ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ កម្ពុជាប្រកាន់របបសេដ្ឋកិច្ចទីផ្សារ និងពហុប៉ូល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 54
ទស្សនៈមិត្តអ្នកអាន៖ កម្ពុជាប្រកាន់របបសេដ្ឋកិច្ចទីផ្សារ និងពហុប៉ូល ទស្សនៈមិត្តអ្នកអាន៖ កម្ពុជាប្រកាន់របបសេដ្ឋកិច្ចទីផ្សារ និងពហុប៉ូល

គណៈកម្មការអឺរ៉ុប បានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ថា សហគមន៍មួយនេះ នឹងចាប់ផ្តើមគិតពន្ធលើការនាំចូលអង្កររបស់កម្ពុជា ដែលនាំចេញទៅកាន់ប្រទេសដែលជាសមាជិកអឺរ៉ុប សម្រាប់រយៈពេល៣ឆ្នាំ ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ តទៅដោយតម្លៃពន្ធប្រមាណ ១៩៩ដុល្លារ ក្នុង១តោននៅឆ្នាំ២០១៩ ចំនួនប្រមាណ ១៧០ ដុល្លារ នៅឆ្នាំ២០២០ និងប្រមាណ ១៤២ ដុល្លារនៅឆ្នាំ២០២១។ ក្រោយពេលដែលគណៈកម្មការនេះបានចេញប្រកាសមក ក្រុមប្រឆាំងនិងអ្នកវិភាគរត់ប្រាសអាយុខ្លះ បាននាំគ្នាបំប៉ោងព័ត៌មានថាជាការដាក់ទណ្ឌកម្មរបស់សហគមន៍អឺរ៉ុប ក្នុងទឹកទី១ សំរាប់កម្ពុជាទៅវិញ។

តាមការពិត ការចាប់ផ្តើមគិតពន្ធនាំចូលអង្កររបស់កម្ពុជាពេលនេះ គឺដោយសារអង្កររបស់កម្ពុជា ដែលនាំចូលទៅអឺរ៉ុបលក់ដាច់ខ្លាំងដែលធ្វើឱ្យអង្កររបស់អឺរ៉ុបលក់មិនដាច់ និងបានធ្វើឲ្យប៉ះពាល់ដល់អ្នកផលិតអង្កររបស់ពួកគេ និងដោយសារតែមានបណ្តឹងតវ៉ាពីប្រទេសអ៊ីតាលី និងអេស្ប៉ាញ។ ម៉្យាងវិញទៀត ប្រទេសសមាជិកអឺរ៉ុប មិនអាចផលិតអង្ករក្រអូបបានដូចកម្ពុជាឡើយ គឺពួកគេផលិតបានតែអង្ករសធម្មតាប៉ុណ្ណោះ ហើយអង្ករដែលកម្ពុជានាំទៅអឺរ៉ុបគឺជាអង្ករក្រអូបមានរស់ជាតិឈ្ងុយឆ្ងាញ់។ ដូច្នេះ ការបំភ្លៃព័ត៌មានរបស់ក្រុមប្រឆាំង និងអ្នកវិភាគ រត់ចោលស្រុកខ្លះនោះ គឺជារឿងមិនពិតទាល់តែសោះ។

ក្រុមអ្នកវិភាគដែលមាននិន្នាការលំអៀងខាងនយោបាយទាំងនេះ មិនដែលវិភាគឃើញពីចំនុចវិជ្ជមាន និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលម្តងណាឡើយ ដូច្នេះហើយសម្រាប់ព័ត៌មានអំពីការចាប់គិតពន្ធអង្កររបស់កម្ពុជានៅពេលនេះ គឺគ្មានទាក់ទងទៅនឹងបញ្ហានយោបាយនៅកម្ពុជា ឬជាការដាក់សម្ពាធរបស់គណៈកម្មការអឺរ៉ុបដូចការបំភ្លៃព័ត៌មានរបស់ក្រុមប្រឆាំង និងអ្នកវិភាគរត់ចោលស្រុកខ្លះនោះទេ តែវាជាការបាត់បង់នូវផលប្រយោជន៍របស់អ្នកផលិតអង្ករនៅអឺរ៉ុបតែប៉ុណ្ណោះ ដែលរឿងនេះប្រទេសណាក៏គេត្រូវគិតអំពីផលប្រយោជន៍របស់ប្រជាជនគេជាមុនសិនដែរ។

ក្នុងនាមជារដ្ឋអធិបតេយ្យមួយ និងជាប្រទេសប្រកួតប្រជែងផលិតផលរបស់ខ្លួនលើទីផ្សារអន្តរជាតិ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រកាសដាក់ចេញនូវការធ្វើកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង ដើម្បីឆ្លើយតបទៅនឹងការចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជារបស់សហគមន៍អឺរ៉ុបនៅពេលនេះ ដោយបានធ្វើការកាត់បន្ថយការចំណាយផ្លូវការ និងក្រៅផ្លូវការ ដើម្បីអាចឲ្យអ្នកធ្វើធុរៈកិច្ចនៅកម្ពុជា មានលទ្ធភាពកាន់តែប្រសើរក្នុងការប្រកួតប្រជែងទីផ្សារនាំចេញ ទោះបីគ្មានការអនុគ្រោះពន្ធក៏ដោយ ក៏កម្ពុជា នៅតែអាចនាំចេញបាន និងគ្មានការអនុគ្រោះពន្ធក៏កម្ពុជាមិនស្លាប់ដែរ។ ក្នុងន័យនេះ បើទោះបីជាមានការសម្រេចយ៉ាងនេះក្តី អ្នកនាំចេញអង្កររបស់កម្ពុជា នៅតែមានសុទិដ្ឋិនិយមថាអង្កររបស់កម្ពុជា នៅតែអាចរកបានទីផ្សារ និងច្រកនាំចេញទៅតាមវិធីផ្សេងៗ និងទីផ្សារនៃប្រទេសផ្សេងទៀតដែរ ទោះបីលទ្ធភាពនាំចេញទៅអឺរ៉ុបមិនអាចបានចំនួនច្រើនដូចមុនក្តី។

