ខ្មែរប៉ុស្ដិ៍ Close

មូលហេតុដែលគោលនយោបាយគាំពារនិយមកំពុងបង្កការរំខានដល់ទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 42
មូលហេតុដែលគោលនយោបាយគាំពារនិយមកំពុងបង្កការរំខានដល់ទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មូលហេតុដែលគោលនយោបាយគាំពារនិយមកំពុងបង្កការរំខានដល់ទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

នៅជុំវិញពិភពលោក សម្ពាធអតិផរណាកំពុងបង្កើនតម្លៃទំនិញចាំបាច់ ដូចជាថាមពល និងស្បៀងអាហារ ហើយបញ្ហានេះបានកើតឡើងនៅពេលការរាតត្បាតនៃវីរុសកូវីដ-១៩ បានថយចុះដែលជាហេតុធ្វើឱ្យរលកនៃតម្រូវ ការបានហក់ឡើងខ្លាំង ហើយខ្សែច្រវ៉ាក់ផ្គត់ផ្គង់នឹងត្រូវការពេលវេលាមួយរយៈដើម្បីអាចមានដំណើរការពេញលេញឡើងវិញបាន។

ទាំងនេះអាចជាស្ថានភាពបណ្តោះអាសន្ន បើទោះបីជាវាអាចបង្កឱ្យមានការកែសម្រួលមួយចំនួន និងអាចនាំមកនូវប្រតិកម្មយ៉ាងខ្លាំងក្លាក៏ដោយ។ គួររំលឹកផងដែរថា «នៅឆ្នាំ ២០២០ ពិភពលោកស្ទើតែគ្មានតម្រូវការប្រេងសោះ ខណៈដែលបច្ចុប្បន្ន ពិភពលោកកំពុងមានតម្រូវការប្រេងយ៉ាងច្រើនលើសលប់ ជាពិសេសនៅពេលដែលមនុស្សបាននិងកំពុងចាប់ផ្តើមចេញទៅខាងក្រៅផ្ទះនិងធ្វើដំណើរតាមរថយន្ត និងយន្តហោះសារជាថ្មី»។

នៅពេលដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន ខណៈពេលដែល ប្រទេសទាំង២ នេះគឺជាប្រភពដ៏សំខាន់នៃជីកសិកម្ម, ស្រូវសាលី, ប្រេង និងឧស្ម័ន វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ នៅពេលដែលតម្លៃស្បៀងអាហារ និងថាមពលបានហក់ឡើងកាន់តែខ្ពស់។ សំណួរដ៏សំខាន់គឺ «តើប្រទេសនានានឹងចាត់វិធានការបែបណាខ្លះចំពោះរឿងនេះ?»

តំបន់អាស៊ីប៉ាស៊ីហ្វិកបានជួបប្រទះនូវរលកមួយចំនួនឆ្ពោះទៅរកគោលនយោបាយគាំពារនិយមដែលហួសសម័យ ដែលនោះគឺការហាមការនាំចេញ។ នៅឆ្នាំនេះឥណ្ឌូណេស៊ីបានហាមឃាត់ការនាំចេញធ្យូងថ្ម និងដូងប្រេង ខណៈកាលពីពេលថ្មីៗនេះ ប្រទេសម៉ាឡេស៊ីបានបញ្ឈប់ការនាំចេញសាច់មាន់ ហើយឥណ្ឌាក៏កំពុងផ្អាកការនាំចេញស្រូវសាលីផងដែរ។

«តើនេះគ្រាន់តែជាការចាប់ផ្តើមឬ?» ហើយ «តើយើងអាចនឹងជួបប្រទះនូវរលកនៃវិធានការសងសឹកដែលអាចនាំមកនូវសង្គ្រាមពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរឬទេ?»

ដំណឹងល្អមួយគឺ «បញ្ហានេះទំនងជានឹងមិនកើតឡើងទេ» ប្រទេសឥណ្ឌា, ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី បានហាមឃាត់ការនាំចេញ មិនមែនដោយសារតែពួកគេចង់បង្កបញ្ហាដល់បណ្តាដៃគូពាណិជ្ជកម្មរបស់គេ ឬចង់ពង្រឹងជំហរយុទ្ធសាស្ត្រនៅក្នុងសេដ្ឋកិច្ចពិភពលោកនោះទេ។

មូលហេតុគឺសាមញ្ញណាស់ ដែលនោះគឺ «ពួកគេខ្លាចអស់ទំនិញប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ហើយពួកគេចង់ធានាថា ការផ្គត់ផ្គង់នឹងនៅតែ មានគ្រប់គ្រាន់ដើម្បីបំពេញតាមសេចក្តីត្រូវការនៃទីផ្សារក្នុងស្រុក»។ ពួកគេបានឃើញនូវអ្វីដែលកំពុងកើតឡើង នៅក្នុងប្រទេសឡាវ ដែលបានចាប់ផ្តើមខ្វះប្រេងឥន្ធនៈ។

