ខ្មែរប៉ុស្ដិ៍ Close

ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏លំបាកសម្រាប់បណ្តាប្រទេសនានា ខណៈធនាគារកណ្តាលរបស់ពួកគេនឹងត្រូវប្រឈមមុខនឹងអត្រាអតិផរណាដ៏ខ្ពស់ និងកំណើនសេដ្ឋកិច្ចទាប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 44
ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏លំបាកសម្រាប់បណ្តាប្រទេសនានា ខណៈធនាគារកណ្តាលរបស់ពួកគេនឹងត្រូវប្រឈមមុខនឹងអត្រាអតិផរណាដ៏ខ្ពស់ និងកំណើនសេដ្ឋកិច្ចទាប ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏លំបាកសម្រាប់បណ្តាប្រទេសនានា ខណៈធនាគារកណ្តាលរបស់ពួកគេនឹងត្រូវប្រឈមមុខនឹងអត្រាអតិផរណាដ៏ខ្ពស់ និងកំណើនសេដ្ឋកិច្ចទាប

ការបើកបរលើផ្លូវត្រង់គឺពិតជាងាយស្រួល ប៉ុន្តែការបើកបរត្រង់ផ្លូវកែង ត្រូវទាមទារឱ្យមានជំនាញពូកែជាងនោះ។ សម្រាប់បណ្តាប្រធានធនាគារកណ្តាល ឆ្នាំ ២០២២ ហាក់ដូចជាផ្លូវថ្នល់ត្រង់ដែលបានបង្ហាញយ៉ាងច្បាស់អំពីរឿងរ៉ាវ នៅក្នុងឆ្នាំ ២០២៣ ហើយហានិភ័យនៃកំហុសផ្នែកគោលនយោបាយក៏កំពុងតែកើនឡើងដែរ។

ឆ្នាំ២០២២ គឺជាឆ្នាំដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាមួយនឹងអត្រាអតិផរណាដ៏ខ្ពស់សម្រាប់សហរដ្ឋអាមេរិក និងអឺរ៉ុប។ សន្ទុះនៃការជំរុញការបើកសេដ្ឋកិច្ចជាថ្មី និងកញ្ចប់សង្គ្រោះសារពើពន្ធ ជាពិសេសគឺរបស់សហរដ្ឋអាមេរិកនោះ បានជួយឱ្យមានការងើបឡើងវិញយ៉ាងរស់រវើកនៅក្នុងទីផ្សារការងារ និងតម្រូវការ។

ទន្ទឹមគ្នានោះដែរ ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានបង្កឱ្យមានការហក់ឡើងនៃតម្លៃថាមពល និងស្បៀងអាហារ នៅទូទាំងសកលលោក។ ការបូកបញ្ចូលនូវអត្រាអតិផរណា ទាំងលើតម្រូវការ និងការផ្គត់ផ្គង់ បានធ្វើឱ្យមានការកើនឡើងតម្លៃយ៉ាងគំហុកបំផុតដែលមិនធ្លាប់មាននៅក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ។

ដើម្បីដោះស្រាយបញ្ហានេះ ធនាគារកណ្តាលរបស់បណ្តាប្រទេសអភិវឌ្ឍត្រូវតែដាក់ចេញនូវគោលនយោបាយជាចាំបាច់។ ពួកគេអាចបង្កើនអត្រាការប្រាក់ ដើម្បីកាត់បន្ថយតម្រូវការ និងទប់ជាមួយនឹងសម្ពាធនៃអត្រាអតិផរណា។

ធនាគារកណ្តាលអាមេរិក, ធនាគារកណ្តាលអឺរ៉ុប និងធនាគារកណ្តាលផ្សេងៗទៀតទាំងនៅក្នុងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍបានដាក់ចេញនូវគោលនយោបាយរបស់ពួកគេតាមភាពចាំបាច់។ ប្រទេសចិននិងជប៉ុន គឺជាករណីលើកលែង ដោយសារតែចិនកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត ខណៈការងើបឡើងវិញនៃតម្រូវការនៅក្នុងប្រទេសជប៉ុនមានកម្រិតយឺតខ្លាំង។

នៅឆ្នាំ ២០២៣ បរិយាកាសសេដ្ឋកិច្ចនឹងមានភាពស្មុគស្មាញកាន់តែខ្លាំងឡើងៗ ហើយវានឹងក្លាយជាការធ្វើតេស្តយ៉ាងពិតប្រាកដសម្រាប់ការសម្រេចចិត្តរបស់បណ្តាមន្ត្រីធនាគារកណ្តាល និងសមត្ថភាពរបស់គេក្នុងការធ្វើការទំនាក់ទំនងជាមួយទីផ្សារ។

