ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វី​​បំណុលគ្រួសារនៅក្នុងប្រទេសថៃកើនឡើងខ្ពស់ម៉្លេះ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 84
ហេតុអ្វី​​បំណុលគ្រួសារនៅក្នុងប្រទេសថៃកើនឡើងខ្ពស់ម៉្លេះ? ហេតុអ្វី​​បំណុលគ្រួសារនៅក្នុងប្រទេសថៃកើនឡើងខ្ពស់ម៉្លេះ?

យោងតាមរបាយការណ៍នៅពេលថ្មីៗនេះរបស់កាសែត Bangkok Post និង South China Morning Post «បំណុលគ្រួសារនៅក្នុងប្រទេសថៃបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ» ដោយក្នុងនោះ ស្ថិតិដែលត្រូវបានចងក្រងឡើងដោយធនាគារកណ្ដាលថៃ (Bank of Thailand) បានបង្ហាញថា «កម្រិតជំពាក់បំណុលបានឈានដល់ ៩០% នៃ GDP នៅក្នុងត្រីមាសទី៤ នៃ
ឆ្នាំ ២០២១»។

វីរុសរាតត្បាតគឺជាមូលហេតុមួយដែលនៅពីក្រោយរឿងនេះ។ ដោយសារតែរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ថៃបានពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចេញសេវាកម្មនិងទំនិញ វីរុសរាតត្បាតបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូលនៅក្នុងប្រទេសថៃ ហើយប្រជាជនថៃជាច្រើនក៏ត្រូវបង្ខំចិត្តខ្ចីប្រាក់ដើម្បីទប់ទល់នឹងវិបត្តិនេះ។

ប៉ុន្តែនេះគឺគ្រាន់តែជាផ្នែកមួយនៃបញ្ហាតែប៉ុណ្ណោះ ពីព្រោះបំណុលគ្រួសារនៅក្នុងប្រទេសថៃបានកើនឡើងខ្ពស់រួចទៅហើយ ពោលគឺតាំងពីមុនពេលកើតមានវីរុសរាតត្បាតទៅទៀតដែលមានចំនួនប្រមាណ ៧៨,៨% នៃ GDP នៅត្រីមាសទី១ នៃ ឆ្នាំ ២០១៩ ហើយកម្ចីឥណទានក្នុងវិស័យឯកជននៅក្នុងស្រុកមានចំនួនលើស ១០០% នៃ GDP អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

នៅរវាងឆ្នាំ ២០១០-២០១១ កម្រិតបំណុលនៅក្នុងប្រទេសថៃបានចាប់ផ្តើមកើនឡើងយ៉ាងគំហុក ហើយបំណុលគ្រួសារនៅថៃមានចំនួន ៦៨% នៃ GDP នៅដើមឆ្នាំ ២០១២ និងបានកើនឡើងដល់ ៨១% នៅដំណាច់ឆ្នាំ ២០១៥។ ស្ថានភាពនេះបានកើតឡើងទន្ទឹមនឹងការធ្លាក់ចុះនៃប្រាក់បាតថៃ និងការកើនឡើងយ៉ាងគំហុកនៃការនាំចេញរបស់ប្រទេសនេះ ហើយបើគិតត្រឹមឆ្នាំ ២០១៦ ប្រទេសថៃមានអតិរេកនៅក្នុងគណនីចរន្តច្រើនជាង ១០% នៃ GDP ។

ឥទ្ធិពលដែលអតិរេកពាណិជ្ជកម្មដ៏ធំអាចកើតមានទៅលើប្រទសជាក់លាក់ណាមួយនឹងអាស្រ័យលើរបៀបដែលប្រទេសនោះបែងចែកប្រាក់ចំណេញ។ នៅក្នុងប្រទេសថៃ ជាទីដែលការនាំចេញភាគច្រើនគឺជាទំនិញវាយនភ័ណ្ឌ និងគ្រឿងម៉ាស៊ីនដែលលក់ទៅឱ្យអ្នកបញ្ជាទិញបរទេស និងដែលមានប្រភពមកពីវិស័យទេសចរណ៍ «ការកើនឡើងយ៉ាងគំហ៊ុកនៃការនាំចេញមានន័យស្មើនឹងការកើនឡើងខ្ពស់នៃប្រាក់ឈ្នួលសម្រាប់កម្មករ»។