ថ្មីៗនេះ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន ក៏ជាទស្សនៈវិស័យមួយទៀតក្នុងការជំរុញការនាំអង្ករចេញផងដែរ ហើយជាការឆ្លើយតបវិញ ភាគីចិនបានធានាក្នុងការទិញអង្ករពីកម្ពុជារហូតដល់៤០ម៉ឺនតោនក្នុងមួយឆ្នាំទៀតផង។ ដូច្នេះ ក្រៅពីទីផ្សារនៅអឺរ៉ុប កម្ពុជាក៏នៅមានទីផ្សារនៅប្រទេសកូរ៉េខាងត្បូង អាហ្វ្រិក និងប្រទេសមួយចំនួនទៀតផងដែរ។ ទោះជាយ៉ាងណា ទាំងរាជរដ្ឋាភិបាល អ្នកនាំចេញ សមាគមរោងម៉ាស៊ីនកិនស្រូវ និងកសិករដាំដុះស្រូវរបស់កម្ពុជា បានចាត់ទុកការចាប់ផ្តើមគិតពន្ធនេះ ថាជាវិធានការមិនសមហេតុផល និងជារឿងដ៏អយុត្តិធម៌បំផុតសម្រាប់កម្ពជា។

ចំណែកអ្នកតាមដានស្ថានការណ៍នៅកម្ពុជា បានយល់មួយបែបទៀតថា ការចាប់យកពន្ធលើអង្ករកម្ពុជារបស់សហគមន៍អឺរ៉ុបនៅពេលនេះ អាចជាសញ្ញានៃការប្រកួតប្រជែងគ្នាជាថ្មីដូចកាលពីសម័យសង្គ្រាមត្រជាក់ រវាងប្លុកសង្គមនិយម និងប្លុកសេរី ដោយយកប្រទេសកម្ពុជា ធ្វើជាចំណុចក្នុងការដណ្តើមភូមិសាស្ត្រនយោបាយ នៅពេលដែលពួកគេបានមើលឃើញឥទ្ធិពលនៃមហាអំណាចចិនបានវាយលុកកាន់តែខ្លាំង តាមរយៈគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ មកកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយដែលប្រទេសធ្លាប់ចំណុះឱ្យប្លុកសេរីមួយចំនួនបានងាកទៅរកមហាអំណាចចិនផងដែរ ដូចជាប្រទេសហ្វីលីពីន ថៃ ជាដើម។ ហេតុផលមួយនេះក៏ត្រូវបានបង្ហាញដោយ រដ្ឋាភិបាលក្រុងភ្នំពេញដឹកនាំដោយ លោក ហ៊ុន សែន ដែលមិនព្រមធ្វើជារណបភូមិសាស្ត្រនយោបាយដល់ពួកបច្ចឹមប្រទេសដើម្បីឯករាជ្យភាព និងអធិបតេយ្យនៃរដ្ឋឯករាជ្យមួយ ដែលចំនុចនេះបានធ្វើឱ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានប្រើវិធីចាស់ដដែល គឺការចិញ្ចឹមកូនអុករបស់ខ្លួនដែលមានក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី ឲ្យក្រឡុកសភាពការណ៍ និងរកវិធីគ្រប់យ៉ាងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បើទោះបីរាជរដ្ឋាភិបាលមួយនេះបានកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស និងមានការទទួលស្គាល់ពីអន្តរជាតិ ក៏ដោយនោះ។

ជារួម ការខិតខំបំប៉ោង និងបំភ្លៃព័ត៌មានអំពីការចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជា ដែលនាំចូលទៅទីផ្សារអឺរ៉ុប របស់ក្រុមអតីតខ្មោចបក្សប្រឆាំង និងអ្នកវិភាគដូរបាយរត់ខ្ចាត់ព្រាត់នោះ គឺគ្មានប្រយោជន៍អ្វីនោះទេ ព្រោះក្រុមនេះតែងតែលើកបញ្ហានេះដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌផលប្រយោជន៍នៃការរស់ឡើងវិញរបស់អតីតបក្សប្រឆាំង ដែលត្រូវបានតុលាការរំលាយបាត់ទៅហើយ។ ម៉្យាងទៀត ការសម្រេចរបស់គណៈកម្មការអឺរ៉ុបលើពន្ធនាំចូលអង្ករនេះ គឺមិនបានប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជានោះទេ ព្រោះកម្ពុជាបច្ចុប្បន្នគឺជាប្រទេសប្រកាន់យកនូវរបបសេដ្ឋកិច្ចទីផ្សារសេរី និងពហុប៉ូលសេដ្ឋកិច្ច ហើយពេលនេះកម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបរួចទៅហើយ និងបន្តក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខាងមុខ៕

ដោយ៖ ពង្ស សុក្រឹត្យ