ខ្មែរប៉ុស្ដិ៍ Close

របៀបដែលសង្រ្គាមនៅអ៊ុយក្រែនបានធ្វើឲ្យមានភាពរង្គោះរង្គើ និងមានការប្រែប្រួលនៅតំបន់អាស៊ីនៅក្នុងឆ្នាំ ២០២២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 42
របៀបដែលសង្រ្គាមនៅអ៊ុយក្រែនបានធ្វើឲ្យមានភាពរង្គោះរង្គើ និងមានការប្រែប្រួលនៅតំបន់អាស៊ីនៅក្នុងឆ្នាំ ២០២២ របៀបដែលសង្រ្គាមនៅអ៊ុយក្រែនបានធ្វើឲ្យមានភាពរង្គោះរង្គើ និងមានការប្រែប្រួលនៅតំបន់អាស៊ីនៅក្នុងឆ្នាំ ២០២២

កាលពីថ្ងៃទី ១៥ ខែធ្នូ កងទ័ពអាកាសមីយ៉ាន់ម៉ាបានបង្ហាញយន្តហោះចម្បាំងរុស្ស៊ី Su-30 ចំនួន ២ គ្រឿងនៅក្នុងពិធីអបអរសាទរខួបលើកទី ៧៥ របស់ខ្លួន។ យន្តហោះ ២ ក្នុងចំណោមយន្តហោះដែលបានបញ្ជាទិញកាលពីឆ្នាំ ២០១៨ ចំនួន ៦ គ្រឿង ហើយទើបនឹងបានដឹកមកដល់នៅដើមឆ្នាំនេះ គឺជាយន្តហោះដែលមានម៉ាស៊ីនភ្លោះ កៅអី២ ហើយសក្ដិសមសម្រាប់បម្រើការក្នុងបេសកកម្មនៅលើអាកាស ប៉ុន្តែការរចនាម៉ូតតាំងពីឆ្នាំ ១៩៨០ បានធ្វើឱ្យយន្តហោះនេះមានតម្លៃថ្លៃក្នុងការធ្វើប្រតិបត្តិការ និងមានសមត្ថភាពមានកម្រិតសម្រាប់ការប្រើប្រាស់នៅក្នុងបេសកកម្មរបស់កងទ័ពមីយ៉ាន់ម៉ាសព្វថ្ងៃ។

ពិធីខាងលើបានរំលេចអំពីទំនាក់ទំនងដ៏កក់ក្ដៅរវាងរដ្ឋាភិបាលទាំងពីរ ជាពិសេសគឺរវាងបុរសខ្លាំង ២ នាក់ ដែលកំពុងតែទទួលខុសត្រូវចំពោះសកម្មភាពយោធាជាមួយនឹងផលប៉ះពាល់ដ៏វែងឆ្ងាយបំផុតមួយនៅក្នុងសម័យក្រោយសង្គ្រាមត្រជាក់។ បុគ្គលទាំងពីរសុទ្ធតែបានធ្វើសកម្មភាពដែលបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក សន្តិភាព និងរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ហើយពួកគេទាំងពីរក៏បានបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងបានធ្វើឲ្យមានការបែកបាក់គ្នានៅក្នុងអាស៊ានផងដែរ។

កាលពីឆ្នាំមុន នៅថ្ងៃទី ០១ ខែកុម្ភៈ ឧត្តមសេនីយ៍ជាន់ខ្ពស់មីយ៉ាន់ម៉ា លោក Min Aung Hlaing បានឡើងកាន់អំណាចតាមរយៈការបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសលោក ចេញពីតំណែង។

នៅឆ្នាំនេះ នៅថ្ងៃទី ២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចូលលុកលុយប្រទេសអ៊ុយក្រែន ដែលបានធ្វើឱ្យមានភាពភ្ញាក់ផ្អើលពាសពេញពិភពលោក។

