ការហាមឃាត់របស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបបានបង្កផលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍបច្ចេកវិទ្យា AI របស់ចិន
អ្នកជំនាញផ្នែកព័ត៌មានវិទ្យាចិនបាននិយាយថា «ការអភិវឌ្ឍវិស័យបញ្ញាសិប្បនិមិត្ត (AI) របស់ចិននឹងមានភាពយឺតយ៉ាវនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយសារការហាមឃាត់ថ្មីរបស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបកម្រិតខ្ពស់ជាច្រើន ដែលផលិតដោយក្រុមហ៊ុន Nvidia និង AMD»។
ក្រុមហ៊ុន Nvidia បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា «ខ្លួនបានទទួលដំណឹងពីរដ្ឋាភិបាលអាមេរិកថា ខ្លួនត្រូវតែបញ្ឈប់ការនាំចេញបន្ទះឈីប GPU ប្រភេទ A100 និង H100 ទៅកាន់ប្រទេសចិន និងរុស្ស៊ី»។ ផលិតផល DGX របស់ក្រុមហ៊ុននេះក៏ត្រូវបានហាមឃាត់មិនឱ្យនាំចេញទៅកាន់ប្រទេសចិនដែរ ប្រសិនបើវាមានផ្ទុកបន្ទះឈីបទាំង ២ ប្រភេទខាងលើនោះ។
ទន្ទឹមនឹងនេះដែរ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា «សហរដ្ឋអាមេរិកក៏បានដាក់កម្រិតលើការលក់បន្ទះឈីប MI250 Accelerator AI របស់ក្រុមហ៊ុន AMD ទៅឱ្យប្រទេសចិនផងដែរ»។ ក្រសួងការបរទេសចិនបាននិយាយថា «សហរដ្ឋអាមេរិកបានអនុវត្តអនុត្តរភាពវិទ្យាសាស្ត្របច្ចេកវិទ្យារបស់ខ្លួន និងបានបំពានច្បាប់សេដ្ឋកិច្ចទីផ្សារតាមរយៈវិធានការរឹតត្បិតលើការនាំចេញបន្ទះឈីប»។
អ្នកសរសេរអត្ថបទ និងអ្នកជំនាញផ្នែក IT ភាគច្រើននៅក្នុងប្រទេសចិនដីគោកបាននិយាយថា «ការហាមឃាត់នេះនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យ AI របស់ចិន ដែលបច្ចុប្បន្នកំពុងពឹងផ្អែកលើបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia និង AMD»។ មនុស្សមួយចំនួនបាននិយាយថា «ដោយសារតែការហាមឃាត់នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននឹងត្រូវបង្កើនការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍដើម្បីបង្កើតបន្ទះឈីប AI ផ្ទាល់ខ្លួន»។
កាលពីខែតុលាកន្លងទៅ តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លោកស្រី Katherine Tai បាននិយាយថា «សហរដ្ឋអាមេរិកនឹងដាក់ពង្រាយឧបករណ៍ទាំងអស់ ហើយនឹងស្វែងរកការអភិវឌ្ឍថ្មីៗបូករួមទាំងតាមរយៈការសហការជាមួយបណ្តាប្រទេសផ្សេងៗដើម្បីដោះស្រាយកង្វល់ ទាក់ទងនឹងការធ្វើពាណិជ្ជកម្មរបស់ប្រទេសចិន»។
លោកស្រីបានបន្តថា «ប្រទេសចិនបាននាំមុខលើការផលិតដែក និងបន្ទះថាមពលពន្លឺព្រះអាទិត្យនៅក្នុងពិភពលោក តាមរយៈគោលនយោបាយដ៏អយុត្តិធម៌របស់ខ្លួន ហើយចិនក៏គ្រោងនឹងធ្វើដូចគ្នានេះដែរ នៅក្នុងឧស្សាហកម្មបន្ទះអេឡិកត្រូនិក សឺមីកុងឌុចទ័រ Semiconductor នៅត្រឹមឆ្នាំ ២០៣០»។
លោកស្រីបាននិយាយទៀតថា «សហរដ្ឋអាមេរិកត្រូវតែប្រកាន់យកនូវវិធីសាស្រ្តថ្មី ដែលមានលក្ខណៈជាក់ស្តែង និងសមូហភាពនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន»។ កាលពីខែមុន ការិយាល័យឧស្សាហកម្ម និងសន្តិសុខនៃក្រសួងពាណិជ្ជកម្មអាមេរិក បានហាមឃាត់ការនាំចេញទៅកាន់ប្រទេសចិននូវកម្មវិធីអេឡិចត្រូនិច ECAD ដែលត្រូវបានប្រើដើម្បីរចនាបន្ទះឈីប ៣ណាណូម៉ែត (nm)។
