មកាលពីដំបូងៗ រួមមានការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលមាននៅឯបរទេស និងការហាមឃាត់ការនាំចេញបច្ចេកវិទ្យាសំខាន់ៗទៅកាន់ប្រទេសរុស្ស៊ី។ នៅក្នុងអំឡុងឆ្នាំ ២០២២ ការដាក់ទណ្ឌកម្មក៏ត្រូវបានបង្កើនដោយសហភាពអឺរ៉ុបផងដែរ ដោយបានឈានដល់ដំណាក់កាលនៃការកាត់បន្ថយយ៉ាងគំហ៊ុកនៃការទិញប្រេង និងឧស្ម័នរបស់រុស្ស៊ី ហើយក៏មានក្រុមហ៊ុនរបស់លោកខាងលិចជាង ១ ២០០ ផងដែរ ដែលបានបិទការធ្វើប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី។

    នៅមុនការឈ្លានពាន ប្រទេសលោកខាងលិចបានសង្ឃឹមថា «ការគំរាមកំហែងតាមរយៈការដាក់ទណ្ឌកម្ម នឹងអាចជួយរារាំងរុស្ស៊ីពីការវាយប្រហារអ៊ុយក្រែន» ក៏ប៉ុន្តែនៅពេលដែលការលុកលុយបានចាប់ផ្តើម ពួកគេបានធ្វើការផ្លាស់ប្តូរគោលដៅតាមរយៈការងាកទៅរកការរារាំងលោក Putin មិនឱ្យពង្រីកសកម្មភាព និងការជំរុញឱ្យលោកដកខ្លួនថយពីការធ្វើសង្រ្គាម។

    ដំបូងឡើយ អ្នកអត្ថាធិប្បាយលោកខាងលិចមានទំនុកចិត្តថា «ការដាក់ទណ្ឌកម្មនឹងផ្តល់នូវលទ្ធផលជាទីគាប់ចិត្ត»។ នៅក្នុងសប្តាហ៍ដំបូងនៃការធ្វើសង្រ្គាម ប្រាក់ Ruble របស់រុស្ស៊ីបានធ្លាក់ចុះ ខណៈដែលប្រជាជនរុស្ស៊ីក៏ចាប់ផ្តើមមានភាពភ័យស្លន់ស្លោរ នៅពេលដែលធនាគាររុស្ស៊ីភាគច្រើនត្រូវបានគេដកចេញពីប្រព័ន្ធប្រតិបត្តិការអន្តរជាតិ Swift ហើយទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលនៅក្នុងធនាគារបរទេសក៏ត្រូវបានបង្កក។

    សូមអាន អាស៊ានប្រឈមមុខនឹងការខូចខាតផ្នែកសេដ្ឋកិច្ចដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

    ទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្តាលរបស់រុស្ស៊ីអាចធ្វើការរក្សាស្ថិរភាពអត្រាប្តូរប្រាក់បានយ៉ាងឆាប់រហ័ស និងអាចឈានទៅរកកម្រិតនៅមុនពេលកើតមានសង្រ្គាមទៅទៀត។ អត្រាអតិផរណាបានកើនឡើងដល់ ១៨% នៅក្នុងខែមេសា ក៏ប៉ុន្តែត្រូវបានបន្ថយមកនៅត្រឹម ១២% វិញនៅក្នុងខែធ្នូ។

    ទោះយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍លោកខាងលិចមួយចំនួននៅតែបន្តទទូចថា «ការដាក់ទណ្ឌកម្មកំពុងតែបង្កការខូតខាតចំពោះសេដ្ឋកិច្ចរបស់រុស្ស៊ី»។ វាគឺជាការពិតដែលថា «ការដាក់ទណ្ឌកម្មបានបង្កការបំផ្លិចបំផ្លាញដល់វិស័យមួយចំនួន ជាពិសេសគឺវិស័យអាកាសចរណ៍ និងការផលិតរថយន្ត ដែលសុទ្ធតែបានរងនូវការធ្លាក់ចុះប្រមាណ ៨០% ដោយសារតែកង្វះសមាសធាតុនាំចូល»។