ទីក្រុង Kyiv ប្រហែលជាស្ថិតនៅចម្ងាយពាក់កណ្តាលពិភពលោកពីតំបន់អាស៊ី ប៉ុន្តែជម្លោះនោះបានជះឥទ្ធិពលមកដល់តំបន់នេះយ៉ាងច្រើន។ ក្រៅពីការជំរុញឱ្យមានការកើនឡើងនៃអត្រាអតិផរណា និងកង្វះស្បៀងអាហារ រហូតដល់បង្កឱ្យមានការផ្លាស់ប្តូរទំនាក់ទំនង និងជំរុញការកែសម្រួលគោលនយោបាយស្តីពីថាមពល និងការការពារ សង្រ្គាមនេះបានផ្លាស់ប្តូរវិធីប្រតិបត្តិការរបស់តំបន់អាស៊ីទាំងស្រុង។ មុនពេលមានសង្គ្រាម ប្រទេសអ៊ុយក្រែនអាចផលិតអាហារគ្រប់គ្រាន់សម្រាប់មនុស្សជាង ៤០០ លាននាក់។

អាស៊ានដែលមានប្រទេសជាសមាជិកជាច្រើនក្នុងចំណោមសមាជិកទាំង១០ មានទំនាក់ទំនងជាយូរមកហើយជាមួយរុស្ស៊ីនោះ មិនអាចស្វែងរកជំហររួបរួមចំពោះជម្លោះនេះបានទេ។ នៅពេលនិយាយដល់ប្រទេសរុស្ស៊ីនិងមីយ៉ាន់ម៉ា របបទាំងពីរកំពុងពង្រឹងចំណងយោធារបស់ពួកគេឱ្យកាន់តែស៊ីជម្រៅ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច។

អ្នកជំនួញមីយ៉ាន់ម៉ាម្នាក់ដែលបានចូលរួមនៅក្នុងវេទិកាថ្មីៗនេះនៅទីក្រុងណៃពិដោបានប្រាប់សារព័ត៌មាន Nikkei Asia ថា «នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី គឺពិតជាមានភាពគួរឱ្យកត់សម្គាល់»។

ព្រឹត្តិការណ៍នេះបានកើតឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចរបស់លោក Maxim Reshetnikov រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រុស្ស៊ីមកកាន់មីយ៉ាន់ម៉ា។ យោងតាមកាសែតរដ្ឋមួយបានឱ្យដឹងថា ក្រុមហ៊ុនចំនួន ១០០ មកពីប្រទេសរុស្ស៊ី និង ២០០ មកពីប្រទេសមីយ៉ាន់ម៉ា បានចូលរួមនៅក្នុងវេទិកានេះ ហើយបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនៅលើវិស័យជាច្រើនរួមមាន ផលិតកម្ម ថាមពល ទេសចរណ៍ និងហិរញ្ញវត្ថុ។

អ្នកជំនួញរូបនេះបាននិយាយថា «ការចាប់អារម្មណ៍របស់រុស្ស៊ីក្នុងការធ្វើពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ាបានកើនឡើងទាំងនៅក្នុងចំណោមអាជីវកម្មខ្នាតតូច» ជាពិសេសចាប់តាំងពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច បានបង្កើននូវតម្លៃនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ។

នៅក្នុងតំបន់អាស៊ាន ប្រទេសមីយ៉ាន់ម៉ាគឺជាសមាជិកតែមួយគត់ដែលបានបង្ហាញការគាំទ្រដោយចំហចំពោះសង្រ្គាមរុស្ស៊ី។ ចំណែកឯប្រទេសសិង្ហបុរីបានជ្រើសយកវិធីសាស្ត្រតឹងតែងខុសពីធម្មតា ដោយបានធ្វើការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ។

ប្រទេសខ្លះទៀតហាក់មានជំហរមិនច្បាស់លាស់ និងបានអំពាវនាវរកសន្តិភាព ហើយកំពុងតែព្យាយាមស្តារទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញ ជាពិសេសគឺថៃដែលជាប្រទេសដែលរុស្ស៊ីកំពុងតែមានភាពរីករាយក្នុងការបញ្ចុះបញ្ចូលជាមួយសភាដែលគ្រប់គ្រងដោយក្រុមយោធា។

