កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នឹងប្រមូលផ្តុំប្រមុខរដ្ឋ និងមេដឹកនាំមកពីប្រទេស និងរដ្ឋាភិបាលសមាជិកចំនួន៩០ ដែលតំណាងឱ្យអ្នកនិយាយភាសាបារាំងជិត ៤០០ លាននាក់នៅទូទាំងពិភពលោក
កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នឹងប្រមូលផ្តុំប្រមុខរដ្ឋ និងមេដឹកនាំមកពីប្រទេស និងរដ្ឋាភិបាលសមាជិកចំនួន៩០ ដែលតំណាងឱ្យអ្នកនិយាយភាសាបារាំងជិត ៤០០ លាននាក់នៅទូទាំងពិភពលោក
គណៈប្រតិភូដែលតំណាងឱ្យរដ្ឋ Louisiana និងក្រុមប្រឹក្សាអភិវឌ្ឍភាសាបារាំងនៅរដ្ឋល្វីស្យាណា នឹងធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់អង្គការអន្តរជាតិនៃហ្វ្រង់កូហ្វូនី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះនឹងប្រមូលផ្តុំប្រមុខរដ្ឋ និងមេដឹកនាំមកពីប្រទេស និងរដ្ឋាភិបាលសមាជិកចំនួន ៩០ ដែលតំណាងឱ្យអ្នកនិយាយភាសាបារាំងជិត ៤០០ លាននាក់នៅទូទាំងពិភពលោក។
ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសម្ចាស់ផ្ទះ ខណៈព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ព្រឹត្តិការណ៍នេះក៏ជាលើកដំបូងផងដែរ ដែលកិច្ចប្រជុំកំពូលនេះវិលត្រឡប់មកកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិកវិញ ចាប់តាំងពីប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ១៩៩៧។
លោក Billy Nungesser អភិបាលរងរដ្ឋ Louisiana បានមានប្រសាសន៍ថា៖ «ឫសគល់នៃភាសាបារាំងរបស់រដ្ឋ Louisiana គឺជាអ្វីដែលកំណត់អត្តសញ្ញាណរបស់យើង ហើយវាផ្តល់ឱ្យរដ្ឋយើងនូវអត្តសញ្ញាណដាច់ដោយឡែកមួយ ដែលត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោក»។
លោក បានបន្តថា៖ «ការមានកៅអីចូលរួមនៅក្នុងវេទិកាជាមួយប្រទេសដែលប្រើប្រាស់ភាសាបារាំងចំនួន ៩០ នឹងបើកទ្វារឱកាសសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្មអន្តរជាតិ និងការផ្លាស់ប្តូរវប្បធម៌។ រាល់ពេលដែលយើងចែករំលែករឿងរ៉ាវ តន្ត្រី និងម្ហូបអាហាររបស់យើងជាមួយពិភពលោក យើងកំពុងអញ្ជើញមនុស្សកាន់តែច្រើនឱ្យមកស្វែងយល់ពីរដ្ឋល្វីស្យាណាដោយផ្ទាល់»។រដ្ឋ Louisiana ទទួលបានឋានៈជាអ្នកសង្កេតការណ៍នៅក្នុង OIF ក្នុងឆ្នាំ២០១៨ ដែលធ្វើឱ្យរដ្ឋនេះក្លាយជារដ្ឋតែមួយគត់នៅសហរដ្ឋអាមេរិកដែលមានតំណាងជាផ្លូវការនៅក្នុងអង្គការអន្តរជាតិនេះ។ ការចូលរួមក្នុងកិច្ចប្រជុំកំពូលដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង មានតួនាទីសំខាន់ក្នុងការថែរក្សាមរតកភាសារបស់រដ្ឋ គាំទ្រការអប់រំតាមប្រព័ន្ធជ្រមុជភាសា រក្សាវត្តមានរបស់រដ្ឋល្វីស្យាណានៅក្នុងកិច្ចការអន្តរជាតិ និងកសាងភាពជាដៃគូយូរអង្វែងជាមួយបណ្តាប្រទេសនៅទូទាំងទ្វីបនានា។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ គណៈប្រតិភូក៏នឹងរៀបចំទទួលភ្ញៀវនៅក្នុងស្តង់ផ្លូវការរបស់រដ្ឋ Louisiana ដែលស្ថិតនៅក្នុង «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) ផងដែរ។ ទីតាំងនេះជាពន្លាវប្បធម៌អន្តរជាតិដែលរៀបចំឡើងរយៈពេលជាច្រើនថ្ងៃ ដើម្បីឱ្យប្រទេសនានាបង្ហាញពីប្រពៃណី ម្ហូបអាហារ សិល្បៈ និងសក្តានុពលទេសចរណ៍របស់ខ្លួន។
កិច្ចប្រជុំកំពូលលើកទី២០ នេះផ្តោតលើប្រធានបទ «វិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ កិច្ចប្រជុំនេះក៏ស្របពេលនឹងឆ្នាំបោះឆ្នោតរបស់ OIF ដែលប្រទេសសមាជិកនឹងជ្រើសរើសអគ្គលេខាធិការរបស់អង្គការ និងកំណត់គោលនយោបាយយុទ្ធសាស្ត្រសម្រាប់វិស័យអប់រំ ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការពហុភាគី៕




