ខ្មែរប៉ុស្ដិ៍ Close

CNA ៖ គោលនយោបាយរក្សាមិនឱ្យមានករណីឆ្លងកូវីដ លែងជាគោលដៅពិតប្រាកដរបស់ប្រទេសចិនទៀតហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 152
CNA ៖ គោលនយោបាយរក្សាមិនឱ្យមានករណីឆ្លងកូវីដ លែងជាគោលដៅពិតប្រាកដរបស់ប្រទេសចិនទៀតហើយ AFP

នៅពេលមេរោគបំប្លែងថ្មី អូមីក្រុង ត្រូវបានគេរាយការណ៍ដំបូងទៅអង្គការសុខភាពពិភពលោកនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសចិនបានងាកទៅរកអភិក្រមថ្មី ពោលគឺងាកទៅរកអ្វីដែលគេហៅថាជាអភិក្រម «Dynamic Zero-COVID» ដើម្បីមកជំនួសគោលនយោបាយ Zero-tolerance របស់ខ្លួន។

លោក Liang Wannian ប្រធានក្រុមការងារកូវីដ-១៩ របស់ប្រទេសចិនបានឱ្យដឹងថា គោលដៅនៃគោលនយោបាយថ្មីនេះគឺជាការទប់ស្កាត់ការផ្ទុះឡើងនៅក្នុងស្រុក តាមរយៈការធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ជាជាងការរក្សាឱ្យគ្មានករណីឆ្លងកូវីដសោះ។

ធៀបទៅនឹងជំហរក្នុងការរក្សាឱ្យគ្មានករណីឆ្លងកូវីដដែលជាគោលនយោបាយដែលត្រូវបានដាក់ចេញតាំងពីដំបូងទីរបស់ខ្លួន អភិក្រមថ្មីនេះបានធ្វើឱ្យមានការបន្ធូរបន្ថយវិធានច្បាប់ច្រើន និងបានរួមបញ្ចូលនូវវិធានការដែលផ្តោតទៅលើការ លុបបំបាត់ករណីឆ្លងមីៗឱ្យបានលឿន។

វិធានការទាំងនេះរួមមានការស្ទាក់រកឃើញឱ្យបានទាន់ពេលវេលា, ការតាមដានការទាក់ទងគ្នាជាប្រចាំ, ការធ្វើចត្តាឡីស័ករយៈពេលយូរ និងការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹង។

ការរកឃើញករណីឆ្លងថ្មីៗនឹងលែងបង្កឱ្យមានការបិទខ្ទប់ទីក្រុងទាំងមូលទៀតហើយ។ ជាជំនួសមកវិញ គេបានដាក់ចេញនូវវិធានការបិទខ្ទប់តំបន់មួយចំនួននៅក្នុងចំណោមសហគមន៍ខ្លះ នៅពេលដែលមានការឆ្លងថ្មីលើស ពី ២ ករណីត្រូវបានគេរកឃើញនៅក្នុងសហគមន៍តែមួយក្នុងរយៈពេល ១៤ ថ្ងៃ។

ស្ថិតក្រោមគោលនយោបាយនេះ គេបានធ្វើការផ្តោតកាន់តែច្រើនទៅលើការរក្សាតុល្យភាពរវាងការគ្រប់គ្រងជំងឺឆ្លង និងការអនុញ្ញាតឱ្យពលរដ្ឋអាចរស់នៅក្នុងជីវភាពធម្មតាឡើងវិញ។ ឧទាហរណ៍ ភូមិដែល មានហានិភ័យក្នុងការឆ្លង អាចប្រកាន់យកវិធានការតឹងរ៉ឹងនៅតាមព្រំដែនភូមិរបស់ខ្លួន ដែលរួមមានទាំងការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ និងដាក់ការរឹតត្បឹតលើការចល័តទីរបស់ពលរដ្ឋ ខណៈដែលតំបន់នៅក្នុងភូមិរបស់ពួកគេមិនចាំបាច់អនុវត្តការរឹតត្បិតទាំងនេះទេ។

ការប្តូរទិសដៅនេះមិនត្រូវបានពិភពលោកចាប់អារម្មណ៍នោះទេ ហើយដោយសារតែការបន្តបិទខ្ទប់នៅតាមបណ្តាខេត្ត និងទីក្រុងរបស់ប្រទេសចិននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានធ្វើឱ្យអន្តរជាតិនៅតែបន្តរិះគន់មកលើគោលនយោបាយរបស់ប្រទេសចិន ។

