ខ្មែរប៉ុស្ដិ៍ Close

តើដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅបរទេស គឺជាការបញ្ចប់ទៅនូវគោលនយោបាយ Zero-Covid របស់ប្រទេសចិនឬយ៉ាងណា?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 203
តើដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅបរទេស គឺជាការបញ្ចប់ទៅនូវគោលនយោបាយ Zero-Covid  របស់ប្រទេសចិនឬយ៉ាងណា? តើដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅបរទេស គឺជាការបញ្ចប់ទៅនូវគោលនយោបាយ Zero-Covid របស់ប្រទេសចិនឬយ៉ាងណា?

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង គឺជាមេដឹកនាំរដ្ឋមួយរូបក្នុងពិភពលោកដែលមិនបានធ្វើដំណើរចេញទៅក្រៅប្រទេសនោះទេនៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ដោយសារតែកូវីដ-១៩។

ដូច្នេះហើយ នៅពេលដែលប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានប្រកាសកាលពាក់កណ្តាលខែសីហាថា លោក ស៊ី និងសមភាគីរុស្ស៊ីរបស់លោក វ៉្លាឌីមៀរ ពូទីន នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលីនៅក្នុងខែវិច្ឆិកា អ្នកសង្កេតការណ៍បានមើលឃើញថា ប្រទេសចិនអាចនឹងផ្លាស់ប្តូរគោលនយោបាយ Zero-Covid ដ៏យូរអង្វែងរបស់ខ្លួនហើយ។

ការរំពឹងទុកទាំងនោះហាក់ដូចជាត្រូវបានបង្ហាញកាន់តែច្បាស់កាលពីថ្ងៃចន្ទ នៅពេលដែលរដ្ឋាភិបាលប្រទេស កាហ្សាក់ស្ថាន បានប្រកាសថា លោក ស៊ី នឹងធ្វើដំណើរទៅកាន់ប្រទេសនៅតំបន់អាស៊ីកណ្តាលនៅ សប្តាហ៍ក្រោយ ដែលនេះគឺជាការធ្វើដំណើរទៅក្រៅប្រទេសជាលើក ដំបូងរបស់លោក ស៊ី មុនពេលការធ្វើសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិន នៅពាក់កណ្តាលខែតុលាខាងមុខ។

មកដល់ពេលនេះ នៅមិនទាន់មានការប្រកាសជាផ្លូវការណាមួយនៅឡើយនោះទេ ប៉ុន្តែលោក ស៊ី ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេស អ៊ូបឺគីស្ថាន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅសប្តាហ៍ក្រោយ។

លោក Li Zhanshu ដែលជាអ្នកនយោបាយលំដាប់ទី៣ នៅក្នុងគណបក្សកុម្មុយនីស្តចិន ក៏កំពុងធ្វើដំណើរទៅក្រៅប្រទេសផងដែរនៅក្នុងសប្តាហ៍នេះ។ គាត់គឺជាសមាជិកការិយាល័យនយោបាយដំបូងគេបង្អស់ដែលបានធ្វើដូច្នេះ។

ខណៈពេលដែលពួកគេកំពុងចាប់ផ្តើមធ្វើសកម្មភាពការទូតឡើងវិញ អ្នកវិភាគបាននិយាយថា ការរំពឹងទុកនៃការផ្លាស់ប្តូរភ្លាមៗនៃគោលនយោបាយ Zero Covid របស់ប្រទេសចិននៅពេលនេះ ឬសូម្បីតែបន្ទាប់ពីការធ្វើសមាជគណបក្សហើយក៏ហាក់ដូចជានៅឆ្ងាយ។ ផ្ទុយទៅវិញ ពួកគេបាននិយាយថា ការរឹតបន្តឹងទំនងជានឹងត្រូវបានបន្ធូរបន្ថយបន្តិចម្តងៗ។

