ខ្មែរប៉ុស្ដិ៍ Close

    កិច្ចព្រមព្រៀង RCEP នឹងអនុញ្ញាតឱ្យតំបន់អាស៊ីបូព៌ា ដើរចេញពីអនុត្តរភាពរបស់សហរដ្ឋអាមេរិក

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1715
    កិច្ចព្រមព្រៀង RCEP នឹងអនុញ្ញាតឱ្យតំបន់អាស៊ីបូព៌ា ដើរចេញពីអនុត្តរភាពរបស់សហរដ្ឋអាមេរិកប៉ូលិស​ព្រំដែន​ដើរ​ល្បាត​ក្បែរ​កប៉ាល់​កុងតឺន័រ​នៅ​កំពង់ផែ​ណានជីង ប្រទេស​ចិន កាលពី​ថ្ងៃទី១០ ខែកក្កដា។ រូបថត៖ China Daily/Reuters

    នៅឯពិព័រណ៍ចិន-អាស៊ានឆ្នាំនេះនៅទីក្រុងណាននីង មេដឹកនាំនៃស្ថាប័នពាណិជ្ជកម្មចិនបានសម្តែងនូវទស្សនៈសុទិដ្ឋិនិយមថា «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានកាលពីខែមករា អាចនឹងទទួលបានការផ្តល់សច្ចាប័នដោយរដ្ឋជាសមាជិកទាំងអស់នៅត្រឹមចុងឆ្នាំនេះ»។

    កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំដែលបានចូលជាធរមាននៅចំពេលកំពុងកើតមានវីរុសរាតត្បាត និងភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ បានបើកជំពូកថ្មីនៃភូមិសាស្ត្រសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា។ កិច្ចព្រមព្រៀង RCEP គឺជានិមិត្តរូបនៃការធ្លាក់ចុះនៃឥទ្ធិពលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងជាការស្តារឡើងវិញនូវពហុភាគីនិយមនៅក្នុងតំបន់។

    ជាមួយនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិន និងការជំរុញយ៉ាងសកម្មនូវការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់តាមរយៈកិច្ចព្រមព្រៀង RCEP និងតាមរយៈអាស៊ាន+៣ ក៏ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ទស្សនៈរបស់សហរដ្ឋអាមេរិកស្តីអំពីតំបន់អាស៊ីបូព៌ា ដែលជាតំបន់ដែលខ្លួនមិនបានផ្តោតការយកចិត្តទុកដាក់ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី2 មក ក៏បានរងនូវបញ្ហាប្រឈម។

    តំបន់នេះនៅតែមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់អនុត្តរភាពរបស់សហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោនមិនត្រឹមតែបន្តរក្សាវត្តមានយោធានៅក្នុងតំបន់នេះប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងបានព្យាយាមធ្វើឱ្យតំបន់អាស៊ីបូព៌ាមានលក្ខណៈបើកចំហចំពោះសេដ្ឋកិច្ចពិភពលោកដែលដឹកនាំដោយលោកខាងលិច។ សហរដ្ឋអាមេរិកតែងតែប្រឆាំងនឹងការបង្កើតប្លុកផ្តាច់មុខថ្នាក់តំបន់នៅអាស៊ីបូព៌ា។

    កិច្ចព្រមព្រៀង RCEP នឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងតំបន់ ក៏ដូចជាផលប្រយោជន៍រួមរបស់ប្រទេសជាសមាជិក។ ទោះជាយ៉ាងណាក៏ដោយ សមាហរណកម្មរបស់កិច្ចព្រមព្រៀងនេះនៅមានកម្រិតទាបជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ហើយប្រសិទ្ធភាពរបស់វានៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយនោះទេ។