មុនមានវិបត្តិកូវីដ-១៩ ប្រទេសរុស្ស៊ីគឺជាប្រភពទេសចរណ៍ធំជាងគេទី៤ របស់ប្រទេសថៃ ដែលក្នុងនោះ មានអ្នកទេសចរចំនួន ១,៤៨ លាននាក់នៅក្នុងឆ្នាំ ២០១៩ ជាមួយនឹងការផ្តល់ទិដ្ឋាការរយៈពេល ៣០ថ្ងៃ ដោយឥតគិតថ្លៃ។

នៅក្នុងខែតុលា ក្រុមហ៊ុនអាកាសចរណ៍ Aeroflot បានបន្តសេវាកម្មទៅកាន់កោះនៅតំបន់ Andaman Sea នៃខេត្ត Phuket ភាគខាងត្បូងប្រទេសថៃ។ ជនជាតិរុស្សីជាង ៤៤ ០០០ នាក់បានចូលមកក្នុងប្រទេសថៃនៅក្នុងខែនោះ ដែលចំនួននេះមានច្រើនជាងភ្ញៀវទេសចរណ៍ដែលមកពីអូស្ត្រាលី ឬជប៉ុនទៅទៀត។

ឈុតឆាកនេះ គឺពិតជាមានភាពខុសគ្នាឆ្ងាយពីកាលខែមីនា នៅពេលដែលភ្ញៀវទេសចររុស្ស៊ី ត្រូវបានជាប់គាំងជុំវិញពិភពលោកដោយសារតែបណ្ណឥណទានរបស់ពួកគេបានគាំង និងការធ្លាក់ចុះនៃប្រាក់ Ruble។

នៅក្នុងពេលជាមួយគ្នានេះ ដំណើរការមិនល្អនៃសម្ភារៈយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន បានធ្វើឱ្យមានការសង្ស័យមិនត្រឹមតែនៅក្នុងបណ្តាប្រទេសនាំចូលអាវុធនៅអាស៊ានប៉ុណ្ណោះទេ សូម្បីតែសម្ព័ន្ធមិត្ត «គ្មានដែនកំណត់» គឺប្រទេសចិន ក៏មានការសង្ស័យដូចគ្នាដែរ។

ខណៈពេលដែលពិភពលោកកំពុងតែព្រួយបារម្ភអំពីផែនការរបស់ប្រទេសចិនសម្រាប់កោះតៃវ៉ាន់ កងទ័ពរំដោះប្រជាជនចិនមានសំភារៈយោធាយ៉ាងច្រើនដែលត្រូវបានរចនាម៉ូដដោយសូវៀតនិងរុស្ស៊ីដែលកំពុងតែមានភាពហួសសម័យ។ ការលិចរបស់នាវា Moskva អាយុ ៣៩ ឆ្នាំ ដែលជានាវាចម្បាំងរបស់រុស្ស៊ីនៅក្នុងសមុទ្រខ្មៅ គឺពិតជារឿងដ៏គួរឱ្យព្រួយបារម្ភជាពិសេស។

នាវា Liaoning ដែលជានាវាផ្ទុកយន្តហោះ១ របស់ប្រទេសចិន គឺជាកប៉ាល់ដែលត្រូវបានគេដាក់លក់នៅក្នុងឆ្នាំ ១៩៨៥ ហើយបានលក់ទៅឱ្យប្រទេសចិននៅក្នុងឆ្នាំ ១៩៩៨។ នាវា Shandong ដែលជានាវាផ្ទុកយន្តហោះទី២ របស់ប្រទេសចិនក៏ត្រូវបានគេយកគំរូតាមនាវា Liaoning នេះ ហើយនាវា Fujian ដែលជានាវាទី៣ របស់ប្រទេសចិន ក៏ត្រូវបានដាក់អោយដំណើរការដូចគ្នានៅក្នុងឆ្នាំនេះដែរ តែវានៅតែមិនទាន់បានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅឡើយទេ បើទោះបីជាវាមានសមត្ថភាពអាចបាញ់គ្រាប់រំសេវបានក៏ដោយ។