ដោយលទ្ធភាពនៃការឆ្លងលឿនរបស់មេរោគ អូមីក្រុង ប្រទេសចិនក៏ដឹងដែរថា ការងាកទៅរកការរស់នៅជាមួយនឹងវីរុសនោះ ប្រហែលជារឿងដែលមិនអាចចៀសរួចនោះទេ។ ប៉ុន្តែពេលនេះមិនមែនជាពេលល្អសម្រាប់ប្រទេសចិនក្នុងការងាកទៅរស់នៅជាមួយកូវីដ-១៩ នោះទេ ជាពិសេស នៅពេលដែលការប្រកួតកីឡាអូឡាំពិករដូវរងាកំពុងតែដំណើរការនោះ។

ទោះជាយ៉ាងណាក៏ដោយ ការផ្តោតរបស់អាជ្ញាធរចិនមកលើទិដ្ឋភាពនៃគោលនយោបាយ «Dynamic»ថ្មីរបស់ខ្លួន គឺជាសញ្ញាបង្ហាញថា រដ្ឋាភិបាលចិនបានត្រៀមខ្លួនដើម្បីធ្វើការបត់បែន និងបន្ធូរការរឹតត្បឹតជាបណ្តើរៗហើយ។

អស់រយៈពេល២ឆ្នាំកន្លងទៅនេះ គោលនយោបាយរក្សាមិនឱ្យមានករណីឆ្លងកូវីដរបស់ប្រទេសចិន បានជួយឱ្យប្រទេសនេះអាចគ្រប់គ្រង និងរក្សាចំនួនករណីឆ្លងកូវីដ-១៩ ឱ្យនៅក្នុងកម្រិតទាប និងបានធ្វើឱ្យប្រទេសនេះសម្រេចបានកំណើន សេដ្ឋកិច្ច ៨,១% នៅ ក្នុងឆ្នាំ ២០២១។

មានប្រទេសមួយចំនួនតូចរំពឹងថា ជំងឺរាតត្បាតនឹងបន្តរាតត្បាតនៅក្នុងឆ្នាំទី៣ជាបន្តទៀត។ ដូច្នេះការចាក់សោរ និងច្បាប់ដ៏តឹងរ៉ឹងនៅតែត្រូវបានគេចាត់ទុកថាជារឿងចាំបាច់។

អាជ្ញាធររបស់ប្រទេសចិនដឹងថា ដើម្បីប្រឈមមុខនឹងមេរោគបំប្លែងថ្មី អូមីក្រុង ដែលងាយឆ្លងនោះយុទ្ធសាស្ត្រលុបបំបាត់ករណីឆ្លងកូវីដនឹងលែងមានប្រសិទ្ធភាពទៀត ហើយ។ អញ្ចឹងត្រូវតែមានការពិនិត្យដើម្បីកែសម្រួលឡើងវិញ។

ប្រទេសចិនក៏ទទួលរងនូវការខាតបង់ផ្នែកសេដ្ឋកិច្ចសង្គមដោយសារតែការរឹតត្បឹតដ៏តឹងរ៉ឹងនេះផងដែរ ដែលរួមមានទាំងភាពរអាក់រអួលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ភាពយឺតយ៉ាវផ្នែកសេវាកម្ម និងការធ្លាក់ចុះនៃការធ្វើដំណើរឆ្លងកាត់ព្រំដែន។

នៅខែវិច្ឆិកា ឆ្នាំ ២០២១ នៅក្នុងបទសម្ភាសន៍មួយដែលនិយាយអំពីការដាក់ចេញនូវគោលនយោបាយ «Dynamic» ថ្មីរបស់ប្រទេសចិន លោក Liang បាន និយាយថា វិធានការគ្រប់គ្រងនិងទប់ស្កាត់របស់ប្រទេសចិនត្រូវមានភាពច្បាស់លាស់ និងឆាប់រហ័ស ដោយផ្តោតសំខាន់ទៅលើការព្យាបាល និងការស្រាវជ្រាវលើផ្នែកវេជ្ជសាស្ត្រសម្រាប់ការគ្រប់គ្រងកូវីដ-១៩ ជាទូទៅ ។

លោក Liang បានទទួលស្គាល់ថា ភាពនឿយណាយ និងការមិនពេញចិត្តក្នុងចំណោមពលរដ្ឋចិនបានកើនឡើង បន្ទាប់ពីការដាក់ចេញនូវវិធានការដ៏តឹងរ៉ឹងអស់រយៈពេល ២ ឆ្នាំកន្លងមកនេះ។ ប៉ុន្តែគាត់ក៏បានគូសបញ្ជាក់ នូវភាពហ្មត់ចត់របស់ពលរដ្ឋចិនដែលបានជួយឱ្យប្រទេសនេះអាចគ្រប់គ្រងការរាតត្បាតជំងឺឆ្លងបាន នាពេលកន្លងមកផងដែរ។

