ខ្មែរប៉ុស្ដិ៍ Close

CNA ៖ ជំនឿពីអតីតកាលរបស់មនុស្សពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង បង្កឱ្យមានភាពតានតឹងជាមួយទីក្រុងប៉េកាំង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 75
CNA ៖ ជំនឿពីអតីតកាលរបស់មនុស្សពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង បង្កឱ្យមានភាពតានតឹងជាមួយទីក្រុងប៉េកាំង សមុទ្រចិនខាងត្បូង

មន្ត្រីអាមេរិកតែងតែចាត់ទុកប្រទេសចិនជា «ប្រទេសឈ្លានពាន និងចូលចិត្តពង្រីកអំណាចយោធា» ខណៈដែលប្រភពរដ្ឋចិនក៏បានរិះគន់សហរដ្ឋអាមេរិកក្នុងន័យស្រដៀងគ្នានេះផងដែរ។ ពាក្យសម្តីទាំងនេះបានបង្កើនការព្រួយបារម្ភអំពីលទ្ធភាពដែលអាចកើតមានសង្គ្រាមនៅពេលអនាគតរវាងចិន និងសហរដ្ឋអាមេរិក។

សកម្មភាពសង្គ្រាម (Casus belli) ដ៏ទំនងបំផុតអាចកើតឡើងដោយសារការប៉ុនប៉ងរបស់ចិនក្នុងការដណ្តើមយកការគ្រប់គ្រងលើផ្លូវដឹកជញ្ជូននិងទឹកដី ដែលកំពុងមានជម្លោះនៅសមុទ្រចិនខាងត្បូង ឬការប៉ុនប៉ងក្នុងការបញ្ចូលកោះតៃវ៉ាន់ទៅក្នុងសាធារណរដ្ឋប្រជាមានិតចិនឡើងវិញ។ ភាពតានតឹងត្រូវបានជំរុញបន្ថែមដោយរឿងរ៉ាវមិនពិត និងជំនឿមួយចំនួនពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។

១. សមុទ្រចិនខាងត្បូងគឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់

ដូចដែលត្រូវបានចង្អុលបង្ហាញជាញឹកញាប់ ទំនិញដែលមានតម្លៃចន្លោះពី ៣ ទ្រីលានដុល្លារទៅ ៥ ទ្រីលានដុល្លារ ត្រូវបានដឹកជញ្ជូនឆ្លងកាត់សមុទ្រចិនខាងត្បូងជារៀងរាល់ឆ្នាំ ដែលមានចំនួនស្មើនឹង ១/៣ នៃការធ្វើពាណិជ្ជកម្មរបស់ពិភពលោក។

បញ្ហានេះបានធ្វើឱ្យផ្លូវទឹកនេះមានសារៈសំខាន់ខ្លាំងសម្រាប់ប្រទេសចិន និងអាចជាមូលហេតុដែលធ្វើឱ្យប្រធានាធិបតី ស៊ី ជីនពីង បង្កើនការផ្តោតអារម្មណ៍លើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) ដែលជាស្នូលនៃការអភិវឌ្ឍផ្លូវដឹកជញ្ជូនតាមផ្លូវគោក ពីប្រទេសចិនទៅកាន់តំបន់អាស៊ីខាងលិច និងអឺរ៉ុប។

ប៉ុន្តែ ប្រទេសចិនអាចនឹងមិនចាំបាច់ត្រូវប្រើកម្លាំងទ័ពជើងទឹក ដើម្បីគ្រប់គ្រងលើលំហូរពាណិជ្ជកម្មរបស់ខ្លួននោះឡើយ។ សម្រាប់បណ្តាប្រទេសផ្សេងទៀតក្រៅតែពីប្រទេសចិន ការគ្រប់គ្រងសមុទ្រចិនខាងត្បូងមិនមានសារៈសំខាន់ខ្លាំងដូចអ្វីដែលមនុស្សភាគច្រើនបានគិតនោះទេ។

ដែនទឹកនៅក្នុងតំបន់នេះ រួមមានផ្លូវដឹកជញ្ជូនមួយចំនួនដែលត្រូវបានប្រើដោយប្រទេសជាច្រើន និងត្រូវបានគេចាត់ទុកថាមានសារៈសំខាន់ដូចគ្នាជាមួយនឹងច្រកសមុទ្រម៉ាឡាកាជាដើម។ ច្រកសមុទ្រម៉ាឡាកាគឺជាផ្លូវដ៏ខ្លីបំផុត និងដែលមានតម្លៃថោកបំផុតរវាងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក។ ក៏ប៉ុន្តែវាក៏នៅមានផ្លូវជំនួសជាច្រើនទៀតផងដែរ ដូចជាផ្លូវទឹកនៅតាមមហាសមុទ្រភាគខាងត្បូងរបស់ប្រទេសអូស្ត្រាលីជាដើម។

