ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «កម្ពុជាមិនស្ថិតក្រោមអាណានិគម បរទេសណាមួយឡើយ! »

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 52
លិខិតមិត្តអ្នកអាន៖ «កម្ពុជាមិនស្ថិតក្រោមអាណានិគម បរទេសណាមួយឡើយ! » លិខិតមិត្តអ្នកអាន៖ «កម្ពុជាមិនស្ថិតក្រោមអាណានិគម បរទេសណាមួយឡើយ! »

ក្នុងនាមពលរដ្ឋខ្មែរ ខ្ញុំពិតជារង្គាសចិត្តនិងហួសចិត្តជាខ្លាំង ហើយក៏មិនអាចទទួលយកបានឡើយនៅពេលឃើញស្ថានទូតបរទេសមួយមកបំពានយ៉ាងកំរោលម្តងហើយម្តងទៀតមក លើកម្ពុជាដោយតាំងខ្លួនជាបងធំ ឬជាអ្នកដាក់អាណានិគមន៍មកលើប្រទេសកម្ពុជា ហើយចង់ឲ្យកម្ពុជាធ្វើនេះ ធ្វើនោះតាមដែលខ្លួនចង់បាន។ សកម្មភាពដ៍ច្រងេងច្រងាងនេះពិតជាបានបំពានទាំងស្រុងទៅលើសន្ធិសញ្ញាអន្តរជាតិ ស្តីពីទំនាក់ទំនងការទូតដែលមិនអនុញ្ញាតឲ្យប្រទេសមួយលូកដៃ ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយទៀតដែលជាម្ចាស់ដែនដីនោះឡើយ។ លើសពីនេះ សកម្មភាពរបស់ស្ថានទូតមហាអំណាច មួយនេះក៏បានបំពាននិងមាក់ងាយយ៉ាងធ្ងន់ធ្ងរទៅលើឆន្ទៈរបស់ពលរដ្ឋខ្មែរជាង ៨៣% ដែលបានចូលរួមបោះឆ្នោតកាល ពីថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨។

ក្នុងនាមពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមឲ្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាពិចារណាឡើងវិញអំពី ទង្វើនិងសកម្មភាពខុសឆ្គងហួងហែងរបស់ខ្លួននិងបញ្ឈប់ជាបន្ទាន់នូវការបំពានសន្ធិសញ្ញាអន្តរជាតិនិងការបំពានទៅលើ ប្រទេសអធិបតេយ្យ។ ផ្ទុយពីការវាយតម្លៃរបស់ស្ថានទូតអាមេរិក ក្នុងនាមពលរដ្ធខ្មែរម្នាក់ ដែលបានទៅបោះឆ្នោតសំដែងឆន្ទះដែរនោះ ខ្ញុំយល់ឃើញថា ការបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ២០១៨ គឺជាការបោះឆ្នោតមួយដ៏ល្អមិនធ្លាប់មានក្នុងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៣ មក។ ខ្ញុំយល់ថាគឺជាការបោះឆ្នោតដែលអាចចាត់ទុកជានិមិត្តរូបនៃសុខសន្តិភាព និងភាពស្ងប់ស្ងាត់ដែលប្រជាពលរដ្ឋខ្មែរប្រាថ្នាចង់បានយ៉ាងដូច្នេះតទៅមុខទៀត។ ភាពជានិមិត្តរូប នៃការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ មានដូចតទៅ៖

ទី១៖ ចំនួនអ្នកចូលរួមបោះឆ្នោតមានច្រើនលើសលប់គឺរហូតដល់ជាង ៨៣% ដែលសូម្បីបណ្តាប្រទេសប្រជាធិបតេយ្យធំៗនៅ លើលោករាប់ទាំងសហរដ្ឋអាមេរិកផងក៏មិនអាចធ្វើបានដូច ដែរ។ អត្រាដ៏ច្រើនលើសលប់នៃចំនួនអ្នកចូលរួមបោះឆ្នោតបានបង្ហាញឲ្យឃើញពីតម្លៃដ៏ខ្ពស់នៃការបោះឆ្នោតនេះដែលគ្មានអ្នកណាអាចប្រកែកបាននិង បំពានបានឡើយ។

ទី២៖ គឺជាការបោះឆ្នោតដែល មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមសង្កេតការណ៍ យ៉ាងច្រើនកុះករ ហើយពួកគេ បានវាយតម្លៃថា ការបោះឆ្នោតនេះមានលក្ខណៈសេរី ត្រឹមត្រូវ និងតម្លាភាព គ្មានភាពមិនប្រក្រតីគួរឲ្យកត់សម្គាល់ឡើយជាពិសេសគឺគ្មានអំពើហឹង្សា គ្មានមនុស្សរងរបួសរឺស្លាប់បាត់បង់ជីវិត ។ ផ្ទុយទៅវិញ ការវាយតម្លៃរបស់អ្នកដែលមិនបានចូលសង្កេតការណ៍ក៏គ្មានតម្លៃអ្វីទាំងអស់ពីព្រោះពួកគេមិនបានឃើញដោយផ្ទាល់ភ្នែកនូវដំណើរការបោះឆ្នោតនេះទាល់តែសោះ។

