ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន ៖ កំហុសអ្នកណា?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 45
ទស្សនៈមិត្តអ្នកអាន ៖ កំហុសអ្នកណា? រណ្ដៅគ្រាប់បែកដែលអាមេរិកទម្លាក់លើដីកម្ពុជា

ពិតជាគួរឱ្យសោកស្តាយជាទីបំផុតដែលសហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជាបានបង្ហាញចរិតក្រអឺតក្រទម តាំងខ្លួនជាចៅហ្វាយនាយកម្ពុជា រំលោភលើគោលការណ៍ការទូតបង្គាប់បញ្ជាមកលើកម្ពុជាដែលជារដ្ឋអធិបតេយ្យភាព និងឯករាជ្យ និងព្យាយាមបំភ្លៃប្រវត្តិសាស្ត្រពិត។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ អាមេរិកបានអំពាវនាវឱ្យប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យ អធិបតេយ្យភាព និងប្រកបដោយតុល្យភាពដែលរក្សាបាននូវអនាគតរបស់ប្រទេសសម្រាប់
ប្រជាជនកម្ពុជាទាំងអស់ បន្ទាប់ពីបន្ទោសកម្ពុជាថា លម្អៀងទៅរកមហាអំណាចមួយបង្កវិនាសសកម្ម សម្លាប់ ប្រជាជនកម្ពុជារាប់លាននាក់។ ពិនិត្យមើលមួយភ្លែត សហរដ្ឋអាមេរិកហាក់ដូចជាមានចេតនាល្អចំពោះកម្ពុជា ប៉ុន្តែបង្កប់ទៅដោយគំនិតដ៏អាក្រក់បំផុតក្នុងការបង្គាប់បញ្ជា និងជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយខ្លួន និងបង្កើនយុទ្ធសាស្ត្រដុតរោលកម្តៅនយោបាយដើម្បីផ្តល់ឱកាសឱ្យក្រុមប្រឆាំងដែលជាកូនជឹងនយោបាយរបស់ខ្លួន។

មន្ត្រីស្ថានទូតអាមេរិកបាននិងកំពុងតែព្យាយាមបំភ្លៃប្រវត្តិសាស្ត្រ និងលាងជម្រះខ្លួនពីឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅរបស់ខ្លួនមកលើប្រជាជនកម្ពុជា និងឱ្យគេចាត់ទុកខ្លួនប្រៀបបាននឹងឥសី និងជាសាស្ត្រាចារ្យផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដ៏ចំណាន ដែលប្រទេសទាំងឡាយគួរតែស្តាប់ការទូន្មាន និងអនុវត្តតាមខ្លួន។

តើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះមកលើជាតិ និងប្រជាជនកម្ពុជា?

មន្ត្រីស្ថានទូតជាជាតិអាមេរិកាំង មិនត្រូវធ្វើភ្លេចអំពីប្រវត្តិសាស្ត្រពីអតីតកាលដែលជាតិខ្លួនបានធ្វើមកលើកម្ពុជាឡើយ ហើយមន្ត្រីខ្មែរខ្លះបម្រើការនៅស្ថានទូតអាមេរិកដែលទទួលប្រាក់ខែអាមេរិកក៏កុំធ្វើជាភ្លេចកំណើតខ្លួនជាខ្មែរដែលជីដូនជីតាឪពុក ម្តាយខ្លួនធ្លាប់រត់គេចគ្រាប់បែករបស់អាមេរិក ហើយកាន់តែកុំភ្លេចថា ពលរដ្ឋខ្មែរនៅតែបន្តរងគ្រោះដោយសំណល់គ្រាប់បែកដែលអាមេរិកទម្លាក់នៅឡើយដែរ។

នៅចន្លោះពីឆ្នាំ ១៩៦៨ ដល់ឆ្នាំ ១៩៧៣ សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជាប្រមាណ ៣លានតោន ដែលការទម្លាក់គ្រាប់បែកនេះបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ សម្លាប់ជីវិតមនុស្សរាប់សែននាក់ ហើយការទម្លាក់
គ្រាប់បែកនេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានការឈឺចាប់និងបានរត់ចូលព្រៃតស៊ូប្រឆាំងនឹងការឈ្លានពាននេះ។ អាមេរិកមិនពេញចិត្តនឹងសម្តេចឪ នរោត្តម សីហនុ ឡើយដោយសារតែព្រះអង្គមិនគាំទ្រអាមេរិក ហើយកម្ពុជានៅពេលនោះ ជាប្រទេសនៃសមាជិកមិនចូលបក្ខសម្ព័ន្ធ។