    ប៉ុន្តែ ភាពបត់បែននិងបរិយាប័ន្ននៃកិច្ចព្រមព្រៀង RCEP អាចនឹងធ្វើឱ្យបណ្តាប្រទេសជាសមាជិករួបរួមគ្នាដើម្បីឈានទៅសម្រេចឱ្យបាននូវសមិទ្ធផលនៅក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ា។ ជាឧទាហរណ៍ គោលដៅនៃការសម្រេចឱ្យបាននូវការមិនយកពន្ធលើមុខទំនិញ ៩០% ក្នុងរយៈពេល ២០ឆ្នាំ នឹងអនុញ្ញាតឱ្យប្រទេសជាសមាជិក ជាពិសេសប្រទេសដែលមានការអភិវឌ្ឍតិចតួច មានពេលច្រើនដើម្បីសម្របខ្លួនទៅនឹងការប្រកួតប្រជែងជាអន្តរជាតិ។

    ក្នុងនាមជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ដំបូងគេ RCEP នឹងជួយដោះស្រាយ «បញ្ហាឈឺក្បាល» របស់តំបន់អាស៊ីបូព៌ា តាមរយៈការរួមបញ្ចូលនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគដែលមានស្រាប់ទៅក្នុងក្របខណ្ឌរួមដ៏ទូលំទូលាយ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារបណ្តាញផលិតកម្មដ៏ប្រទាក់ក្រឡា និងដែលកំពុងរីកលូតលាស់នៅក្នុងតំបន់អាស៊ីបូព៌ា កិច្ចព្រមព្រៀងទ្វេភាគីបាននិងកំពុងបង្កនូវភាពច្របូកច្របល់ និងបង្កើនតម្លៃនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី។

    មន្ត្រីជាច្រើនរូបចូលរួមនៅក្នុងវេទិកាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនៅទីក្រុង Qingdao ប្រទេសចិន កាលពីថ្ងៃទី ២៨ ខែកក្កដា។ រូបថត៖ Xinhua

    តាមរយៈការកែសម្រួលច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន កិច្ចព្រមព្រៀង RCEP នឹងជួយសម្រួលដល់ការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងតំបន់ ក៏ដូចជានឹងលើកកម្ពស់ការចែកចាយចំណេះដឹង ទំនិញ និងសេវាកម្មកាន់តែមានប្រសិទ្ធភាពជាងមុន។ កិច្ចព្រមព្រៀងនេះក៏បានបន្ថែមសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការត្រីភាគីផងដែរ តាមរយៈការនាំយកប្រទេសចិន, ជប៉ុន និងកូរ៉េខាងត្បូង ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់ឱ្យមកនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួម។

    លើសពីនេះ កិច្ចព្រមព្រៀង RCEP ក៏រួមមានអូស្ត្រាលី និងនូវែលសេឡង់ ជាសមាជិកស្ថាបនិកផងដែរ ហើយវាអាចនឹងបន្តទទួលយកសមាជិកថ្មីៗដែលស្ថិតនៅខាងក្រៅតំបន់អាស៊ីបូព៌ាដែលមានដូចជាបង់ក្លាដែសជាដើម។ កិច្ចព្រមព្រៀងដ៏មហិមានេះនឹងពង្រឹងតួនាទីរបស់បណ្តាប្រទេសអាស៊ាន + ៣ ក្នុងនាមជាតួអង្គស្នូលនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ា ក៏ដូចជានឹងពង្រឹងមជ្ឈភាពរបស់ចិននៅក្នុងសណ្តាប់ធ្នាប់ថ្មីរបស់តំបន់។

    អ្នករិះគន់អាចនឹងលើកឡើងថា «ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលដឹកនាំដោយសហរដ្ឋអាមេរិកដែលត្រូវបានបង្កើតឡើងនៅក្នុងខែឧសភា ដែលមានសមាជិកចំនួន ១៤ ប្រទេស និងដែលគ្របដណ្តប់លើ ៤០% នៃចំនួនប្រជាជនពិភពលោក មានគោលបំណងប្រឆាំងនឹងកិច្ចព្រមព្រៀង RCEP»។ ប៉ុន្តែ ក្របខណ្ឌ IPEF គឺគ្រាន់តែជាការប្តេជ្ញាចិត្តជានិមិត្តរូបប៉ុណ្ណោះ។