ប្រាក់ឈ្នួលនៅក្នុងប្រទេសថៃមានការកើនឡើងយ៉ាងខ្លាំងចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៤ (ដោយសារការដំឡើងប្រាក់ឈ្នួលអប្បបរមា) ក៏ប៉ុន្តែវាបានចាប់ផ្តើមមានកំណើនយឺតវិញនៅប៉ុន្មានឆ្នាំមុនពេលកើតមានវីរុសរាតត្បាត។ ជាក់ស្ដែង ចាប់ពីត្រីមាសទី ៤ នៃឆ្នាំ ២០១៥ ដល់ត្រីមាសទី ៤ នៃឆ្នាំ ២០១៧ ប្រាក់ឈ្នួលប្រចាំខែជាមធ្យមសម្រាប់កម្មកររោងចក្រម្នាក់ៗបានកើនឡើងត្រឹមតែ ២% ប៉ុណ្ណោះ។

នៅអំឡុងពេលនោះ ប្រទេសថៃកំពុងមានអតិរេកយ៉ាងច្រើននៅក្នុងគណនីចរន្តរបស់ខ្លួន ដែលនេះបានបង្ហាញថា «ប្រាក់ចំណេញដែលបានមកពីការកើនឡើងនៃការនាំចេញ មិនបាននាំមកនូវការដំឡើងប្រាក់ឈ្នួលឱ្យបានច្រើនដល់កម្មករនោះទេ»។

ពិតណាស់ វានៅមានហេតុផលជាច្រើនផ្សេងទៀតដែលអាចធ្វើឱ្យបំណុលគ្រួសារថៃមានការកើនឡើង តួយ៉ាងដូចជាកង្វះស្ដង់ដារទូរទាត់បំណុល និងកង្វះការត្រួតពិនិត្យលើបទប្បញ្ញត្តិ, គោលនយោបាយរូបិយវត្ថុងាយស្រួល ដែលជាហេតុលើកទឹកចិត្តឱ្យមានការខ្ចីប្រាក់ច្រើនហួសហេតុ បូករួមនឹងតម្លៃឧស្ម័ននិងអគ្គិសនីកើនឡើងខ្ពស់ ជាពិសេសក្នុងអំឡុងពេលកើនឡើងនៃតម្លៃទំនិញនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០១០។

ប៉ុន្តែបើគេក្រឡេកមើលទៅរចនាសម្ព័ន្ធសេដ្ឋកិច្ចទាំងមូលរបស់ថៃ មូលហេតុចម្បងនៃបញ្ហានេះ អាចដោយសារតែ «អតិរេកពាណិជ្ជកម្មដ៏ធំ និងការនាំចេញដ៏គំហ៊ុក មិនត្រូវបានបំប្លែងឱ្យទៅជាការដំឡើងប្រាក់ឈ្នួល សម្រាប់កម្មករ» ដែលជាហេតុធ្វើឱ្យប្រជាជនថៃងាកទៅរកការខ្ចីប្រាក់ក្នុងទម្រង់ផ្សេងៗ។

នៅក្នុងប្រទេសថៃ រដ្ឋាភិបាលមិនចង់បង្កើតឱ្យមានឱនភាពដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃទំនិញនោះទេ (គណៈកម្មការគ្រប់គ្រងថាមពលរបស់ប្រទេសថៃទើបតែបានអនុម័តលើការយកពន្ធខ្ពស់បំផុតមិនធ្លាប់មានលើតម្លៃអគ្គិសនី ដែលនឹងមិនអាចជួយកាត់បន្ថយបំណុលគ្រួសារថៃនៅក្នុងពេលឆាប់ៗ នេះទេ)។ ដូច្នេះ គេអាចរំពឹងបានថា «គ្រួសារថៃនឹងត្រូវជាប់ជំពាក់បំណុលកាន់តែច្រើនបន្ថែមទៀត»។

ទាំងនេះមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ជាពិសេសចំពោះអ្នកបង្កើតគោលនយោបាយរបស់រដ្ឋាភិបាលថៃ។ តួលេខទាំងនេះអាចរកបានយ៉ាងងាយស្រួលនៅតាមប្រព័ន្ធផ្ទុកទិន្នន័យរបស់ធនាគារពិភពលោក, ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារកណ្ដាលថៃ។

នៅពេលនេះ អតិផរណានិងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុសកលបាននិងកំពុងកើនឡើង ហើយជាមួយនឹងបំណុលគ្រួសាររបស់ថៃនៅតែបន្តកើនឡើងខ្ពស់ជាលំដាប់ឱកាសក្នុងការដោះស្រាយបញ្ហានឹងរួមកាន់តែតូចហើយគេក៏មិនទាន់ច្បាស់ដែរថា «តើយុទ្ធសាស្ត្រដើម្បីចាកចេញពីវិបត្តិនេះគឺជាអ្វី»៕

The Diplomat

អត្ថបទទាក់ទង