ទី១៖ អត្រាអតិផរណាកំពុងតែធ្លាក់ចុះ។ ការធ្លាក់ចុះនៃតម្លៃស្បៀងអាហារនិងថាមពលនៅពេលថ្មីៗនេះ ជាពិសេសធៀបនឹងតម្លៃដ៏ខ្ពស់កាលពីឆ្នាំ ២០២២ បានបង្ហាញថា ផលប៉ះពាល់នៃអត្រាអតិផរណាមកលើមុខទំនិញទាំងនោះគួរតែមានសភាពស្រាលជាងមុខ។

នៅអាមេរិក សន្ទុះតម្លៃសម្រាប់មុខទំនិញផ្សេងៗទៀតក៏កំពុងតែថមថយផងដែរ។ នៅក្នុងរបាយការណ៍ស្តីពីអត្រាអតិផរណាសម្រាប់ខែវិច្ឆិកាតម្លៃសម្រាប់មុខទំនិញសំខាន់ៗ ដូចជា រថយន្ត, ការថែទាំសុខភាព និងសម្ភារៈអគ្គិសនីពិតជាបានធ្លាក់ចុះពិតមែន។

ប៉ុន្តែគេនៅមិនទាន់ច្បាស់ទេថា តើតម្លៃនោះនឹងធ្លាក់ចុះមកដល់គោលដៅដែលធនាគារកណ្តាលអាមេរិកបានកំណត់ត្រឹម ២% បានឆាប់ប៉ុណ្ណានោះទេ។

គណៈកម្មាធិការកំណត់អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកបានមើលឃើញថា អត្រាអតិផរណានឹងធ្លាក់ចុះមកដល់ចំនួន ៣,១% នៅត្រីមាសទី៤ ឆ្នាំក្រោយ ហើយបន្ទាប់មកនឹងចុះមក ២,៥% នៅត្រីមាសទី ៤ នៃឆ្នាំ ២០២៤។ កម្រិតនៃអត្រាអតិផរណាលើសពីគោលដៅទាំងនេះ នឹងតម្រូវឱ្យធនាគារកណ្តាលរក្សាអត្រាការប្រាក់កាន់តែខ្ពស់សម្រាប់រយៈពេលកាន់តែយូរ។

អត្រាអតិផរណានៅចិននិងនៅតំបន់អាស៊ីទាំងមូល គឺមិនសូវជាមានបញ្ហាប្រឈមនោះទេ សម្រាប់ពេលនេះ។ មួយផ្នែកដោយសារតែប្រទេសទាំងនេះបានបើកចំហសេដ្ឋកិច្ចរបស់គេវិញក្រោបណ្តាលោកខាងលិចពី ១២ ទៅ ១៨ ខែ ក្រោយមានវិបត្តិជំងឺឆ្លង។ ដូចនេះ បណ្តារដ្ឋាភិបាលរបស់ពួកគេបានចំណាយប្រាក់តិចតួចប៉ុណ្ណោះ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចរបស់ពួកគេ។

លើសពីនេះ ការបើកចំហសេដ្ឋកិច្ចឡើងវិញបានចាប់ផ្តើមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅដើមឆ្នាំនេះ ហើយទំនងជានឹងអាចឈានទៅបើកចំហពេញលេញសម្រាប់តំបន់ទាំងមូលនៅក្នុងឆ្នាំថ្មី។ អ្នកធ្វើគោលនយោបាយនៅតំបន់អាស៊ី ចាំបាច់ត្រូវតែមានភាពប្រុងប្រយ័ត្នខ្ពស់ចំពោះការកើនឡើងនៃសម្ពាធដែលបណ្តាលមកពីអត្រាអតិផរណា។

ទី២៖ ផ្ទុយទៅនឹងអត្រាអតិរណាខ្ពស់ខ្លាំងនៅក្នុងបណ្តាប្រទេសអភិវឌ្ឍ សន្ទុះកំណើនសេដ្ឋកិច្ចរបស់ពួកគេកំពុងតែថយចុះ។ ផលប៉ះពាល់ដែលបង្កចេញពីគោលនយោបាយរឹតបន្តឹងរូបិយវត្ថុ ទើបតែលេចជារូបរាងឡើង។ ជារួម គេមិនអាចទាញទម្លាក់អត្រាអតិផរណាដោយពុំធ្វើកាត់បន្ថយតម្រូវការនោះទេ។

