ខ្មែរប៉ុស្ដិ៍ Close

សេដ្ឋកិច្ចពិភពលោកកំពុងទទួលបានសំណាងខ្លះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 56
សេដ្ឋកិច្ចពិភពលោកកំពុងទទួលបានសំណាងខ្លះ សេដ្ឋកិច្ចពិភពលោកកំពុងទទួលបានសំណាងខ្លះ

បញ្ហាប្រឈមចំពោះសេដ្ឋកិច្ចពិភពលោកគឺជាបញ្ហាដ៏លំបាក។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទីក្រុងប៉េកាំងបានកែសម្រួលឡើងវិញនូវយុទ្ធសាស្រ្ត Zero COVID របស់ខ្លួន បន្ទាប់ពីយុទ្ធសាស្រ្តនេះបានបង្កជាឧបសគ្គដ៏ចម្បងចំពោះការធ្វើពាណិជ្ជកម្ម។

ប្រទេសចិនក៏បានដាក់ចេញនូវផែនការដើម្បីជួយសង្គ្រោះវិស័យអចលនទ្រព្យដែលកំពុងដួលរលំផងដែរ។ បន្ថែមពីលើនេះ មេដឹកនាំអាមេរិក និងចិនបានបង្ហាញនូវសញ្ញាកាន់តែវិជ្ជមានចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការជួបប្រជុំគ្នាដោយផ្ទាល់កាលពីថ្ងៃទី ១៤ ខែវិច្ឆិកាកន្លងទៅនេះ។

សូមអាន ប្រទេសចិនកំពុងត្រៀមខ្លួនសម្រាប់ពេលវេលាដ៏លំបាក

មន្ត្រីធនាគារកណ្តាលអាមេរិកបានគាំទ្រនូវការរំពឹងទុកដែលថា «ធនាគារកណ្តាលដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកនឹងកាត់បន្ថយការដំឡើងអត្រាការប្រាក់» ខណៈដែលប្រាក់ដុល្លារអាមេរិកក៏បានធ្លាក់ចុះបន្តិចផងដែរកាលពីពេលថ្មីៗនេះ បន្ទាប់ពីបានឡើងដល់កម្រិតកប់ពពក។

ទោះជាយ៉ាងណាក៏ដោយ ទាំងអស់នេះនឹងមិននាំឆ្ពោះទៅរកការបោះជំហានទៅមុខដ៏អស្ចារ្យសម្រាប់សេដ្ឋកិច្ចពិភពលោកនោះឡើយ។ ប៉ុន្តែ វាអាចជួយដោះស្រាយបញ្ហាបានខ្លះ បើទោះបីជាមានលក្ខណៈបណ្តោះអាសន្នក៏ដោយ។ យុទ្ធសាស្រ្ត Zero COVID បានក្លាយជាកត្តាដែលនឹងកំណត់ថា «តើប្រទេសចិនមានឆន្ទៈក្នុងការដើរចេញពីភាពស្រពិចស្រពិលដែរឬទេ»។

សូមអាន តើដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅបរទេស គឺជាការបញ្ចប់ទៅនូវគោលនយោបាយ Zero-Covid របស់ប្រទេសចិនឬយ៉ាងណា?

លោក Ken Griffin ដែលជាស្ថាបនិកមូលនិធិការពារហានិភ័យ «Citadel» បាននិយាយកាលពីសប្តាហ៍មុនថា «ក្រុមការងាររបស់លោក ស៊ី ជីនពីង បានបង្ហាញនូវការប្តេជ្ញាចិត្តម្តងទៀតក្នុងការបង្កើនល្បឿនកំណើនសេដ្ឋកិច្ចចិន»។ ការខូចខាតអាចនឹងបន្តកើតមាននៅក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខទៀត ក៏ប៉ុន្តែយ៉ាងហោចណាស់សញ្ញាមួយចំនួនបានបង្ហាញថា «បញ្ហាដែលបាននិងកំពុងកើតមានអាចនឹងមានការប្រែប្រួល»។

