ខ្មែរប៉ុស្ដិ៍ Close

បទវិភាគ៖ បាតុកម្មហិង្សានៅអាមេរិក បង្ហាញពីភាពត្រឹមត្រូវ នៃចំណាត់ការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ 2013-2014

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 62
បទវិភាគ៖ បាតុកម្មហិង្សានៅអាមេរិក បង្ហាញពីភាពត្រឹមត្រូវ នៃចំណាត់ការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ 2013-2014 បទវិភាគ៖ បាតុកម្មហិង្សានៅអាមេរិក បង្ហាញពីភាពត្រឹមត្រូវ នៃចំណាត់ការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ 2013-2014

ពិភពលោកមួយរយៈចុងក្រោយនេះ ក្រៅពីមានការព្រួយបារម្ភ និងចាត់វិធានការណ៍នាៗ ដើម្បីការពារជំងឺកូវីដ-19 គឺមានព្រឹត្តិការណ៍ថ្មីមួយបានកើតឡើងនៅសហរដ្ឋអាមេរិកដែលអូសបន្លាយចាប់ពីថ្ងៃទី២៥ ឧសភា 2020 មក កើតចេញពីការតវ៉ាមិនសុខចិត្តពីក្រុមជនជាតិអាមេរិកស្បែកខ្មៅដែលលើកឡើងពីការរើសអើងជាតិសាសន៍រវាងជនជាតិអាមេរិកស្បែកស និងស្បែកខ្មៅ នៅក្រោយពេលដែលប៉ូលិសអាមេរិកស្បែកស៤នាក់ ចាប់បុរសជនជាតិស្បែកខ្មៅ George Floyd ដាក់ខ្នោះ ហើយផ្តួលទៅដី ដោយមានប៉ូលីសម្នាក់សង្កត់ក និង៣នាក់ទៀតសង្កត់ខ្នងរយៈពេលប្រមាណ៨នាទីរហូតបុសម្នាក់នោះដាច់ខ្យល់ស្លាប់។

បាតុកម្មក៏ចាប់ផ្តើមផ្ទុះឡើង នៅពេលដែលគ្រួសារសព មិនទទួលបានយុត្តិធម៌ ហើយវីដេអូនៃការស្លាប់របស់ George Floyd ត្រូវបានគេចែកចាយយ៉ាងព្រោងព្រាតលើប្រព័ន្ធផ្សព្វផ្សាយ។ ប្រតិកម្មទៅលើភាពអយុត្តិធម៌នេះមិនមែនកើតមានតែនៅសហរដ្ឋអាមេរិកទេ សូម្បីតែប្រជាពលរដ្ឋនៅបណ្តាប្រទេសអ៉ឺរ៉ុបមួយចំនួនក៏ងើបឡើងបង្ហាញពីការមិនសុខចិត្តដែរ។

បាតុកម្មនៅអាមេរិកកាន់តែធំឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ភាពចលាចល និងភាពអនាធិបតេយ្យកើតឡើងជាបន្តបន្ទាប់រហូតស្ថានការណ៍កាន់តែអាក្រក់ ហើយរដ្ឋាភិបាលលោក Donald Trump មិនអាចគ្រប់គ្រងស្ថានការណ៍បានរហូតចេញវិធានការណ៍បង្ក្រាបគ្រប់រូបភាព។ ប្រធានាធិបតីអាមេរិកបានចេញមុខមកប្រកាស ដោយបានចេញបញ្ជាឲ្យអភិបាលបណ្តារដ្ឋទាំងអស់ចាត់វិធានការក្តៅ ផ្តើមចេញពីការប្រើកម្លាំងឆ្មាំសន្តិសុខ ហើយបើនៅតែមិនអាចគ្រប់គ្រងស្ថានការណ៏បានទៀត គឺត្រូវប្រើកម្លាំងយោធារបស់រដ្ឋសហព័ន្ធទៅបង្ក្រាប ក៏មានដែរការប្រើប្រាស់ឆ្កែកាច និងការប្រើប្រាស់អាវុធទំនើបៗ។

