ខ្មែរប៉ុស្ដិ៍ Close

រលកស៊ូណាមីនៃអត្រាអតិផរណាសកល ត្រូវបានបង្កើតឡើងនៅអាមេរិក មិនមែននៅអ៊ុយក្រែនទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 62
រលកស៊ូណាមីនៃអត្រាអតិផរណាសកល ត្រូវបានបង្កើតឡើងនៅអាមេរិក មិនមែននៅអ៊ុយក្រែនទេ រលកស៊ូណាមីនៃអត្រាអតិផរណាសកល ត្រូវបានបង្កើតឡើងនៅអាមេរិក មិនមែននៅអ៊ុយក្រែនទេ

រលកស៊ូណាមីនៃអត្រាអតិផរណាកំពុងលាតសន្ធឹងនៅទូទាំងពិភពលោក ដោយបានបង្កើតជាភាពអសណ្តាប់ធ្នាប់នៅក្នុងផ្នែកសេដ្ឋកិច្ច ហើយនៅក្នុងករណីខ្លះវាថែមទាំងបានបង្កើតជាវិបត្តិនយោបាយយ៉ាងស្រួចស្រាល់នៅគ្រប់ប្រទេសដែលវាបានទៅដល់។ ហេតុការណ៍នេះកំពុងតែបង្កើនសន្ទុះទៅមុខបន្ថែមទៀត នៅពេលដែលសហរដ្ឋអាមេរិកបានធ្វើការគ្រប់គ្រងទៅលើអត្រាអតិផរណា តាមរយៈការដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័ស និងបានបង្ខំឱ្យបណ្តាប្រទេសអភិវឌ្ឍ (Global North) ផ្សេងៗទៀតត្រូវធ្លាក់ចូលទៅក្នុងឱនភាពសេដ្ឋកិច្ច។

ជាលទ្ធផល បណ្តាប្រទេសកំពុងអភិវឌ្ឍ (Global South) ក៏ទទួលរងគ្រោះដោយវិបត្តិចំនួន៤ ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេត្រូវជាប់គាំងយ៉ាងធ្ងន់ធ្ងរ មានការកើនឡើងនៃអត្រាអតិផរណា និងថែមទាំងមានការថមថយកំណើនសេដ្ឋកិច្ចច្រើនជាងបណ្តាប្រទេសអភិវឌ្ឍទៅទៀត។

ទី១៖ ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកបានធ្វើឱ្យអត្រាប្តូរប្រាក់ដុល្លារទល់នឹងរូបិយបណ្ណរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍត្រូវឡើងថ្លៃ ធ្វើឱ្យតម្លៃនាំចូលត្រូវកើនឡើង និងធ្វើឱ្យអត្រាអតិផរណានៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍទាំងនោះកាន់តែមានសភាពអាក្រក់ឡើងៗ។

ទី២៖ ការដំឡើងថ្លៃប្រាក់ដុល្លារទល់នឹងរូបិយបណ្ណរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍ បានធ្វើឱ្យពួកគេត្រូវបង្កើនការចំណាយទៅលើការសងបំណុលអន្តរជាតិដែលត្រូវបានគេកំណត់ជាប្រាក់ដុល្លារ។

ទី៣៖ ដើម្បីទប់ស្កាត់ការធ្លាក់ចុះយ៉ាងគំហុកទៅលើអត្រាប្តូរប្រាក់របស់ពួកគេ និងដើម្បីព្យាយាមទប់ស្កាត់លំហូរចេញនៃមូលធនពីសេដ្ឋកិច្ចរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក បណ្តាប្រទេសកំពុងអភិវឌ្ឍទាំងនោះបានដំឡើងអត្រាការប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេ ដោយបានរុញច្រានសេដ្ឋកិច្ចរបស់ពួកគេឆ្ពោះទៅរកការធ្លាក់ចូលទៅក្នុងឱនភាពសេដ្ឋកិច្ច។

ទី៤៖ ការធ្លាក់ទៅក្នុងឱនភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសអភិវឌ្ឍបានធ្វើឱ្យការនាំចេញរបស់ប្រទេសកំពុងអភិវឌ្ឍមានការធ្លាក់ចុះ ហើយវាក៏បានក្លាយទៅជាការដាក់សម្ពាធកាន់តែខ្លាំងបន្ថែមទៀតទៅលើសេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍ។