ទោះយ៉ាងណាក៏ដោយ ចំណុចអវិជ្ជនៅតែមាន។ សេដ្ឋកិច្ចរបស់ប្រទេសចិនដែលបានផ្តល់នូវផលប្រយោជន៍ដល់ពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ នៅតែបន្តជួបប្រទះនឹងបញ្ហាប្រឈម។ ទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍មុនបានបង្ហាញថា «ការលក់រាយ និងទិន្នផលឧស្សាហកម្មបានបន្តធ្លាក់ចុះនៅក្នុងប្រទេសចិន»។

មូលនិធិរូបិយវត្ថុអន្តរជាតិបានបង្ហាញអំពីទិដ្ឋភាពកាន់តែអាប់អួរពាក់ព័ន្ធនឹងស្ថានភាពពិភពលោកជាមួយនឹងការលើកឡើងថា «ការលំបាកនឹងមានទំហំធំធេងណាស់»។ អ្នកបង្កើតគោលនយោបាយកំពុងព្យាយាមដោះស្រាយបញ្ហារួមទាក់ទងនឹងអតិផរណាខ្ពស់ និងកំណើនយឺត ខណៈដែលតម្លៃស្បៀងអាហារក៏បានក្លាយជាបញ្ហាប្រឈមមួយផងដែរនៅឆ្នាំនេះដែលជាហេតុធ្វើឱ្យបណ្តាប្រទេសនានាដាក់ចេញនូវវិធានការការពារមួយចំនួនដើម្បីទប់ស្កាត់ការខ្វះខាត។

សូមអាន វិបត្តិនៅអ៊ុយក្រែនបានបង្កនូវការភ័យខ្លាចថ្មីមួយទៀត ស្តីពីវិបត្តិស្បៀងអាហារ

អនុប្រធានធនាគារកណ្តាលអាមេរិកបានលើកឡើងថា «លោកស្រីចង់ឃើញការកាត់បន្ថយអត្រាការប្រាក់ពីចំនួន ៧៥ ពិន្ទុនៅខែក្រោយ» ខណៈដែលលោក Christopher Waller ដែលជាអភិបាលធនាគារកណ្តាលអាមេរិកក៏បាននិយាយកាលពីថ្ងៃពុធដែរថា «លោកគាំទ្រអត្រាការប្រាក់នៅកម្រិត ៥០ ពិន្ទុ»។

លោកស្រី Mary Daly ដែលជាប្រធានធនាគារកណ្តាលនៅទីក្រុង San Francisco បាននិយាយថា «ការពិភាក្សាគឺពិតជាបានផ្តោតលើការកាត់បន្ថយល្បឿនអត្រាការប្រាក់»។ ទាំងអស់នេះបានបង្ហាញថា «ដំណាក់កាលនៃការរឹតបន្តឹងដ៏ខ្លាំងបំផុតអាចនឹងលែងកើតមានទៀតហើយ»។

វាក៏ជាសារមួយដែលត្រូវបានបន្លឺឡើងដោយសមាជិកក្រុមប្រឹក្សាធនាគារកណ្តាលអឺរ៉ុប Francois Villeroy de Galhau ផងដែរ ដោយក្នុងនោះ លោកបានប្រាប់សន្និសីទនៅទីក្រុងតូក្យូកាលពីថ្ងៃអង្គារថា «ការដំឡើងអត្រាការប្រាក់យ៉ាងគំហ៊ុក នឹងមិនក្លាយជាទម្លាប់ថ្មីនោះទេ»។

ប៉ុន្តែរបាយការណ៍លម្អិតស្តីអំពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលរបស់ធនាគារកណ្តាលអូស្ត្រាលី នៅថ្ងៃទី ០១ ខែវិច្ឆិកា បានបង្ហាញអំពីការវិលត្រឡប់ទៅរកការកើនឡើងយ៉ាងគំហុកនៃអត្រាការប្រាក់។ វាបានក្លាយជារឿងធម្មតាក្នុងការស្តាប់ឮអ្នកបង្កើតគោលនយោបាយនិយាយអំពីភាពយឺតយ៉ាវ និងការបន្តសង្កត់ធ្ងន់ថា «អត្រាការប្រាក់បានកើនឡើងយ៉ាងឆាប់រហ័សនៅឆ្នាំនេះ»។

សូមអាន តើរូបិយបណ្ណអាស៊ានអាចរក្សាតម្លៃបានដែរឬទេ ខណៈពេលដែលធនាគារកណ្តាលអាមេរិកធ្វើការដំឡើងអត្រាការប្រាក់?

