ខ្មែរប៉ុស្ដិ៍ Close

ចិនប្រកាសគាំទ្រកម្ពុជាក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 61
ចិនប្រកាសគាំទ្រកម្ពុជាក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន

មហាអំណាចចិន បានប្រកាសគាំទ្រកម្ពុជា ដែលជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ នេះបើតាមការផ្សាយដោយគេហទំព័រ របស់ក្រសួងការបរទេសចិន ស្តីពីលទ្ធផលសន្និសីទសារព័ត៌មាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា មីយ៉ាន់ម៉ាគឺជាសមាជិកនៃគ្រួសារអាស៊ានដ៏ធំក្នុងតំបន់មួយនេះ។ ប្រទេសចិន គាំទ្រអាស៊ានក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ា ឲ្យបានត្រឹមត្រូវតាម «វិធីសាស្ត្ររបស់អាស៊ាន» និងអនុវត្តដោយជោគជ័យ នូវគោលការណ៍កុងសង់ស៉ីស ៥ចំណុច ក្រោមក្របខណ្ឌអាស៊ាន។

លោក Wang Wenbin បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសចិន នឹងគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដែលជាប្រធានប្តូរវេនអាស៊ាន ក្នុងការដើរតួនាទីយ៉ាងសកម្ម និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងការខ្វែងគំនិតគ្នារវាងភាគីនៃប្រទេសមីយ៉ាន់ម៉ា តាមរយៈការសន្ទនានយោបាយ និងការស្តារស្ថិរភាព និងការសម្រេចបាននូវការអភិវឌ្ឍនៅដំណាក់កាលដំបូង»។

វិបត្តិនៅមីយ៉ាន់ម៉ា បានកើតឡើងបន្ទាប់ពីរដ្ឋប្រហារទម្លាក់លោកស្រី អង់ សានស៊ូជី ក្រោយបោះឆ្នោត កាលពីខែកុម្ភៈ ឆ្នាំ២០២១។ វិបត្តិដែលបានប៉ះពាល់ដល់តំបន់អាស៊ានទាំងមូលនេះ មិនត្រូវបានដោះស្រាយចេញនោះទេ នៅពេលដែលព្រុយណេ ធ្វើជាប្រធានអាស៊ាន ដោយសារគោលការណ៍កុងសង់ស៉ីស ៥ចំណុច មិនត្រូវបានអនុវត្តដោយមីយ៉ាន់ម៉ា ប៉ុន្តែដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាសប្តាហ៍មុននេះ ធ្វើឲ្យវឌ្ឍនភាពនៃគោលការណ៍កុងសង់ស៉ីស ៥ចំណុច ចាប់ផ្តើមកើតមាន។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម រវាងកម្ពុជា និងមីយ៉ាន់ម៉ា បញ្ជាក់ថា វឌ្ឍនភាពធំៗ ដែលគេឃើញមាននោះគឺ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលបទឈប់បាញ់ រហូតដល់ចុងឆ្នាំ២០២២ ហើយអំពាវនាវភាគីពាក់ព័ន្ធបញ្ឈប់ហិង្សា ខណៈកម្ពុជា-មីយ៉ាន់ម៉ា ក៏បានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា។ បន្ថែមលើនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា ក៏បានចេញមុខធានា និងសម្របសម្រួល ដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងពេលបំពេញភារកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យបានជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

មុនទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា មិននិយាយអ្វីលើសពីគោលការណ៍កុងសង់ស៉ីស ៥ចំណុចនោះដែរ ហើយគោលការណ៍ទាំងនេះ និងធម្មនុញ្ញអាស៊ាន គឺជាគម្ពីរក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។

បើតាមលោក Wang Wenbin, ប្រទេសចិន ក៏កោតសរសើរចំពោះការត្រៀមខ្លួនរបស់មីយ៉ាន់ម៉ា ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រេសិតពិសេស របស់អាស៊ាន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន និងធ្វើការឆ្ពោះទៅរកការព្រមព្រៀងប្រកបដោយប្រសិទ្ធភាព រវាងផែនទីបង្ហាញផ្លូវ ៥ចំណុចរបស់មីយ៉ាន់ម៉ា និងគោលការណ៍កុងសង់ស៉ីស ៥ចំណុចរបស់អាស៊ាន៕ Fresh News

អត្ថបទទាក់ទង