យោងតាមបទពិសោធន៍កាលពីអតីតកាល ការបិទផ្លូវដឹកជញ្ជូនសំខាន់ណាមួយនឹងបង្កផលប៉ះពាល់តិចតួចប៉ុណ្ណោះលើសេដ្ឋកិច្ចរបស់ប្រទេសនិងពិភពលោកទាំងមូល។ ឧបទ្ទវហេតុដឹកជញ្ជូនមួយ ដែលបានបង្កឱ្យមាន ការបិទប្រឡាយ ស៊ុយអេ កាលពីខែមីនា គឺជារឿងតូចតាចប៉ុណ្ណោះ បើធៀបទៅនឹងបញ្ហារំខាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបង្កឡើងដោយវីរុសរាតត្បាតកូវីដ-១៩។

២. សមុទ្រចិនខាងត្បូងគឺជាប្រភពធនធានដ៏មានតម្លៃដ៏មហិមា

ឧស្ម័នធម្មជាតិរាប់លានបារ៉ែល រួមនិងប្រេងរាប់ពាន់លានបារ៉ែល ត្រូវបានគេប៉ាន់ប្រមាណថា មានវត្តមាននៅក្នុងអាងស្តុក ក៏ប៉ុន្តែភាគច្រើន នៃអាងទាំងនេះគឺស្ថិតនៅតាមបណ្តោយគែមនៃសមុទ្រចិនខាងត្បូង ជាជាងនៅក្រោមកោះតូចៗ និងថ្មប៉ប្រះទឹកដែលកំពុងមានជម្លោះ ហើយបរិមាណ ដែលមានជាក់ស្តែងអាចមានតិចជាងការប៉ាន់ស្មាន។

លោក Gregory Poling ដែលមកពីមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ (CSIS) បាននិយាយថា «ប្រសិនបើវាពិតជាធ្លាក់ទៅក្នុងដៃរបស់ចិនមែន នោះចំនួនប្រេងដែលមាន អាចបម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រទេសចិនបានប្រហែលតែមួយឆ្នាំប៉ុណ្ណោះ»។

អស់រយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ សកម្មភាពរុករកនិងខួងយកប្រេងនៅក្នុងតំបន់នេះ នៅតែមានកម្រិតតិចតួចនៅឡើយ។ ជាមួយនឹងចុងបញ្ចប់នៃយុគសម័យឥន្ធនៈកាបូនកាន់តែខិតជិតចូលមកដល់ វាមិន ទំនងទេថា «បរិមាណប្រេង និងឧស្ម័នដ៏ច្រើនសន្ធឹកសន្ធាប់អាចនឹងត្រូវបានទាញចេញមក»។

មនុស្សមួយចំនួនបានអះអាងថា «ធនធាននេសាទនៅក្នុងតំបន់មានតម្លៃច្រើនគួរសមដែលគេគួរតែដណ្តើមគ្នាយក» ហើយវិវាទជុំវិញការដណ្តើមសិទ្ធិនេសាទ បានកើតមាននៅទូទាំងពិភពលោក ហើយជាញឹកញាប់ ក៏បានឈានទៅដល់ការប្រឈមមុខដាក់គ្នាផងដែរ ក៏ប៉ុន្តែលទ្ធភាពដែលអាចឈានទៅកើតមានជម្លោះយោធាពិតប្រាកដ នឹងមិនទំនងនោះទេ ព្រោះផលដែលនឹងទទួលបានគឺ មានកម្រិតតិចតួចពេក។

៣. កងទ័ពជើងទឹករបស់ចិនមានសមត្ថភាពអាចវាយលុកតៃវ៉ាន់បាន

ការអះអាងថា ចិនមានកម្លាំងនាវាចរណ៍គ្រប់គ្រាន់ដើម្បីវាយលុកតៃវ៉ាន់ គឺមិនមានហេតុផលយកមកបញ្ជាក់នោះទេ។ ការលុកលុយតៃវ៉ាន់តាមផ្លូវសមុទ្រនឹងមានការពិបាក និងស្មុគស្មាញជាងព្រឹត្តិការណ៍ «D-Day» ទៅទៀត។