    ប៉ុន្តែប្រទេសរុស្ស៊ីទាំងមូលបានបញ្ចប់ឆ្នាំ ២០២២ ជាមួយនឹងការធ្លាក់ចុះត្រឹមតែ ៣% ប៉ុណ្ណោះនៅក្នុង GDPរបស់ពួកគេ។ ការលក់រាយបានធ្លាក់ចុះ ៩% នៅក្នុងឆ្នាំនេះ ដោយក្នុងនោះ ផលិតផលក្នុងស្រុក រួមជាមួយនឹងផលិតផលរបស់ក្រុមហ៊ុនចិននិងទួកគី បានជួយដើរតួជំនួសឱ្យផលិតផលរបស់ក្រុមហ៊ុនលោកខាងលិចនៅក្នុងទីផ្សារក្នុងស្រុក។

    ទោះបីជាមានការដាក់ទណ្ឌកម្មនិងការថមថយនៅក្នុងសមរភូមិក៏ដោយ ក៏លោក Putin មិនបានបង្ហាញសញ្ញានៃការដកថយឡើយ។ នៅក្នុងខែកញ្ញា លោកបានប្រមូលកងទ័ពបម្រុងចំនួន ៣០ម៉ឺននាក់ និងបានចាប់ផ្តើមបើកយុទ្ធនាការមួយដើម្បីផ្តាច់ប្រព័ន្ធអគ្គិសនីរបស់អ៊ុយក្រែនតាមរយៈការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។

    ការ​នាំ​ចេញ​ប្រេង​របស់​រុស្ស៊ី​ជា​ហេតុផល​សំខាន់​ដែល​ប្រទេស​នេះ​អាច​ទប់ទល់នឹងទណ្ឌកម្ម​របស់​លោកខាងលិច។ រូបថត៖ AP តាមរយៈ The Conversation / Gaetano Adriano Pulvirenti

    «រុស្សីអាចនឹងចំណាយប្រាក់ជាង ៣០០ លានដុល្លារក្នុងមួយថ្ងៃ» ដើម្បីធ្វើសង្រ្គាម «ខណៈដែលនៅក្នុងឆ្នាំ ២០២២ ពួកគេអាចរកបានប្រាក់ចំណូលបាន ៨០០ លានដុល្លារជារៀងរាល់ថ្ងៃ» តាមរយៈការនាំចេញថាមពល។ លំហូរនៃប្រាក់ចំណូលខាងលើគឺពិតជាគ្រប់គ្រាន់ដើម្បីអាចការពារពួកគេពីការដួលរលំ និងថែមទាំងអាចបំពេញបន្ថែមនូវស្តុកអាវុធ និងគ្រាប់រំសេវរបស់រុស្ស៊ីថែមទៀតផង។

    សង្រ្គាមខាងលើ បូករួមជាមួយនឹងការកាត់បន្ថយការដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុបនៅក្នុងឆ្នាំ ២០២១ បានបណ្តាលឱ្យមានការកើនឡើងនៃតម្លៃប្រេងនិងឧស្ម័ន។ នៅក្នុងខែដំបូងនៃសង្រ្គាម តម្លៃប្រេងពិភពលោកបានកើនឡើង ៥០% រហូតដល់តម្លៃខ្ពស់បំផុត (១៣៩ ដុល្លារក្នុងមួយបារ៉ែល) នៅក្នុងខែមេសា ខណៈដែលតម្លៃហ្គាសលក់ដុំនៅអឺរ៉ុបបានកើនឡើង ៥០០% រហូតដល់តម្លៃខ្ពស់បំផុតចំនួន ៣០០ អឺរ៉ូ (៣២០ ដុល្លារ) ក្នុងមួយមេហ្គាវ៉ាត់ម៉ោង។ ករណីខាងលើនេះពិតជាបានផ្តល់ផលចំណេញយ៉ាងច្រើនដល់រុស្ស៊ី។

    ទោះបីជាបរិមាណនៃការនាំចេញប្រេងនិងឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុបបានធ្លាក់ចុះនៅក្នុងឆ្នាំ ២០២២ ក៏ដោយ ក៏ប្រាក់ចំណូលថាមពលរបស់ពួកគេបានកើនឡើងដល់ ១៦៨ ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ ដែលនេះគឺជាតួលេខខ្ពស់បំផុតដែលប្រទេសនេះធ្លាប់ទទួលបាន បើគិតចាប់តាំងពីឆ្នាំ ២០១១ មក។ ប្រទេសរុស្ស៊ីបានបញ្ចប់ឆ្នាំនេះជាមួយនឹងអតិរេកគណនីចរន្តចំនួន ២២៧ ពាន់លានដុល្លារ ដែលជាចំនួនដ៏ខ្ពស់បំផុតមួយ។