លោក Handel Jones ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃ ក្រុមហ៊ុន «International Business Strategies» (IBS) បានសរសេរនៅក្នុងរបាយការណ៍មួយថា «ការហាមឃាត់នេះនឹងជះឥទ្ធិពលលើការធ្វើពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ក្នុងកម្រិតធ្ងន់ធ្ងរជាងសកម្មភាពផ្សេងៗទៀតដែលបានធ្វើឡើងរហូតមកដល់បច្ចុប្បន្ន»។
លោក Jones បានបន្តថា «ការរឹតត្បិតលើ Software បានបង្កផលប៉ះពាល់ដល់ឧបករណ៍ EDA មួយចំនួន ក៏ដូចជាដល់រចនាសម្ព័ន្ធត្រង់ស៊ីស្ទ័រ (Transistor) និងបច្ចេកវិទ្យា 2nm របស់ TSMC និង Intel ក៏ដូចជាបច្ចេកវិទ្យា 3nm និង 2nm របស់ក្រុមហ៊ុន Samsung Electronics។ ការរឹតត្បិតនេះក៏នឹងបង្កផលប៉ះពាល់ផងដែរដល់ក្រុមហ៊ុនអាមេរិក ដោយក្នុងនោះការលក់របស់ពួកគេនឹងរងនូវការធ្លាក់ចុះនៅក្នុងទីផ្សាររបស់ចិន»។
នៅដើមឆ្នាំ ២០២០ សហរដ្ឋអាមេរិកបានបញ្ឈប់ប្រទេសហូឡង់ពីការនាំចេញបច្ចេកវិទ្យា EUV (Extreme Ultraviolet Lithography) ទៅកាន់ប្រទេសចិន ដែលបានធ្វើឱ្យប្រទេសចិនមិនអាចផលិតបន្ទះឈីបកម្រិតខ្ពស់ចន្លោះពី 22nm និង 7nm ចាប់តាំងពីពេលនោះមក»។ Hong Shibin ដែលជាអ្នកជំនាញផ្នែកឧស្សាហកម្ម IT បានសរសេរនៅក្នុងអត្ថបទមួយកាលពីថ្ងៃទី ១៥ សីហាថា «សហរដ្ឋអាមេរិកចង់ឱ្យចិនបញ្ឈប់ការរចនាបន្ទះឈីប នៅត្រឹមកម្រិត 5nm និង 7nm ក្នុងគោលបំណងធ្វើឱ្យបច្ចេកវិទ្យាកុំព្យូទ័រល្បឿនលឿន និង AI របស់ចិនវិវឌ្ឍទៅមុខយឺត»។
កាលពីថ្ងៃទី ០៩ ខែសីហា ប្រធានាធិបតីអាមេរិក Joe Biden បានចុះហត្ថលេខាលើច្បាប់ «CHIPS និងវិទ្យាសាស្រ្ត» ដើម្បីជំរុញការផលិតបន្ទះអេឡិកត្រូនិក Semiconductor នៅក្នុងស្រុក និងជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រដើម្បីបង្កើនការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសចិន។ ច្បាប់ថ្មីនេះនឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥៤ ពាន់លានដុល្លារអាមេរិក និងអត្ថប្រយោជន៍ពន្ធដល់ក្រុមហ៊ុនផលិតបន្ទះឈីបដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។
កាលពីសប្តាហ៍មុន នៅពេលដែលរដ្ឋាភិបាលអាមេរិកបានបញ្ជាឱ្យក្រុមហ៊ុន Nvidia និង AMD បញ្ឈប់ការនាំចេញបន្ទះឈីប GPU និង AI របស់ពួកគេទៅកាន់ប្រទេសចិននិងរុស្ស៊ី ក្រុមហ៊ុន Nvidia ត្រូវបានជូនដំណឹងថា «បន្ទះឈីប A100 និង H100 របស់ខ្លួនអាចត្រូវបានយកទៅប្រើនៅក្នុងវិស័យយោធានៅក្នុងប្រទេសទាំងពីរ»។ ក្រុមហ៊ុន Nvidia បាននិយាយថា «ខ្លួនមិនបានលក់ផលិតផលទៅឱ្យអតិថិជននៅក្នុងប្រទេសរុស្ស៊ីទេ»។
អ្នកជំនាញផ្នែកព័ត៌មានវិទ្យាចិន Li Wei បាននិយាយថា «ក្រុមហ៊ុនអ៊ីនធឺណិតយក្សរបស់ចិននឹងមិនអាចទទួលបានបន្ទះឈីបទំនើបបំផុតពីក្រុមហ៊ុន Nvidia និង AMD ទៀតនោះទេ ហើយបញ្ហានេះនឹងធ្វើឱ្យការអភិវឌ្ឍកុំព្យូទ័រល្បឿនលឿន និង AI របស់ចិនមានដំណើរការទៅមុខយឺត។ ប៉ុន្តែវាក៏នឹងបង្កការលំបាកដល់ក្រុមហ៊ុនទាំងនេះផងដែរក្នុងការទាញយកផលប្រយោជន៍ពីវិស័យ AI នៅក្នុងពិភពលោក»។