ហើយប្រទេសចិនក៏មិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាដើម្បីត្រៀមខ្លួនសម្រាប់ការឈ្លានពានបែបនេះដែរ ខណៈដែលបច្ចុប្បន្ន ប្រទេសចិនមាននាវាចម្បាំងប្រហែល ៦០ គ្រឿង (ភាគច្រើនប្រើលែងកើត) ដែលអាចដឹកជញ្ជូនទាហាន បានតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះ។

ចំនួននេះអាចនឹងគ្រប់គ្រាន់ក្នុងការវាយដណ្តើមយកកោះមួយតូចនៅឈូងសមុទ្រ ក៏ប៉ុន្តែវាមិនអាចទៅរួចនោះទេក្នុងការឈ្លានពានលើប្រទេសមួយ ដែលមានការការពារយ៉ាងល្អ ជាមួយនឹងប្រជាជនប្រមាណ ២៤លាននាក់។

ផែនការវាយលុកផ្លូវការរបស់កងទ័ពរំដោះប្រជាជនចិន អាចនឹងត្រូវប្រើនាវាដឹកជញ្ជូនផ្នែកពាណិជ្ជកម្ម ដើម្បីដឹកជញ្ជូនកងទ័ពរហូតដល់ ១លាននាក់ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយកន្លែងដែលពួកគេត្រូវចុះចត គឺជាឆ្នេរដែលមានការការពារយ៉ាងតឹងរ៉ឹង។

កោះតៃវ៉ាន់ (ដូចគ្នា នឹងសាធារណរដ្ឋប្រជាមានិតចិនដែរ) បានបង្កើនការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាការពារដែនសមុទ្រ ហើយតៃវ៉ាន់ក៏មានកាំជ្រួច មីស៊ីលប្រឆាំងនឹងនាវា រាប់រយគ្រឿងផងដែរ។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងមិនព្រមទទួលស្គាល់ដាច់ខាតថា «ការបង្រួបបង្រួមដោយប្រើកម្លាំងគឺជារឿងដែលមិនអាចទៅរួច» ពីព្រោះការលើកឡើងបែបនេះនឹងបង្កផលប៉ះពាល់ដល់ការអះអាងរបស់គណបក្សស្តីពីកម្លាំង។

ហើយនៅគ្រប់ពេលថ្លែងទៅកាន់ទស្សនិកជនអន្តរជាតិ បណ្តាមេដឹកនាំនយោបាយ និងមេដឹកនាំយោធាតៃវ៉ាន់ ក៏នឹងមិនមើលស្រាលលើការគំរាមកំហែងណាមួយដែលពួកគេកំពុងប្រឈមមុខនោះដែរ។ ដូច្នេះហើយរឿងរ៉ាវនេះអាចបន្តត្រូវបានគេលើកឡើង។

៤. សេរីភាព​នៃ​ប្រតិបត្តិការ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​មាន​សារៈសំខាន់​ណាស់

សហរដ្ឋអាមេរិកបានបន្តប្តេជ្ញារក្សាគោលការណ៍ស្តីពីសេរីភាពនៃការធ្វើនាវាចរណ៍ (FONOPS) ហើយគោលការណ៍នេះគឺផ្អែកលើ «ខ» ដែលចែងអំពីជម្លោះ របស់អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលសហរដ្ឋអាមេរិកមិនមែនជាប្រទេសហត្ថលេខីនោះទេ។

វាត្រូវបានគាំទ្រដោយមហាអំណាចដែនសមុទ្រដែលធ្លាប់មានឥទ្ធិពលជាប្រវត្តិសាស្ត្រ ក៏ប៉ុន្តែវាត្រូវបានបដិសេធដោយប្រទេសចិន។ គោលការណ៍ FONOPS ក៏ត្រូវបានបដិសេធដោយប្រទេសឥណ្ឌាផងដែរ ដែលជាសមាជិកដ៏សំខាន់នៃក្រុម Quad ដែលត្រូវបានបង្កើតឡើងដើម្បីរារាំងប្រទេសចិន។ ហើយ សូម្បីតែរដ្ឋនៅក្នុងតំបន់ដែលទទួលស្គាល់ជំហរផ្លូវច្បាប់របស់សហរដ្ឋអាមេរិក ក៏មិនពេញចិត្តចំពោះការអនុវត្តនេះដែរ។