ដើម្បីពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅឥណ្ឌូចិន សហរដ្ឋអាមេរិក បានគាំទ្រក្រុមស្តាំនិយមដឹកនាំដោយលន់ នល់ និងទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ដើម្បីធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪចេញពីតំណែងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពេលសម្តេចឪយាងទៅទស្សនកិច្ចនៅបារាំង និងរុស្សី។

ពួកស្តាំនិយមដែលមានការគាំទ្រពីសហរដ្ឋអាមេរិកបានបំផុសបាតុកម្មប្រឆាំងនឹងសម្តេចឪ នរោត្តម សីហនុ ដោយបានចោទព្រះអង្គថាលក់ដីឱ្យយៀកកុង និងប្រព្រឹត្តអំពើពុករលួយ។ នេះគ្រាន់តែជាលេសប៉ុណ្ណោះ ប៉ុន្តែធាតុពិតនៃរដ្ឋប្រហារនេះ គឺជាអន្តរាគមន៍ផ្នែកយោធារបស់សហរដ្ឋអាមេរិក ដើម្បីពង្រីកឥទ្ធិពលយោធានៅឥណ្ឌូចិន ព្រោះក្រោយរដ្ឋប្រហារ គឺនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ១៩៧០ អាមេរិកបានធ្វើអន្តរាគមន៍យោធាក្នុងទ្រង់ទ្រាយធំរួមជាមួយកម្លាំងធីវគី វៀតណាមខាងត្បូជាមួយនឹងកម្លាំងកងទ័ពប្រមាណ ១០ម៉ឺននាក់ បានលុកលុយចូលមកក្នុងប្រទេសកម្ពុជា ហើយដកទៅវិញនៅថ្ងៃទី៣០ ខែសីហាដោយបន្សល់កម្លាំងធីវគីនៅកម្ពុជាអោយបន្តជួយរបបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់ដែលជាកូនចឹងរបស់ខ្លួន កុំឱ្យដួលរលំ។

នេះគឺជាការជ្រៀតជ្រែកឈ្លានពានរបស់អាមេរិកមកលើកិច្ចការផ្ទៃក្នុងកម្ពុជា រំលោភលើបូរណភាពដែនដី អធិបតេយ្យភាព និងរាជភាពរបស់កម្ពុជាយ៉ាងច្បាស់ក្រឡែត ហើយច្បាស់ណាស់ សហរដ្ឋអាមេរិកត្រូវទទួលខុសត្រូវចំពោះសោកនាដកម្ម ទៅលើការបំផ្លាញជីវិតមនុស្ស ផ្ទះសម្បែង វត្តអារ៉ាម និងសត្វពាហនៈ ព្រមទាំងធនធានធម្មជាតិខ្មែរជាច្រើននេះ។

តើសហរដ្ឋអាមេរិក អាងតែខ្លួនជាប្រទេសមហា អំណាច ដើរតែ ជ្រៀតជ្រែកប្រទេសផ្សេងទៀត ជាពិសេសប្រទេសតូចតាច ដូច្នេះឬ?

តាមច្បាប់អន្តរជាតិ គេមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែក លើប្រទេសដទៃឡើយ ហើយទោះបីជាប្រទេសតូចឬធំគឺមានសិទ្ធិស្មើគ្នា។ ប៉ុន្តែរហូតមកទល់ពេលនេះ សូម្បីតែការទទួលខុសត្រូវផ្នែកសីលធម៌ ឬការសុំទោសមួយមាត់ចំពោះសោកនាដកម្មរបស់ខ្លួនប្រឆាំងនឹងប្រជាជនកម្ពុជាក៏មិនបានធ្វើផង ប៉ុន្តែឥឡូវនេះបែរជាមកបំភ្លៃប្រវត្តិសាស្ត្រ និងតាំងខ្លួនឯងថាជាឥសីជួយសង្គ្រោះកម្ពុជាទៅវិញ!