អស់រយៈពេលជាង ២ ឆ្នាំកន្លងមកនេះ មន្ត្រីរបស់ប្រទេសចិនបានទទួលបញ្ជាឱ្យ «ការពារករណីនាំចូល និងទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងនៅក្នុងប្រទេស»។ អ្នកដំណើរដែលចង់ចូលទៅក្នុងប្រទេសចិនត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ក ហើយប្រសិនបើពួកគេចង់ចូលទៅកាន់ទីក្រុងប៉េកាំង ពួកគេត្រូវតែធ្វើចត្តាឡីស័កនៅក្នុងទីក្រុងមួយផ្សេងទៀតសិន ហើយរង់ចាំរហូតដល់ទទួលបានសញ្ញាសុខភាពពណ៌បៃតង ទើបពួកគេអាចបន្តដំណើរទៅកាន់រដ្ឋធានីបាន។

ពលរដ្ឋចិនភាគច្រើនអាចធ្វើដំណើរចេញទៅក្រៅប្រទេសបានសម្រាប់តែមូលហេតុការសិក្សា ការធ្វើអាជីវកម្ម ឬការទៅសួរសុខទុក្ខក្រុមគ្រួសារតែប៉ុណ្ណោះ ខណៈការធ្វើទេសចរណ៍មិនត្រូវបានគេលើកទឹកចិត្តនោះទេ។

ដូចគ្នានេះដែរ ក្រៅពីអ្នកការទូតកំពូលដូចជាលោក Yang Jiechi និងលោក Wang Yi មានមន្ត្រីជាន់ខ្ពស់តិចតួចណាស់ដែលបានធ្វើដំណើរចេញទៅក្រៅប្រទេសនៅក្នុងរយៈពេល ២ ឆ្នាំ ចុងក្រោយនេះ។ លោក ស៊ី មិនបានធ្វើដំណើរទៅប្រទេសផ្សេងនោះទេ ចាប់តាំងពីលោកបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីខែមករា ឆ្នាំ ២០២០ និងបានធ្វើដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់ទីក្រុងហុងកុងកាលពីខែកក្កដា។

ការផ្អាកសកម្មភាពការទូតជួបតទល់គ្នា ហាក់ដូចជាបង្ហាញអំពីភាពសោះកក្រោះ ខណៈប្រទេសចិនកំពុងតែដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ និងនៅក្នុងបញ្ហាភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ គេក៏បានមើលឃើញអំពីសញ្ញានៃការផ្លាស់ប្តូរផងដែរ។

អនុប្រធានាធិបតីលោក Wang Qishan បានដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីខែឧសភា ដើម្បីចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីរបស់លោក Yoon Suk-yeol ខណៈរដ្ឋមន្ត្រីបរិស្ថានលោក Huang Runqiu ក៏បានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកកាលពីខែមិថុនាផងដែរ។

កាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា លោក Li ដែលជាប្រធានសភាចិន National People’s Congress (NPC) នឹងដឹកនាំគណៈប្រតិភូចំនួន ៦៦ រូប ទៅកាន់ប្រទេសរុស្ស៊ី ម៉ុងហ្គោលី នេប៉ាល់ និងកូរ៉េខាងត្បូង នៅក្នុងសប្តាហ៍នេះ។ វាគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រធានសភាចិនទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ ហើយសមាសភាពនៅក្នុងក្រុមគណៈប្រតិភូក៏នឹងមានរួមបញ្ចូលនូវសមាជិកសភាជាន់ខ្ពស់មួយចំនួនផងដែរ។

មកទល់ពេលនេះ មានតែដំណើរទស្សនកិច្ចរបស់លោក Li តែប៉ុណ្ណោះ ដែលត្រូវបានប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ដោយមិនទាន់មានការប្រកាសជាផ្លូវការណាមួយថា តើលោក ស៊ី នឹងធ្វើដំណើរទៅក្រៅប្រទេសឬយ៉ាងណានោះឡើយ។ ហើយក៏មិនទាន់មានការលើកឡើងណាមួយនៅក្នុងបណ្តាញសង្គមរបស់ចិនថា តើដំណើរទស្សនកិច្ចទាំងនេះពិតជាបង្ហាញថា ប្រទេសចិននឹងធ្វើការបន្ធូរបន្ថយវិធានការកូវីដ-១៩ ឬអត់នោះដែរ។

