ខ្មែរប៉ុស្ដិ៍ Close

Bangkok Post ៖ ការគំរាមកំហែង នៃមេរោគបំប្លែងថ្មី Omicron ចំពោះខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 55
Bangkok Post ៖ ការគំរាមកំហែង នៃមេរោគបំប្លែងថ្មី Omicron ចំពោះខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល រូបភាព៖ បាងកកប៉ុស្តិ៍

តាមនិយមន័យ ការរំខានចំពោះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ គឺសំដៅទៅលើព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាលឱ្យមានការរំខានដល់ការផលិត ការលក់ ឬការចែក ចាយផលិតផល។ ការរំខានចំពោះខ្សែច្រវ៉ាក់ផ្គត់ផ្គង់អាចរាប់បញ្ចូលនូវព្រឹត្តិការណ៍មួយចំនួន ដូចជាគ្រោះមហន្តរាយធម្មជាតិ ជម្លោះក្នុងតំបន់ និងជំងឺរាតត្បាត។

ប្រសិនបើអ្នកគិតថា ការរំខានចំពោះខ្សែច្រវ៉ាក់ផ្គត់ផ្គង់កាលពីឆ្នាំ២០២១ មានសភាពអាក្រក់ នោះការរំខានថ្មីនៅក្នុងឆ្នាំ ២០២២ អាចនឹងកាន់តែអាក្រក់ជាងឆ្នាំ២០២១ រហូត ដល់ទៅ ៣ដង ហើយអាចនឹងបង្កឱ្យមាន
វិបត្តិសេដ្ឋកិច្ចនៅទូទាំងពិភពលោកទៀតផង។

បញ្ហាទាំងអស់នោះអាចកើតឡើង ដោយសារតែការផ្ទុះនៃមេរោគបំប្លែងថ្មី Omicron ដែលមាន សភាពធ្ងន់ធ្ងរជាងការផ្ទុះឡើងនៃមេរោគ Alpha និង Delta ទៅទៀត។ នៅក្នុងឆ្នាំ ២០២១ ចំនួនអ្នកឆ្លងកូវូដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុតមានត្រឹមតែ ៩០៥.៦៤២ ករណីប៉ុណ្ណោះកាលពីថ្ងៃទី ២៨ មេសា។ ប៉ុន្តែការផ្ទុះឡើងនៃ មេរោគបំប្លែងថ្មី Omicron ប្រចាំថ្ងៃកាលពីថ្ងៃទី ១០ ខែមករា មានចំនួនរហូត ដល់ទៅ ៣.២៨១.៩៧៥ ករណីឯណោះ។

អ្នកវិភាគអាមេរិកបានប៉ាន់ប្រមាណថា មេរោគបំប្លែងថ្មី Omicron អាចចំលង បានលឿនជាងមេរោគ Delta ២,៧ ដង ហើយការផ្ទុះឡើងនេះនឹងកើនដល់ចំនួនខ្ពស់បំផុតនៅពាក់កណ្តាលខែកុម្ភៈ។

យោងតាមការព្យាករណ៍របស់ក្រសួងសុខភាពសាធារណៈរបស់ប្រទេសថៃ បានព្យាករណ៍ថា នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃ នឹងឡើងដល់ចំណុចកំពូលនៅក្នុងខែមីនាជាមួយនឹងករណីឆ្លងចំនួន ៣០.០០០ ករណីក្នុងមួយថ្ងៃៗ ខណៈចំនួនសរុបនៃករណីឆ្លងមិនត្រូវបានគេព្យាករណ៍នោះទេ។

អង្គការសុខភាពពិភពលោកបានព្រមានថា នៅចុងខែមីនា ពាក់កណ្តាល នៃទ្វីបអឺរ៉ុបនឹងត្រូវ គ្របដណ្តប់ដោយ មេរោគបំប្លែងថ្មី Omicron ។ មិនមែនខ្ញុំមានភាពទុទិដ្ឋិនិយមពេកនោះទេ ប៉ុន្តែខ្ញុំបានកត់សម្គាល់ថា ជំងឺផ្តាសាយអេស្ប៉ាញកាលពីឆ្នាំ ១៩១៨ បានឆ្លង ២៥% នៃប្រជាជនលើពិភពលោក។

កាលពីចុងខែវិច្ឆិកា ឆ្នាំ ២០២១ មុនពេលនៃការផ្ទុះឡើងនៃមេរោគ Omicron មានប្រជាជនពិភពលោក ប្រហែល ៣,៥% ស្មើនឹង ២៨០ លាននាក់ប៉ុណ្ណោះដែលបានឆ្លងវីរុសកូវីដ-១៩។ ប្រសិនបើមេរោគ Omicron ឆ្លងលឿនដូចជាជំងឺគ្រុនផ្តាសាយអេស្ប៉ាញវិញ វានឹងចំលងដល់មនុស្សយ៉ាងហោចណាស់ ២០% នៃចំនួនប្រជាជនពិភពលោក ដែលស្មើនឹងមនុស្ស ១,៦ ពាន់លាននាក់ ។

