ខ្មែរប៉ុស្ដិ៍ Close

វិបត្តិនៅអ៊ុយក្រែនបានបង្កនូវការភ័យខ្លាចថ្មីមួយទៀត ស្តីពីវិបត្តិស្បៀងអាហារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 81
វិបត្តិនៅអ៊ុយក្រែនបានបង្កនូវការភ័យខ្លាចថ្មីមួយទៀត ស្តីពីវិបត្តិស្បៀងអាហារ វិបត្តិនៅអ៊ុយក្រែនបានបង្កនូវការភ័យខ្លាចថ្មីមួយទៀត ស្តីពីវិបត្តិស្បៀងអាហារ

ការឈ្លានពានរបស់រុស្សីលើប្រទេសអ៊ុយក្រែន និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសនេះ បាននិងកំពុងបង្កហានិភ័យនៃការកើតមាននូវវិបត្តិស្បៀងអាហារពិភពលោកថ្មីមួយទៀត។ ទ្វីបអាស៊ីធ្លាប់បានរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុងអំឡុងកើតមានវិបត្តិស្បៀងអាហារកាលពីឆ្នាំ ២០០៧-២០០៨ ដែលបណ្ដាលមកពីអាកប្បកិរិយាភ័យស្លន់ស្លោនៅលើទីផ្សារអង្កររបស់តំបន់។

វាហាក់បីដូចជាឆាប់ពេកក្នុងការកំណត់អំពីផលប៉ះពាល់លើការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ក៏ដូចជាផលប៉ះពាល់លើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ដែលបង្កឡើងដោយការលុកលុយរបស់រុស្ស៊ី ដោយផ្អែកលើ ភាពប្រក្រតីនៃការ ប្រមូលផលស្រូវសាលីនៅរដូវរងាក៏ដូចជាការដាំដុះស្រូវសាលី, ពោត,ផ្កាឈូករ័ត្ន ព្រមទាំងទំនិញផ្សេងៗទៀត ដែលអ៊ុយក្រែនជាប្រទេសនាំចេញដ៏សំខាន់មួយ។

ប្រទេសអ៊ុយក្រែនត្រូវបានចាត់ទុកជា «ជង្រុកស្បៀងរបស់អឺរ៉ុប» ដោយសារហេតុផលមួយ ក៏ប៉ុន្តែរឿងដ៏ច្បាស់លាស់បំផុតមួយគឺ «សេដ្ឋកិច្ចនៃស្បៀងអាហារពិភពលោកកំពុងឈានឆ្ពោះទៅរកវិបត្តិដ៏ធំមួយទៀត ដែលអាចមានលក្ខណៈប្រហាក់ប្រហែលនឹងការរំខានដែលបានកើត ឡើងនៅក្នុងឆ្នាំ ២០០៧-២០០៨»។

មេរៀនសំខាន់ៗជាច្រើនត្រូវបានដកស្រង់ចេញពីវិបត្តិស្បៀងអាហារនៅពេលនោះ ហើយការចៀសវាងពីការប្រព្រឹត្តកំហុសទាំងនោះ គឺមានភាពចាំបាច់ខ្លាំងណាស់ក្នុងការរក្សាសេដ្ឋកិច្ចស្បៀងអាហារនៅក្នុងតំបន់
ឱ្យមានស្ថិរភាពនៅពេលនេះ។ របៀបដែលប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីដំណើរការទៅមុខ នៅពេលកើតមានការរឹតបន្តឹងលើការផ្គត់ផ្គង់ស្បៀងអាហារនឹងផ្តល់ជាផលប្រយោជន៍ដល់ប្រទេសអូស្ត្រាលី។

