របាយការណ៍ ៖ ចិនព្យាយាមបង្កើនឥទ្ធិពលលើអ្នកកាសែតនៅអាស៊ីអាគ្នេយ៍ តាមរយៈកម្មវិធីបណ្តុះបណ្តាល
សារព័ត៌មាន Nikkei Asia បានរាយការណ៍ថាប្រទេសចិនបាននិងកំពុងព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួនលើអ្នកសារព័ត៌មាននៅអាស៊ីអាគ្នេយ៍ និងតំបន់កំពុងអភិវឌ្ឍន៍ផ្សេងទៀត តាមរយៈការរៀបចំកម្មវិធីបណ្តុះ បណ្តាលមួយចំនួនធំ។
ដូច្នេះហើយ ចិនកំពុងព្យាយាមសម្រេចឱ្យបាននូវការគ្រប់គ្រងកាន់តែខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយនិយាយភាសាចិននៅក្នុងតំបន់អាស៊ី និងនៅផ្នែកផ្សេងទៀតនៃពិភពលោក។ ចិនក៏កំពុងកំណត់គោលដៅលើសាកលវិទ្យាល័យនៅបរទេស និងជនភៀសខ្លួនចិនផងដែរ ដែលជាផ្នែកមួយនៃប្រតិបត្តិការបង្កើនឥទ្ធិពលរបស់ខ្លួន។
បើទោះបីជាកម្មវិធីបណ្តុះបណ្តាលនិងការផ្លាស់ប្តូរការសិក្សាលើផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានធ្វើឡើងដំបូងនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ក៏ដោយ ប៉ុន្តែទំហំនោះត្រូវបានពង្រីកយ៉ាងឆាប់រហ័សនៅក្រោមការដឹកនាំរបស់ប្រធានាធិបតី Xi Jinping ។
កម្មវិធីបណ្តុះបណ្តាលរបស់ចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួននៅក្នុងប្រទេសផ្សេងទៀត និងក្នុងការបញ្ចុះបញ្ចូលអ្នកសារព័ត៌មានឱ្យសរសេរវិជ្ជមានអំពីប្រទេសចិន។
បើតាមសារព័ត៌មាន Nikkei Asia ការសិក្សាមួយរបស់អង្គការអ្នកកាសែតគ្មានព្រំដែនឆ្នាំ ២០១៩ ស្ដីពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន និងឥទ្ធិពលដ៏ទូលំទូលាយរបស់ប្រទេសនេះទៅលើអ្នកកាសែតបរទេស បានកត់សម្គាល់ថា «របបនេះបានព្យាយាមបញ្ចុះបញ្ចូលអ្នកកាសែតរាប់ម៉ឺននាក់នៅក្នុងប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន ឱ្យធ្វើដំណើរមកកាន់ទីក្រុងប៉េកាំង ដែលក្នុងនោះរាល់ការចំណាយទាំងអស់គឺចិនជាអ្នកទទួលរ៉ាប់រង»។
វគ្គបណ្ដុះបណ្ដាលខ្លះមានរយៈពេល ៤ ឬ ៥ ថ្ងៃ ហើយអ្នកកាសែតដែលបានអញ្ជើញទៅចូលរួមនោះ ក៏បានទៅទស្សនាប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន, ជួបជាមួយមន្ត្រីនានា និងជួនកាលបានទៅលេងតំបន់ទេសចរណ៍ផ្សេងៗទៀតផង។ ដោយឡែក កម្មវិធីបណ្ដុះបណ្ដាលរយៈពេល ១០ ខែវិញ រួមមានការសិក្សាអំពីនយោបាយ, ប្រព័ន្ធសេដ្ឋកិច្ច និងគម្រូនៃការអភិវឌ្ឍ, ប្រព័ន្ធផ្សព្វផ្សាយនិងគោលនយោបាយការបរទេសរបស់ចិន ក៏ដូចជាកិច្ចសម្ភាសន៍ជាមួយមន្ត្រីនិងសហគ្រិនចិននានា ព្រមទាំងអាចធ្វើកម្មសិក្សានៅតាមបណ្តាញសារព័ត៌មានចិនបានទៀតផង។