ទី៣៖ ក្រោយការបោះឆ្នោត ស្ថានការណ៍ទូទៅក្នុងប្រទេសមានលក្ខណៈល្អប្រសើរ គ្មានភាពវឹកវរ គ្មានអំពើហិង្សា គ្មានការភ័យខ្លាចអ្វីទាំងអស់។ ខុសផ្ទុយស្រឡះពីការបោះឆ្នោតលើកមុនៗដែលតែងធ្វើឲ្យពលរដ្ឋខ្មែរព្រួយបារម្ភ ប្រុងជើងការ និងវេចបង្វេច ទិញអង្ករ ត្រីងៀតប្រេងសាំងទុក ដកលុយចេញពីធនាគារ ។ល។ ដោយការព្រួយបារម្ភពីចលាចល វឹកវរក្រោយការបោះឆ្នោត។

ទី៤៖ រយៈពេលពេញមួយឆ្នាំមកនេះ ប្រជាពលរដ្ឋខ្មែរស្ទើរតែ ភ្លេចបាត់អស់ទៅហើយនូវអារម្មណ៍ភ័យខ្លាចពីព្រោះពួកគេ ពិតជាបាននិងកំពុងរស់នៅក្នុងសភាពស្ងប់ស្ងាត់ក្នុងប្រទេសមួយដែលពោរពេញដោយឱកាសនៃការវិនិយោគ ឱកាសការងារ និងការប្រកបមុខរបរគ្រប់បែបយ៉ាងដើម្បីបង្កើនជីវភាព របស់ខ្លួន។

ទី៥៖ រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលដែលកើត ចេញពីការបោះឆ្នោតក៏បាន បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋម្ចាស់ឆ្នោតដោយបានដាក់ចេញនូវនយោបាយកំណែទម្រង់ស៊ីជម្រៅជាក់ស្តែងក្នុងន័យពង្រឹងឯករាជភាព អធិបតេយ្យភាពជាតិ និងបង្កើនជីវភាព របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន កម្មករ ជាដើម។ល។ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក៏កំពុងទទួលបានផ្លែផ្កាផលប្រយោជន៍ ពីគោលនយោបាយនេះ។

និយាយជារួម ការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ២០១៨ គឺជាគំរូសម្រាប់ការបោះឆ្នោតក្រោយៗ ទៀតដែលពលរដ្ឋខ្មែរប្រាថ្នាចង់បាន។ ចុះហេតុដូចម្តេចបានជា ស្ថានទូតសហរដ្ឋអាមេរិកបែរជាឈឺចិត្ត ស្អិតទ្រូង ទោរម្នេញ នឹងការបោះឆ្នោតដ៏ល្អបែបនេះទៅវិញ?

តាមការយល់ឃើញរបស់ខ្ញុំ ស្ថានទូតបរទេសមួយនេះ មានបំណងតែមួយគត់គឺចង់ជួយឲ្យកូនជឹងរបស់ខ្លួនឲ្យបានឡើងកាន់ អំណាចដែលខ្លួនអាចប្រើប្រាស់បង្វិលក្បាលបានជាប្រយោជន៍បានដោយមិនបាច់ខ្វល់ខ្វាយពី សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទូទៅឡើយ។ ម៉្យាងវីញទៀត ក៏ដោយហេតុតែមហិច្ឆតាភូមិសាស្ត្រនយោបាយ ស្ថានទូតអាមេរិកប្រចាំកម្ពុជាហ៊ានបំពានទាំងសន្ធិសញ្ញាអន្តរជាតិ បំពានអធិបតេយ្យភាពរបស់រដ្ឋអធិបតេយ្យមួយ ជាពិសេសគឺបំពានឆន្ទៈពលរដ្ឋខ្មែរម្ចាស់ឆ្នោតជាង ៨៣%។

ក្នុងនាមពលរដ្ឋខ្មែរ ខ្ញុំសូមបញ្ជាក់ជូនស្ថានទូតអាមេរិកជាថ្មីម្តងទៀតថា យើងពិតជាមិនអាចទទួលយកបានឡើយនូវការ បំពានរបស់អ្នកទាំងអម្បាលមាណ។ ការលូកដៃរបស់អ្នកចូលកិច្ចការផ្ទៃក្នុងកម្ពុជា វាគ្មានទម្ងន់មកលើកម្ពុជាឡើយហើយផ្ទុយទៅវិញ វាក៏កាន់តែអោយធ្វើឲ្យប្រជាពលរដ្ធខ្មែរមើលឃើញ និងស្គាល់កាន់តែច្បាស់នូវមុខមាត់ ពិតរបស់អាមេរីកក្នុងពេលបច្ចុប្បន្នបន្ថែមពីលើអ្វីដែលអាមេរីកបានធ្វើចំពោះប្រជាជនកម្ពុជានៅក្នុងអតីតកាល។

ជាចុងក្រោយ ខ្ញុំក៏សូមគូសបញ្ជាក់ប្រាប់អ្នកវិញឲ្យបានច្បាស់ថា កម្ពុជាពេលនេះមិនស្ថិតក្រោមអាណានិគមន៍របស់ប្រទេសណាមួយឡើយ តែ កម្ពុជាគឺជារដ្ឋអធិបតេយ្យដែល មានច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួន មានសិទ្ធិស័្វយសម្រេចលើជោគវាសនារបស់ខ្លួនដោយខ្លួន ឯងដោយមិនស្តាប់តាមការ បញ្ជាបង្គាប់របស់បរទេសណាទាំងអស់៕

ដោយ ៖ អ្នកតាមដាន នយោបាយតុកាហ្វេ