ខ្មែរប៉ុស្ដិ៍ Close

ការផ្លាស់ប្តូររោងចក្រទៅកាន់ប្រទេសជាមិត្ត មិនមែនជាដំណោះស្រាយសម្រាប់ភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងតំបន់អាស៊ីនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 69
ការផ្លាស់ប្តូររោងចក្រទៅកាន់ប្រទេសជាមិត្ត មិនមែនជាដំណោះស្រាយសម្រាប់ភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងតំបន់អាស៊ីនោះទេ ការផ្លាស់ប្តូររោងចក្រទៅកាន់ប្រទេសជាមិត្ត មិនមែនជាដំណោះស្រាយសម្រាប់ភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងតំបន់អាស៊ីនោះទេ

នៅឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុនអាលុយមីញ៉ូមខ្នាតយក្សរបស់រុស្ស៊ី «Rusal» ទៅក្នុងបញ្ជីខ្មៅក្នុងគោលបំណងដាក់ទណ្ឌកម្មទៅលើបណ្តាអ្នកជំនួញដែលមានឥទ្ធិពលមួយចំនួន។ ដោយសារតែក្រុមហ៊ុន Rusal មានសារៈសំខាន់នៅក្នុងបណ្តាញសកលនៃរ៉ែអាលុយមីញ៉ូមអុកស៊ីត, រ៉ែបុកស៊ីត, និងរ៉ែអាលុយមីញ៉ូម នោះផលវិបាកជាលក្ខណៈសកលក៏បានកើតមានឡើងភ្លាមៗ ហើយទណ្ឌកម្មនេះបានបង្កផលប៉ះពាល់រហូតដល់ប្រទេស Guinea និង Jamaica ។

បណ្តារដ្ឋមន្ត្រីនៃប្រទេសអៀរឡង់បានបើកកិច្ចចរចាជាមួយគណៈកម្មការអឺរ៉ុបក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះការងាររបស់កម្មករនៅក្នុងរោងចក្រចម្រាញ់រ៉ែ Limerick។ បណ្តារោងចក្ររថយន្តអឺរ៉ុបដែលពឹងផ្អែកទៅលើក្រុមហ៊ុន Rusal សម្រាប់គ្រឿងបន្លាស់ធ្វើពីអាលុយមីញ៉ូម ក៏បានជួបប្រទះនឹងការលំបាកក្នុងការស្វែងរកផលិតផលផ្សេងមកជំនួសផងដែរ។ ប៉ុន្តែនៅទីបំផុត ពួកគេក៏បានបញ្ចុះបញ្ចូលដោយជោគជ័យឱ្យមានការលុបចោលការដាក់ទណ្ឌកម្មនេះនៅត្រឹមរយៈពេលមួយឆ្នាំ។

ជាមួយនឹងការឈ្លានពានចូលប្រទេសអ៊ុយក្រែន សេតវិមានកំពុងបង្កើនការដាក់ទណ្ឌកម្មថ្មីៗមកលើក្រុមហ៊ុន Rusal និងបានពង្រីកការរាំងខ្ទប់លើវិស័យអាលុយមីញ៉ូមរបស់រុស្ស៊ី។ រឿងរ៉ាវដែលធ្លាប់កើតឡើងចំពោះរោងចក្រ Rusal បានផ្តល់នូវមេរៀនខ្លះពាក់ព័ន្ធនឹងភាពធន់ផ្នែកសេដ្ឋកិច្ច និងបានបង្ហាញឱ្យឃើញនូវការលំបាក និងភាពស្មុគស្មាញក្នុង «ការផ្លាស់ប្តូរទីតាំងរោងចក្រមកកាន់ប្រទេសដើមវិញ-Onshoring» ក៏ដូចជា «ការផ្លាស់ប្តូររោងចក្រទៅកាន់បណ្តាប្រទេសជាមិត្ត-friend-shoring»។

គោលនយោបាយសម្រាប់ការផ្លាស់ប្តូររោងចក្រចូលមកកាន់ប្រទេសដើមវិញ ឬទៅកាន់ប្រទេសជាមិត្ត គឺជាធាតុដ៏ចម្បងនៃគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែនៅក្នុងយុគសម័យនៃការប្រកួតប្រជែងអំណាច គោលនយោបាយពាណិជ្ជកម្មបែបរឹតត្បិតនេះនឹងមិនគ្រប់គ្រាន់នោះទេសម្រាប់ឱ្យប្រទេសនានាសម្រេចបាននូវគោលដៅសេដ្ឋកិច្ច ឬសន្តិសុខ។