អ្នកទិញអាវុធរុស្ស៊ីដ៏សំខាន់មួយទៀតដែលអាចនឹងត្រូវគិតគូរឡើងវិញដែរនោះ គឺប្រទេសឥណ្ឌា។ របាយការណ៍របស់មូលនិធិ Vivekananda International Foundation របស់ឥណ្ឌាដែលបានផ្អែកទៅលើការពិភាក្សារបស់អតីតមន្ត្រីការទូត និងមន្ត្រីយោធាអំពីការវិភាគទៅលើយុទ្ធនាការយោធារបស់ទីក្រុងមូស្គូ បានលើកឡើងថា «គុណភាពនៃបច្ចេកវិទ្យារុស្ស៊ីដែលពីមុនគិតថាជាឧត្តមភាព ពេលនេះកំពុងត្រូវបានគេចោទសួរកាន់តែខ្លាំងឡើងហើយ»។

ទោះបីជាមានការរអ៊ូរទាំបែបនេះក៏ដោយ ក៏ទីក្រុង New Delhi បានចៀសវាងពីការថ្កោលទោសចំពោះក្រុងម៉ូស្គូដែរ។ នាយករដ្ឋមន្រ្តី Narendra Modi បានប្រាប់លោក Putin ដោយផ្ទាល់ថា «នេះមិនមែនជាយុគសម័យសម្រាប់ការធ្វើសង្គ្រាមទេ» ហើយបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការសន្ទនា។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសឥណ្ឌាក៏ទទួលបានអត្ថប្រយោជន៍ផងដែរពីការទិញប្រេងឆៅរុស្ស៊ីក្នុងតម្លៃថោក។

ការនាំចូលទាំងនោះបានហក់ឡើងក្រោយការធ្វើសង្គ្រាមបានកើតឡើង ខណៈដែលរដ្ឋមន្ត្រីឥណ្ឌាបានច្រានចោលចំពោះការរិះគន់ ជាពិសេសខណៈពេលដែលតំបន់អឺរ៉ុបនៅតែបន្តទិញឧស្ម័នពីប្រទេសរុស្ស៊ី។

របាយការណ៍របស់វិទ្យាស្ថាន Vivekananda បានលើកឡើងថា «ទីក្រុង New Delhi នឹងត្រូវបង្ហាញអំពីភាពរហ័សរហួនកាន់តែខ្លាំងនៅក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។ ផលប៉ះពាល់យ៉ាងណា គឺត្រូវពឹងផ្អែកយ៉ាងសំខាន់ទៅលើជំហរដែលពួកគេនឹងប្រកាន់យក»។

ដើរតាមគន្លងប្រទេសឥណ្ឌា ប្រទេសប៉ាគីស្ថានដែលកំពុងតែជាប់គាំងសាច់ប្រាក់នឹងងាកមកទិញប្រេងបញ្ចុះតម្លៃរបស់រុស្ស៊ីក្នុងតម្លៃរហូតដល់ ៤,៣ លានតោន ដែលនឹងត្រូវចាប់ផ្តើមនៅឆ្នាំក្រោយ។ ខណៈមិនមានបំពង់បង្ហូរ ការបញ្ចុះតម្លៃខាងលើនឹងជួយទូទាត់ជំនួសឱ្យថ្លៃដឹកជញ្ជូនសំខាន់ៗ។

ប្រទេសស្រីលង្កាដែលកំពុងតែក្ស័យធន ក៏នឹងដើរតាមមាគ៌ាស្រដៀងគ្នានេះដែរ ហើយពេលនេះគេកំពុងរង់ចាំមើលថា តើប្រទេសណាមួយនឹងត្រូវទទួលការរិះគន់ពីសំណាក់លោកខាងលិចនៅក្នុងអំឡុងពេលដ៏អស់សង្ឃឹមបែបនេះ។