ជាលក្ខណៈនយោបាយ ស្ថានភាពនេះបានបង្កើតជាវិបត្តិសម្រាប់របបស្តាំនិយមនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ហើយវាក៏បានបន្ថែម នូវសម្ពាធអវិជ្ជមានទៅលើគោលនយោបាយរបស់បណ្តារដ្ឋាភិបាលរីកចម្រើនបែបឆ្វេងនិយម ហើយក៏អាចនឹងបង្កើតឱ្យមានការធ្វើបដិវត្តពណ៌ផងដែរ។

សហរដ្ឋអាមេរិកបានអះអាងថា វិបត្តិអតិផរណាជាសកល និងការបង្កើតសម្ពាធកាន់តែខ្លាំងទៅលើស្តង់ដាររស់នៅ គឺត្រូវបានបង្កឡើងដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ហើយប្រទេសនានាគួរតែស្តីបន្ទោស និងរួមសាមគ្គីគ្នាដើម្បីប្រឆាំងនឹងរុស្ស៊ី។ ប៉ុន្តែការអះអាងខាងលើនេះហាក់ដូចជាផ្ទុយទៅនឹងតថភាពជាក់ស្តែង។

សង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែតម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកបាននិងកំពុងកើនឡើងយ៉ាងគំហុកអស់រយៈពេលជិត ២ ឆ្នាំរួចស្រេចទៅហើយ។

ច្រើនជាង ៩០% នៃការដំឡើងថ្លៃទំនិញនៅអាមេរិកនៅក្នុងរយៈពេលនោះ ចាប់ផ្តើមឡើងនៅមុនការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែនទៅទៀត។ ដូច្នេះវាគឺជារឿងសំខាន់ក្នុងការគិតពិចារណាឱ្យបានល្អិតល្អន់នៅពេលសហរដ្ឋអាមេរិកស្តីបន្ទោសរុស្ស៊ីចំពោះកំណើនអតិផរណានៅទូទាំងពិភពលោក និងបានបង្កឱ្យមានការធ្លាក់ចុះស្តង់ដារនៃការរស់នៅនោះ។

រលកអតិផរណាដ៏ធំធេងនៅសហរដ្ឋអាមេរិកដែកបានរីករាលដាលនៅទូទាំងពិភពលោកដោយសារតែសហរដ្ឋអាមេរិកគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេរបស់ពិភពលោក នោះបានកើតឡើងនៅមុនសង្គ្រាមនៅអ៊ុយក្រែន។ ដូចអ្វីដែលក្រុមប្រឹក្សានិពន្ធកាសែត Wall Street Journal បានកត់សម្គាល់អញ្ចឹងថា «ហេតុការណ៍នេះមិនមែនជាអតិផរណារបស់លោក Putin នោះទេ។ អតិផរណានេះត្រូវបានបង្កើតឡើងដោយទីក្រុងវ៉ាស៊ីនតោន»។

វាគឺជារឿងងាយស្រួលក្នុងការពន្យល់ក្នុងន័យបច្ចេកទេសសេដ្ឋកិច្ចថា ហេតុអ្វីបានជាអតិផរណារបស់សហរដ្ឋអាមេរិកកើនឡើង។ បណ្តាសេដ្ឋវិទូអាមេរិកមួយចំនួនដូចជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Larry Summers បានធ្វើការវិភាគអំពីវាតាំងពីពេលដែលវាបានកើតឡើងមកម្លេះ។

នៅខែឧសភា ឆ្នាំ ២០២១ លោក Summers បានព្រមានថា «យើងកំពុងបង្កើតនូវហានិភ័យយ៉ាងធំដល់អត្រាអតិផរណា។ ធនាគារកណ្តាលអាមេរិកធ្លាប់បានចាត់វិធានការនៅមុនពេលអ្វីៗយឺតពេល តែបច្ចុប្បន្ន ទ្រឹស្តីរបស់ធនាគារកណ្តាលនោះគឺថាខ្លួននឹងចាត់វិធានការ ក្រោយមើលឃើញថាបញ្ហាកំពុងតែកើតមានឡើង។ យើងកំពុងបោះពុម្ពលុយ។ យើងកំពុងបង្កើតបណ្ណបំណុលរដ្ឋាភិបាល ហើយយើងកំពុងខ្ចីប្រាក់នៅក្នុងទំហំដែលគេមិនធ្លាប់បានរំពឹងទុក»។

ប៉ុន្តែអ្វីដែលកាន់តែមានសារៈសំខាន់ជាងការពន្យល់តាមបច្ចេកទេសនោះ គឺការយល់ដឹងអំពីតួនាទីសង្គមចំពោះបញ្ហាអតិផរណា។