គ្រាន់តែប្រជាជន ប្រមាណ ២៨០ លាន នាក់ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កកាលពីឆ្នាំ ២០២១ ការផ្គត់ផ្គង់របស់ពិភពលោកស្ថិតក្នុងស្ថានភាពមិនល្អរួចទៅហើយ។

ដើម្បីឱ្យផលិតផល ដែលផលិតដោយប្រទេសចិនបានទៅ ដល់ដៃអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក គេត្រូវចំណាយរយៈពេលរហូតដល់ ៧៦ថ្ងៃ នៅក្នុងឆ្នាំ ២០២១ ខណៈកាលពីឆ្នាំ ២០២០ គេត្រូវចំណាយត្រឹមតែ
៤១ ថ្ងៃតែប៉ុណ្ណោះ។

កង្វះនៃការផ្គត់ផ្គង់បានធ្វើឱ្យតម្លៃផលិតផលមានការកើនឡើង និងបណ្តាលឱ្យអត្រាអតិផរណារបស់សហរដ្ឋអាមេរិកបានកើនឡើងរហូតដល់ទៅ ៦,៨១% នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១។ ហើយប្រសិនបើ មេរោគ Omicron បានរីករាលដាលឆ្លងទៅដល់បុគ្គលិក និងអតិថិជននៅក្នុងចំណោមប្រជាជនលើពិភពលោកជាង ១,៦ ពាន់លាននោះ វាពិតជាពិបាកក្នុងការស្រមៃមើលអំពីផលប៉ះពាល់របស់វា ទៅលើលំហូរផ្គត់ផ្គង់អន្តរជាតិខ្លាំងណាស់។

អំណះអំណាងដែលបានលើកឡើងថា មេរោគ Omicron អាចបង្កឱ្យមានរោគ សញ្ញាស្រាល និងការស្លាប់តិចជាងមុន តែមានការចំលងខ្ពស់ មិនអាចជួយសម្រួល ដល់ការរំខានចំពោះខ្សែច្រវ៉ាក់ផ្គត់ផ្គង់នោះទេ។

ប្រសិនបើមនុស្សជាង ១,៦ ពាន់លាននាក់ ត្រូវឆ្លងមេរោគ ទោះបីជាមានអត្រាស្លាប់ទាបក៏ដោយ ក៏ពួកគេទាំងនោះត្រូវឈប់សម្រាកពីការងារដើម្បីធ្វើចត្តាឡីស័កនៅផ្ទះ ហើយវានឹងបង្កនូវផលប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពផលិតកម្ម។

កាលពីពេលដំបូងៗនៃការផ្ទុះឡើង នៃមេរោគ Omicron បញ្ហាកង្វះកម្លាំងពលកម្មបានជំរុញឱ្យប្រទេសជាច្រើន ត្រូវធ្វើការកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់បុគ្គលិកសំខាន់ៗ ឱ្យមកនៅត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។ ប្រសិនបើពួកគេប្រកាន់ខ្ជាប់នូវរយៈ ពេលធ្វើចត្តាឡីស័កពី ៧ ទៅ ១០ ថ្ងៃដូចពីមុន នោះពួកគេនឹងមិនមាន បុគ្គលិកគ្រប់គ្រាន់នៅក្នុងមន្ទីរពេទ្យ មជ្ឈមណ្ឌលថែទាំនិងឱសថស្ថាននោះទេ។

ប៉ុន្តែអ្វីដែលជា បញ្ហាសំខាន់នោះគឺថា អ្នកដែលផ្ទុកមេរោគ Omicron អាចនឹងជាសះស្បើយក្នុងរយៈ ពេល ៣ថ្ងៃ។ ប៉ុន្តែរយៈពេលនេះនឹងមិនគ្រប់គ្រាន់នោះទេដើម្បីធានាថាពួកគេនឹងលែងមានមេរោគនៅក្នុងខ្លួន ។

តាមទស្សនៈរបស់ខ្ញុំ ការដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះ និងការកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក នឹងធ្វើឱ្យស្ថានការណ៍ផ្ទុះឡើងនៃការឆ្លងកាន់តែមានសភាពអាក្រក់ ទៅវិញទេ។

ចំពោះការស្នាក់នៅក្នុងផ្ទះ អ្នកជំងឺនឹងមិនអាចជៀសផុតពីការធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយសមាជិកគ្រួសារផ្សេងៗទៀតបានឡើយ ជាពិសេសប្រសិនបើផ្ទះរបស់ពួកគេមិនមានកន្លែងទំនេរគ្រប់គ្រាន់។