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ក្រុមប្រឹក្សារដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មានពិសេសមួយស្តីអំពីការគ្រប់គ្រងកូវីដ-១៩ ដោយបានពង្រឹងគោលជំហរដដែលរបស់ខ្លួន។

ស្ថិតក្រោមគោលនយោបាយរក្សាមិនឱ្យមានករណីឆ្លងកូវីដចាស់ រាល់ពេលដែលករណីឆ្លងថ្មីត្រូវបានគេរកឃើញ ប្រជាជនទាំងនោះ ពេលខ្លះត្រូវឆ្លងកាត់ការធ្វើតេស្តទ្រង់ទ្រាយធំជាច្រើនដង និងអាចត្រូវបិទខ្ទប់ទីក្រុងទាំងមូលទៀតផង។

អ្នកដែលមិនបានចូលរួមក្នុងការធ្វើតេស្តច្បាស់ជាមានការព្រួយបារម្ភអំពីពណ៌តំណាងសុខភាពរបស់គេដែល លេចឡើងនៅក្នុងកម្មវិធីកូវីដ-១៩ ដែលអាចនឹងធ្វើឱ្យពួកគេមិនអាចចូលនៅក្នុងហាងនានា ឬធ្វើដំណើរទៅកាន់ទីតាំងផ្សេងៗបាន។

ពលរដ្ឋចិនភាគច្រើនបានទទួលយកវោហារសាស្ត្រដែលថា ការរស់នៅជាមួយកូវីដ-១៩ គឺមិនមែនជាវីធីសាស្ត្រល្អ សម្រាប់ប្រទេសចិននោះទេ ដោយសារតែវាអាចនឹងបង្កឱ្យមានចំនួនអ្នកឈឺធ្ងន់ធ្ងរ និងស្លាប់ច្រើន។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិន កាលពីពេលថ្មីៗនេះ បានចេញផ្សាយនូវរបាយការណ៍មួយដែលបានប៉ាន់ប្រមាណថា ប្រទេសចិនអាចនឹងមានករណីឆ្លងប្រចាំថ្ងៃជាង ៦៣ម៉ឺនករណី ប្រសិនបើមានការ
បន្ធូរបន្ថយវិធានច្បាប់ និងធ្វើតាមយុទ្ធសាស្ត្រ នៃប្រទេសអភិវឌ្ឍនានា ដូចជាអាមេរិក និងអង់គ្លេសជាដើមនោះ។

ប្រជាជនរបស់ពួកគេក៏អាចយល់ផងដែរថា ឆ្នាំនេះគឺជាឆ្នាំសំខាន់សម្រាប់ផ្នែកនយោបាយ ដោយទីក្រុងប៉េកាំងកំពុងរៀបចំប្រកួតកីឡាអូឡាំពិក និងកំពុងរៀបចំធ្វើសមាជគណបក្សលើកទី ២០ ផងដែរ។ ប៉ុន្តែភាពមិនស្រួលក្នុងចិត្ត និងទុក្ខលំបាកដ៏ធ្ងន់ធ្ងរមកលើជីវភាពរស់នៅ និងជីវិតកំសាន្តរបស់ពលរដ្ឋចិន បានបង្ខំឱ្យអ្នកគូសវាសគោលនយោបាយរបស់ប្រទេសចិនគិតគូរធ្វើការកែសម្រួលគោលនយោបាយឡើងវិញខ្លះ។

ការដែលត្រូវចំណាយពេល ១ឆ្នាំទៀតឃ្លាតឆ្ងាយពីក្រុមគ្រួសារសម្រាប់បុណ្យចូលឆ្នាំគឺពិតជាមានការលំបាកខ្លាំង។ អាជ្ញាធរចិនបានដឹងថា ហានិភ័យដែលបង្កឡើងដោយការកើនឡើងនៃការខកចិត្តនេះអាចមានទំហំធំ ខណៈនៅតាមបណ្តាប្រទេសមួយចំនួនដូចជា ប្រទេស Belgium, U.S., និង Netherlands មានមនុស្សរាប់ពាន់នាក់បានចូលរួមធ្វើបាតុកម្មប្រឆាំងការរឹតត្បិតកូវីដ-១៩។