ប្រទេសនៅតំបន់អាស៊ីខាងត្បូងទាំងនេះស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងបំផុតដោយសារការកើនឡើងនៃអត្រាអតិផរណា និងអសន្តិសុខស្បៀង ដែលបានកើតឡើងដោយសារតែជម្លោះ។

មុនការឈ្លានពាន រុស្ស៊ីគឺជាប្រទេសនាំចេញជីច្រើនជាងគេរបស់ពិភពលោក ខណៈអ៊ុយក្រែនជាច្រកនាំចេញដ៏សំខាន់។ ដោយសារតែសង្គ្រាម សន្ទស្សន៍តម្លៃជីរបស់ធនាគារពិភពលោកបានកើនឡើងដល់ ២៥៤,៩៦ នៅក្នុងខែមេសា បើធៀបនឹងតួលេខ ១៩៦,៤៤ កាលពីខែកុម្ភៈ។

ចាប់តាំងពីពេលនោះមក វាបានធ្លាក់ចុះមកនៅប្រហែល ២០០ វិញ ប៉ុន្តែនិន្នាការទាំងមូលគឺមិនសូវមានការលើកទឹកចិត្តនោះទេ សម្រាប់ប្រទេសដែលកំពុងតែពិបាកដូចជាប្រទេសស្រីលង្កា។ តម្លៃបានហក់ឡើងខ្ពស់ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ នៅពេលដែលសន្ទស្សន៍មានត្រឹមតែ ៧៧,៨៤ ខណៈប្រទេសចិនបានកាត់បន្ថយការនាំចេញជីនៅឆ្នាំ ២០២១ ដើម្បីការពារសន្តិសុខស្បៀងរបស់ខ្លួន។

តម្លៃស្រូវសាលីសកលក៏បានហក់ឡើងផងដែរដោយសារតែសង្រ្គាមនេះ ព្រោះអ៊ុយក្រែននិងរុស្ស៊ីបានរួមចំណែករហូតដល់ ៣០% នៃការនាំចេញស្បៀងអាហារពិភពលោក។ ឥណ្ឌាដែលជាប្រទេសផលិតធំជាងគេទី២ របស់ពិភពលោកបន្ទាប់ពីប្រទេសចិន ស្រាប់តែបានធ្វើការហាមឃាត់ការនាំចេញគ្រាប់ធញ្ញជាតិនៅក្នុងខែឧសភា ដើម្បីពិនិត្យមើលតម្លៃកើនឡើង និងបង្កើនការផ្គត់ផ្គង់ក្នុងស្រុក។ កាលពីខែកញ្ញា ក្នុងនាមជាប្រទេសនាំចេញអង្ករធំជាងគេរបស់ពិភពលោក ឥណ្ឌាក៏បានដាក់កម្រិតការនាំចេញអង្ករមួយចំនួនផងដែរ។

អត្រាអតិផរណាបាននឹងកំពុងកើនឡើងនៅក្នុងកម្រិតដែលមិនធ្លាប់មាននៅទូទាំងពិភពលោក ហើយត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិព្យាករណ៍ថា នឹងឈានដល់ ៨,៨% ជារៀងរាល់ឆ្នាំនៅក្នុងខែនេះ។ សម្រាប់រយៈពេល ១០ ខែជាប់ៗគ្នានៅក្នុងឆ្នាំនេះ អត្រាអតិផរណាលក់រាយរបស់ឥណ្ឌានៅតែស្ថិតនៅលើកម្រិតនៃក្រុមគោលដៅរបស់ធនាគារកណ្តាលដែលបានកំណត់ត្រឹម ២% ទៅ ៦%។

នៅក្នុងខែវិច្ឆិកា អត្រាខាងលើត្រូវបានបន្ធូរបន្ថយមកនៅត្រឹម ៥,៨៨% ដោយសារតម្លៃអាហារបានធ្លាក់ចុះ។

