សម្ដេចធិបតី៖ កីឡាករ កីឡាការិនីមានពិការភាពគឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុតនិងការតស៊ូឆ្ពោះទៅរកគោលដៅ
សម្ដេចធិបតី៖ កីឡាករ កីឡាការិនីមានពិការភាពគឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុតនិងការតស៊ូឆ្ពោះទៅរកគោលដៅ
ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការ លើកទី ៣ នាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិនិងកីឡាជាតិជនពិការជាប្រចាំគឺជាគំនិតផ្តួចផ្តើមប្រកបដោយឆន្ទៈមោះមុតនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យព្រមទាំង ដុសខាត់ស្មារតី, ឆន្ទៈនិងសាមគ្គីភាព, ម៉្យាងនិងម៉្យាងទៀត, ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី, ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាពសំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន, សុខដុមដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងដើម្បីដណ្តើមមេដាយ ឬ បំបែកកំណត់ត្រានោះទេ។ កីឡាគឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ, កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវនិងស្មារតីសហការជាក្រុម។ កីឡាក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់, គោរពគូប្រកួត, ទទួលស្គាល់លទ្ធផលនិងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំការប្រកួតកីឡាជាតិរៀងរាល់ពីរឆ្នាំម្តងគឺជាយុទ្ធសាស្រ្តលើកកម្ពស់សកម្មភាពអប់រំកាយនិងកីឡាក្នុងសង្គមកម្ពុជា, គឺជាឧបករណ៍សម្រាប់វាស់ស្ទង់សមត្ថភាពអត្តពលិកនិងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត និង រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់តំបន់និង អន្តរជាតិ នាពេលអនាគត; ព្រមទាំងជាយន្តការត្រួតពិនិត្យវឌ្ឍនភាពនិងវាយតម្លៃចំណុចខ្លាំង ចំណុចខ្វះខាតដើម្បីដាក់ចេញទិសដៅអភិវឌ្ឍបន្ត ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំកីឡាជាតិជនពិការ រួមជាមួយការប្រកួតកីឡាជាតិ គឺដើម្បីបង្ហាញថាសមត្ថភាពរបស់មនុស្សមិនមែនវាស់វែងដោយផ្អែកទាំងស្រុងលើកាយសម្បទានោះទេ, ពោលគឺត្រូវកំណត់ដោយផ្អែកលើទេពកោសល្យ, ការខិតខំព្យាយាម និងសមិទ្ធផលដែលពួកគេសម្រេចបាន។ ម៉្យាងទៀត, កីឡាករ កីឡាការិនីមានពិការភាពគឺជានិម្មិតរូបនៃភាពអត់ធ្មត់, ឆន្ទៈមោះមុត និង ការតស៊ូឆ្ពោះទៅរកគោលដៅ, ខណៈដែលការចូលរួមរបស់ពួកគេ រំឭកយើងថា ឧបសគ្គមិនមែនជាហេតុផលត្រឹមត្រូវនៃការបោះបង់ឱកាសនោះទេ៕