រឿងដ៍អាម៉ាសជាងនេះទៀត ជនជាតិខ្មែរដែលជាអ្នកកាន់ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក បែរជាវង្វេងប្រវត្តិសាស្ត្រខ្លួនឯង បដិសេធជំនួសចៅហ្វាយនាយរបស់ខ្លួន ទាំងបំពានប្រវត្តិសាស្ត្រថា អាមេរិកមិនមែនជាអ្នកជួយ លន់ នល់ និងទ្រង់ សិរិមតៈ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪ នរោត្តម សីហនុ។

លិខិតរបស់ទ្រង់ ស៊ីសុវត្ថិ

សិរិមតៈ ផ្ញើជូនមន្ត្រីសហរដ្ឋអាមេរិកមុនពេលរបបសាធារណរដ្ឋដួលរលំ គឺជាភស្តុតាងស្រាប់។ ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ បានសរសេរថា៖

«ជូនចំពោះឯកឧត្ដម និងមិត្ដភក្ដិជាទីស្រឡាញ់! ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសារលិខិត ក្នុងការស្នើអញ្ជើញ នាំខ្ញុំទៅកាន់ប្រទេសឯកឧត្ដម ដែលពោរពេញ ដោយសេរីភាព។ ប៉ុន្ដែគួរឱ្យសោកស្ដាយ ខ្ញុំមិនអាចចាកចេញ ពីប្រទេសនេះ ក្នុងស្ថានភាពកំសាកបែបនេះទេ។ សម្រាប់រូបឯកឧត្ដម និងជាពិសេសប្រទេសមហាអំណាចរបស់ឯកឧត្ដម ខ្ញុំមិនដែលជឿក្នុងមួយនាទីណាដែលឯកឧត្ដមមានគំនិតបោះបង់ប្រជាជនមួយដែលជ្រើសរើសយកសេរីភាពឡើយ។ ឯកឧត្ដម បានបដិសេធ មិនផ្ដល់ការគាំពារដល់ពួកគេ ហើយយើងក៏មិនអាចធ្វើអ្វីបានដែរចំពោះរឿងនេះ។ ឯកឧត្ដមបានចាកចោលពួកយើង ហើយខ្ញុំសូមឱ្យឯកឧត្ដម និងប្រទេសរបស់ឯកឧត្ដមរស់នៅដោយសេចក្ដីសុខ។ ប៉ុន្ដែ ឯកឧត្ដមត្រូវចងចាំថា ខ្ញុំសុខចិត្ដស្លាប់នៅទីនេះ នៅក្នុងប្រទេសដែលខ្ញុំស្រឡាញ់ វាជារឿងអាក្រក់ណាស់ ព្រោះយើងត្រូវកើតនិងស្លាប់ថ្ងៃណាមួយចៀសមិនរួច។ ខ្ញុំមានកំហុសតែមួយប៉ុណ្ណោះ គឺជឿជាក់លើឯកឧត្ដមដែលជាជនជាតិអាមេរិក។ សូមឯកឧត្ដមជាទីស្រឡាញ់ ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រនិងជាមិត្ដភាពអំពីខ្ញុំ»។