ទោះជាយ៉ាងណាក៏ដោយ លោក Zhang Zuofeng សាស្ត្រាចារ្យផ្នែករោគរាតត្បាតនៅសកលវិទ្យាល័យ California រដ្ឋ Los Angeles បានចាត់ទុកថា ការប្រកាសខាងលើគឺជាការវិវត្តជាវិជ្ជមានមួយ។ គាត់បាននិយាយថា «នេះគឺជាសញ្ញាដ៏ល្អ ហើយវាក៏ជាជំហានដំបូងដែលបង្ហាញថា ប្រទេសចិនអាចនឹងធ្វើការផ្លាស់ប្តូរគោលនយោបាយ Zero Covid របស់ខ្លួនផងដែរ»។

លោក Huang Yanzhong មន្ត្រីជាន់ខ្ពស់ផ្នែកសុខភាពពិភពលោក នៅក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិបាននិយាយថា ការចាប់ផ្តើមធ្វើដំណើរការទូតឡើងវិញរបស់លោក ស៊ី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតគឺជាសញ្ញាបង្ហាញថា មេដឹកនាំចិនកាន់តែមានទំនុកចិត្តចំពោះការធ្វើដំណើរទៅបរទេស។ លោកបាននិយាយថា «នេះអាចជាសញ្ញាមួយដែលបង្ហាញថា លោក ស៊ី ផ្ទាល់ហាក់ដូចជាមានទំនុកចិត្តក្នុងការធ្វើដំណើរទៅក្រៅប្រទេស ហើយគាត់អាចធ្វើបែបនេះបានក៏ព្រោះតែគាត់បានចាក់វ៉ាក់សាំងហើយពេញលេញ»។

ប៉ុន្តែលោក Huang បានបញ្ជាក់ផងដែរថា មិនមានការចង្អុលបង្ហាញផ្សេងទៀតដែលបញ្ជាក់ថា ប្រទេសចិននឹងងាកចេញពីគោលនយោបាយ Zero Covid របស់ខ្លួននោះទេ ខណៈសហគមន៍ជាច្រើនកំពុងត្រូវបានបិទខ្ទប់នៅមុនការធ្វើសមាជបក្សនៅពេលខាងមុខ។ លោកបាននិយាយថា «វិធានការបិទខ្ទប់ភ្លាមៗត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ។ ដូច្នេះគោលនយោបាយនេះអាចនឹងត្រូវបានគេអនុវត្តនៅក្នុងលក្ខណៈកាន់តែញឹកញាប់ និងកាន់តែតឹងរ៉ឹង»។

ខណៈពេលដែលការបិទខ្ទប់ដោយផ្នែកនៃទីក្រុង Shenzhen ដែលជាទីក្រុងមានប្រជាជនចំនួន ១២ លាននាក់ត្រូវបានបន្ធូរបន្ថយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការរឹតបន្តឹងទៅលើការធ្វើដំណើរនៅក្នុងទីក្រុង Chengdu ដែលជាទីកន្លែងដែលមានមនុស្សរស់នៅ ២១ លាននាក់ក៏ត្រូវបានពង្រីកបន្តដើម្បីទប់ស្កាត់ការរីករាលដាលនៃករណីឆ្លង។

