ខ្មែរប៉ុស្ដិ៍ Close

បទវិភាគ៖ ទណ្ឌិត សម រង្ស៊ី ធ្វើវិទ្ធង្សនាសេដ្ឋកិច្ច

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 54
បទវិភាគ៖ ទណ្ឌិត សម រង្ស៊ី ធ្វើវិទ្ធង្សនាសេដ្ឋកិច្ច បទវិភាគ៖ ទណ្ឌិត សម រង្ស៊ី ធ្វើវិទ្ធង្សនាសេដ្ឋកិច្ច

នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ទណ្ឌិត សម រង្ស៊ី បានធ្វើសេចក្តីព្រមានដល់អ្នកវិនិយោគចិននៅកម្ពុជា អ្នកវិនិយោគ និងជនជាតិចិនដែលមានវត្តមាននៅស្រុកខ្មែរ ត្រូវដឹងថា ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជានឹងកាន់តែតានតឹងឡើងៗ ចាប់ពីពេលនេះទៅ។ ព្រឹត្តិការណ៍ថ្មីដ៏សំខាន់ អាចកើតមានឡើងគ្រប់ពេលវេលា ក្នុងឆ្នាំ២០១៩នេះ ដោយសារតែប្រជារាស្ត្រខ្មែរ មានបំណងចង់ប្តូររបប ហ៊ុន សែន ចេញ។ ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ស្មើនឹងអំពើធ្វើវិទ្ធង្សនាសេដ្ឋកិច្ចកម្ពុជាទាំងស្រុងដើម្បីឈានទៅដល់ការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី មានចរិតលក្ខណៈវាយប្រហារដោយការរើសអើង ការគំរាមគំហែង ការបំបាក់ទឹកចិត្ត និងបំភិតបំភ័យយ៉ាងធ្ងន់ធ្ងរ ដល់អ្នកវិនិយោគចិនទាំងអស់ ដែលមករកស៊ីនៅក្នុងប្រទេសកម្ពុជា។ ហើយអំពើវិទ្ធង្សនានេះក៏នឹងធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់អ្នកវិនិយោគចិន ក៏ដូចអ្នកវិនិយោគក្នុងស្រុកជាច្រើនទៀតផងដែរ។ ការអំពាវនាវបែបនេះ គឺជាអំពើវិទ្ធង្សនាសេដ្ឋកិច្ចកម្ពុជាទាំងស្រុង ជាការបំបះបំបោរ និងជាការបំផ្លាញសេដ្ឋកិច្ចជាតិ ក្នុងគោលបំណងធើ្វឱ្យមានអស្ថិរភាព បន្ថែមលើយុទ្ធសាស្រ្តទុច្ចរិតក្នុងការកម្ទេចឆ្នាំងបាយរបស់កម្មករ និងក្រុមគ្រួសាររបស់ពួកគេរាប់លាននាក់ថែមទៀត។

ជាការពិតទោះបីទណ្ឌិតរូបនេះខិតខំធ្វើវិទ្ធង្សនាសេដ្ឋកិច្ចជាតិយ៉ាងណាក៏ដោយ ក៏ទណ្ឌិតរូបនេះ មិនអាចទាញទម្លាក់ស្ថានភាពសេដ្ឋកិច្ច និងនយោបាយធ្លាក់ចូលក្នុងកលិយុគបានឡើយ អាស្រ័យដោយរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរក្សាបាននូវការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាតិមានស្ថិរភាពរឹងមាំ លើមាគ៌ាសន្តិភាព ដែលប្រជាជនខ្មែរបាននិងកំពុងនាំគ្នាជ្រោងទង់សន្តិភាពមួយនេះឱ្យបានគង់វង្សជារៀងដរាប។ ជាការពិតវាការគួរឱ្យសោកស្តាយបំផុត ចំពោះទង្វើក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯង ក្នុងភាពជាអ្នកនយោបាយអាត្មានិយម គ្មានការទទួលខុសត្រូវចំពោះប្រជាជន និងប្រទេសជាតិរបស់ខ្លួន សុខចិត្តយកអធិបតេយ្យជាតិខ្លួនលក់ឱ្យបរទេស កម្ទេចឆ្នាំងបាយកម្មករ និងក្រុមគ្រួសាររាប់លាននាក់ទៀត ហើយស្រែកសប្បាយអំពីជ័យជម្នះរបស់ខ្លួនលើទឹកភ្នែក និងគំនរទុក្ខរបស់កម្មករ និងក្រុមគ្រួសាររបស់ពួកគេរាប់លាននាក់យ៉ាងល្ងខ្លៅបំផុត។

ប្រទេសកម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី និងការធ្វើពាណិជ្ជកម្មដោយសេរី ពិសេសការវិនិយោគពីបរទេសមានសារសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាជនបានល្អប្រសើរ បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ការធ្វើពាណិជ្ជកម្ម និងវិនិយោគនឹងមិនមានការរើសអើងជាតិសាសន៍ឡើយ ក៏ប៉ុន្តែសំខាន់ការវិនិយោគពីបរទេសទាំងអស់នៅកម្ពុជា ត្រូវបានគោរពច្បាប់ប្រទេសកម្ពុជាដែលជារដ្ឋអធិបតេយ្យ ហើយទាំងនេះសុទ្ធសឹងជាគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាបានខិតខំទាក់ទាញនិងផ្តល់ការលើកទឹចិត្តក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីបរទេសឱ្យមករកស៊ីក្នុងប្រទេសកម្ពុជា ហើយដែលផ្ទុយពីការអំពានាវរបស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងព្យាយាមបំផ្លាញសេដ្ឋកិច្ចកម្ពុជា បំបាក់ទឹកចិត្ត និងបំភិតបំភ័យអ្នកវិនិយោគបរទេសមិនឱ្យមករកស៊ីក្នុងប្រទេសកម្ពុជាយ៉ាងល្ងង់ខ្លៅបំផុត។

ជារួម ការព្រមានរបស់ទណ្ឌិតចំពោះអ្នកវិនិយោគចិននៅកម្ពុជា គឺជាអំពើវិទ្ធង្សនាសេដ្ឋកិច្ច ជាអំពើបំបះបំបោរ បំផ្លាញសេដ្ឋកិច្ច និងការវិនិយោគរបស់បរទេស ដែលបាននិងកំពុងរកស៊ីក្នុងប្រទេសកម្ពុជា។ ជាការពិត ប្រទេសកម្ពុជាគ្មានវិបត្តនយោបាយឡើយ ហើយសេដ្ឋកិច្ចកម្ពុជាមានស្ថិរភាពរឹងមាំ អាស្រ័យដោយ បរទេសនៅតែមានជំនឿទំនុកចិត្ត និងការលើកទឹកចិត្តរបស់រដ្ឋាភិបាលជាច្រើន ដែលបានទាក់ទាញអ្នកវិនិយោគបរទេសកាន់តែមករកស៊ីក្នុងប្រទេសកម្ពុជាកម្ពុជាកាន់តែច្រើនឡើងៗ ជាមួយនឹងជំនឿលើស្ថិរភាពនយោបាយ និងសុខសន្តិភាពយ៉ាងរឹងមាំផងដែរ។ ដូច្នេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងនៅតែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយរឹងមាំ ដើម្បីការអភិវឌ្ឍ ដែលលោក នៅតែជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ ក្នុងយុគ្គសម័យមាស គឺសន្តិភាព និងការអភិវឌ្ឍ។

ដោយ៖ ឡុង បូរិតា

អត្ថបទទាក់ទង