ទ្វីបអាហ្រ្វិកបានរងគ្រោះពីការបាត់បង់លទ្ធភាពក្នុងការប្រើប្រាស់ស្រូវសាលីរបស់អ៊ុយក្រែនរួចទៅហើយ ខណៈការនាំចេញពោតនិងសណ្ដែកសៀងទៅកាន់ប្រទេសចិនក៏ត្រូវបានផ្អាក ហើយទីផ្សារប្រេងដែលផលិតពីគ្រាប់ធញ្ញជាតិ និងដែលមានតម្លៃខ្ពស់រួចស្រាប់ទៅហើយនោះ នៅពេលឥឡូវនេះ បាននិងកំពុងរងនូវការគំរាមកំហែងកាន់តែខ្លាំង ដោយសារការបាត់បង់ប្រេងដែលចម្រាញ់ចេញពីគ្រាប់ផ្កាឈូករ័ត្នរបស់អ៊ុយក្រែន។

តម្លៃស្រូវសាលីនៅលើទីផ្សារដាក់ដេញថ្លៃ (Futures Market) បានឡើងថ្លៃខ្ពស់ខ្លាំង ដោយសារការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ជាក់ស្តែងតម្លៃស្រូវសាលីបានស្ថិតនៅក្នុងកម្រិតខ្ពស់រួចស្រាប់ទៅហើយ ដោយសារតែភាពរអាក់រអួលនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីវីរុសកូវីដ-១៩។

ប្រសិនបើវិបត្តិនេះពិតជាកើតឡើងមែន នោះវានឹងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងនៅក្នុងរយៈពេលខ្លីនិងវែង នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ផលវិបាករយៈពេលខ្លីមួយចំនួនបាននិងកំពុងកើតឡើងរួចទៅហើយ។

ការធ្វើកសិកម្មបែបទំនើបបានពឹងផ្អែកខ្លាំងទៅលើការប្រើប្រាស់ថាមពល តួយ៉ាងដូចជាការប្រើប្រាស់ប្រេងសាំងដើម្បីដំណើរការឧបករណ៍កសិកម្ម និងដើម្បីផ្តល់ថាមពល ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម។

អ្វីដែលសំខាន់នោះគឺ «ការដាំដុះគ្រាប់ធញ្ញជាតិបានពឹងផ្អែកទៅលើជីអាសូតសំយោគ» ដែលត្រូវការឧស្ម័នធម្មជាតិ បូករួមនឹងចរន្តអគ្គិសនី ដើម្បីដំណើរការគ្រឿងចក្រដើម្បីផលិតជាជីអ៊ុយរ៉េ។ លោក Vaclav Smil បានប៉ាន់ ប្រមាណថា «១/៣ នៃចំនួនប្រជាជនពិភពលោក បានពឹងផ្អែកដោយផ្ទាល់ទៅលើគ្រាប់ធញ្ញជាតិ ដែលផលិតបានដោយជីអ៊ុយរ៉េប្រភេទនេះ និងជីអាសូតសំយោគផ្សេងៗទៀត។

តម្លៃថាមពលកើនឡើងខ្ពស់នឹងធ្វើឱ្យតម្លៃជីកើនឡើង, ការប្រើប្រាស់ថយចុះ, ទិន្នផលធ្លាក់ចុះទាប ហើយតម្លៃនៃគ្រាប់ធញ្ញជាតិក៏នឹងកាន់តែឡើងថ្លៃខ្ពស់ផងដែរ ដែលនេះមានន័យថា «នៅក្នុងរយៈពេលខ្លី ភាពអត់ឃ្លាននឹងកើតមានកាន់តែច្រើននៅក្នុងបណ្តាប្រទេសក្រីក្រ»។

បើទោះបីជាតម្លៃអង្កររបស់បណ្ដាប្រទេសនាំចេញនៅក្នុងតំបន់អាស៊ីមានតម្លៃខ្ពស់នៅក្នុងពេលបច្ចុប្បន្នក៏ដោយ «ក៏ភាពអត់ឃ្លាននៅតែអាចកើតមានកាន់តែខ្លាំងនៅក្នុងប្រទេសទីម័រឡេស្ត, ឡាវ, កម្ពុជា, មីយ៉ាន់ម៉ា បូករួមទាំង នៅប្រទេសឥណ្ឌូណេស៊ីផងដែរ»។ ប្រទេស Papua New Guinée និងបណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិក ភាគច្រើននឹងរងនូវផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារតែពួកគេពឹងផ្អែកខ្លាំងលើការនាំចូលម្ហូបអាហារ។

