ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ខ្ញុំមានមោទនភាពខ្លាំងណាស់ចំពោះបុរសខ្លាំង ហ៊ុន សែន ចុះអ្នកវិញ?

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 47
លិខិតមិត្តអ្នកអាន៖ ខ្ញុំមានមោទនភាពខ្លាំងណាស់ចំពោះបុរសខ្លាំង ហ៊ុន សែន ចុះអ្នកវិញ? លិខិតមិត្តអ្នកអាន៖ ខ្ញុំមានមោទនភាពខ្លាំងណាស់ចំពោះបុរសខ្លាំង ហ៊ុន សែន ចុះអ្នកវិញ?

ខ្ញុំពិតជាមោទនភាពខ្លាំងណាស់ ក្នុងនាមជាជាតិសាសន៍មួយដែលមានមេដឹកនាំដ៏អស្ចារ្យ និងត្រូវបានជាតិសាសន៍ដទៃចាប់ទុកជាវីរៈបុរសក្នុងដួងចិត្តពួកគេ។ ក្នុងនាមជាកូនខ្មែរមួយរួបខ្ញុំពិតជារីករាយ និងរំភើបជាពន់ពេក បន្ទាប់ពីបានឮជនបរទេសនិយាយចេញពីចិត្តដោយអះអាងថា ជនជាតិខ្លួនបានចាប់ទុកនាយករដ្ឋមន្ត្រីកម្ពុជា​ ថាជាបុគ្គលដ៏ជាទីគោរព និងជាទីចាប់អារម្មណ៍ក្នុងក្រសែភ្នែកជនជាតិគេនោះ។ តាមរយៈការលើកឡើងរបស់អ្នកសារព័ត៌ចិនដែលបម្រើការងារនៅក្នុងប្រទេសកម្ពុជា និងក្នុងនាមតំណាងឱ្យពល​រដ្ឋចិនរាប់លានអ្នក ក៏ដូចជាជនជាតិចិនទាំងអស់ ពួកគេបានចាត់ទុកកាយវិការដ៏ប្រពៃរបស់លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសកម្មភាពមនុស្សធម៌ និងមិត្តភាពជាមួយចិនថាជា «បុរសសង្ហារជាងគេលើលោក ធ្វើដំណើរបញ្ច្រាស» ។ ឃ្លារនេះត្រូវបានលើកឡើងនៅក្នុងកំឡុងពេលដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជាធ្វើដំណើរទស្សនៈកិច្ចផ្លូវការ ទៅកាន់ទីក្រុងបេងកាំង ប្រទេសចិន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈដែលមេរោគកូរ៉ូណា កំពុងតែលុកលុយយ៉ាងខ្លាំង នៅប្រទេសនានាលើពិភពលោក ជាពិសេសគឺប្រទេសចិន។