ភាពល្អប្រសើរស្រដៀងគ្នានេះត្រូវបានគេមើលឃើញកាន់តែទូលាយនៅក្នុងពិភពលោក ខណៈប្រជាជននៅកន្លែងខ្លះអាចនឹងស្ថិតនៅក្នុងសភាពយ៉ាប់យឺនជាងនេះទៅទៀត។ សង្រ្គាមបានគូសបញ្ជាក់អំពីភាពអាស្រ័យ និងភាពងាយរងគ្រោះផ្សេងៗទៀតនៅក្នុងតំបន់អាស៊ី។

ការហាមប្រាមជាបណ្តោះអាសន្នរបស់ឥណ្ឌូណេស៊ីកាលពីដើមឆ្នាំនេះលើការនាំចេញប្រេងដូង ក៏បានធ្វើឱ្យប្រទេសឥណ្ឌាមានការភ្ញាក់ផ្អើលផងដែរ ខណៈសឹងតែពាក់កណ្តាលនៃតម្រូវការរបស់ឥណ្ឌា ត្រូវទទួលបានការផ្គត់ផ្គង់ពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។

ការផ្លាស់ប្តូរជំហររបស់ទីក្រុងហ្សាកាតាបានកើតឡើងនៅពេលដែលប្រេងផ្កាឈូករ័ត្នដែលឥណ្ឌា និងពិភពលោកទាំងមូលតែងតែនាំចូលពីប្រទេសអ៊ុយក្រែន កំពុងស្ថិតនៅក្រោមសម្ពាធ។ ទន្ទឹមនឹងនេះ ឥណ្ឌូណេស៊ីគឺជាអ្នកនាំចូលស្រូវសាលី ពីអ៊ុយក្រែនធំជាងគេទី២ របស់ពិភពលោក ហើយពួកគេត្រូវស្វែងរកជម្រើសផ្សេងដែលមានតម្លៃថ្លៃជាង ដើម្បីធ្វើមី នំប៉័ង និងម្សៅ។

ជប៉ុនដែលមិនសូវសំបូរធនធាន បានពឹងផ្អែកទៅលើឥន្ធនៈនាំចូលជិត ៩០% នៃតម្រូវការរបស់ខ្លួន ហើយសង្រ្គាមបានបង្កឱ្យមានហានិភ័យផ្នែកថាមពលដែលនឹងអាចជំរុញឱ្យមានការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំនួន។

ពាក់ព័ន្ធនឹងគម្រោង Sakhalin-2 ដែលជាគម្រោងប្រេងនិងឧស្ម័ននៅតំបន់ចុងបូព៌ារបស់រុស្ស៊ី។ ខណៈពេលដែលក្រុមហ៊ុនអន្តរជាតិជាច្រើនមិនចង់ធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី ដែលរួមមានទាំងក្រុមហ៊ុនដៃគូ Sakhalin-2 Shell ផងនោះ ក្រុមហ៊ុនក្នុងស្រុករបស់ជប៉ុនគឺក្រុមហ៊ុន Mitsui & Co និង Mitsubishi Corp បានផ្តល់សញ្ញាកាលពីខែសីហាថា ពួកគេមានបំណងចង់ស្ថិតនៅក្នុងគម្រោងក្រោមក្រុមហ៊ុនប្រតិបត្តិការថ្មីគឺ Sakhalin Energy ហើយភាគហ៊ុនរបស់ពួកគេត្រូវបានអនុម័តដោយប្រទេសរុស្ស៊ីនៅថ្ងៃទី ៣១ ខែសីហា។

រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន លោក Yasutoshi Nishimura បាននិយាយថា «កិច្ចព្រមព្រៀងពិតជាមានសារៈសំខាន់ដ៏អស្ចារ្យសម្រាប់សន្តិសុខថាមពលជាតិ»។ ជប៉ុនទទួលបានប្រហែល ៦០% នៃទិន្នផលរបស់គម្រោង Sakhalin-2 ដែលស្មើនឹង ១០% នៃការនាំចូលឧស្ម័នធម្មជាតិរាវសរុបរបស់ខ្លួនផងដែរ។

