ធុរកិច្ចរុស្ស៊ី មួយចំនួនដែលកំពុងសម្លឹងមើលទៅតំបន់អាស៊ី អាចនឹងបើកគណនីធនាគារនៅ ក្នុងបណ្ដាប្រទេសអាស៊ានមួយចំនួនបាន
ទាក់ទងនឹងការធ្វើពាណិជ្ជកម្មរវាងរុស្ស៊ី-អាស៊ាន រហូតមកដល់ពេលនេះ ធនាគារធំៗជាច្រើនរបស់រុស្ស៊ី (Bank Otkritie, Novikombank, Promsvyazbank, Bank Rossiya, Sovcombank, VEB, VTB, Sberbank) បានផ្អាកដំណើរការផ្ទេរប្រាក់រវាងរុស្ស៊ី និងសិង្ហបុរី ដោយសារតែទណ្ឌកម្មដែលបានដាក់ដោយលោកខាងលិចលើការប្រើប្រាស់ប្រព័ន្ធ SWIFT ក្នុងការផ្ទេរប្រាក់ទៅមកជាមួយប្រទេសរុស្ស៊ី។
ប្រការនេះបានធ្វើឱ្យមានការលំបាកយ៉ាងខ្លាំងសម្រាប់ធុរកិច្ចរបស់រុស្ស៊ីក្នុងការបង្កើតគណនីនៅក្នុងប្រទេសសិង្ហបុរីដែលជាប្រទេសដើរតួជាមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់ របស់អាស៊ាន។
អាស៊ានគឺជាតំបន់ពាណិជ្ជកម្មសេរីដ៏សំខាន់មួយដែលមាន ប្រជាជនប្រមាណ ៦០០ លាននាក់, មាន GDP ដល់ទៅជាង ៣ ទ្រីលានដុល្លារ (ធំជាងរុស្ស៊ីច្រើនដង) និងមានអត្រាកំណើន សេដ្ឋកិច្ចប្រហែល ៧% ក្នុងមួយឆ្នាំ។
អាស៊ានក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ឥណ្ឌា រួមជាមួយនិងប្លុកនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានរួមបញ្ចូលទាំងប្រទេសអូស្ត្រាលី នូវែលសេឡង់ ជប៉ុន និងកូរ៉េខាងត្បូងទៀតផង។ មិនតែប៉ុណ្ណោះ ប្លុកនេះក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗជាមួយសហភាពអឺរ៉ុបផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលបច្ចុប្បន្ន ប្រទេសសិង្ហបុរីលែងអនុញ្ញាតឱ្យធុរកិច្ចរបស់រុស្ស៊ីអាចបង្កើតគណនីធុរកិច្ច និងធនាគារនៅទីនោះបានក៏ដោយ ក៏ពួកគេនៅតែមានផ្លូវក្នុងការទៅបង្កើតគណនីនៅក្នុងប្រទេសអាស៊ានមួយចំនួនទៀត ដូចជានៅឥណ្ឌូណេស៊ី និងវៀតណាមជាដើម។
ប្រការនេះនឹងតម្រូវឱ្យមានការគិតគូរជាយុទ្ធសាស្ត្រមួយចំនួនពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដោយសារតែរូបិយបណ្ណ Rupiah របស់ឥណ្ឌូណេស៊ី និងរូបិយបណ្ណ Dong របស់វៀតណាម មិនអាចជួញដូរបានដោយសេរីនៅលើទីផ្សារពិភពលោកបានទេ។ ទោះជាយ៉ាងណា ឧបសគ្គនោះមិនបានបញ្ឈប់ការរីកដុះដាល នៃការធ្វើពាណិជ្ជកម្មរវាងវៀតណាម និងរុស្ស៊ីបានទេ នាប៉ុន្មានឆ្នាំថ្មីៗនេះ។
ប្រទេសវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីកាលពីឆ្នាំ ២០១៦ ដែលជាការបង្ហាញអំពីជោគជ័យដ៏ត្រចះត្រចង់មួយរបស់ប្រទេសនេះ។ ប្រទេសវៀតណាម នឹងទទួលយកប្រាក់ Rubles របស់រុស្ស៊ី តាមរយៈទីផ្សារប្តូរប្រាក់បរទេស Foreign Exchange (FX) ។
អ្វីដែលគេមិនសូវលឺល្បីនោះ គឺទំនាក់ទំនងរវាងឥណ្ឌូណេស៊ី-រុស្ស៊ី បើទោះបីជាមានការ វិនិយោគសំខាន់ៗរបស់រុស្ស៊ីនៅក្នុងប្រទេសនេះជាច្រើនរួចមកហើយ តួយ៉ាងដូចជាឧស្សាហកម្មផលិតរថយន្តជាដើម។ ធនាគារឥណ្ឌូណេស៊ីជាច្រើន នឹងទទួលយកការជួញដូររូបិយបណ្ណ Ruble ហើយនឹងបង្កើតគណនីធនាគារ សម្រាប់ធុរកិច្ចរបស់រុស្ស៊ីទៀតផង។ ជម្រើសទាំង២នេះ គឺអាស្រ័យលើវិធីសាស្ត្រក្នុងការបង្កើតជាក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌូណេស៊ី។
ការបាត់បង់របស់សិង្ហបុរី ពីភាពជាធនាគារកណ្ដាលរបស់អាស៊ាន គឺជាខាតបង់មួយយ៉ាងធំ ដោយសារតែប្រទេសនេះ គឺជាអ្នកទទួលយករូបិយបណ្ណរបស់បណ្ដាប្រទេសអាស៊ានផ្សេងៗទៀតទាំងអស់ ទៅប្ដូរជារូបិយបណ្ណដែលអាចជួញដូរបាននៅទូទាំងពិភពលោក(តាមរយៈ ទីផ្សារ FX)។ នីតិវិធីក្នុងការធ្វើរបៀបនេះនៅទីកន្លែងផ្សេងទៀតក្នុងអាស៊ាន ជាធម្មតានឹងមានតម្លៃថ្លៃជាង ហើយនឹងជួបការលំបាកខាងផ្នែករដ្ឋបាល ព្រមទាំងនឹងមានការប្រែប្រួលពីប្រទេសមួយទៅប្រទេសមួយទៀតផង។
ប្រការនេះមានន័យថា គេត្រូវការការគិតគូរជាយុទ្ធសាស្រ្តមួយចំនួន ដើម្បីជួយសម្រួលដល់បញ្ហានេះ ដូចជាការប្រើប្រាស់គណនីធនាគារនៅក្នុងទីក្រុង Dubai ឬក៏នៅកន្លែងផ្សេងទៀតនៅមជ្ឈិមបូព៌ាជាដើម ប៉ុន្តែ
ស្ថានភាពនៅក្នុងពេលនេះ នៅតែមាន ភាពមិនទាន់ច្បាស់លាស់នៅឡើយ៕ Russia Briefing