ហើយការកាត់ បន្ថយរយៈពេលធ្វើចត្តាឡីស័កនឹងមិនអាចធានាបានទេថា អ្នកជំងឺនឹងលែងមានមេរោគនៅក្នុងខ្លួនមុន ពេលពួកគេត្រឡប់ ទៅធ្វើការវិញ ហើយពួកគេក៏អាចនឹងធ្វើការចម្លងមេរោគដោយងាយទៅកាន់មិត្តរួម ការងារ និងមនុស្សដែលពួកគេបានទាក់ទង ។

ការរំខានចំពោះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិតជាមានឥទ្ធិពលដ៏សំខាន់ទៅលើផ្នែកសេដ្ឋកិច្ច ពោលគឺវានឹងធ្វើឱ្យតម្លៃទំនិញមានការកើនឡើងយ៉ាងឆាប់រហ័ស ។

តម្លៃទំនិញនៅក្នុងពិភពលោកបានកើនឡើង ៦០% រួចទៅហើយកាលពីឆ្នាំ ២០២១ ដែលបានបង្កឱ្យមានអតិផរណានៅ ទូទាំងពិភពលោក។ ប្រសិនបើអ្នកគិតថាអត្រាអតិផរណានៃតម្លៃរបស់អ្នកប្រើប្រាស់របស់ប្រជាជន សហរដ្ឋអាមេរិកដែល មានរហូតដល់ទៅ ៦,៨% នៅក្នុងខែវិច្ឆិកាគឺជាការរំខាន នោះអ្នកនឹងកាន់តែភ្ញាក់ផ្អើលនៅពេលដឹងថា អត្រាអតិផរណានៃ តម្លៃរបស់អ្នកផលិត នៅសហរដ្ឋអាមេរិកមានរហូតដល់ទៅ ៩,៦% ឯណោះនៅ ក្នុងខែដូចគ្នានេះ។

ស្ថានភាពតម្លៃនៅក្នុងប្រទេសថៃក៏មិនសូវជាល្អផងដែរ។ ខណៈពេលដែលអត្រាអតិផរណានៃតម្លៃទំនិញ របស់ប្រទេសថៃនៅក្នុងខែ ធ្នូមានត្រឹមតែ ២,២% អត្រាអតិផរណានៃតម្លៃអ្នកផលិតនៅក្នុងខែដូចគ្នានេះមានរហូត ដល់ទៅ ៧,៧%។ គ្មានអ្វីគួរឱ្យសង្ស័យនោះទេ! អត្រាអតិផរណានៅក្នុងប្រទេសថៃនឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងរយៈ ពេលប៉ុន្មានខែខាងមុខនេះ។

ដើម្បីបង្ហាញអំពីផលប៉ះពាល់ដែល បង្កឡើងដោយការរំខានចំពោះខ្សែច្រវ៉ាក់ផ្គត់ផ្គង់មកលើតម្លៃ យើងអាចក្រលេកមកមើលការកើនឡើងនៃតម្លៃសាច់ជ្រូកនៅពេលថ្មីៗនេះ។ សមាគមអ្នកចិញ្ចឹមជ្រូកនៅក្នុងប្រទេសថៃបានប៉ាន់ប្រមាណថា ការរីករាលដាល នៃជំងឺឆ្លងនាពេលថ្មីៗ នេះបានធ្វើឱ្យមានការកាត់បន្ថយការផ្គត់ផ្គង់សាច់ជ្រូកជាងពាក់កណ្តាល និងបានធ្វើឱ្យតម្លៃសាច់ជ្រូកមាន ការកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣០% បើធៀបនឹងតម្លៃកាលពីឆ្នាំមុន។

អ្វីដែលខ្ញុំព្រួយបារម្ភបំផុតពាក់ព័ន្ធនឹងការរំខានចំពោះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែល បង្កឡើងដោយមេរោគ Omicron គឺឧស្សាហកម្មប្រេងពិភពលោក។ តើនឹងមានអ្វីកើត ឡើង ប្រសិនបើមាន ការផ្ទុះឡើងនៃករណីឆ្លងមេរោគនៅក្នុងតំបន់បូមប្រេង រោងចក្រចម្រាញ់ប្រេង និងកន្លែងដឹកជញ្ជូនប្រេង?