    ប្រទេសដែលបានដាក់ទណ្ឌកម្មទាំង ៤៩ មានចំណែក ៦០% នៃសេដ្ឋកិច្ចពិភពលោក ដូច្នេះវានៅមានចំណែកជាង ៤០% ទៀតដែលជាប្រទេសដែលនៅតែមានឆន្ទៈក្នុងការបន្តធ្វើជំនួញជាមួយរុស្ស៊ី។ ប្រទេសមិនស្ថិតនៅក្នុងលោកខាងលិច ភាគច្រើនបានបដិសេធមិនចូលរួមនៅក្នុងការដាក់ទណ្ឌកម្ម ដោយក្នុងនោះ ប្រទេសភាគច្រើនបានចាត់ទុកសង្គ្រាមនៅអ៊ុយក្រែនជា «លទ្ធផលនៃការប្រកួតប្រជែងរវាងមហាអំណាច ហើយគេមិនអាចបន្ទោសតែរុស្ស៊ីបាននោះទេ»។

    ឥណ្ឌានិងចិនបានបន្តទិញប្រេងនិងឧស្ម័នរបស់រុស្ស៊ីកាន់តែច្រើន ហើយពួកគេក៏បានបញ្ចុះបញ្ចូលរុស្ស៊ីឱ្យលក់បញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់ដល់ពួកគេផងដែរ។ ទួកគីក៏ជាដៃគូដ៏សំខាន់មួយផងដែរ ដោយក្នុងនោះ សកម្មភាពនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសនេះជាមួយនឹងរុស្ស៊ីបានកើនឡើង ៤៥% នៅក្នុងឆ្នាំ ២០២២ ។

    បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការទិញថាមពលពីរុស្ស៊ីក៏ដោយ ក៏បណ្តាប្រទេសនៅអឺរ៉ុបនៅតែបន្តទិញប្រេងនិងឧស្ម័នរបស់រុស្ស៊ីជាង ១២៥ ពាន់លានដុល្លារ បើគិតចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមបើធៀបនឹងប្រទេសចិនដែលបានទិញក្នុងចំនួន ៥០ ពាន់លានដុល្លារ, ទួកគីដែលបានទិញក្នុងចំនួន ២០ ពាន់លានដុល្លារ និងឥណ្ឌា ក្នុងចំនួន ១៨ ពាន់លានដុល្លារ។

    អ្នកសង្កេតការណ៍ដែលបានទស្សន៍ទាយអំពីការដួលរលំនៃសេដ្ឋកិច្ចរបស់រុស្ស៊ីមិនបានយកចិត្តទុកដាក់ចំពោះលក្ខណៈពិសេសរបស់សេដ្ឋកិច្ចរុស្ស៊ី។ រដ្ឋាភិបាលរុស្ស៊ីបានរៀបចំផែនការ និងបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ពួកគេក៏បានស៊ាំនឹងការរស់នៅជាមួយនឹងទណ្ឌកម្មផងដែរដែលត្រូវបានគេដាក់មកលើខ្លួនជាបន្តបន្ទាប់ចាប់តាំងពីមានការកាត់បញ្ចូលឧបទ្វីបគ្រីមេកាលពីឆ្នាំ ២០១៤។

    ភាពច្របូកច្របល់នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ បានបង្រៀនអ្នកធុរកិច្ចរុស្ស៊ី, អ្នកប្រើប្រាស់ និងបុគ្គលិករបស់ពួកគេអំពីរបៀបសម្របខ្លួនទៅនឹងភាពជាប់គាំងដោយចៃដន្យ ដូចជាអត្រាអតិផរណាខ្ពស់ ដែលអាចធ្វើឱ្យមនុស្សជាច្រើនបាត់បង់ប្រាក់សន្សំ ឬប្រាក់ចំណេញ។ មនុស្សជាច្រើនបានរំពឹងថា «ស្ថានភាពនឹងមានលក្ខណៈកាន់តែអាក្រក់ ហើយពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកវា»។ សរុបមក ពួកគេមានភាពអត់ធ្មត់ក្នុងការប្រឈមមុខនឹងបញ្ហា និងមានការរំពឹងទុកទាប។