អ្វីដែលគេមិនដឹងនោះគឺថា តើសេដ្ឋកិច្ចនឹងថមថយកម្រិតណា នៅក្រោយការដំឡើងអត្រាការប្រាក់យ៉ាងគំហុកកាលពីឆ្នាំកន្លងទៅនេះ? នៅអាមេរិក ការចំណាយរបស់ក្រុមហ៊ុនសាជីវកម្ម និងទីផ្សារផ្ទះសម្បែងកំពុងជួបប្រទះនឹងការធ្លាក់ចុះខ្លះរួចទៅហើយ ហើយពួកគេគឺជាអ្នកទទួលខុសត្រូវសម្រាប់ការធ្លាក់ទៅក្នុងឱនភាពសេដ្ឋកិច្ចចំនួន ១១ លើកក្នុងចំណោមការធ្លាក់ទាំង ១២ លើកចាប់ពីសង្គ្រាមលោកលើកទី២ មកផងដែរ។

ចក្រភពអង់គ្លេសនិងអឺរ៉ុបប្រហែលកំពុងស្ថិតនៅក្នុងឱនភាពសេដ្ឋកិច្ចរួចទៅហើយ បើទោះបីជាពួកគេជោគជ័យក្នុងការបង្កើនស្តុកឧស្ម័នធម្មជាតិសម្រាប់ខែរងានេះក៏ពិតមែនក្តី។ បញ្ហាប្រឈមសម្រាប់បណ្តាប្រធានធនាគារកណ្តាល គឺការទាញទម្លាក់តម្រូវការឱ្យបានច្រើនដើម្បីទាញទម្លាក់អត្រាអតិផរណា ប៉ុន្តែមិនត្រូវបង្កឱ្យមានការរងទុក្ខខ្លាំងពេកដល់ពលរដ្ឋ និងអាជីវករ ។

សម្រាប់ប្រទេសចិន អ្វីដែលជាបញ្ហាប្រឈមគឺការរក្សាគោលនយោបាយរូបិយវត្ថុឱ្យធូររលុង ដោយសារតែកំណើនសេដ្ឋកិច្ចទន់ខ្សោយ និងភាពចាំបាច់ក្នុងការជួយឱ្យសេដ្ឋកិច្ចងើបឡើងវិញក្រោយពេលមានការបើក ប្រទេសពេញលេញ។

ប្រទេសជប៉ុន ប្រហែលកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំងបំផុត។ អត្រាអតិផរណារបស់ជប៉ុនកំពុងស្ថិតនៅក្នុងកម្រិតខ្ពស់ដែលមិនធ្លាប់កើតមានអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ បើទោះបីជាវាមិនខ្ពស់ខ្លាំងដូចអ្វីដែលគេឃើញនៅអាមេរិកនិងអឺរ៉ុបក៏ដោយ។

អតិផរណាស្នូល (core inflation) បានកើនដល់ ៣,៧% កាលពីខែមុន (វិច្ឆិកា) ខណៈនៅសហរដ្ឋអាមេរិកបានកើនដល់ ៦% និងតំបន់ចាយប្រាក់អឺរ៉ូបានកើនដល់ ៦,៦% ។ ករណីនេះបានលើកទឹកចិត្តឱ្យធនាគារកណ្តាលជប៉ុនបន្តរក្សាគោលនយោបាយរូបិយវត្ថុឱ្យធូរលុងខ្លាំង។

ប៉ុន្តែសម្ពាធទីផ្សារលើសញ្ញាបណ្ណរដ្ឋាភិបាលជប៉ុន និងតម្លៃដ៏ខ្សោយរបស់ប្រាក់យេននោះមានន័យថា ធនាគារកណ្តាលជប៉ុនចាំបាច់ត្រូវតែធ្វើការកែសម្រួលបច្ចេកទេសខ្លះដើម្បីកាត់បន្ថយការបង្ខូចទីផ្សារ ដូចអ្វីដែលពួកគេបានធ្វើកាលពីថ្ងៃទី ២០ ខែធ្នូ តាមរយៈការពង្រីកកម្រិតជួញដូរដែលត្រូវអនុញ្ញាតសម្រាប់សញ្ញាបណ្ណរដ្ឋាភិបាលរយៈពេល ១០ ឆ្នាំ ពីចំនួន +/-០,២៥% ទៅចំនួន +/-០,៥%។

ជាជាងការអនុវត្តពេញទំហឹងនូវគោលនយោបាយរឹតបន្តឹងរូបិយវត្ថុដើម្បីប្រយុទ្ធប្រឆាំងនឹងអត្រាអតិផរណានោះ បណ្តាប្រធានធនាគារកណ្តាលចាំបាច់ត្រូវមានជំនាញច្រើនបន្ថែមទៀតក្នុងការផ្តល់តុល្យការរវាងតម្លៃទំនិញនិង កំណើនសេដ្ឋកិច្ច។ ហានិភ័យនៃកំហុសឆ្គងអាចជាការបន្ថែមភាពផុយស្រួយបន្ថែមដល់ទីផ្សារនៅក្នុងឆ្នាំថ្មីនេះ៕

South China Morning Post