នៅក្នុងខែវិច្ឆិកា ប្រទេសជប៉ុនក៏បានជ្រើសរើសក្នុងការរក្សាភាគហ៊ុនរបស់ខ្លួននៅក្នុងគម្រោង Sakhalin-1 ដែលជាគម្រោងប្រេងនៅក្នុងតំបន់ដែលក្រុមហ៊ុន ExxonMobil របស់អាមេរិកបានចាកចេញ។ ភាគហ៊ុននោះក៏ត្រូវបានអនុម័តដោយប្រទេសរុស្ស៊ីនៅក្នុងខែនេះផងដែរ។

ទោះជាយ៉ាងនេះក្តី ក្តីបារម្ភអំពីភាពជឿជាក់នៃការផ្គត់ផ្គង់ការចំណាយលើការនាំចូលខ្ពស់ និងអាទិភាពនៃការរំលាយកាបូន បានធ្វើឱ្យប្រទេសជប៉ុនមានការរអាក់រអួលបន្តិចបន្តួច ហើយបានជំរុញឱ្យពួកគេងាកមករកថាមពលនុយក្លេអ៊ែរឡើងវិញ។

ជាង ២៥% នៃការផលិតថាមពលរបស់ជប៉ុនកាលពីឆ្នាំ ២០១០ បានធ្លាក់ចុះមកត្រឹម ១៣,៤% នៅក្នុងឆ្នាំ ២០២០ បន្ទាប់ពីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima ដែលបណ្តាលមកពីការរញ្ជួយដីដ៏ធំ និងរលកយក្ខស៊ូណាមិ នៅក្នុងឆ្នាំ ២០១១។ កាលពីថ្ងៃទី ០៣ ខែតុលា នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានប្រាប់សភាថា «ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាព នៅក្នុងពេលដែលដំណើរការងាកទៅរកថាមពលបៃតងកំពុងតែដំណើរការនោះ យើងនឹងត្រូវងាកមកពិចារណាលើបញ្ហាថាមពលនុយក្លេអ៊ែរឡើងវិញ ក្រោយពីកើតមានវិបត្តិថាមពលដែលបង្កឡើងដោយប្រទេសរុស្ស៊ី»។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ជប៉ុនបានដាក់ចេញនូវគោលនយោបាយថាមពលថ្មីមួយ ជាមួយនឹងតួនាទីយូរអង្វែងសម្រាប់ថាមពលនុយក្លេអ៊ែរ។ ទោះយ៉ាងណាក៏ដោយ ក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៣៣ ដែលមានស្រាប់ មានតែ ១០ ប៉ុណ្ណោះដែលនឹងត្រូវសម្រេចឲ្យមានដំណើរការឡើងវិញ។

លោក Tom O’Sullivan ស្ថាបនិកក្រុមហ៊ុន Mathyos Advisory ដែលជាក្រុមហ៊ុនទីប្រឹក្សាផ្នែកថាមពលនិងការពារជាតិ ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានផ្តល់ការសរសើរដល់ប្រទេសជប៉ុនសម្រាប់ការធ្វើពិពិធកម្មប្រភពថាមពលច្រើនជាងប្រទេសអាល្លឺម៉ង់។ លោកបានបន្តថា «គេមិនអាចពឹងផ្អែកទៅលើប្រេង និងឧស្ម័នរបស់រុស្ស៊ីលើសពី ១០% ទេ ។ ជប៉ុនសមនឹងទទួលបានការសរសើរខ្លះសម្រាប់រឿងនោះ»។

ប៉ុន្តែលោក O’Sullivan ជឿជាក់ថា មានមេរៀនការពារជាតិសំខាន់ៗជាច្រើនដែលជប៉ុននិងតៃវ៉ាន់ គួរតែរៀនសូត្រពីការវាយលុករបស់រុស្ស៊ីដែលបានដាក់គោលដៅផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលរួមមានទាំងស្ថានីយ៍ថាមពលនុយក្លេអ៊ែរផងដែរនោះ។