ពេលដែលមនុស្សម្នាទូទាំងសកលលោក កំពុងតែភ័យខ្លាច តក់ស្លុត ស្លន់ស្លោ ចលាចល និងព្រួយបារម្ភយ៉ាងខ្លាំង ពីជំងឺ Covid 19 មានប្រទេសជាច្រើនបានសម្រេចបិទជើងហោះហើរត្រង់ពីប្រទេសចិន និងប្រទេសជាច្រើនទៀត បានជម្លៀសប្រជាជនខ្លួនចេញពីប្រទេសចិនជាបន្ទាន់។ ស្របពេលជាមួយគ្នានេះ មានការរើសអើងលើជនជាតិចិន និយាយដោយឡែក និងរើសអើងប្រទេសចិន និយាយជារួម បានកើតឡើង។ ប៉ុន្តែបុរសខ្លាំងកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែរជាមិនបិទជើងហោះហើរពីប្រទេសចិន មិនជម្លៀសប្រជាជនខ្មែរដោយស្លន់ស្លោចេញពីចិន ហើយថែមទាំងអញ្ជើញធ្វើដំណើរទៅកាន់ប្រទេសចិន យ៉ាងអង់អាចក្លាហានជាទីបំផុត។ សកម្មភាពដ៏អង់អាចរបស់លោកបានបង្ហាញពីសាមគ្គីភាពដ៏រឹងមាំរវាងទំនាក់ទំនងកម្ពុជា-ចិន។ ដំណើរទស្សនៈកិច្ចរបស់លោកនៅពេលនោះ បាននាំមកនូវកំលាំងចិត្តដល់មិត្តចិន ប្រជាជនចិន ជាពិសេសទៅទៀតនោះគឺភាពនឹងនរផ្លូវចិត្ត នៃពលរដ្ឋខ្មែរ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅប្រទេសចិន ព្រមទាំងរក្សាបាននូវស្ថានភាពធូរស្រាលឡើងវិញ ពីការភ័យខ្លាចរបស់ពលរដ្ឋកម្ពុជាដែលកំពុងរស់នៅក្នុងស្រុកផងដែរ។ នេះគឺជាគោលដៅទាំង៣ ដែលធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងគ្រាដែលចិនកំពុងជួបការលំបាកខ្លាំង។ ក្រៅពីជនជាតិចិន ជនជាតិនានាលើសកលលោក ក៏បានចាប់ផ្តើមស្គាល់ពីកម្ពុជាកាន់តែច្បាស់ឡើង បន្ទាប់ពីការសម្រេចចិត្តប្រកបដោយមនុស្សធម៌ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានអនុញ្ញាតឱ្យនានាទេសចរណ៍ Westerdam ដែលមានផ្ទុកមនុស្សជាង ២ពាន់អ្នក ហើយកំពុងត្រូវការជំនួយបន្ទាន់ បានចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ បន្ទាប់ពីត្រូវស្ថិតនៅលើផ្ទៃសមុទ្រអស់រយៈពេល១៤ថ្ងៃ ដោយប្រទេសនិងកោះចំនួន៦ បានបដិសេដមិនឱ្យចូលចត ព្រោះតែខ្លាចអ្នកដំណើរលើនាវានោះ មានផ្ទុកវីរុសកូរ៉ូណា។ ទោះបីជាមានមជ្ឈដ្ឋានមួយចំនួនតូច បានរិះគន់ចំពោះសកម្មភាពមនុស្សធម៌របស់លោក ហ៊ុន សែន ក្តី ប៉ុន្តែផ្ទុយពីការរិះគន់បែបអសីលធម៌នោះ មានមនុស្សជាច្រើនលើសកលលោក ជាពិសេសអ្នកដំណើរ និងនាវឹកនៅលើនានា ដែលមានចំនួនសរុប ២២០០នាក់ និងមានទាំងអស់៤១ជាតិសាសន៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជា និងចំពោះកាយវិការមនុស្សធម៌ដ៏ប្រពៃ ហើយបានលើកឡើងថា «កម្ពុជាជាប្រទេសតូចពិត តែមានទឹកចិត្តទូលាយ» ។

ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងកំពុងតែរស់នៅក្នុងសុខសន្តិភាព ខ្ញុំពិតជាមិនអាចមិននិយាយថា « អរគុណ » ចំពោះមេដឹកនាំរបស់ខ្ញុំបាននោះទេ។ បុរសខ្លាំងកម្ពុជា មិនត្រឹមតែជាមេដឹកនាំគំរូរបស់កម្ពុជាប៉ុណ្ណោះទេ ពេលនេះលោកបានក្លាយជាវីរៈបុរសក្នុងដូងចិត្តពលរដ្ឋជាច្រើនលើសកលលោក។ ក្រៅពីក្លាហាន មោះមុត លោកថែមទាំងជាមេដឹកនាំ ដែលប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត មានការសម្រេចចិត្តប្រកបដោយភាពប្រាកដប្រជា យល់ដឹងពីស្ថានការណ៍ច្បាស់លាស់ ឈ្លាសវៃ ប៉ិនប្រសព្វ អង់អាច មានទេពកោសល្យខ្ពស់ និងពោរពេញដោយថាមពល៕

ពីពលរដ្ឋម្នាក់រស់នៅទីក្រុងភ្នំពេញ, ថ្ងៃទី២៤ កុម្ភៈ ២០២០