    ក្របខណ្ឌ IPEF មិនបានផ្តល់ជូននូវការដករនាំងពន្ធគយនោះទេ ហើយរដ្ឋជាសមាជិកក៏មិនទទួលបានសិទ្ធិចូលទៅកាន់ទីផ្សារដ៏ទូលំទូលាយរបស់សហរដ្ឋអាមេរិកនោះដែរ។ បើក្រឡេកត្រឡប់ទៅកាន់ឆ្នាំ ២០១៥ ការសម្រេចបានដោយជោគជ័យរបស់រដ្ឋបាល Obama នូវកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) បានបង្ហាញអំពីការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការធានាឱ្យបាននូវភាពជាអ្នកដឹកនាំសេដ្ឋកិច្ចនៅក្នុងតំបន់ បន្ទាប់ពីមានការឈ្លានពានកាន់តែខ្លាំងឡើងរបស់ចិន។

    រឿងនេះបានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនមានប្រៀបលើទីក្រុងប៉េកាំង។ ក៏ប៉ុន្តែលោក Trump បែរជាសម្រេចចិត្តដកអាមេរិកចេញពីកិច្ចព្រមព្រៀង TPP វិញនៅ ២ ឆ្នាំក្រោយមក។ សកម្មភាពនេះបានបំផ្លាញមុខមាត់របស់សហរដ្ឋអាមេរិក និងបានធ្វើឱ្យអាមេរិកមិនមានវេទិកាពហុភាគីប្រកបដោយអត្ថន័យដើម្បីចូលរួមជាមួយតំបន់អាស៊ីបូព៌ាទាំងមូល។

    បន្ថែមពីលើនេះ ការដកខ្លួនចេញរបស់អាមេរិកបាននាំមកនូវការធ្លាក់ចុះនៃឥទ្ធិពលរបស់មហាអំណាចមួយនេះ ហើយសមាជិកដើមចំនួន ១១ នៃកិច្ចព្រមព្រៀង TPP ក៏បានបោះជំហានឆ្ពោះទៅមុខដោយគ្មានការចូលរួមរបស់សហរដ្ឋអាមេរិក និងបានបង្កើតឱ្យមាន «កិច្ចព្រមព្រៀងពាណិជ្ជកម្មសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក» (CPTPP)។ ប្រទេសចិនបានដាក់ពាក្យសុំចូលរួមនៅក្នុងកិច្ចព្រមព្រៀង CPTPP នៅមួយថ្ងៃបន្ទាប់ពីអាមេរិកបានបង្កើតសម្ព័ន្ធភាពសន្តិសុខថ្មីមួយជាមួយចក្រភពអង់គ្លេស និងអូស្ត្រាលី (AUKUS)។

    ជាមួយនឹងស្តង់ដារខ្ពស់របស់កិច្ចព្រមព្រៀង CPTPP សម្រាប់សុខុមាលភាពការងារ, សិទ្ធិមនុស្ស និងការការពារបរិស្ថានការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនអាចមានពាក់ព័ន្ធនឹងការចង់បំបែកបំបាក់សហរដ្ឋអាមេរិកពីបណ្តាដៃគូក្នុងតំបន់។-ទោះជាយ៉ាងណាក៏ដោយ ភាពនៅមានកម្រិតនៃកិច្ចព្រមព្រៀង CPTPP និងសមាជិកភាពត្រួតស៊ីគ្នាជាមួយនឹងកិច្ចព្រមព្រៀង RCEP បានបង្ហាញថា «វានឹងមិននាំមកនូវការប្រកួតប្រជែងធំដុំណាមួយឡើយជាមួយកិច្ចព្រមព្រៀង RCEP»។

    សហរដ្ឋអាមេរិកនឹងនៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីបូព៌ា ក៏ប៉ុន្តែការចូលរួមនេះនឹងមិនមានជាប់ទាក់ទងនឹង «ផែនការផ្តោតឆ្ពោះទៅរកតំបន់អាស៊ី» «Pivot to Asia» របស់សហរដ្ឋអាមេរិកឡើយ។ ទន្ទឹមនឹងនេះ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់អាចត្រូវបានកំណត់ដោយប្រទេសចិននៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕

    South China Morning Post

    អត្ថបទទាក់ទង