ខ្មែរប៉ុស្ដិ៍ Close

ចំនួនប្រជាជនដែលគ្រប់អាយុធ្វើការរបស់ប្រទេសចិនដែលកំពុងធ្លាក់ចុះ នឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 57
ចំនួនប្រជាជនដែលគ្រប់អាយុធ្វើការរបស់ប្រទេសចិនដែលកំពុងធ្លាក់ចុះ នឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ចំនួនប្រជាជនដែលគ្រប់អាយុធ្វើការរបស់ប្រទេសចិនដែលកំពុងធ្លាក់ចុះ នឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក

ការរំខាននៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលដែលបណ្តាលមកពីការបិទខ្ទប់ដោយសារវីរុសកូវីដ-១៩ នៅក្នុងប្រទេសចិន អាចជាបញ្ហារយៈពេលខ្លី។ ក៏ប៉ុន្តែបញ្ហាប្រឈមមួយទៀតដែលនឹងបន្តអូសបន្លាយរាប់ទសវត្សរ៍ បាននិងកំពុងលេចចេញជារូបរាងឡើងហើយ។ នៅពេលដែលកម្មករចិនបានរត់គេចពីការបិទខ្ទប់ដោយសារវីរុសកូវីដ-១៩ នៅរោងចក្រផលិត iPhone ដ៏ធំបំផុតរបស់ពិភពលោកនៅក្នុងទីក្រុង Zhengzhou នៃខេត្ត Henan ក្រុមហ៊ុន Apple បានព្រមានអតិថិជននៅជុំវិញពិភពលោកអំពីការពន្យារពេលក្នុងការទទួលបានផលិតផល។

ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនដំឡើងទូរសព្ទ iPhones បានបិទរោងចក្រ ខណៈដែលករណីឆ្លងវីរុសបានផ្ទុះឡើង ដោយបានបង្ខាំងបុគ្គលិកប្រហែល ២០ម៉ឺននាក់ នៅខាងក្នុងមូលដ្ឋានរបស់ខ្លួន។ កម្មករជាច្រើននាក់បានគេចពីការបិទទ្វារ និងបានបន្តរត់ទៅកាន់ស្រុកកំណើត។

អ្នកសេដ្ឋកិច្ចបាននិយាយថា «ការរំខាននៅក្នុងផលិតកម្មបែបនេះអាចជាបញ្ហាបណ្តោះអាសន្ន បើប្រៀបធៀបទៅនឹងផលប៉ះពាល់នៃការធ្លាក់ចុះនៃចំនួនប្រជាជនដែលគ្រប់អាយុធ្វើការរបស់ប្រទេសចិន» ដែលជានិន្នាការមួយដែលត្រូវបានព្យាករថានឹងបន្តកើតមានក្នុងរយៈពេលរាប់ទសវត្សរ៍ ឬយូរជាងនេះដែលអាចនឹងនាំមកនូវការផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកជារៀងរហូត។

ចំនួនប្រជាជនដែលគ្រប់អាយុធ្វើការរបស់ប្រទេសចិនដែលត្រូវបានកំណត់ថាជា «មនុស្សដែលមានអាយុចន្លោះពី ១៥ ដល់ ៦៤ ឆ្នាំ» បានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតចំនួន ៩៩៧ លាននាក់ក្នុងឆ្នាំ ២០១៤ មកនៅត្រឹម ៩៨៦ លាននាក់កាលពីឆ្នាំមុន។ យោងតាមការព្យាករដែលចេញផ្សាយដោយអង្គការសហប្រជាជាតិក្នុងខែកក្កដា «ចំនួននេះនឹងចាប់ផ្តើមធ្លាក់ចុះកាន់តែឆាប់រហ័សនៅក្នុងទសវត្សរ៍ឆ្នាំ ២០៣០ ហើយនឹងបន្តធ្លាក់ចុះជាង ៦០% មកនៅត្រឹម ៣៧៨ លាននៅត្រឹមចុងសតវត្សរ៍នេះ»។