ទោះបីជាមានការចាត់វិធានការក្តៅក៏ដោយ តែសកម្មភាពបាតុកម្មមិនបានធូស្រាលទេ។ គេក៏សង្កេតឃើញដែរ ការបើករថយន្តបុកបំបែកហ្វូងបាតុករ ការចាប់បាតុករចងផ្តួលផ្កាប់មុខទៅនឹងថ្នល់រាប់រយនាក់ ការវាយ ទាត់ ធាក់ បែកឈាម យ៉ាងឃោរឃៅពីកងកម្លាំងរបស់អាមេរិកទៅលើហ្វូងបាតុករ។
ទោះជាយ៉ាងណា ប្រធានាធិបតីនៃប្រទេសបិតាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ លោក Donald Trump មិនបានចាត់ទុកការបង្ក្រាបទាំងនោះជាការរំលោភសិទ្ធិបញ្ចេញមតិ រឺរំលោភសិទ្ធិមនុស្សទេ តែជាការរក្សាសណ្តាប់ធ្នាប់ ហើយក៏ជាការអនុវត្តច្បាប់ដើម្បីរក្សាសេចក្តីសុខ សន្តិភាពឲ្យប្រជាជនអាមេរិកទាំងមូល។

អ្វីដែលបានកើតឡើងនៅសហរដ្ឋអាមេរិក ក៏ជាទឡ្ហីករណ៍យ៉ាងរឹងមាំបញ្ជាក់ថា នៅកម្ពុជាកាលពីឆ្នាំ 2013-2014 ការចាត់វិធានការណ៍ច្បាប់ទៅលើក្រុមជ្រុលនិយមប្រមូលកម្លាំងប្រជាពលរដ្ឋមួយចំនួនធ្វើរដ្ឋប្រហារផ្លាស់ប្តូរបប និងមេដឹកនាំស្របច្បាប់ កើតចេញពីឆន្ទៈពលរដ្ឋភាគច្រើនលើសលប់នោះ គឺជារឿងត្រឹមត្រូវបំផុត។ ដូចទៅនឹងអ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែរំលឹកម្តងហើយម្តងទៀត ដាច់ខាតទោះក្នុងតម្លៃណាក៏ដោយត្រូវរក្សាសន្តិភាព សន្តិសុខ និងភាពសុខដុមក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ។

តាមរយៈបាតុកម្មនៅសហរដ្ឋអាមេរិក ក៏បានបង្ហាញឲ្យឃើញពីស្តង់ដារ២របស់អង្គការសិទ្ធិមនុស្សមួយចំនួន និងប្រព័ន្ធផ្សព្វផ្សាយខ្លះ មិនបានរិះគន់ រឺថ្កោលទោសសហរដ្ឋអាមេរិកទាល់តែសោះ មិនថាការស្លាប់ដ៏អយុត្តិធម៌របស់ George Floyd និងការបង្ក្រាបយ៉ាងឃោរឃៅទៅលើហ្វូងបាតុករនៅសហរដ្ឋអាមេរិក តែពួកគេទាំងនោះបានថ្កោលទោស រិះគន់ និងផ្សព្វផ្សាយ ដដែលជាដដែលថាកម្ពុជារំលោភសិទ្ធិមនុស្ស ផ្តាច់ការអីជាដើម.ល.. ទាំងដែលចំណាត់ការរបស់ប្រមុខដឹកនាំកម្ពុជាមិនឃោរឃៅ ដូចនៅសហរដ្ឋអាមេរិកផងនោះ។

អ្វីដែលបានលើកឡើងខាងលើ គឺចង់បង្ហាញឲ្យឃើញពីភាពត្រឹមត្រូវនៃការចាត់វិធានការណ៍ច្បាប់ទៅលើជនទាំងឡាយណាដែលមានចេតនា បង្ករប្រទូសរ៉ាយ បង្កើតភាពចលាចល អនាធិបតេយ្យ មិនថាតែនៅកម្ពុជាជាប្រទេសតូចនោះទេ តែនៅបណ្តាប្រទេសអាស៉ី អ៉ឺរ៉ុប ជាពិសេសប្រទេសបិតាប្រជាធិបតេយ្យ ក៏អនុវត្តដូចគ្នាដែរ ហើយតឹងរឹងលើសបណ្តាប្រទេសផ្សេងៗផង។ ហើយក៏សូមផ្តាំទៅបណ្តាអង្គការសិទ្ធិមនុស្សមួយចំនួន និងអ្នកវិភាគសង្គមបែបជ្រុលនិយម បូករួមទាំងប្រព័ន្ធផ្សព្វផ្សាយខ្លះដែលទ្រពងបរទេស មុននឹងចាប់ផ្តើមសរសេរ រិះគន់ រឺថ្កោលទោស សូមបើកភ្នែកមើលឥរិយាបថរបស់ ប្រទេសបិតាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យផង។

អត្ថបទដោយ ៖ សេនាជំនិត

អត្ថបទទាក់ទង