លោកបាននិយាយថា «យើងក៏កំពុងប្រឈមមុខនឹងស្ថានការណ៍ជាមួយប្រទេសកូរ៉េខាងជើង ហើយមធ្យោបាយមួយដែលអាចបង្កការខូចខាតដល់ជប៉ុន គឺការវាយលុកទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ បើយើងសម្លឹងឆ្ពោះទៅមុខ ក្រោយឆ្នាំ ២០២៣ យើងត្រូវធ្វើឱ្យប្រាកដថា ហេដ្ឋារចនាសម្ព័ន្ធថាមពលបច្ចុប្បន្នត្រូវបានការពារ ហើយភាពងាយរងគ្រោះនឹងត្រូវបានកាត់បន្ថយប្រសិនបើមានជម្លោះកើតឡើង»។

អ្វីដែលជាសំណួរកាន់តែធំសម្រាប់តំបន់អាស៊ី និងពិភពលោកនៅឆ្នាំក្រោយគឺ «តើត្រូវបញ្ចប់សង្រ្គាមដោយរបៀបណា? ហើយអ្នកណាអាចដើរតួជាអ្នកបង្កើតសន្តិភាព?»

អ៊ុយក្រែននៅតែជាការរំខានផ្នែកការទូតដ៏លើសលប់ក្រៅពីបញ្ហាពិភពលោកដ៏តានតឹងផ្សេងៗទៀត ដូចជាការប្រែប្រួលអាកាសធាតុ និងការងើបឡើងពីជំងឺរាតត្បាតកូវីដ-១៩។

នៅឆ្នាំនេះ ប្រទេសថៃមិនទទួលបានជោគជ័យក្នុងការអញ្ជើញលោក Putin ឱ្យមកចូលរួមនៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC ដែលខ្លួនធ្វើជាម្ចាស់ផ្ទះកាលពីខែវិច្ឆិកានោះទេ ដែលកិច្ចប្រជុំនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា និងកិច្ចប្រជុំកំពូលរបស់មេដឹកនាំ G-20 នៅទីក្រុងបាលីនៃប្រទេសឥណ្ឌូណេស៊ី។

ឯកអគ្គរដ្ឋទូតថៃដែលបានចូលនិវត្តន៍ បានប្រាប់សារព័ត៌មាន Nikkei ថា «យើងធ្វើមិនបានល្អដូចប្រទេសឥណ្ឌូណេស៊ីទេ។ យ៉ាងហោចណាស់ ឥណ្ឌូណេស៊ីបានទទួលលោក Biden នៅទីនោះ ហើយពួកគេបានលើកឡើងអំពីបញ្ហានៅអ៊ុយក្រែន រហូតធ្វើឱ្យពួកគេអាចចេញបាននូវសេចក្តីប្រកាសមួយ»។

នៅឆ្នាំ ២០២៣ អ្នកខ្លះបានមើលឃើញថា ប្រធាន G-20 ថ្មី គឺឥណ្ឌា នឹងប្រើប្រាស់ទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី ដើម្បីធ្វើការជំរុញឱ្យមានការបញ្ឈប់ការបាញ់ប្រហារ។

អ្នកការទូតថៃរូបនេះបាននិយាយថា «ប្រជាជនឥណ្ឌានិងចិន កំពុងដើរតាមផ្លូវរៀងៗខ្លួន។ វាមិនមែនជាជម្រើសសម្រាប់តំបន់បូព៌ាដ៏សាមញ្ញទៀតទេ ហើយបណ្តាប្រទេសនៅអាស៊ានក៏សប្បាយចិត្តជាមួយនឹងស្ថានភាពកាន់ត រញ៉េរញ៉ៃទាំងនេះ ដោយសារពួកគេមិនចាំបាច់បង្កើតជម្រើសគោល២ គឺ សនិងខ្មៅ នោះដែរ។ យើងនឹងត្រូវរង់ចាំមើលស្ថានភាពជាក់ស្តែងនៅក្នុងរដូវរងានេះ»៕

Nikkei Asia

អត្ថបទទាក់ទង