    នៅពេលកើតមានភាពជាប់គាំងដោយចៃដន្យណាមួយ ទីផ្សារការងាររុស្ស៊ីជាទូទៅមិនធ្វើការបញ្ឈប់បុគ្គលិកទេ តែពួកគេនឹងកាត់បន្ថយប្រាក់ខែរហូតដល់អ្វីៗមានភាពប្រសើរឡើងវិញ។ ដូចគ្នានេះដែរ ១៥% នៃកម្លាំងពលកម្ម គឺជាជនចំណាកស្រុកដែលភាគច្រើនមកពីតំបន់អាស៊ីកណ្តាល ហើយពួកគេអាចត្រូវបានគេបណ្តេញចេញ និងបញ្ជូនត្រឡប់ទៅផ្ទះវិញ។

    ការសន្និដ្ឋានផ្នែកនយោបាយពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មនេះ គឺពោរពេញទៅដោយកំហុសតាំងពីដំបូងមកម្ល៉េះ។ ទ្រឹស្ដីមួយដែលបានលើកឡើងថា «ពួកអ្នកមានអំណាចនិងឥទ្ធិពល ដែលត្រូវបានគេដាក់ទណ្ឌកម្មនឹងខាតបង់ប្រាក់រាប់សិបលានដុល្លារ ហើយក៏ត្រូវបាត់បង់ជីវភាពរស់នៅដ៏ប្រណីតនៅលោកខាងលិចរបស់ពួកគេផងដែ។ ដូច្នេះពួកគេអាចនឹងព្យាយាមបញ្ចុះបញ្ចូលលោក Putin ឱ្យផ្លាស់ប្តូរទិសដៅ ដើម្បីសង្គ្រោះទ្រព្យសម្បត្តិរបស់ពួកគេ»។

    ប៉ុន្តែរុស្ស៊ីគឺជារបបផ្តាច់ការ ហើយលោក Putin បានផ្តល់តម្លៃខ្ពស់ទៅលើអំណាច ជាជាងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ពួកអ្នកមានអំណាចនិងឥទ្ធិពលបានបាត់បង់ទ្រព្យសម្បត្តិពាក់កណ្តាល ឬច្រើនជាងនេះ ក៏ប៉ុន្តែមានមនុស្សតិចណាស់ដែលបានរិះគន់ជាសាធារណៈទៅលើសង្គ្រាម។ ពួកគេបានដឹងថា «ការប្រឆាំងនឹងលោក Putin អាចធ្វើឱ្យពួកគេបាត់បង់អាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី»។

    សេដ្ឋកិច្ច​រុស្ស៊ី​នៅ​តែ​ដំណើរការ បើ​ទោះ​ជា​មាន​ទណ្ឌកម្ម​ពីលោក​ខាង​លិច​យ៉ាង​ខ្លាំង​ក៏​ដោយ។ រូបភាព៖ ហ្វេសប៊ុក

    ទន្ទឹមនឹងនេះដែរ អ្នកសេដ្ឋកិច្ច «សេរីនិយម» ដែលគ្រប់គ្រងធនាគារកណ្តាលនិងក្រសួងហិរញ្ញវត្ថុ ដែលជាតួអង្គសំខាន់នៅក្នុងការជួយរុស្ស៊ីទប់ទល់នឹងការដាក់ទណ្ឌកម្មនៅតែមានភាពស្មោះត្រង់។ សារព័ត៌មាន Financial Times បានលើកឡើងថា «អ្នកបច្ចេកទេសរបស់លោក Putin បានជួយសង្គ្រោះសេដ្ឋកិច្ចដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមដែលពួកគេមិនពេញចិត្ត»។

    អ្នកសង្កេតការណ៍មួយចំនួនទៀតសង្ឃឹមថា «ការដាក់ទណ្ឌកម្មនេះនឹងធ្វើឱ្យប្រជាជនរុស្ស៊ីធម្មតាងើបឡើងតវ៉ា តែវាមិនបានកើតឡើងនោះទេ»។ វាពិតជាមានការតវ៉ាខ្លះ ក៏ប៉ុន្តែការតវ៉ាទាំងនោះត្រូវបានកាត់បន្ថយ ដោយសារតែការគាបសង្កត់របស់ប៉ូលិស ដោយក្នុងនោះមនុស្សជាង ១៩ ៥០០ នាក់ត្រូវបានចាប់ខ្លួន ហើយមេដឹកនាំមួយចំនួនត្រូវបានកាត់ទោសឱ្យជាប់គុករហូតដល់ ៨ ឆ្នាំ។