ទោះជាយ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចមួយចំនួនបានលើកឡើងនូវការយល់ឃើញថា «ការកាត់បន្ថយអត្រាការប្រាក់នឹងកើតមាននៅឆ្នាំ ២០២៣ មួយផ្នែកដោយសារតែការធ្លាក់ចុះនៃកំណើន នឹងធ្វើឱ្យតម្លៃធ្លាក់ចុះ»។ បើទោះបីវាអាចជាដំណឹងដ៏ល្អក៏ដោយ ក៏វាគឺជារឿងដ៏សំខាន់ក្នុងការចងចាំអំពីព្រឹត្តិការណ៍ដែលបានកើតឡើង ជាពិសេសអ្នកបង្កើតគោលនយោបាយពិតជាមិនចង់ទាញការសន្និដ្ឋានលឿនពេកនោះទេ។

ទេសរដ្ឋមន្ត្រីសិង្ហបុរី លោក Tharman Shanmugaratnam បានក្រើនរំលឹកកាលពីសប្តាហ៍មុនថា «កាលពីឆ្នាំមុន មន្ត្រីនានាបានព្យាករណ៍ខុសអំពីបញ្ហាអតិផរណា ដែលជាហេតុនាំមកនូវវិបត្តិសេដ្ឋកិច្ច»។ សេដ្ឋកិច្ចរបស់ចិន ក៏មិនអាចផ្លាស់ប្តូរទៅរកភាពល្អប្រសើរភ្លាមៗនោះដែរ។ ដំណើរចាកចេញពីការរាតត្បាតនៃវីរុសអាចបន្តអូសបន្លាយរហូតដល់ដំណាច់ឆ្នាំក្រោយ ខណៈដែលការបើកដំណើរការឡើងវិញមួយចំនួន ទើបតែបានចាប់ផ្តើមនៅក្នុងខែមេសានេះប៉ុណ្ណោះ ហើយការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញក៏នៅមានល្បឿនយឺតយ៉ាវ។

គោល នយោបាយ Zero COVID របស់ប្រទេសចិននៅមិនទាន់ត្រូវបានដកចេញទាំងស្រុងនោះទេ ក៏ប៉ុន្តែវាអាចមានការកែសម្រួលមួយចំនួន។ មន្ត្រីពាក់ព័ន្ធនានាត្រូវបានជំរុញឱ្យដាក់ចេញនូវគោលដៅរឹតត្បិតឱ្យបានជាក់លាក់ជាងមុន ជាជាងការលុបចោលនូវការរឹតត្បិតទាំងស្រុង។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនយោបាយនៃគណបក្សកុម្មុយនីស្តចិននៅថ្ងៃទី ១០ ខែវិច្ឆិកា គោលដៅគឺមានភាពច្បាស់លាស់ និងសមហេតុផលដែលនោះគឺ «ការស្តារសណ្តាប់ធ្នាប់ការងារ និងជីវិតរស់នៅ ឱ្យវិលត្រឡប់ទៅរកសភាពជាធម្មតាឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ សេដ្ឋកិច្ចពិភពលោកអាចនឹងមិនស្ថិតនៅក្នុងទម្រង់ដ៏ល្អបំផុតនោះទេ។ កំហុសមួយចំនួនបានកើតឡើង ក៏ប៉ុន្តែការវិវឌ្ឍសំខាន់ៗមួយចំនួនក៏បានកើតមានផងដែរនៅក្នុងសប្តាហ៍កន្លងទៅ៕

Channel News Asia