បាតុកម្មទ្រង់ទ្រាយធំបែបនេះមិនធ្លាប់កើតមាននៅក្នុងប្រទេសចិននោះទេ។ ប៉ុន្តែយោងតាមអង្គការ Edelman Trust Barometer ទំនុកចិត្តពលរដ្ឋមកលើរដ្ឋាភិបាលចិនបានធ្លាក់ចុះប្រមាណ ៨% នៅចន្លោះឆ្នាំ២០២០ និង២០២១ និងបានកើនឡើងវិញចំនួន ៩% វិញនៅដើមឆ្នាំនេះ។

លទ្ធផលស្ទង់មតិកាលពីឆ្នាំមុនបានបង្ហាញថា ការប្រកាន់ខ្ជាប់ទៅនឹងគោលនយោបាយរក្សាឱ្យគ្មានករណីឆ្លងកូវីដដ៏តឹងតែងនោះ ប្រហែលជាអាចធ្វើឱ្យមានការប្រឆាំង និងការបន្តបាត់បង់ការទុកចិត្តពីសំណាក់ ប្រជាជននៅក្នុងប្រទេសនេះ។

បញ្ហានោះគឺពិតជាមិនអាចទទួលយក បាននោះទេសម្រាប់បក្សកុម្មុយនីស្ត នៅក្នុងឆ្នាំដែលពួកគេកំពុងតែរៀបចំសមាជបក្សលើកទី២០ របស់ខ្លួន ហើយអគ្គលេខាធិការបក្ស Xi Jinping ត្រូវបានគេរំពឹងថា នឹងអាចបន្តការកាន់តំណែងនៅ ក្នុងអាណត្តិទី៣ នៅចំពេលដែលមានការរុះរើទ្រង់ទ្រាយធំ នៅក្នុងថ្នាក់ដឹកនាំកំពូលៗរបស់បក្ស។

មនុស្សជាច្រើនបានលើកយកមកនិយាយអំពីរបៀបដែលគោលនយោបាយរក្សាមិនឱ្យមានករណីឆ្លងកូវីដគឺជាគោលនយោបាយកំណើនសេដ្ឋកិច្ចមានការបិទបាំង។ ការលើកឡើងខាងលើបានមើលរំលងទៅលើចំណុចដែលថា តួរលេខ ផ.ស.ស នៅតែមានសារៈសំខាន់សម្រាប់ប្រទេសចិនដើម្បីសម្រេចបាននូវគោលដៅរយៈពេលមធ្យមនិងរយៈពេលវែងរបស់ខ្លួននៅក្នុងផែនការជាតិ ៥ ឆ្នាំ និងចក្ខុវិស័យសម្រាប់ឆ្នាំ២០៣៥ ។

តថភាពនៃប្រទេសដែលមានពលរដ្ឋវ័យចំណាស់ច្រើននោះគឺថា ប្រជាជនចិនត្រូវតែក្លាយទៅជាអ្នកមានមុនពេលចាស់ ដើម្បីចៀសផុតពី «អន្ទាក់ចំណូលកម្រិតមធ្យម»«Middle-income trap» ដែលជាស្ថានភាពដែលប្រាក់ចំណូលរបស់ប្រទេសមួយបានជាប់គាំងនៅពេលដែលឈានដល់កម្រិតមួយ ដោយសារតែការមិនបានធ្វើទំនើបកម្មពេញលេញ។

ផ្អែកតាមសាច់រឿង នេះ ប្រទេសចិនចាំបាច់ត្រូវតែបង្កើនទំហំសេដ្ឋកិច្ចរបស់ខ្លួនទ្វេរដងនៅត្រឹមឆ្នាំ២០៣៥ ដែលនឹងតម្រូវឱ្យមានកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំចំនួន ៤,៧% គិតចាប់តាំងពីពេលនេះទៅ។

ប៉ុន្តែការបន្តបិទទ្វារ មិនអាចជួយឱ្យប្រទេសចិនសម្រេចបានគោលដៅនេះទេ។ ក្រុមហ៊ុន Goldman Sachs បានទម្លាក់ការព្យាករណ៍ឆ្នាំ២០២២ សម្រាប់កំណើនសេដ្ឋកិច្ចចិនមកនៅត្រឹម ៤,៣% រួចទៅហើយ ដោយចុះពីចំនួន ៤,៨% កាលពីពេលមុន ដោយសារតែការបង្កើនការរឹតត្បិតទៅលើសកម្មភាពធុរកិច្ចដើម្បីគ្រប់គ្រងមេរោគបំប្លែងថ្មីអូមីក្រុង។