ប្រជាជនកម្ពុជា ពិតជាមិននឹក ស្មានឡើយថា អ្នកនយោបាយអាមេរិកដែលជាប់កំអែល សង្គ្រាមនៅវៀតណាមបន្តធ្វើទុក្ខបុកម្នេញកម្ពុជាសព្វបែបយ៉ាង និងថែមទាំងបានគាំទ្រក្រុមជន ក្បត់ជាតិ សម រង្ស៊ី និង កឹម សុខា ក្នុងការរៀបចំផែនការបដិវត្តន៍ពណ៌បំផ្លាញកម្ពុជា និងព្យាយាមទាញកម្ពុជាចូលទៅក្នុងសង្គ្រាម មនោគមន៍វិទ្យារបស់ខ្លួនសាជាថ្មី។ តាមរយៈសម្តីសារភាព របស់ឪពុកកូន កឹម សុខា និង កឹម មនោវិទ្យា ថា អាមេរិកបានជួយខ្លួនតាំងពីដើមរៀងមកដើម្បីផ្លាស់ ប្តូររបបដឹកនាំតាមគំរូនៃ ប្រទេសយូហ្គោស្លាវី ស៊ែបប៊ីជាដើម។ សម រង្ស៊ី ក៏បានសារភាពថា ខ្លួនក៏ជាមេគំនិតអនុវត្តផែនការបដិវត្តន៍ពណ៌នេះដែរ។ បដិវត្តន៍ពណ៌ដែលត្រូវអាជ្ញាធរកម្ពុជាកម្ចេចបានទាំងស្រុងទាំងអង្គការចាត់តាំង និងប្រតិបត្តិករ។ ប៉ុន្តែពិតណាស់ ការដែលគណបក្សដែលឃុបឃិតជាមួយខ្លួនត្រូវបានរំលាយ ហើយអាយ៉ងនយោបាយរបស់ខ្លួន ត្រូវបានចាប់ខ្លួន និងខ្លះរត់ចោលស្រុកពិតជាបានធ្វើឱ្យចៅហ្វាយនាយរបស់ពួកគេពិតជាឈឺចាប់ និងត្រូវបន្តសកម្មភាពសងសឹកនិងប្រឆាំងនឹងកម្ពុជា។ តើដោយសារតែកម្ពុជាប្រកាន់នូវឯករាជភាពរបស់ខ្លួននិងបានដឹកនាំក្នុងភាពជាម្ចាស់វាសនារបស់ខ្លួន មិនស្តាប់បង្គាប់បញ្ជា និងមិនចំណុះឱ្យសហរដ្ឋអាមេរិក បានជាមន្ត្រីនៃប្រទេសមហាអំណាចមួយនេះរួមនឹងសម្ព័ន្ធមិត្ររបស់ខ្លួន ព្យាយាមរករឿងកម្ពុជាមិនចេះចប់ដូច្នេះ?

តាមពិតមន្ត្រីសហរដ្ឋអាមេរិកមួយចំនួនគួរទទួលស្គាល់ការពិតថា បច្ចប្បន្ននេះពិភពលោកមិនមែនជាពិភពលោកឯកប៉ូលទៀតទេ ប៉ុន្តែជាពិភពលោកពហុប៉ូល។ កម្ពុជាបានប្រកាន់ខ្ជាប់នូវនយោបាយការបរទេស ខ្លួនគឺ «អព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ និងសន្តិសហវិជ្ជមាន» ហើយកម្ពុជា ធ្វើជាមិត្តជាមួយគ្រប់ប្រទេសទាំងអស់ មិនយកប្រទេសណាមួយធ្វើជាសត្រូវឡើយ ហើយទំនាក់ទំនងត្រូវស្មើភាព និងស្មើសិទ្ធិនៅក្នុងស្មារតីឯករាជ្យ។ នេះជាគោលនយោបាយច្បាស់លាស់របស់ព្រះរាជាណាចក្រកកម្ពុជា!

ដូច្នេះក្រុមមន្ត្រីសហរដ្ឋអាមេរិកមួយចំនួន គួរបញ្ឈប់ការលាបពណ៌នយោបាយ និងមនោគមន៍វិជ្ជាមកលើកម្ពុជា ដែលខុសពីការពិតដើម្បីបម្រើឱ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន។ មិនតែប៉ុណ្ណោះ គួរបញ្ឈប់គាំទ្រលើក្រុមក្បត់ជាតិមកបំផ្លាញកម្ពុជា ហើយក៏គួរបញ្ឈប់ការប្រើប្រាស់អាយ៉ងនយោបាយខ្លួន មកបង្កចលាចលនិងកកូរកកាយផ្ទៃក្នុងកម្ពុជា បំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍរបស់របស់ជាតិនិងប្រជាជនកម្ពុជា។

ពលរដ្ឋខ្មែរដឹងច្បាស់ថាអ្វីដែល មន្ត្រីសហរដ្ឋអាមេរិកមួយចំនួនបាននិងកំពុងតែបញ្ចេញសេចក្តីថ្លែងការណ៍ផ្សេងៗដែលមានចរិតញុះញង់ បំភ្លៃការពិត បង្កការយល់ច្រឡំ គឺគ្រាន់ដើម្បីផ្តល់កម្លាំងចិត្ត និងចិញ្ចឹមក្តីសង្ឃឹម ដល់ក្រុមជនក្បត់ជាតិ សម រង្ស៊ី និងកឹម សុខា តែប៉ុណ្ណោះ ហើយព្យាយាមទាញកម្ពុជាចូលទៅក្នុង ជម្លោះភូមិសាស្ត្រនយោបាយដូចពីអតីតកាល។