ដោយសារអត្រាមានកូនទាប បូករួមនឹងការកើនឡើងនៃមនុស្សដែលមានអាយុកាន់តែវែង ប្រជាជននៅក្នុងបណ្តាប្រទេសអភិវឌ្ឍជាច្រើននឹងមានវ័យចំណាស់ៗ ហើយប្រទេសចិនមិនមែនជាប្រទេសតែមួយគត់ទេដែលបានជួបប្រទះនិន្នាការប្រជាសាស្រ្តបែបនេះនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំនួនប្រជាជនពិភពលោកបានកើនឡើងដល់ ៨ ពាន់លាននាក់កាលពីខែមុន ប្រទេសមួយចំនួនមានអាចនឹងស្ថិតក្នុងស្ថានភាពប្រជាសាស្រ្តល្អប្រសើរជាង។

ឥណ្ឌាត្រូវបានគេព្យាករថានឹងវ៉ាដាច់ប្រទេសចិន ក្នុងនាមជាប្រទេសដែលមានប្រជាជនច្រើនបំផុតរបស់ពិភពលោកនៅឆ្នាំក្រោយ។ នៅសហរដ្ឋអាមេរិក ចំនួនប្រជាជនដែលគ្រប់អាយុធ្វើការត្រូវបានគេរំពឹងថានឹង នៅតែស្ថិតនៅក្នុងកម្រិតដដែលនៅឆ្នាំ ២១០០។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ចំនួនប្រជាជនគ្រប់អាយុធ្វើការដ៏ធំរបស់ប្រទេសចិនដែលមានចំនួនជាង ៧០% នៃចំនួនប្រជាជនសរុប បានអនុញ្ញាតឱ្យប្រទេសចិនក្លាយជារោងជាងរបស់ពិភពលោក និងជាទីផ្សារអ្នកប្រើប្រាស់ដ៏ធំ។

ការធ្លាក់ចុះនេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់ប្រទេសចិន ហើយអាចបង្កការផ្លាស់ប្តូរនៅក្នុងការធ្វើពាណិជ្ជកម្មនិងការវិនិយោគរបស់ពិភពលោក។ លោក George Magnus ដែលជាសហការីស្រាវជ្រាវនៅមជ្ឈមណ្ឌលចិនរបស់សាកលវិទ្យាល័យ Oxford និងជាអតីតប្រធានសេដ្ឋវិទូនៅធនាគារវិនិយោគ UBS បាននិយាយថា «និន្នាការ កំណើនរួមបញ្ចូលនូវកម្លាំងពលកម្មនិងផលិតភាព ហើយប្រទេសចិនកំពុងប្រឈមមុខនឹងការរំពឹងទុកមិនល្អសម្រាប់ទាំងតួលេខទាំង ២»។

លោកបានបន្តថា «វាមានទំនាក់ទំនងគ្នារវាងការផ្លាស់ប្តូរចំនួនប្រជាជនដែលគ្រប់អាយុធ្វើការ និងកំណើនសេដ្ឋកិច្ច។ ដូច្នេះប្រសិនបើចំនួនប្រជាជនគ្រប់អាយុធ្វើការរបស់ប្រទេសចិនធ្លាក់ចុះ នោះ GDP ក៏នឹងធ្លាក់ចុះទាបជាងមុនផងដែរ លុះត្រាតែវាអាចត្រូវបានទប់ស្កាត់តាមរយៈការធ្វើអន្តោប្រវេសន៍, ការចូលរួមខ្ពស់នៅក្នុងកម្លាំងពលកម្មដោយស្ត្រីនិងកម្មករវ័យចំណាស់ បូករួមនឹងកំណើនផលិតភាពដ៏រឹងមាំ»។

ក្រុមហ៊ុន S&P Global Ratings បាននិយាយថា «ខ្លួនរំពឹងថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសចិននឹងធ្លាក់ចុះជាមធ្យមមកនៅត្រឹម ៤,៤% រហូតដល់ឆ្នាំ ២០៣០ និងមកនៅត្រឹម ៣,១% ពីឆ្នាំ ២០៣១ ដល់ឆ្នាំ ២០៤០ ដោយបានធ្លាក់ចុះពីចំនួន ៦% នៅចន្លោះឆ្នាំ ២០១៧ រហូតដល់ឆ្នាំមុន»។ ការព្យាករទាំងនេះបានពឹងផ្អែកលើការគំរាមកំហែងរួមដែលមានទាំងកម្លាំងពលកម្មធ្លាក់ចុះ, ការរក្សាតុល្យភាពឡើងវិញមិនបានត្រឹមត្រូវនិងកំណើនផលិតភាពទាប។