អត្រាអតិផរណាបានបង្ហាញថា តម្រូវការកំពុងតែមានខ្ពស់ជាងការផ្គត់ផ្គង់ដែលនាំឱ្យមានការដាក់សម្ពាធខ្លាំងទៅលើតម្លៃនៃទំនិញ និងសេវាកម្ម។ ដូច្នេះ បើគ្មានការបង្កើនការផ្គត់ផ្គង់ទេ នោះគេត្រូវតែកាត់បន្ថយតម្រូវការមកវិញ ហើយសំណួរជាគន្លឹះនោះគឺថា តើការចំណាយមួយណារបស់សហរដ្ឋអាមេរិកដែលនឹងត្រូវគេកាត់បន្ថយ?

សហរដ្ឋអាមេរិកអាចធ្វើកំណែទម្រង់ជាច្រើន តាមរយៈការកាត់បន្ថយនូវតម្រូវការ និងការបែងចែកការចំណាយឡើងវិញ ដើម្បីកាត់បន្ថយសម្ពាធអតិផរណា ហើយមិនត្រូវមានការកាត់បន្ថយស្តង់ដាររស់នៅរបស់ប្រជាជននៅសហរដ្ឋអាមេរិកនោះឡើយ។ ការធ្វើកំណែទម្រង់ទាំងនេះនឹងធ្វើឱ្យប្រសិទ្ធផលសេដ្ឋកិច្ច និងស្តង់ដាររស់នៅរបស់ប្រជាជនសហរដ្ឋអាមេរិកមាន ភាពប្រសើរឡើង។

ការចំណាយរបស់សហរដ្ឋអាមេរិកទៅលើវិស័យយោធាមានកម្រិតខ្ពស់បំផុតនៅក្នុងពិភពលោក ពោលគឺច្រើនជាងការចំណាយរបស់ប្រទេសទាំង៩ ដែលស្ថិតនៅលំដាប់ក្រោមសហរដ្ឋអាមេរិករួមបញ្ចូលគ្នាទៅទៀត។ ការចំណាយនេះ ដែលស្មើនឹងប្រមាណ ៣,៧% នៃ GDP របស់សហរដ្ឋអាមេរិក អាចត្រូវបានកាត់បន្ថយដោយពុំចាំបាច់មានការដាំក្បាលចុះនៃស្តង់ដាររស់នៅនោះឡើយ។

ដូចគ្នាដែរ នៅឆ្នាំ ២០២០ ការចំណាយរបស់សហរដ្ឋអាមេរិកទៅលើការថែទាំសុខភាពបានឈានដល់ចំនួន ១៩,៧% នៃ GDP ដែលស្ទើរតែស្មើនឹង ១/៥ នៃសេដ្ឋកិច្ចរបស់ខ្លួន។ ប៉ុន្តែប្រព័ន្ធថែទាំសុខភាពឯកជនរបស់សហរដ្ឋអាមេរិក មិនមានប្រសិទ្ធផលទាល់តែសោះ។

សហរដ្ឋអាមេរិកបានចំណាយលើការថែទាំសុខភាពច្រើនជាងប្រទេសណាៗទាំងអស់នៅក្នុងពិភពលោក ខណៈអាយុរស់នៅជាមធ្យមរបស់ពលរដ្ឋអាមេរិក មានត្រឹមតែ ៧៧ ឆ្នាំតែប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងអាយុមធ្យមរបស់បណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ផ្សេងៗទៀត ដែលអាចមានអាយុរស់នៅរហូតដល់ ៨៣ ឆ្នាំ។

ប៉ុន្តែ ការកាត់បន្ថយការចំណាយទៅលើវិស័យយោធាអាមេរិក ឬការកែសម្រួលឡើងវិញនូវការថែទាំសុខភាព គឺជាការដើរផ្ទុយពីអ្វីដែលក្រុមហ៊ុនផលិតអាវុធ និងក្រុមហ៊ុនផលិតថ្នាំពេទ្យធំៗនៅសហរដ្ឋអាមេរិកចង់បាន។ ការកាត់បន្ថយការចំណាយទៅលើយោធាអាមេរិក នឹងបង្ខំឱ្យមានការបន្ធូរបន្ថយគោលនយោបាយយោធាបែបកម្រោលរបស់ខ្លួននៅបរទេស ហើយការកែសម្រួលការថែទាំសុខភាពអាមេរិកឡើងវិញ នឹងធ្វើឱ្យប្រទេសនេះងាកឆ្ពោះទៅរកប្រព័ន្ធសាធារណៈមួយដូចប្រទេសផ្សេងៗទៀតកំពុងតែប្រើប្រាស់យ៉ាងជោគជ័យ ហើយវានឹងកាត់បន្ថយផលចំណេញរបស់ក្រុមហ៊ុនថែទាំសុខភាពឯកជនធំៗ។