ប៉ុន្តែកម្ពុជាពិតជាបានស្គាល់ច្បាស់ពីភាពបែកបាក់ជាតិ និងសង្គ្រាមស៊ីវិលដែលខ្លួនធ្លាប់ឆ្លងកាត់។ អាមេរិកបានប្រព្រឹត្តកំហុសម្តងហើយម្តងទៀត ទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជា គាំទ្រលន់ នល់ និងស៊ីសុវត្ថិ សិរិមតៈធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪពីតំណែង នាំកម្ពុជាចូលក្នុងសង្គ្រាមឥណ្ឌូចិន ក្រោយមកបានបន្តគាំទ្រក្រុមខ្មែរក្រហមដែលគេដឹងថា ជាឃាតកសម្លាប់ពលរដ្ឋខ្មែររាប់លាននាក់ឱ្យអង្គុយអសនៈកម្ពុជានៅអង្គការសហប្រជាជាតិ និងបានរួមដៃជាមួយសម្ព័ន្ធមិត្រខ្លួនផ្សេងទៀត ដាក់ទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ចប្រឆាំងនឹងការរស់រានឡើងវិញរបស់ជាតិ និងប្រជាជនកម្ពុជាចន្លោះពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩១ ដោយ ធ្វើការថ្កោលទោសជនរងគ្រោះទន់ខ្សោយ។

ក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ អាមេរិកបានបន្តផែនការភូមិសាស្ត្រនយោបាយខ្លួនដោយគាំទ្រកឹម សុខា និងសម រង្ស៊ី ដើម្បីអនុវត្តផែនការបដិវត្តន៍ពណ៌របស់ខ្លួន ផ្លាស់ប្តូររបបដឹកនាំស្របច្បាប់។

ប៉ុន្តែផែនការទុច្ចរិតនេះត្រូវបានបំបែក និងបំផ្លាញទាន់ពេលវេលា។ ពលរដ្ឋខ្មែរសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមិនប្រព្រឹត្តកំហុសប្រវត្តិសាស្ត្ររសាជាថ្មីមកលើជាតិ និងប្រជាជនកម្ពុជាឡើយ និងសង្ឃឹមថាជនជាតិខ្មែរមួយចំនួនដែលកំពុងបម្រើផលប្រយោជន៍អាមេរិកក៏មិនងុបងុលពេករហូតដល់បំផ្លាញប្រទេសខ្លួនឯង និងចូលរួមបំភ្លៃប្រវត្តិសាស្ត្រឡើយ។

ប្រវត្តិសាស្ត្រ បានបញ្ជាក់យ៉ាងច្បាស់ពីការទទួលខុសត្រូវរបស់អាមេរិក នៅក្នុងសោកនាដកម្ម នៅប្រទេសកម្ពុជា ជាប្រវត្តិសាស្ត្រដែលមិនអាចបំភ្លៃបានឡើយ។ ការទម្លាក់គ្រាប់បែកប្រមាណ ៣លានតោន និងការគាំទ្ររដ្ឋប្រហារទម្លាក់សម្តេចឪ នរោត្តម សីហនុ ដែលសហរដ្ឋអាមេរិកបានធ្វើ គឺជាផ្នែកមួយដែល ជំរុញឱ្យមានរបបខ្មែរក្រហម នាំឱ្យកើតមានឧក្រិដ្ឋកម្មសាហាវឃោរឃៅ។ តើនេះជាកំហុសរបស់នរណា? សហរដ្ឋអាមេរិកខ្លួនឯង ពិតជាបានដឹងចម្លើយច្បាស់ សូមកុំបំភ្លៃប្រវត្តិសាស្ត្រ សូមទទួលស្គាល់ការពិត ហើយកម្ពុជាពេលនេះខុសពីកម្ពុជាពីអតីតកាល!

ដោយពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៩