នៅពេលដែលប្រធានាធិបតី Xi Jinping បានដាក់ចេញនូវចក្ខុវិស័យសម្រាប់អនាគតរបស់ប្រទេសចិន នៅក្នុងសមាជជាតិរយៈពេល ៥ ឆ្នាំរបស់គណបក្សកុម្មុយនិស្តកាលពីខែមុន លោកបានសង្កត់ធ្ងន់លើការពឹងផ្អែកលើខ្លួនឯងកាន់តែខ្លាំងនៅក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយក្នុងនោះលោកបាននិយាយថា «បច្ចេកវិទ្យា ព័ត៌មាន, បញ្ញាសិប្បនិម្មិត និងវិស័យថាមពលថ្មី នឹងក្លាយជាម៉ាស៊ីនជំរុញកំណើននៅពេលអនាគត»។

លោក Magnus បាននិយាយថា «វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះទស្សនវិស័យសេដ្ឋកិច្ចនៅពេលអនាគត ក៏ប៉ុន្តែវានឹងមិនគ្រប់គ្រាន់ទេក្នុងការប៉ះប៉ូវសងនូវកត្តាជាច្រើនដែល កំពុងទាញទម្លាក់អត្រាកំណើនរបស់ប្រទេសចិន រួមទាំងបញ្ហាប្រជាសាស្រ្តផងដែរ»។

លោក Huang Wenzheng ដែលជាអ្នកប្រជាសាស្រ្ត ដែលបានសរសេរយ៉ាងទូលំទូលាយអំពីអត្រាកំណើត និងបញ្ហាការងាររបស់ប្រទេសចិន បាននិយាយថា «ចំនួនប្រជាជនដ៏ច្រើនបានធ្វើឱ្យវាមានភាពកាន់តែងាយស្រួលក្នុងការធ្វើឱ្យការច្នៃប្រឌិត និងការអភិវឌ្ឍបច្ចេកវិទ្យាទទួលបានការរីកចម្រើននិងជោគជ័យ។ វានឹងបង្កើតទិន្នន័យដ៏ច្រើនសម្រាប់កម្មវិធីបច្ចេកវិទ្យា ហើយនឹងបង្កើតជាទីផ្សារអ្នកប្រើប្រាស់ដ៏ធំ»។

លោក Huang បាននិយាយថា «អត្ថប្រយោជន៏ស្នូលរបស់ប្រទេសចិនបានពឹងផ្អែកលើប្រជាជនចំនួន ១,៤ ពាន់លាននាក់របស់ខ្លួនដែលមានភាពឧស្សាហ៍ព្យាយាម។ ពួកគេបានជួយឱ្យប្រទេសចិនអាចប្រកួតប្រជែងបានជាមួយសហរដ្ធអាមេរិក និងជាមួយបណ្តាសម្ព័ន្ធមិត្តដូចជាចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី និងនូវែលសេឡង់ និងបានរួមចំណែកយ៉ាងធំធេងដល់ការកើនឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ ជាមួយនឹងអត្រានៃការមានកូនកាន់តែទាប ប្រទេសចិននឹងបាត់បង់ផលប្រយោជន៍ប្រជាជននៅក្នុងរយៈពេលពី ២ ទៅ ៣ ជំនាន់មនុស្ស»។

អត្រានៃការមានកូននៅអាមេរិកគឺមានចំនួន ១,៦ កំណើតក្នុងស្ត្រីម្នាក់ ខណៈពេលដែលប្រទេសជប៉ុនមានចំនួន ១,៣។ អត្រានៃការមានកូនរបស់ប្រទេសចិនបានថយចុះពី ២,៦ នៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ មកនៅត្រឹម ១,១៥ កាលពីឆ្នាំមុន ដែលមានចំនួនទាបជាង ២,១ ដែលត្រូវការដើម្បីជំនួសការស្លាប់។ បញ្ហានេះនៅតែបន្តកើតឡើង បើទោះបីជាប្រទេសចិនបានបោះបង់ចោលនូវគោលនយោបាយមានកូនតែមួយក្នុងឆ្នាំ ២០១៦ និងបានដាក់ចេញនូវគោលនយោបាយកូន ៣ នាក់ បូករួមនឹងការគាំទ្រផ្នែកពន្ធ និងការលើកទឹកចិត្តផ្សេងៗទៀតកាលពីឆ្នាំមុនក៏ដោយ។