ផលវិបាករយៈពេលវែងអាច មានលក្ខណៈកាន់តែស្មុគស្មាញខ្លាំង ហើយវាក៏មានការលំបាកខ្លាំងក្នុងការវិភាគផងដែរ ដោយសារតែសង្រ្គាមកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ យោងតាមប្រវត្តិសាស្ត្រ «ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចនៅក្នុងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍនឹងធ្វើឱ្យវិស័យកសិកម្មរងនូវការធ្លាក់ចុះ ខណៈពេលដែលវិស័យឧស្សាហកម្ម និងសេវាកម្មបែបទំនើប នឹងទទួលបានការរីកចម្រើនលឿនរហ័ស»។ នេះគឺជាមធ្យោបាយប្រកបដោយចីរភាពតែមួយគត់ដើម្បីអាចជៀសផុតពីភាពក្រីក្រ។

បញ្ហាទាំងឡាយណា ដែលបង្កការបង្អាក់ដល់ដំណើរការនេះ ក៏នឹងបង្កការបង្អាក់ដល់ដំណើរការកាត់បន្ថយភាពក្រីក្រនិងភាពអត់ឃ្លានផងដែរ ហើយបញ្ហាទាំងនោះអាចជាបញ្ហាពីខាងក្នុង ដូចជាបរិយាកាសនយោបាយអាប់អួរ ឬអាចជាបញ្ហាមកពីខាងក្រៅដែលមានដូចជាសង្រ្គាម និងវិបត្តិស្បៀងអាហារជាដើម។

ភាពក្រីក្រនៅតាមទីជនបទអាចនឹងកើនឡើង, ផលិតភាពកសិកម្មអាចនឹងនៅទ្រឹង ហើយប្រទេសនឹងបន្តជាប់គាំងនៅក្នុងភាពក្រីក្រ។ ប្រទេសជាច្រើននៅក្នុងអនុតំបន់សាហារ៉ានៃទ្វីបអាហ្រ្វិកបានជាប់ផុងនៅក្នុងបញ្ហានេះ ហើយប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក៏កំពុងប្រឈមមុខនឹងភាពងាយរងគ្រោះនឹងបញ្ហានេះផងដែរ ប្រសិនបើវិបត្តិស្បៀងអាហារនៅតែបន្តអូសបន្លាយ។

«តើគេអាចធ្វើអ្វីបាននៅពេលនេះ ដើម្បីបង្ការសេណារីយ៉ូដ៏គួរឱ្យសង្វេគនេះកុំឱ្យកើតឡើង?» ប្រសិនបើមានវិធីមួយដែលសម្ព័ន្ធមិត្តលោកខាងលិច ឬប្រទេសចិនអាចធ្វើបានដើម្បីទប់ស្កាត់រុស្ស៊ីពីការបន្តយុទ្ធនាការបំផ្លិចបំផ្លាញនៅអ៊ុយក្រែន នោះពួកគេគួរតែសាកល្បងធ្វើវា។

អ្វីដែលសំខាន់បំផុតនោះគឺ «កុំមានភាពភ័យស្លន់ស្លោ» ឱ្យសោះ។ នៅក្នុងពិភពលោក នេះ គេមានស្រូវសាលី, អង្ករនិងគ្រឿងឧបភោគបរិភោគគ្រប់គ្រាន់នៅក្នុងឃ្លាំង ឬក៏កំពុងរង់ចាំការប្រមូលផលនៅឯអឌ្ឍគោលខាងជើងដែលនឹងធានាបានថា «វានឹងពុំមាននរណាម្នាក់ត្រូវអត់ឃ្លានឡើយ»