ប្រទេសអាស៊ានភាគច្រើនបានធ្វើសមាហរណកម្មយ៉ាងជ្រៅទៅក្នុងបណ្តាញពាណិជ្ជកម្មពិភពលោក និងបានទទួលភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចតាមរយៈការនាំចេញ និងអតិរេកពាណិជ្ជកម្ម។ ជាក់ស្តែង វៀតណាមនិងថៃ ក៏អាចនឹងហាមការនាំចេញផងដែរ ប្រសិនបើស្ថានភាពក្នុងស្រុកវិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរខ្លាំង។

សម្រាប់ប្រទេសសិង្ហបុរីដែលជាមជ្ឈមណ្ឌលថ្នាក់តំបន់សម្រាប់ការធ្វើពាណិជ្ជកម្ម, ការដឹកជញ្ជូន និងលំហូរហិរញ្ញវត្ថុពិភពលោក ការរក្សាបាននូវប្រព័ន្ធពាណិជ្ជកម្មដែលសេរី និងបើកចំហ ពិតជាមានភាពចាំបាច់ណាស់សម្រាប់សន្តិសុខសេដ្ឋកិច្ច។

ប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី គ្រាន់តែហាមការនាំចេញមុខទំនិញមួយចំនួនប៉ុណ្ណោះ ហើយពួកគេអាចស្ថិតក្នុងស្ថានភាពល្អជាងមុនបន្តិច ដោយសារតែការកើនឡើងយ៉ាងខ្លាំងនូវតម្លៃផលិតផល នាំចេញមួយចំនួនដូចជាដូងប្រេងដែល បានផ្តល់ឱ្យពួកគេនូវគណនីចរន្តដ៏រឹងមាំសម្រាប់ពេលនេះ។

ប្រការដែលថា «ប្រទេសឥណ្ឌូណេស៊ីបានលុបចោលបំរាមនាំចេញធ្យូងថ្ម និងដូងប្រេង» បានបង្ហាញឱ្យឃើញថា «ពួកគេមិនមានបំណងបង្កផលប៉ះពាល់ដល់ទីផ្សារពិភពលោកក្នុងរយៈ ពេលវែងទេ ដោយក្នុង នោះ ពួកគេគ្រាន់តែចង់បញ្ចូនសារថា ពួកគេចាំបាច់ត្រូវផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានគ្រប់គ្រាន់ជាមុនសិន»

បញ្ហាទាំងនេះបាន បង្ហាញឱ្យឃើញថា «សេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះនូវបញ្ហាតម្លៃ»។ នៅពេលឥឡូវនេះ តម្លៃកើនឡើងខ្ពស់បានបង្ហាញថា «តម្រូវការសម្រាប់ផលិតផលមួយចំនួន ដូចជាថាមពល និងម្ហូបអាហារកំពុងកើនលើសសមត្ថភាពផ្គត់ផ្គង់»

ដំណោះស្រាយដ៏សាមញ្ញចំពោះបញ្ហានេះ រួមមានការបង្កើនផលិតកម្ម តាមរយៈការវិនិយោគបន្ថែម ឬក៏ការកាត់បន្ថយតម្រូវការ តាមរយៈការដំឡើងអត្រាការប្រាក់។ ប៉ុន្តែបញ្ហានេះអាចត្រូវការពេលមួយរយៈ ដើម្បីអាចឱ្យតម្លៃចាប់ផ្តើមធ្លាក់ចុះទាបជាងមុន ហើយវាអាចនាំមកនូវផលអវិជ្ជមានមួយចំនួន ដូចជាការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ឬការបង្កើនអត្រាអត់ការងារធ្វើ។

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បណ្តារដ្ឋនានាមិនសូវផ្តល់តម្លៃដល់ទីផ្សារនោះទេ ជាពិសេសនៅពេលផលប្រយោជន៍ជាតិកំពុងប្រឈមមុខនឹងហានិភ័យ។ ការធ្វើអន្តរាគមន៍ដោយផ្ទាល់ដែលមិនសូវអំណោយផលដល់ទីផ្សារ គឺការបង្កើនការផ្គត់ផ្គង់ទំនិញដែលផលិតនៅក្នុងស្រុក បូករួមនឹងការហាមឃាត់ការនាំចេញទំនិញ ហើយនេះគឺជាអ្វីដែលយើងកំពុងមើលឃើញ ជាពិសេសនៅក្នុងបណ្តាប្រទេសដែល មានធនធានក្នុងស្រុកគ្រប់គ្រាន់ដើម្បីធ្វើបែបនេះ។

នៅពេលសម្ពាធនៅក្នុងការផ្គត់ផ្គង់ថយចុះ ហើយតម្លៃចាប់ផ្តើមមានស្ថិរភាពឡើងវិញ ការធ្វើអន្តរាគមន៍បែបនេះអាចនឹងមានការថយចុះ ហើយលំហូរពាណិជ្ជកម្មអាចវិលត្រឡប់ទៅរកភាពធម្មតាឡើងវិញ។ បញ្ហាទាំងនេះបានបង្ហាញថា «និន្នាការគាំពារនិយមដែលកំពុងកើនឡើងនៅក្នុងតំបន់នឹងមានទំហំតូច ហើយនឹងមានរយៈពេលខ្លីប៉ុណ្ណោះ»។ The Diplomat