រដ្ឋាភិបាលចិនបានសន្យាថា «ខ្លួននឹងពង្រឹងលទ្ធភាពក្នុងការទទួលបានសេវាថែទាំកុមារ និងការឈប់សម្រាកលំហែមាតុភាពឱ្យបានកាន់តែប្រសើរឡើង» ក៏ប៉ុន្តែការកើនឡើងនៃតម្លៃរស់នៅ និងការរើសអើងនៅកន្លែងធ្វើការ នៅតែបន្តរារាំងមនុស្សវ័យក្មេងពីការមានកូន។ លោក Joseph Chamie ដែលជាអ្នកប្រជាសាស្រ្ត និងជាអតីតនាយកផ្នែកប្រជាជននៃអង្គការសហប្រជាជាតិបាននិយាយថា «ប្រទេសចិនបានបង្កើតសមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយនឹងកម្រិតនៃការស្លាប់ទាប និងការបង្កើនអាយុរបស់មនុស្សបានកាន់តែវែង»។

លោកបានបន្តថា «ទោះជាយ៉ាងណាក៏ដោយ ការលើកទឹកចិត្តផ្នែកគោលនយោបាយដែលមានស្រាប់ ទំនងជាមិនអាចផ្លាស់ប្តូរនិន្នាការប្រជាសាស្រ្តនៃភាពចាស់ជរា និងការថយចុះនៃចំនួនប្រជាជននោះទេ។ បើទោះបីជាវាអាចធ្វើឱ្យអត្រានៃការមានកូននៅពេលបច្ចុប្បន្នមានការកើនឡើងបន្តិចក៏ដោយ ក៏វាអាចនឹងមិនកើនដល់កម្រិត ២,‌១ កំណើតក្នុងស្ត្រីម្នាក់ៗនោះទេ។ ផ្អែកលើបទពិសោធន៍នៃប្រទេសជាច្រើន នៅពេលដែលអត្រានៃការមានកូនធ្លាក់ចុះក្រោមកម្រិតជំនួសការស្លាប់ វាពិតជាលំបាកណាស់ក្នុងការលើកវាឱ្យឡើងដល់កម្រិតខ្ពស់វិញ»។

ដំណោះស្រាយមួយគឺ «ការកំណត់ឡើងវិញនូវអាយុធ្វើការដើម្បីរួមបញ្ចូលមនុស្សចាស់ និងដើម្បីពង្រឹងអត្រានៃការចូលរួម និងសមាមាត្ររវាងកម្លាំងពលកម្ម និងចំនួនប្រជាជនគ្រប់អាយុធ្វើការ»។ លោក Chamie បាននិយាយថា «អាយុចូលនិវត្តន៍ស្របច្បាប់របស់ប្រទេសចិនអាចកើនឡើងជាលំដាប់ដល់ ៧០ ឆ្នាំ»។ នៅប្រទេសចិន អាយុចូលនិវត្តន៍ស្របច្បាប់សម្រាប់បុរសគឺ ៦០ ហើយសម្រាប់ស្ត្រី គឺ ៥៥ ឆ្នាំ (ស្ត្រីដែលមានជំនាញ) និង ៥០ ឆ្នាំ (ស្ត្រីដែលជាកម្មករ)។

អាយុទាំងនេះមិនត្រូវបានផ្លាស់ប្តូរនោះទេអស់រយៈពេលជាង ៧០ ឆ្នាំកន្លងមកនេះ ក៏ប៉ុន្តែវិបត្តិប្រជាជនដែលកំពុងកើតមានបានធ្វើឱ្យរដ្ឋាភិបាលប្រកាសថា «អាយុនេះនឹងត្រូវបានដំឡើងបន្តិចម្តងៗ»។ លោក Chamie បាននិយាយថា «ស្រដៀងគ្នាទៅនឹងប្រទេសផ្សេងៗទៀតដែរ គឺចិននឹងប្រឈមមុខនឹងការលំបាកក្នុងការបង្កើនអត្រានៃការចូលរួម»។

លោក Louis Kuijs ដែលជាប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ស្ថាប័ន S&P មានសុទិដ្ឋិនិយមជាងនេះ។ លោកបាននិយាយថា «បទពិសោធន៍របស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង អាចមាសារៈសំខាន់។ ប្រទេសទាំងពីរមានភាពជឿនលឿនជាងគេនៅក្នុងការផ្លាស់ប្តូរប្រជាសាស្រ្ត។ អត្រាចូលរួមរបស់ពួកគេបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទសវត្សរ៍ចុងក្រោយនេះ»។