ថ្នាក់ដឹកនាំប្រទេសចិនបានបង្ហាញសញ្ញាថា គោលនយោបាយសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំ២០២២ គឺជា «ការផ្តល់អាទិភាពទៅលើការរក្សាស្ថិរភាព និងបន្តវឌ្ឍនភាព» ហើយដើម្បីសម្រេចបានទាំងស្ថិរភាពសង្គម និងការងើបឡើងនៃសេដ្ឋកិច្ចនោះ ប្រទេសចិនចាំបាច់ត្រូវតែរក្សាអត្រាកំណើន ផ.ស.សឱ្យនៅក្នុងរង្វង់ ៥%។

ប្រទេសចិននឹងជួបប្រទះការលំបាក ប្រសិនបើវិធានការតឹងរ៉ឹងរបស់ខ្លួនមិនត្រូវបានបន្ធូរបន្ថយច្រើននៅក្នុងឆ្នាំនេះទេ។ ភាពរអាក់រអួលទៅលើបញ្ហាថាមពលនិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់កាលពីឆ្នាំមុន បានបង្ហាញថា សេដ្ឋកិច្ចចិនដែលកំពុងតែប្រឈមនឹងភាពមិនច្បាស់លាស់ទាំងផ្នែកខាងក្នុងនិងផ្នែកខាងក្រៅដ៏ធំធេងនោះ កំពុងតែស្ថិតនៅក្នុងស្ថានភាពផុយស្រួយនៅឡើយនោះទេ។

ប៉ុន្តែ ទោះបីជាប្រទេសចិនបានត្រៀមខ្លួនដើម្បីកែសម្រួលគោលនយោបាយសម្រាប់រោគរាតត្បាតឱ្យកាន់តែមានភាពបត់បែនក្តី ក៏គេនឹងមិនរំពឹងថា រដ្ឋាភិបាលចិននឹងធ្វើការបន្ធូរការរឹតត្បិតច្រើនពេកនោះទេ នៅពេលដែលការប្រកួតកីឡាអូឡាំពិក នៅទិក្រុងប៉េកាំងនិង សមាជជាតិប្រចាំឆ្នាំកំពុងបន្តធ្វើនោះ។

ពេលដែលអាចនឹងមានការបន្ធូរបន្ថយនោះ គឺបន្ទាប់ពីខែមីនា។ ប៉ុន្តែការកែសម្រួលនេះនឹងត្រូវធ្វើឡើងដោយមានការប្រុងប្រយ័ត្ន រហូតដល់សមាជបក្សត្រូវបានបញ្ចប់នៅក្នុងរដូវស្លឹកឈើជ្រុះ។

ស្ថានភាពសំខាន់មួយទៀតនោះគឺការអភិវឌ្ឍវ៉ាក់សាំង mRNA នៅក្នុងស្រុករបស់ប្រទេសចិន។ ក្រុមហ៊ុនជីវៈសាស្ត្ររបស់ចិន Suzhou Abogen Biosciences និងក្រុមហ៊ុនដៃគូ Walvax Biotechnology បានចាប់ផ្តើមធ្វើតេស្តសាកល្បង និងទទួលបានលទ្ធផលបឋមជាទីពេញចិត្ត ។

វ៉ាក់សាំងរបស់ពួកគេអាចផ្តល់ការការពារកម្រិតខ្ពស់ចំពោះមេរោគបំប្លែងថ្មី អូមីក្រុង ជាងវ៉ាក់សាំងផ្សេងៗដែលប្រទេសចិនមានស្រាប់។ ការប្រើប្រាស់វ៉ាក់សាំង mRNA នៅក្នុងស្រុកដែលអាចជួយបង្កើនការឆ្លើយតបរបស់ប្រព័ន្ធការពារបានខ្លាំងជាងវ៉ាក់សាំងដែលប្រើបច្ចេកវិទ្យាចាស់ៗនោះ អាចនឹងធ្វើឱ្យរដ្ឋាភិបាលចិនមានឱកាសដើម្បីកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក និងអនុញ្ញាតឱ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចធ្វើដំណើរដោយសេរី។

អ្វីដែលកាន់តែសំខាន់ថែមទៀតនោះ គឺការសម្រេចបាននូវសមិទ្ធផលធំនៅក្នុងផ្នែកវ៉ាក់សាំងនេះអាចអនុញ្ញាតឱ្យចិនងាកទៅរស់នៅជាមួយកូវីដបានពេញលេញ និងលុបចោលគោលនយោបាយ «Dynamic Zero-COVID» របស់ខ្លួន៕ Channel News Asia

អត្ថបទទាក់ទង