លោក Huang បានលើកឡើងថា ប្រទេសចិននៅតែចាត់ទុកកូវីដ-១៩ ជាជំងឺធ្ងន់ធ្ងរ នេះបើយោងតាមអ្វីដែលគាត់បានកត់សម្គាល់នៅក្នុងសារលោក ស៊ី ដែលបានផ្ញើទៅប្រធានាធិបតីអាមេរិក Joe Biden កាលពីខែកក្កដា និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida កាលពីខែសីហា ខណៈពេលដែលពួកគេបានឆ្លងមេរោគនេះ។ លោក Huang បាននិយាយថា «តាមការគិតរបស់ខ្ញុំ គ្មានមេដឹកនាំប្រទេសណាមួយ
ធ្វើដូចគ្នានោះទេ។ ខ្ញុំនៅតែមិនទាន់ច្បាស់អំពីការផ្លាស់ប្តូរជាមូលដ្ឋាននៃគោលនយោបាយ Zero Covid ប្រសិនបើអ្នកក្រឡេកទៅមើលពី របៀបដែលលោក ស៊ី បានយល់ឃើញអំពីមេរោគកូវីដនេះ»។

ខណៈដែលប្រទេសចិនកំពុងបង្កើនការធ្វើតេស្ត PCR និងបង្កើនការបិទខ្ទប់ភ្លាមៗ ហើយមន្ត្រីរបស់រដ្ឋាភិបាលកំពុងតែព្យាយាមរក្សាស្ថិរភាពនយោបាយ និងការពារកុំឱ្យមានការកើនឡើងនៃករណីឆ្លងនៅមុនពេលមានសមាជគណបក្សនោះរដ្ឋាភិបាលចិនបានកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលចូលមកក្នុងប្រទេស ហើយបានចាប់ផ្តើមអនុញ្ញាតឱ្យនិស្សិតបរទេសត្រឡប់មកវិញ។

កាលពីចុងខែមិថុនា ប្រទេសចិនបានកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់មនុស្សដែលចូលមកក្នុងប្រទេស ឱ្យមកនៅត្រឹមរយៈពេល ៧ថ្ងៃ និងរយៈពេលនៃការឃ្លាំមើលសុខភាពត្រឹមរយៈពេល ៣ថ្ងៃ។ គេក៏បានធ្វើការកែសម្រួលដំណើរការប្រកាសអំពីការធ្វើតេស្ត PCR កាលពីចុងខែសីហាផងដែរ។

មនុស្សជាច្រើន នៅចិនដីគោកកំពុងរង់ចាំមើលយ៉ាងអន្ទះសារថា តើអាជ្ញាធរអាចនឹងដើរតាមគន្លងរបស់ទីក្រុងហុងកុងដើម្បីកាត់បន្ថយការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលចូលមកក្នុងប្រទេសឱ្យមកនៅត្រឹម ៣ថ្ងៃដែរឬទេ។ ពួកគេក៏កំពុងរង់ចាំមើលផងដែរនូវការបន្ធូរបន្ថយណាមួយផ្សេងទៀត ខណៈប្រទេសប្រហែល ៨០ បានធ្វើការបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់ភ្ញៀវទេសចរដែលបានចូលមកក្នុងប្រទេសរបស់គេរួចទៅហើយ។

លោក Chen Xi សាស្ត្រាចារ្យរងផ្នែកគោលនយោបាយសុខភាព និងសេដ្ឋកិច្ចនៅសាលាសុខភាពសាធារណៈ Yale បាននិយាយថា «សញ្ញាទាំងនេះបានបង្ហាញថា គោលនយោបាយ Zero Covid របស់ប្រទេសចិននឹងត្រូវបានគេបន្ធូរបន្ថយបន្តិចម្តងៗ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការបែបនេះនៅតែមានភាពមិនច្បាស់លាស់នៅឡើយទេ»។

លោកបានបន្ថែមទៀតថា «ទោះបីជាគេអាចនឹងបើកចំហសម្រាប់ការផ្លាស់ប្តូរគោលនយោបាយមួយចំនួន ក្រោយការធ្វើសមាជគណបក្សក៏ដោយ ក៏វានឹងមិនអាចផ្លាស់ប្តូរភ្លាមៗបាននោះទេ។ វាគឺជាដំណើរការមួយជំហានម្តងៗ»។

កត្តានយោបាយនឹងនៅតែបន្តដើរតួនាទីយ៉ាងធំនៅក្នុងការកំណត់ទិសដៅអនាគតនៃគោលនយោបាយកូវីដរបស់ប្រទេសចិន សូម្បីតែបន្ទាប់ពីធ្វើសមាជគណបក្សរួចហើយក៏ដោយ។