ក្នុងរយៈពេល ៣ខែ ដោយគិតត្រឹមថ្ងៃទី ៣១ ខែកក្កដាឆ្នាំនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Nvidia បានកើនឡើង ៦១% ដល់ ៣,៨១ ពាន់លានដុល្លារបើធៀបនឹងឆ្នាំមុន។ គេហទំព័រ statistic.com បានឱ្យដឹងថា «ក្រុមហ៊ុន Nvidia ទទួលបាន ២៥,៤% នៃប្រាក់ចំណូលសរុបរបស់ខ្លួនពីប្រទេសចិននៅក្នុងឆ្នាំសារពើពន្ធដែលបានបញ្ចប់នៅថ្ងៃទី ៣០ ខែមករា បើធៀបនឹង ៣១,៧% ពីកោះតៃវ៉ាន់ និង ១៦,២% ពីសហរដ្ឋអាមេរិក»។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតបន្ទះឈីប AI ជាច្រើនបានបន្តលេចឡើងនៅក្នុងប្រទេសចិន ដោយក្នុងនោះក្រុមហ៊ុន Cambrian Technologies Corp និង Changsha Jingjia Microelectronics Co Ltd ត្រូវបានចុះបញ្ជីនៅក្នុងទីក្រុងសៀងហៃ និង Shenzhen។ ក្រុមហ៊ុនថ្មីៗរួមមាន Biren Technology, Moore Threads, Iluvatar CoreX និង Shanghai Enflame Technology។
លោក Zhao Lidong ដែលជានាយកប្រតិបត្តិ និងជាស្ថាបនិកនៃក្រុមហ៊ុន Shanghai Enflame Technology បាននិយាយនៅក្នុងសន្និសីទពិភពលោក «Artificial Intelligence Conference» នៅទីក្រុងសៀងហៃកាលពីថ្ងៃទី ០១ ខែកញ្ញាថា «ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិនកំពុងស្ថិតនៅក្រោយបណ្តាដៃគូនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប ដែលបានចំណាយពេលជាច្រើនទសវត្សរ៍លើការស្រាវជ្រាវនិងការអភិវឌ្ឍ»។
លោក Zhao បានបន្ថែមថា «លោកជឿជាក់ថា ក្រុមហ៊ុនរចនាបន្ទះឈីបរបស់ចិននឹងអាចទទួលបានជោគជ័យនៅថ្ងៃណាមួយ ប្រសិនបើពួកគេបន្តការច្នៃប្រឌិតសម្រាប់រយៈពេលវែង»។ លោក Guo Yiwu ដែលអគ្គលេខាធិការនៃសមាគម «Shanghai Integrated Circuit Industry Association» បាននិយាយថា «វានឹងត្រូវចំណាយពេលយូរណាស់សម្រាប់អ្នកផលិត GPU របស់ចិន ដើម្បីអាចដើតាមទាន់ក្រុមហ៊ុន Nvidia»។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានលើកឡើងថា «កាលពីប៉ុន្មានឆ្នាំមុន Cambrian ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ គឺជាតារាដែលកំពុងរះនៅក្នុងឧស្សាហកម្មនេះ ហើយបន្ទះឈីប NPU របស់វាក៏ត្រូវបានគេប្រើជាផ្នែកមួយនៃបន្ទះឈីប Huawei Kirin 970 ក្នុងឆ្នាំ ២០១៧ ផងដែរ»។ Cambrian បានចំណាយប្រាក់ជាង ២ ពាន់លានយន់ (២៨៨ លានដុល្លារ) នៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) នៅចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០។
ប៉ុន្តែ ក្រោយមកក្រុមហ៊ុននេះបានជួបប្រទះនឹងការខាតបង់ បន្ទាប់ពីអតិថិជនដ៏ធំរបស់ខ្លួនគឺក្រុមហ៊ុន Huawei Technologies បានផ្លាស់ប្តូរទៅប្រើប្រាស់បន្ទះឈីប Da Vinci AI ផ្ទាល់ខ្លួននៅឆ្នាំ ២០២០។ អ្នកជំនាញផ្នែក IT បាននិយាយថា «អ្វីដែលអ្នកផលិតបន្ទះឈីបរបស់ចិនខ្វះគឺមិនមែនជាបច្ចេកវិទ្យាដែលត្រូវការនៅក្នុងការរចនាបន្ទះឈីបកម្រិតខ្ពស់នោះទេ ក៏ប៉ុន្តែពួកគេនៅខ្វះប្រព័ន្ធអេកូឡូស៊ីដែលមានភាពចាំបាច់សម្រាប់ការរីកចម្រើននៃវិស័យនេះ»។
លោកបានបន្តថា «ដោយសារក្រុមហ៊ុនអ៊ីនធឺណិតយក្សរបស់ចិនឥឡូវនេះមិនអាចទទួលបាន GPU កម្រិតខ្ពស់បំផុតពីសហរដ្ឋអាមេរិក ពួកគេអាចនឹងជំរុញការវិនិយោគរបស់ពួកគេដើម្បីបង្កើតបន្ទះឈីប AI ផ្ទាល់ខ្លួន។ បន្ទះឈីប Kunlun របស់ Baidu, បន្ទះឈីប RISC-V របស់ Alibaba និងបន្ទះឈីប Zixiao AI របស់ Tencent កំពុងបោះជំហានទៅមុខយ៉ាងលឿនរហ័ស»៕
Asia Times