ទស្សនៈដែលថា «ការផ្លាស់ប្តូររោងចក្រមកកាន់ប្រទេសវិញឬការផលិតនៅក្នុងស្រុកនឹងធ្វើឱ្យខ្សែច្រវ៉ាក់ផ្គត់ផ្គង់មានភាពរស់រវើក គឺជាការយល់ឃើញដ៏ខុសឆ្គង»។ បណ្តាញផ្គត់ផ្គង់ និងបណ្តាញផលិតកម្មអន្តរជាតិនឹងអនុញ្ញាតឱ្យក្រុមហ៊ុននានាអាចសម្របខ្លួនទៅនឹងវិបត្តិដែលកើតមានឡើងនៅក្នុងទីកន្លែងណាមួយ។

នៅពេលដែលវីរុសកូវីដ-១៩ បានផ្ទុះឡើងជាលើកដំបូង ក្រុមហ៊ុន Samsung អាចប្តូរដំណើរការផលិតកម្មបានយ៉ាងលឿនចេញពីរោងចក្ររបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង ជាទីដែលវីរុសនេះកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរ ទៅកាន់ប្រទេសវៀតណាមដែលមិនសូវរងផលប៉ះពាល់។ នៅក្រោយគ្រោះរញ្ជួយដី Tohoku ឆ្នាំ ២០១១ បណ្តារោងចក្ររថយន្តរបស់ជប៉ុន ក៏បានធ្វើពិពិធកម្មក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់របស់ពួកគេផងដែរ ដោយការងាកចេញពីប្រភពក្នុងស្រុកទៅកាន់ប្រភពអន្តរជាតិវិញ។

ខ្សែច្រវ៉ាក់ផ្គង់ផ្គង់ «ក្នុងស្រុក» គឺកម្រមានលក្ខណៈដូចអ្វីដែលគេចង់បានណាស់ ដោយក្នុងនោះ ផលិតផលដែលត្រូវបានផលិតនៅក្នុងស្រុកតែងត្រូវការវត្ថុធាតុដើមផ្សេងៗដែលមានប្រភពមកពីបរទេស។ មុខទំនិញនិងសេវាកម្មដែលត្រូវបានធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ ពេលខ្លះមានរួមបញ្ចូលនូវព័ត៌មានមួយចំនួនដូចជាទិន្នន័យរសើបៗ ឬចំណេះដឹងបច្ចេកទេសដែលបណ្តារដ្ឋាភិបាលមួយចំនួនត្រូវការពារ។

ករណីខាងលើរួមមានប្រព័ន្ធរ៉ាដា, កម្មវិធីបំបែកលេខកូដសម្ងាត់ (Encryption Software) ឬកម្មវិធីបណ្តាញផ្សព្វផ្សាយសង្គម។ នៅក្នុងការការពារការស្រាវជ្រាវដែលមានលក្ខណៈរសើបៗ ការវិនិយោគទៅលើប្រព័ន្ធតាមឃ្លាំមើល នឹងផ្តល់ផលចំណេញច្រើនជាងការរឹតត្បិតលើទិដ្ឋាការដែលអាចបង្កការរាំងស្ទះដល់លំហូរចូលនៃមនុស្សដែលមានទេព្យកោសល្យ។

ការរឹតត្បិតជាឯកតោភាគី ដូចជាការគ្រប់គ្រងទៅលើការនាំចេញ នឹងនាំមកនូវភាពបរាជ័យចំពោះខ្លួនឯង ប្រសិនបើប្រទេសគោលដៅទាំងនោះអាចស្វែងរកផលិតផល ឬព័ត៌មានបានពីប្រភពផ្សេងមកជំនួស។ ការផ្លាស់ប្តូររោងចក្រទៅកាន់បណ្តាប្រទេសជាមិត្ត ឬការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសដែលមានប្រព័ន្ធនយោបាយដូចគ្នា អាចជាជម្រើសជំនួសឱ្យការទាញរោងចក្រចូលមកក្នុងស្រុកវិញ។ ការពង្រីកទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសកម្មភាពការទូតពាណិជ្ជកម្មគួរតែជាយុទ្ធសាស្ត្រអាទិភាព។