    ការឆ្លើយតបដ៏សំខាន់ចំពោះអ្នកដែលប្រឆាំងនឹងសង្គ្រាមគឺការចាកចេញពីប្រទេស ដោយក្នុងនោះមានប្រជាជនប្រហែល ៥០ម៉ឺននាក់ បានចាកចេញ ដែលរួមមានទាំងបុគ្គលិកបច្ចេកវិទ្យាជាច្រើននាក់ផងដែរ ដែលករណីនេះពិតជាបង្កឱ្យមានផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់រុស្ស៊ី។

    ខណៈពេលដែលសង្រ្គាមបានឈានចូលដល់ឆ្នាំទី២ វានឹងមានហេតុផលក្នុងការជឿថា «ស្ថានភាពអាចនឹងមានការផ្លាស់ប្តូរ»។ វាគឺជារឿងសំខាន់ក្នុងការកត់សម្គាល់ថា «រដ្ឋាភិបាលរុស្ស៊ីបានបញ្ឈប់ការបោះពុម្ពរបាយការណ៍ស្ថិតិសេដ្ឋកិច្ចសរុបភាគច្រើន» ដែលចំណុចនេះអាចបង្ហាញថា «ស្ថានភាពពិតអាចមានសភាពអាក្រក់ជាងអ្វីដែលទិន្នន័យបានបង្ហាញ»។

    ប្រភពថាមពលរបស់លោក Putin ក៏អាចនឹងអស់ផងដែរ ដោយក្នុងនោះ ការទិញរបស់អឺរ៉ុបនឹងធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ ២០២៣។ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២២ សហភាពអឺរ៉ុបបានកំណត់តម្លៃ ៦០ ដុល្លារក្នុងមួយធុងសម្រាប់ប្រេងឆៅរបស់រុស្ស៊ី។ ការដាក់កម្រិតទៅលើផលិតផលប្រេង នឹងចូលជាធរមាននៅថ្ងៃទី ៥ ខែកុម្ភៈ។

    ថវិកាសហព័ន្ធរបស់រុស្ស៊ីបានស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងរួចទៅហើយ។ ប្រទេសរុស្ស៊ីមានឱនភាពថវិកាចំនួន ៤៧ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២២ ដែលត្រូវបានជួយទូទាត់ដោយមូលនិធិសុខុមាលភាពជាតិ។ ប៉ុន្តែមូលនិធិនេះ ដែលមានចំនួនត្រឹមតែ ១៨៧ ពាន់លានដុល្លារ បើគិតត្រឹមចុងឆ្នាំនេះ ក៏កំពុងតែធ្លាក់ចុះយ៉ាងឆាប់រហ័សផងដែរ។

    នៅខែមករា ឆ្នាំ ២០២៣ ការធ្លាក់ ចុះយ៉ាងខ្លាំងនៃប្រាក់ចំណូលប្រេងនិងឧស្ម័នបានបង្កើតឱ្យមានឱនភាពចំនួន ៣៨ ពាន់លានដុល្លារនៅក្នុងរយៈពេលត្រឹមតែមួយខែ។ ខែមករាអាចជាករណីដាច់ដោយឡែក ក៏ប៉ុន្តែប្រសិនបើនិន្នាការនេះនៅតែបន្ត រដ្ឋាភិបាលរុស្ស៊ីអាចនឹងមានការលំបាកកាន់តែខ្លាំងក្នុងការបន្តផ្តល់ហិរញ្ញប្បទានដល់ការបន្តធ្វើសង្រ្គាម។

    ប៉ុន្តែសម្រាប់ពេលនេះ រឿងដ៏ច្បាស់លាស់គឺ «ការដាក់ទណ្ឌកម្មមិនបានធ្វើឱ្យចុះខ្សោយដល់ការក្តោបក្តាប់អំណាចរបស់ Putin ឬការតាំងចិត្តនិងសមត្ថភាពរបស់លោកក្នុងការបន្តការធ្វើសង្រ្គាមនៅអ៊ុយក្រែននោះឡើយ»។

    Asia Times