ប៉ុន្តែពាក្យថា «កុំភ័យស្លន់ស្លោ» គឺសំដៅទៅលើកម្រិតនៃការជឿទុកចិត្តគ្នា នៅក្នុងទីផ្សារគ្រាប់ធញ្ញជាតិពិភពលោក ក្នុងការផ្គត់ផ្គង់ផលិតផលចាំបាច់ឱ្យបានទាន់ពេលវេលា។ ការជឿទុកចិត្តបែបនេះនឹងអាស្រ័យទៅលើកម្រិតនៃកិច្ចសហប្រតិបត្តិការ ក្នុងចំណោមអ្នកចូលរួមនៅក្នុងទីផ្សារអង្ករ និងស្រូវសាលីរបស់ពិភពលោក។

វិបត្តិស្រូវអង្ករឆ្នាំ ២០០៧-២០០៨ បានបង្កឡើងដោយសារប្រទេសអ្នកនាំចូល និងប្រទេសអ្នកនាំចេញមានការភ័យស្លន់ស្លោ បូករួមនឹងប្រទេសអ្នកប្រមូលទំនិញស្តុកទុកដែលជាហេតុធ្វើឱ្យតម្លៃអង្ករបានហក់ឡើងយ៉ាងខ្ពស់។ ប៉ុន្តែនៅពេលប្រទេសជប៉ុនបានប្រកាសថា «អង្ករស គ្រាប់វែងចំនួន ២លានតោនរបស់អាមេរិក នឹងត្រូវបាននាំចេញឡើងវិញពីឃ្លាំងស្តុករបស់ជប៉ុននៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០០៨ តម្លៃអង្ករបានធ្លាក់ចុះមកវិញយ៉ាងឆាប់រហ័សចាប់ពីពេលនោះមក» ហើយប៉ុន្មានសប្តាហ៍ក្រោយមក ទីផ្សារអង្ករពិភពលោកក៏មានស្ថិរភាពឡើងវិញ ហើយក៏បន្តមានស្ថិរភាពចាប់តាំងពីពេលនោះមក។

ការជឿទុកចិត្តគ្នានៅក្នុងទីផ្សារអង្ករពិភពលោកត្រូវបាន បង្កើតឡើងវិញជាពិសេសនៅក្នុងចំណោមប្រទេសអ្នកនាំអង្ករចេញភាគច្រើននៅអាស៊ី។ អាស៊ានក៏បានដើរតួនាទីដ៏គួរឱ្យភ្ញាក់ផ្អើលផងដែរនៅក្នុងការបង្កើតនិងការរក្សាការជឿទុកចិត្តគ្នាបែបនេះ។

ការបង្ហាញតួរលេខពេញលេញ និងលម្អិតនៃការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិក្នុងពេលបច្ចុប្បន្នដោយប្រទេសអ្នកនាំចេញធំៗ អាចជាមធ្យោបាយមួយក្នុងការទប់ស្កាត់ការកើតឡើងជាថ្មីម្តងទៀតនូវការភ័យស្លន់ស្លោរ ដូចកាលពីឆ្នាំ ២០០៧-២០០៨។

ការសន្យាពីប្រទេសអ្នកនាំចេញទាំងនោះក្នុងការចែករំលែកការផ្គត់ផ្គង់ដល់អតិថិជនដែលកំពុងមានតម្រូវការខ្លាំងបំផុត នឹងជួយលុបបំបាត់នូវការភ័យខ្លាច នៅក្នុងចំណោមអ្នកនាំចូល ហើយក៏នឹងជួយបង្កើតនូវទំនុកចិត្តនិងបង្កើតស្ថិរភាពសេដ្ឋកិច្ចនៃគ្រាប់ធញ្ញជាតិ ពិភពលោកផងដែរ។

ប្រសិនបើសង្រ្គាមអ៊ុយក្រែនអាចបញ្ចប់ទៅនៅក្នុងពេលឆាប់ៗនេះដោយមិនបង្កការបំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរដល់កសិដ្ឋាននិងហេដ្ឋា រចនាសម្ព័ន្ធទីផ្សារគ្រាប់ធញ្ញជាតិរបស់ប្រទេសនេះ នោះវិបត្តិស្បៀងអាហារពិភពលោកនឹងអាចជៀសវាងបាន៕ East Asia Forum

អត្ថបទទាក់ទង