ប្រធានាធិបតី Mexico សុំឱ្យលោក Biden រារាំងទីភ្នាក់ងារ USAID កុំឱ្យបន្តផ្តល់ជំនួយដល់ក្រុមប្រឆាំង
យោងតាមលិខិតមួយច្បាប់ដែលអ្នកសារព័ត៌មានទទួលបានកាលពីថ្ងៃពុធ បានឱ្យដឹងថា ប្រធានាធិបតីប្រទេស Mexico បានស្នើឱ្យសមភាគីអាមេរិក Joe Biden បញ្ឈប់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ពីការផ្តល់មូលនិធិដល់ក្រុមមនុស្សដែលមានអរិភាពចំពោះរដ្ឋាភិបាលរបស់គាត់។ សកម្មភាពខាងលើពិតជាបានបង្ហាញអំពីការរិះគន់សារជាថ្មីម្តងទៀតពីសំណាក់ប្រទេស Mexico ចំពោះការធ្វើអន្តរាគមន៍របស់សហរដ្ឋអាមេរិក។
ប្រធានាធិបតី Andres Manuel Lopez Obrador មិនបានបញ្ជាក់ទេថា តើក្រុមបុគ្គលណាដែលអាមេរិកគួរតែបញ្ឈប់ការផ្តល់មូលនិធិនោះទេ ប៉ុន្តែកាលពីអតីតកាល លោកធ្លាប់បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថាជាផ្នែកមួយនៃចលនាអភិរក្សដែលបានប្រឆាំងនឹងរដ្ឋាភិបាលរបស់គាត់។
លោកបានលើកឡើងនៅក្នុងលិខិតខាងលើថា «តាមរយៈទីភ្នាក់ងារ USAID រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើការផ្តល់ហិរញ្ញប្បទានដល់អង្គការនានាដែលបានធ្វើសកម្មភាពប្រឆាំងដោយបើកចំហចំពោះរដ្ឋាភិបាលស្របច្បាប់របស់ខ្ញុំ។ នេះគឺជាការធ្វើអន្តរាគមន៍ដែលផ្ទុយនឹងច្បាប់អន្តរជាតិ និងទំនាក់ទំនងដែលមិនគួរកើតមានសម្រាប់រដ្ឋសេរីនិងរដ្ឋដែលមានអធិបតេយ្យភាព»។
លិខិតខាងលើបានអំពាវនាវឱ្យមានការធ្វើអន្តរាគមន៍ពីសំណាក់លោក Biden ខណៈដែលក្រសួងការបរទេស សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះទើបតែបានប្រកាសថា ទីភ្នាក់ងារ USAID នឹងបង្កើនមូលនិធិរបស់ខ្លួនទៅ ដល់អង្គការប្រឆាំងទាំងនោះ។
កាលពីឆ្នាំ២០២១ ប្រទេស Mexico ក៏បានផ្ញើលិខិតស្រដៀងគ្នានេះដើម្បីសុំឱ្យទីភ្នាក់ងារ USAID កាត់ផ្តាច់មូលនិធិដែលបានផ្តល់ទៅឱ្យអង្គការមិនមែន រដ្ឋាភិបាលដែលបានរិះគន់រដ្ឋាភិបាលរបស់ខ្លួនផងដែរ។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារ USAID កាលពីថ្ងៃពុធបានសង្កត់ធ្ងន់ទៅលើ «ភាពជាដៃគូដ៏ស៊ីជម្រៅ» រវាងសហរដ្ឋអាមេរិក និង Mexico។
អ្នកនាំពាក្យខាងលើបាននិយាយថា «យើងប្តេជ្ញាធ្វើការជាមួយដៃគូក្នុងស្រុកជាច្រើនដែលរួមមានទាំងសង្គមស៊ីវិល ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងមាននិរន្តរភាព»។ ក្រៅពីនោះ លោកក៏បានធ្វើការកត់សម្គាល់ទៀតថា «ទីភ្នាក់ងារ USAID ក៏នឹងចាប់ដៃគូជាមួយទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេស Mexico គឺទីភ្នាក់ងារ AMEXCID សម្រាប់បញ្ហាជនចំណាកស្រុកផងដែរ»។
លោក Lopez Obrador ធ្លាប់បានធ្វើការរិះគន់ជាច្រើនចំពោះក្រុមនិយាយដោយសេរីដែលទទួលបានការគាំទ្រដោយទីភ្នាក់ងារ USAID គឺក្រុម «Article 19» ក៏ដូចជាក្រុមប្រជាជន Mexico ដែលប្រឆាំងនឹងអំពើពុករលួយនិងនិទណ្ឌភាព «MCCI» ដែលអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលពួកគេតែងតែបានរាយការណ៍អំពីអំពើពុករលួយ និងកង្វះតម្លាភាពនៅក្នុងរដ្ឋបាលបច្ចុប្បន្ន និងរដ្ឋបាលពីមុនៗ។
ក្រសួងការបរទេស, ក្រុម MCCI និងក្រុម Article 19 មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
លិខិតចុងក្រោយនេះត្រូវបានធ្វើឡើងឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីលោក Lopez Obrador បានគាំទ្រចំពោះសំណើរនៃការលុបចោលស្ថាប័នសេរីភាពព័ត៌មានរបស់ម៉ិកស៊ិក INAI ។ លោក Lopez Obrador បានអះអាងថា ស្ថាប័នស្វយ័តជាច្រើនមានភាពលំអៀងប្រឆាំងនឹងគាត់ ហើយវាគឺជាការខ្ជះខ្ជាយថវិកាសាធារណៈ។
កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានចាប់ផ្តើមដំណើរការកម្មវិធីថ្មីមួយដែលមានគោលបំណងផ្តល់ការការពារដល់អ្នកកាសែតជុំវិញពិភពលោកពីការគំរាមកំហែងផ្លូវច្បាប់។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ពួកគេទទួលបានរបាយការណ៍ដែលគួរឱ្យជឿទុកចិត្តបាន ស្តីអំពីការរឹតបន្តឹងទៅលើការ បញ្ចេញមតិនិងប្រព័ន្ធផ្សព្វផ្សាយ សេរីនៅក្នុងប្រទេស Mexico ដែលជាប្រទេសដែលមានករណីស្លាប់របស់អ្នកកាសែតច្រើនបំផុតកាលពីឆ្នាំមុន។
សហរដ្ឋអាមេរិកបានស្នើសុំថវិកាចំនួន $63.1 ពាន់លានដុល្លារពីកញ្ចប់ថវិកាជាតិឆ្នាំ ២០២៤ ដើម្បីផ្តល់ឱ្យក្រសួងការបរទេសនិងទីភ្នាក់ងារ USAID។ ពួកគេបាននិយាយថា «ការផ្តល់កញ្ចប់ថវិកាខាងលើគឺជាវិធីដែលធ្វើឱ្យពួក យើងអាចបន្តការលើកកម្ពស់ផល ប្រយោជន៍ជាតិរបស់សហរដ្ឋ អាមេរិកនិងដឹកនាំពិភពលោកនៅក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល»៕
Reuters