នៅក្នុងប្រទេសជប៉ុនដែលជាកន្លែងដែលរដ្ឋាភិបាលបានសង្កត់ធ្ងន់លើការបង្កើនការងាររបស់ស្ត្រី និងមនុស្សចាស់ អត្រាចូលរួមបានកើនឡើងដល់ ៧១% កាលពីឆ្នាំមុន ដោយបានកើនឡើង ៦,៤% នៅក្នុងរយៈពេលមួយទសវត្សរ៍»។ លោក Louis Kuijs បាននិយាយថា «បន្ទាប់ពីបានធ្លាក់ចុះនៅក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ អត្រានៃការចូលរួមរបស់ប្រទេសចិននឹងបន្តថេររហូតដល់ឆ្នាំ ២០៣០ ហើយនឹងកើនឡើង ៣% នៅចន្លោះឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៤០»។

ទិន្នន័យរបស់ CEIC បានឱ្យដឹងថា «អត្រាចូលរួមនៅក្នុងកម្លាំងពលកម្មរបស់ចិនបានធ្លាក់ចុះពី ៧១% ក្នុងឆ្នាំ ២០១១ មកនៅត្រឹម ៦៨% កាលពីឆ្នាំមុន»។ លោក Xiujian Peng ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅសាកលវិទ្យាល័យ Victoria ក្នុងប្រទេសអូស្ត្រាលីបាននិយាយថា «ប្រទេសនាំចេញធនធានគួរតែត្រៀមរៀបចំខ្លួន ពីព្រោះការផ្លាស់ប្តូរទាំងនេះអាចតម្រូវឱ្យមានការតម្រង់ទិសនៃការនាំចេញទៅកាន់ក្រុមហ៊ុនផលិតដែលស្ថិតនៅខាងក្រៅប្រទេសចិន»។

លោក Peng បានសរសេរនៅក្នុងអត្ថបទមួយសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកក្នុងខែកក្កដាថា «សម្រាប់អ្នកនាំចូលទំនិញបូករួមទាំងសហរដ្ឋអាមេរិក ប្រភពនៃទំនិញនឹងត្រូវបានកំណត់ជាបណ្តើរៗឆ្ពោះទៅរកមជ្ឈមណ្ឌលផលិតកម្មថ្មីដែលកំពុងរីកចម្រើន»។ លោកបានលើកឡើងទៀតថា «ការព្យាករអំពីចំនួនប្រជាជនចិនបានបង្ហាញថា ផលប៉ះពាល់អាចនឹងកើតមានទៅកន្លែងផ្សេងទៀត រួមទាំងនៅប្រទេសជិតខាងឥណ្ឌាដែលចំនួនប្រជាជនរបស់ប្រទេសនេះត្រូវបានគេរំពឹងថានឹងវ៉ាដាច់ប្រទេសចិន នៅក្នុងទសវត្សរ៍ខាងមុខនេះ»។

លោក Magnus បានព្រមានថា «ប្រសិនបើការផ្លាស់ប្តូរប្រជាសាស្រ្តដ៏សំខាន់អាចនាំមកនូវការសន្សំប្រាក់ទាបជាងមុននៅក្នុងប្រទេសចិន បូករួមនឹងការចំណាយសាធារណៈកាន់តែខ្ពស់ នោះយុគសម័យនៃអតិរេកពាណិជ្ជកម្មរបស់ប្រទេសចិននឹងត្រូវចប់នៅក្នុងពេលឆាប់ៗនេះ ហើយតួនាទីរបស់ចិនក្នុងនាមជាមជ្ឈមណ្ឌលនាំចេញដ៏សំខាន់របស់ពិភពលោកនឹងត្រូវបានកាត់បន្ថយ»។

លោកបានបន្ថែមទៀតថា «លំហូរពាណិជ្ជកម្មមានជាប់ទាក់ទងនឹងការសន្សំ និងការវិនិយោគ ហើយខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពហុជាតិត្រូវបានជំរុញដោយកំណើនទីផ្សារ បូករួមទាំងច្បាប់ និងបទប្បញ្ញត្តិភូមិសាស្ត្រនយោបាយដែលអាចរងនូវការបំផ្លាញដោយសារមនុស្សដែលមានវ័យចាស់ជរាកាន់តែច្រើន»។

South China Morning Post

អត្ថបទទាក់ទង