ទាក់ទងនឹងបច្ចេកវិទ្យាសំខាន់ៗ គេអាចរៀបចំកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជាច្រើនជាមួយបណ្តាប្រទេសជាក់លាក់មួយចំនួនដើម្បីគាំទ្រដល់ការធ្វើនវានុវត្តន៍ និងដើម្បីកាត់បន្ថយការចំណាយលើការធ្វើពាណិជ្ជកម្ម។ ប៉ុន្តែប្រសិនបើការផ្លាស់ប្តូររោងចក្រទៅកាន់បណ្តាប្រទេសជាមិត្តត្រូវបានធ្វើឡើងដើម្បីតែផ្តាច់ខ្លួនចេញពីប្រទេសចិន បញ្ហាសេដ្ឋកិច្ចនឹងមានទំហំកាន់តែធំធេង និងផុយស្រួយខ្លាំង។

ទិន្នផលខ្សែច្រវ៉ាក់តម្លៃសកល (ដែលជាតម្លៃផលិតកម្មរបស់ប្រទេសមួយ នៅពេលឆ្លងកាត់ព្រំដែនប្រទេសយ៉ាងតិច២) របស់ប្រទេសចិន មានកម្រិតខ្ពស់ជាងគេនៅក្នុងពិភពលោក។ ប្រទេសចិនគឺជាអ្នកនាំចេញនូវមុខទំនិញនិងសេវាកម្មធំជាងគេរបស់ពិភពលោក ជាពិសេសនៅក្នុងវិស័យអេឡិចត្រូនិក។

គុណវិបត្តិមួយទៀតនៃការផ្លាស់ប្តូររោងចក្រទៅកាន់ប្រទេសជាមិត្ត គឺ «វាអាចជួយសម្រួលដល់គោលនយោបាយសន្តិសុខបែបជាតិនិយម ដែលនឹងធ្វើឱ្យផលប្រយោជន៍យុទ្ធសាស្ត្រស្តីពីការបើកចំហ រងនូវការធ្លាក់ចុះ»។ ផលប្រយោជន៍ជាយុទ្ធសាស្ត្រស្តីពីការបើកចំហ រួមមានប្រាក់ចំណូលសម្រាប់ការវិនិយោគទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍ, លំហូរចូលនៃមនុស្សដែលមានទេពកោសល្យ និងលទ្ធភាពក្នុងការស្វែងរកការសហការជាមួយក្រុមហ៊ុនបរទេស។

ពាក្យថា «មិត្តភក្តិ» នៅក្នុងគំនិតផ្តួចផ្តើមផ្លាស់ប្តូរទីតាំងផលិតទៅកាន់ប្រទេសជាមិត្ត នឹងនាំមកនូវហានិភ័យកាន់តែធ្ងន់ធ្ងរ ជាពិសេសគឺផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីការបែងចែកបណ្តាញផ្គត់ផ្គង់ទៅជាប្លុកៗ និងការកើនឡើងនៃតម្លៃកាន់តែខ្ពស់។ ភាពស្ទាក់ស្ទើររបស់កូរ៉េខាងត្បូងចំពោះគំនិតផ្តួចផ្តើម «Chip 4» (សម្ព័ន្ធមិត្តផលិតបន្ទះឈីប) របស់សហរដ្ឋអាមេរិកបានបង្ហាញឱ្យឃើញនូវទុក្ខកង្វល់មួយចំនួន ដូចជាភាពមិនស៊ីសង្វាក់គ្នាស្តីពីផលប្រយោជន៍របស់ក្រុមហ៊ុនបរទេស និងការប្រមូលផ្តុំច្រើនតែនៅទីតាំងឧស្សាហកម្មសំខាន់ៗមួយចំនួន។

សូមអាន ការហាមឃាត់របស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបបានបង្កផលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍបច្ចេកវិទ្យា AI របស់ចិន

បណ្តាប្រទេសជាដៃគូដែលមិនចូលបក្សសម្ព័ន្ធ ចង់បានភស្តុតាងដែលអាចបញ្ជាក់បានថា «កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងសន្តិសុខនឹងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកប្រកបដោយបរិយាប័ន្ន ហើយអាចនាំមកនូវដំណោះស្រាយចំពោះភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជាជាងការធ្វើឱ្យភាពតានតឹងកាន់តែកើនឡើង»។

នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បានបញ្ជាក់កាលពីពេលថ្មីៗនេះថា «ការផ្លាស់ប្តូររោងចក្រចូលមកក្នុងស្រុកវិញ និងការងាកទៅផលិតនៅក្នុងបណ្តាប្រទេសជាមិត្ត អាចបិទខ្ទប់ដង្ហើមកំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងតំបន់, ធ្វើឱ្យមានការបែកបាក់គ្នាកាន់តែខ្លាំងរវាងប្រទេសនិងប្រទេស និងអាចបង្កឱ្យមានជម្លោះដែលយើងទាំងអស់គ្នាមិនចង់បាន»។