លោក Huang បាននិយាយថា «វាច្បាស់ណាស់ដែលថាប្រទេសចិនកំពុងធ្វើសកម្មភាពក្រោមហេតុផលផ្សេងៗគ្នា ហើយអ្នកមិនអាចធ្វើការទស្សន៍ទាយដោយផ្អែកទៅលើតក្កវិជ្ជានយោបាយធម្មតាៗបានទេ»។ គាត់បានបន្ថែមទៀតថា អាជ្ញាធរនឹងរារាំងមិនឱ្យកើតមានហានិភ័យណាមួយដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់ការសម្រេចចិត្តរបស់លោក ស៊ី ក្នុងការបន្តអនុវត្តគោលនយោបាយ Zero Covid រយៈពេលយូរ។

គេក៏បានចោទជាសំណួរផងដែរថាតើមន្ត្រីចិនមានឆន្ទៈដើម្បីបញ្ឈប់ការគ្រប់គ្រងមកលើប្រជាជន តាមរយៈហេតុផលសុខភាពដែរឬទេ។

លោក Huang បាននិយាយថា «ការរឹតបន្តឹងដើម្បីទប់ស្កាត់កូវីដបានផ្តល់នូវវិធីដើម្បីឃ្លាំមើល និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពមកលើសង្គម»។ លោកបានបន្ថែមទៀតថា អាជ្ញាធរទទួលបានការលើកទឹកចិត្តដើម្បីឱ្យបន្តរក្សាការគ្រប់គ្រងឱ្យបានជាក់លាក់តាមរយៈការស្កេនកូដ QR Code បើទោះបីជាការរឹតបន្តឹងកូវីដមួយចំនួន ត្រូវបានបន្ធូរបន្ថយក៏ដោយ។

លោកបាននិយាយទៀតថា «ប្រសិនបើប្រទេសចិនផ្លាស់ប្តូរគោលនយោបាយរបស់ពួកគេ ហើយងាកមករស់នៅជាមួយកូវីដ-១៩ ដោយគ្មានការដាក់ចេញនូវវិធានការមួយចំនួនដូចជាការចាក់វ៉ាក់សាំង, ការបង្កើតថ្នាំសម្រាប់ការព្យាបាល និងការកែលម្អសមត្ថភាពមន្ទីរពេទ្យទេនោះ ខ្ញុំគិតថា ករណីឆ្លងកូវីដនឹងកើនឡើងច្រើន ហើយក៏អាចមានអ្នកដែលនឹងត្រូវបាត់បង់ជិវិតផងដែរ»។

ប្រទេសចិនបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំកូវីដ-១៩ របស់ក្រុមហ៊ុន Livzon Pharmaceutical Group ដើម្បីជាថ្នាំជំរុញ ហើយក៏បានអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំជំរុញរបស់ក្រុមហ៊ុន CanSino ផងដែរ។

លោក Chen បាននិយាយថា «ដោយសារគោលនយោបាយ Zero Covid អាចនឹងបង្កឱ្យមានហានិភ័យជាប្រព័ន្ធច្រើន ហើយមេរោគប្រភេទថ្មីក៏លែងសូវបង្កឱ្យមានការគំរាមកំហែងផងដែរនោះ ប្រទេសចិននឹងអាចដាក់ចេញនូវវិធានការឈានទៅមុខប្រកបដោយភាពប្រយ័ត្នប្រយែង»។

លោក Huang បាននិយាយទៀតថា «ខ្ញុំគិតថា ការធ្វើសមាជគណបក្ស គឺជាការចាប់ផ្តើមនៃការផ្លាស់ប្តូរដ៏សំខាន់មួយជាជាងការបន្តអនុវត្តនូវគោលនយោបាយដែលមានស្រាប់»៕

South China Morning Post

អត្ថបទទាក់ទង