វគ្គបណ្ដុះបណ្ដាលទាំងនេះត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈការឧបត្ថម្ភធនពីសារព័ត៌មាន Xinhua ដែលជាទីភ្នាក់ងារព័ត៌មានរដ្ឋចិន ឬតាមរយៈមូលនិធិរដ្ឋាភិបាលចិនផ្សេងទៀត។ អ្នកសារព័ត៌មានភាគច្រើនត្រូវបាននាំមកពីប្រទេសកំពុងអភិវឌ្ឍន៍ ឬពីបណ្ដារដ្ឋដែលមានប្រាក់ចំណូលមធ្យម ដូចជាប្រទេសអាហ្សង់ទីនជាដើម។
ជារៀងរាល់ឆ្នាំ មានអ្នកសារព័ត៌មានប្រហែល ១០០ នាក់ ត្រូវបាននាំយកទៅកាន់ទីក្រុងប៉េកាំងពីទ្វីបអាហ្រ្វិក, អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដើម្បីចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលទាំងនេះ។ វគ្គបណ្ដុះបណ្ដាលទាំងនេះរួមមានការស្នាក់នៅក្នុងអគារស្នាក់នៅប្រណីតៗក្នុងទីក្រុងប៉េកាំង មានប្រាក់ឧបត្ថម្ភប្រចាំខែ និងការធ្វើដំណើរជុំវិញប្រទេសចិន។
លោក Juan Pablo Cardenal អ្នកកាសែតអេស្ប៉ាញដែលឈានមុខគេខាងកិច្ចការប្រទេសចិន និងដែលបានដកស្រង់សម្ដីដោយ Nikkei Asia បាននិយាយថា «តាមពិតទៅ នៅក្នុងប្រទេសចិន ការបណ្តុះបណ្តាលខាងប្រព័ន្ធផ្សព្វផ្សាយ គឺជាដំណើរកំសាន្តឥតគិតថ្លៃទៅកាន់ប្រទេសចិនដែលទាក់ទងទៅនឹងវិស័យទំនាក់ទំនងសាធារណៈ ដែលធ្វើឡើងទៅតាមរបៀបវារៈគាំទ្ររដ្ឋាភិបាលចិន»។
លោក Joshua Kurlantzick មន្ត្រីជាន់ខ្ពស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រុមប្រឹក្សាទំនាក់ទំនងការបរទេស បានថ្លែងនៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះជាមួយវិទ្យុ VOA ភាសាចិន ដែលមានមូលដ្ឋាននៅទីក្រុង Washington DC បាននិយាយថា ចិនបានចំណាយប្រាក់យ៉ាងច្រើនទៅលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដូចជា China Global Television Network (CGTN), វិទ្យុចិនអន្តរជាតិ (CRI) និងសារព័ត៌មាន Xinhua ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងនេះក្លាយជាតួអង្គប្រកួតប្រជែងនៅលើឆាកអន្តរជាតិ និងអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងនោះកំណត់ពីវោហាសាស្ត្រជាសកលអំពីប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋធំៗទាំងនោះ ភាគច្រើនបានបរាជ័យទាំងស្រុង។
លោក Kurlantzick ដែលបានតាមដានអំពីការវិនិយោគរបស់ចិនលើប្រព័ន្ធផ្សព្វផ្សាយ បាននិយាយនៅក្នុងសៀវភៅ «Beijing’s Global Media Offensive: China’s Uneven Campaign to Influence Asia and the World» របស់លោកថា «ចាប់តាំងពីប្រហែល ៥ ឬ ៦ ឆ្នាំមុន ចិនបានព្យាយាមបង្កើតប្រព័ន្ធផ្សព្វផ្សាយនិងឧបករណ៍ព័ត៌មានជាសកល។ ពួកគេបានព្យាយាមបង្កើនតួនាទីរបស់ខ្លួនឱ្យបានធំជាងមុន នៅក្នុងរបត់នៃប្រព័ន្ធផ្សព្វផ្សាយពិភពលោកដែលពួកគេតែងតែមានអារម្មណ៍ថា មិនបានផ្សាយដោយយុត្តិធម៌ចំពោះប្រទេសចិន»៕
ANI News