ដោយសាររដ្ឋាភិបាលសហរដ្ឋអាមេរិកមានទំនោរគាំទ្រចំពោះផលប្រយោជន៍របស់ក្រុមហ៊ុនផលិតអាវុធ និងក្រុមហ៊ុនឱសថធំៗ នោះវាមានន័យថា វិធានការខាងលើនឹងមិនត្រូវបានគេធ្វើឡើងនោះទេ។

ប៉ុន្តែប្រសិនបើគេមិនបានចាត់វិធានការទៅលើក្រុមដែលទទួលបានផលប្រយោជន៍ទាំងនេះទេ វិធីផ្សេងតែមួយគត់ក្នុងការកាត់បន្ថយការចំណាយនោះ គឺការកាត់បន្ថយស្តង់ដាររស់នៅរបស់វណ្ណៈកម្មករ។

លោក John Maynard Keynes បានធ្វើការពន្យល់ថា «វាគឺជាការងាយស្រួលក្នុងការកាត់បន្ថយប្រាក់ឈ្នួលពិត (real wages) ទៅតាមអត្រាអតិរផណា ជាងការកាត់បន្ថយទៅប្រាក់ឈ្នួលជាក់ស្តែងដោយផ្ទាល់ (money wages) ពោលវាគឺជាការកាត់បន្ថយមួយផ្នែកដោយស្ងាត់ស្ងៀម ហើយកម្មករមិនអាចចរចាជាមួយនិយោជករបស់គេពាក់ព័ន្ធនឹងកម្រិតនៃអត្រាអតិផរណាបាននោះទេ»។

អតិផរណារយៈពេលមធ្យមនិងរយៈពេលវែង កំពុងបង្កអស្ថិរភាព ហើយចាំបាច់ត្រូវតែមានការគ្រប់គ្រង។ ជាធម្មតា នៅក្នុងរបបមូលធននិយម ស្ថានភាពនេះអាចសម្រេចបានតាមរយៈការធ្លាក់ចូលទៅក្នុងឱនភាពសេដ្ឋកិច្ច។ ប៉ុន្តែការកើនឡើងអតិផរណារយៈពេលខ្លី គឺជាវិធីដ៏មានឥទ្ធិពលក្នុងការកាត់បន្ថយប្រាក់ឈ្នួលឡើងចុះឱ្យទៅតាមអត្រាអតិផរណា ហើយនេះគឺជាអ្វីដែលកំពុងកើតមានឡើង។

នៅក្នុងន័យបច្ចេកទេសថវិកាវិញ ប្រាក់ឈ្នួលជាមធ្យមរបស់សហរដ្ឋអាមេរិកពិតជាកំពុងកើនឡើង។ នៅខែសីហា ប្រាក់ឈ្នួលបានកើនឡើង ៤,៦% បើធៀបនឹងឆ្នាំមុន។

ប៉ុន្តែតម្លៃទំនិញ បានកើនឡើងឆាប់រហ័សជាងរហូតដល់ ៨,៣% នៅក្នុងអំឡុងពេលដូចគ្នានោះ។ ដូច្នេះ ប្រាក់ឈ្នួលពិតរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដូចដែលវាបានកើតឡើងជារៀងរាល់ខែ ចាប់តាំងពីខែមេសា ឆ្នាំ ២០២១ មកអញ្ចឹង។

នៅខែសីហា ឆ្នាំ ២០២២ ប្រាក់ចំណូលពិតប្រចាំសប្តាហ៍នៅសហរដ្ឋអាមេរិកមានចំនួន ៣,៤% ទាបជាងឆ្នាំមុន។

ប៉ុន្តែអត្រាអតិផរណាដែលកំពុងកាត់បន្ថយប្រាក់ចំណូលពិតរបស់កម្មករនៅអាមេរិកនោះបានរីកសាយភាយ ទៅក្នុងពិភពលោកទាំងមូល ហើយកំពុងតែបង្កើតឱ្យមានវិបត្តិនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ។ ដូច្នេះអត្រាអតិផរណារបស់សហរដ្ឋអាមេរិក បានវាយប្រហារទាំងទៅលើកម្មករអាមេរិកខ្លួនឯង និងពិភពលោកទាំងមូល៕

Asia Times

អត្ថបទទាក់ទង