នៅមុនការដាក់ទណ្ឌកម្មនៅឆ្នាំ ២០២០ ប្រទេសចិនបានរួមចំណែកដល់ការនាំចេញរបស់ប្រទេសអូស្ត្រាលីនូវគ្រាប់ធញ្ញជាតិ Barley ចំនួន ៧៦% និងកប្បាសចំនួន ៧០%។ ទណ្ឌកម្មបានធ្វើឱ្យចំណែកទីផ្សារទាំងអស់នេះឈានជិតដល់ចំណុច ០ ក៏ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានខែក្រោយមក ការនាំចេញរបស់អូស្ត្រាលីលើមុខដំណាំទាំង២ ក៏បានកើនឡើងវិញ។

សូមអាន សារព័ត៌មានរដ្ឋចិនចំអកអោយអូស្ត្រាលីថាជាសត្វកុងហ្គូរូធ្វើជាឆ្កែអាមេរិក

សមត្ថភាពក្នុងការបង្វែរទិសពាណិជ្ជកម្មបានយ៉ាងលឿនគឺអាស្រ័យទៅលើភាពរហ័សរហួនរបស់ប្រទេសជាអ្នកផលិត និងលើលទ្ធភាពនៃការចូលទៅកាន់ទីផ្សារសកល។ ពេលខ្លះ អ្នកធ្វើគោលនយោបាយត្រូវពិចារណាជាពិសេសលើគោលនយោបាយពាណិជ្ជកម្ម សម្រាប់ភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលរួមមានការគ្រប់គ្រងទិន្នន័យឱ្យបានកាន់តែល្អប្រសើរ។

សម្រាប់មុខទំនិញដែលចាំបាច់សម្រាប់តម្រូវការការពារជាតិ និងសម្រាប់តម្រូវការសង្គម ការតាមដានឱ្យបានទាន់ពេលវេលាទៅលើបណ្តាញផ្គត់ផ្គង់, ការរួមបញ្ចូលគ្នានៃទិន្នន័យឯកជន និងសាធារណៈ និងការធ្វើតេស្តរកមើលភាពធន់ទៅនឹងវិបត្តិឱ្យបានទៀងទាត់ (Stress Test) គឺសុទ្ធតែជារឿងចាំបាច់។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រទាំងនេះនឹងក្លាយជាគ្មានប្រយោជន៍ ប្រសិនបើស្ថាប័នពាក់ព័ន្ធមិនអាចអនុវត្តវាបានប្រកបដោយភាពវៃឆ្លាតនោះទេ។

រដ្ឋាភិបាលនានាក៏ត្រូវមានវិធីសាស្ត្រក្នុងការកាត់បន្ថយវិបត្តិសេដ្ឋកិច្ចផងដែរ ដោយមិនត្រូវរង់ចាំរហូតដល់ពេលដែលវាកើតឡើងនោះឡើយ។ យន្តការកាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច (Automatic Stabilizer) នៅក្នុងប្រព័ន្ធពន្ធ និងប្រព័ន្ធផ្ទេរប្រាក់អាចជួយបន្ធូរបន្ថយសម្ពាធផ្នែកសេដ្ឋកិច្ចដោយពុំចាំបាច់តម្រូវឱ្យមានការដាក់ចេញនូវវិធានការច្បាប់ថ្មីៗណាមួយឡើយ។

ការកាត់បន្ថយតម្លៃនៃការធ្វើពាណិជ្ជកម្ម មិនថាតាមរយៈកិច្ចព្រមព្រៀង, កំណែទម្រង់វិស័យគយ ឬការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនោះទេ ពិតជាអាចជួយបន្ធូរបន្ថយផលប៉ះពាល់។ អតីតមន្ត្រីអាមេរិកលោក Kevin Wolf បានលើកឡើងថា «យើងកំពុងស្ថិតនៅក្នុងពិភពលោកថ្មីមួយ។ ដើម្បីពង្រឹងសេដ្ឋកិច្ចឱ្យល្អ អ្នកមិនអាចគ្រប់គ្រងតែទៅលើការនាំចេញតែមួយមុខបានទេ ដោយសារតែភាពងាយរងគ្រោះនៃបច្ចេកវិទ្យា និងភាពឆ្លាតវៃរបស់មនុស្សនៅជុំវិញពិភពលោក»៕

East Asia Form

អត្ថបទទាក់ទង