បើសិនជាមានករណីឆ្លងពិតមែន គ្រឿងបរិក្ខាទាំងអស់នោះនឹងត្រូវកាត់បន្ថយសមត្ថភាពក្នុងការផលិត ហើយវានឹងធ្វើឱ្យគេមិនអាចផ្គត់ផ្គង់គ្រប់ទៅតាមតម្រូវការ។ ហើយជាងនេះទៅ ទៀត នៅពេលដែលតម្លៃប្រេងចាប់ផ្តើមកើនឡើងដោយសារតែការកាត់បន្ថយផលិតកម្ម ព្រោះតែកង្វះកម្លាំងពលកម្មប្រទេសនានានឹងចាប់ផ្តើមធ្វើការស្តុកទុកប្រេងដែលនឹងធ្វើឲ្យស្ថានភាពនៃតម្លៃប្រេងកាន់តែមានភាពអាក្រក់ទៅៗ។

ប្រទេសផលិតប្រេងកំពូលទាំងបី របស់ពិភពលោកមានដូចជា សហរដ្ឋអាមេរិក រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត សុទ្ធតែកំពុងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់មេរោគ Omicron ខណៈប្រទេសទាំងបី នេះបានគ្រប់គ្រងការផ្គត់ផ្គង់ប្រេងនៅក្នុងពិភពលោករហូតដល់ទៅ ៤០% ឯណោះ។

ការកើនឡើងនៃតម្លៃនឹងបង្កឱ្យមានការ ដំឡើងអត្រាការប្រាក់ និងធ្វើឱ្យតម្លៃរូបិយប័ណ្ណមានការធ្លាក់ចុះ។ ត្រង់ចំណុច នេះ ខ្ញុំសូមលើកយកករណីប្រទេសតួគីដែលអាច នឹងឈានទៅធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចក្នុងពេលឆាប់ៗខាងមុខនេះមកធ្វើជាឧទាហរណ៍។

អត្រាអតិផរណានៅក្នុងប្រទេសតួគីបានកើនឡើងពី ១៥% នៅក្នុងខែមករាឆ្នាំ ២០២១ ឡើងដល់ ៣៦% នៅក្នុងខែធ្នូ ឆ្នាំ ២០២១។ ការកើនឡើងយ៉ាងឆាប់រហ័សនៃអត្រាអតិផរណាបានធ្វើឱ្យអ្នកវិនិយោគបរទេសត្រូវចាកចេញពីប្រទេសនេះ និងបណ្តាលឱ្យប្រាក់ Lira របស់តួគីធ្លាក់ថ្លៃរហូតដល់ទៅ ៥០% ក្នុងរយៈពេលមួយឆ្នាំ។

ការធ្លាក់ចុះយ៉ាងលឿននេះបានធ្វើឱ្យអត្រាអតិផរណាកាន់តែមានភាពកើនឡើង តាមរយៈការដំឡើងថ្លៃទៅលើថាមពល និងផលិតផលនាំចូល ហើយមិនយូរប៉ុន្មានប្រទេសតួគី នឹងត្រូវស្នើសុំជំនួយហិរញ្ញវត្ថុពីមូលនិធិរូបិយវត្ថុអន្តរជាតិ ដោយសារតែទុនបម្រុងអន្តរជាតិរបស់ខ្លួនកំពុងតែធ្លាក់ ចុះយ៉ាងឆាប់រហ័ស។

គ្រប់គ្នាប្រហែលជាគិតថា ប្រទេសតួគី បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ដោយសារតែប្រទេសនេះមានបំណុលសាធារណៈ និងបំណុលខាងក្រៅខ្ពស់ ប៉ុន្តែមិនមែន នោះទេ។ បំណុលសាធារណៈរបស់ប្រទេសតួគីធៀបជាមួយ ផ.ស.ស មានត្រឹមតែ ៤២% ប៉ុណ្ណោះ នៅទាបជាងប្រទេសថៃដែលមានរហូតដល់ទៅ ៦០% ខណៈបំណុលខាងក្រៅរបស់តួគីធៀបជាមួយ ផ.ស.ស ក៏មានត្រឹមតែ ៦៣% ផងដែរ ហើយអ្វីដែលជាមូលហេតុពិតប្រាកដនោះគឺ បញ្ហាអតិផរណានេះតែម្តង។

ប្រទេសថៃត្រូវតែបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាអតិផរណា ជាពិសេសនៅពេលដែលពិភពលោកកំពុងតែជួប្រទះនឹងហានិភ័យខ្ពស់នៃការរំខានចំពោះខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលដោយសារតែមេរោគ Omicron ។

ខ្ញុំសង្ឃឹមថាប្រទេសថៃនឹងមិនធ្វើឱ្យមានកំហុសដូច ប្រទេសតួគីនោះទេ។ ប្រទេសតួគីកំពុងបង្កើនបំណុលរបស់រដ្ឋយ៉ាងច្រើនដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងទទួលហិរញ្ញប្បទានពីការ បោះពុម្ពប្រាក់ពីសំណាក់ធនាគារកណ្តាល។ ការធ្វើបែបនេះបានបង្កឱ្យមានអតិផរណាខ្ពស់ និងអាចឈានដល់ការដួលរលំនៃសេដ្ឋកិច្ច៕ Bangkok Post

អត្ថបទទាក់ទង