នៅពេលដែលសមត្ថភាពទប់ទល់នៅ ដែនសមុទ្ររបស់ចិនមានការកើនឡើង វាបានបង្ហាញកាន់តែច្បាស់ថា «ប្រតិបត្តិការរបស់កងទ័ពជើងទឹកអាមេរិកនៅជិតដីគោក មិនមានភាពស្ថិតស្ថេរ និងមិនអាចបន្តបាននោះទេ លើកលែងតែមានការយល់ព្រមពីប្រទេសចិន»។

៥. ចិន​នឹងសុខ​ចិត្ត​ធ្វើ​សង្រ្គាម​នុយក្លេអ៊ែរ​ដោយសារបញ្ហាសមុទ្រ​ចិន​ខាង​ត្បូង

នៅឆ្នាំ១៩៦៤ នៅពេលដែលប្រទេសចិនបានសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូង លោក ម៉ៅ សេទុង ធ្លាប់បានអះអាងថា «ប្រទេសចិនមានប្រជាជនច្រើនគ្រប់គ្រាន់ដែលអាចនៅរស់រានមានជីវិតពីការវាយប្រហារនុយក្លេអ៊ែរ»។ ក៏ប៉ុន្តែអ្នកស្នងតំណែងបន្តពីលោក មិនយល់បែបនេះនោះទេ។

សេចក្តីថ្លែងការណ៍របស់លោក ម៉ៅ ត្រូវបានធ្វើឡើងក្នុងបរិបទនៃការប្រកាសអំពីគោលនយោបាយ «គ្មានការវាយប្រហារមុនដោយអាវុធនុយក្លេអ៊ែរ» (No First Strike Policy) ដែលប្រទេសចិនបានបន្តប្រកាន់ខ្ជាប់ចាប់តាំងពីពេលនោះមក។ មិនមានភស្តុតាងណា មួយដែលបង្ហាញថា «ប្រទេសចិនមានបំណងប្រើប្រាស់អាវុធនុយក្លេអ៊ែឡើយ លើកលែងតែដើម្បីទប់ទល់នឹងការវាយប្រហារដោយអាវុធនុយក្លេអ៊ែររបស់មហាអំណាចណាមួយផ្សេងទៀត»។

ការប៉ះទង្គិចគ្នាទៅ វិញទៅមកទាក់ទងនឹងរឿងរ៉ាវនៅសមុទ្រចិនខាងត្បូង បានផ្តល់អត្ថប្រយោជន៍ដល់តួអង្គជាច្រើនទាំងនៅសហរដ្ឋអាមេរិកនិងនៅចិន ក៏ដូចជានៅទីកន្លែងផ្សេងទៀតផងដែរ។ ក្រុមឧស្សាហកម្មយោធាដែលប្រធានាធិបតី Eisenhower បានព្រមានកាលពី ៦០ ឆ្នាំមុនថា អាចនឹងបង្កើនឥទ្ធិពលនៅគ្រប់ប្រទេសទាំងអស់តែងតែព្យាយាមជំរុញឱ្យមានការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ ដើម្បីកេងចំណេញទាំងផ្នែកនយោបាយ និងពាណិជ្ជកម្ម។

ទោះជាយ៉ាងណាក៏ដោយ រឿងរ៉ាវទាំងអស់នេះអាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះ វាអាចនឹងជំរុញឱ្យមានលទ្ធភាពដែលសហរដ្ឋអាមេរិកនិងចិនអាចធ្លាក់ទៅក្នុងសង្រ្គាម។

ប្រសិនបើសង្រ្គាមបែបនេះពិតជាផ្ទុះឡើងមែននោះអូស្ត្រាលីនឹងត្រូវជួបប្រឈមនឹងជម្រើសមិនល្អ២ ដោយមួយគឺការផុងទៅក្នុងសង្រ្គាមដ៏មហន្តរាយជាមួយដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ឬការត្រូវចូលរួមធ្វើខុសជាមួយសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ខ្លួន។ ជាជាងការចូលរួមនៅក្នុងស្ថានភាពអាសន្ន រដ្ឋាភិបាលគួរតែព្យាយមរិះរកមធ្យោបាយដើម្បីកាត់បន្ថយភាពតានតឹង៕ Channel News Asia

អត្ថបទទាក់ទង