ខ្មែរប៉ុស្ដិ៍ Close

ការបោះឆ្នោតនៅអូស្ត្រាលីបង្កឱ្យមានការចោទសួរជាសំណួរ លើគោលនយោបាយការបរទេស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 55
ការបោះឆ្នោតនៅអូស្ត្រាលីបង្កឱ្យមានការចោទសួរជាសំណួរ លើគោលនយោបាយការបរទេស លោក Scott Morrison

កាលពីថ្ងៃអាទិត្យទី ១០ មេសាកន្លងទៅ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសថា «ការបោះឆ្នោតសហព័ន្ធអូស្ត្រាលីសម្រាប់ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែឧសភាខាងមុខ» ដែលតាមពិតទៅ យុទ្ធនាការបោះឆ្នោតបានដំណើរការអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយ។

តំណែងនាយករដ្ឋមន្ត្រីរបស់លោក Morrison បាននាំមកនូវរឿងអាស្រូវ ជាជាងការនាំមកនូវកំណែទម្រង់ ហើយគណបក្ស Laborក៏កំពុងមាន ៦ ពិន្ទុនាំមុខផងដែរនៅក្នុងការស្ទង់មតិដែលបានចេញផ្សាយកាលពីពេលកន្លងទៅ។

លោក Morrison កំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ក៏ប៉ុន្តែលោកធ្លាប់បានបង្ហាញឱ្យគ្រប់គ្នាបានឃើញថា «លោកគឺជាអ្នកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដ៏មានប្រសិទ្ធភាពម្នាក់ ដោយបានវ៉ាដាច់គេឯង និងអាចទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩»។ ដូច្នេះ លោកនឹងប្រើគ្រប់មធ្យោបាយទាំងអស់ដែលលោកមាន ដើម្បីយកឈ្នះម្តងទៀតឱ្យបាន នៅឆ្នាំ ២០២២ នេះ ដោយបូករួមទាំងការប្រើប្រាស់គោលនយោបាយការបរទេសផងដែរ។

ផ្អែកលើប្រវត្តិសាស្ត្រ គោលនយោបាយការបរទេសមិនមែនជាបញ្ហាសំខាន់នៅក្នុងការបោះឆ្នោតនោះទេ។ ប៉ុន្តែគោលនយោបាយការបរទេសអាចក្លាយជា «ចំណុចស្លាប់រស់» ដែលនឹងនាំមកនូវជ័យជំនះ ឬការបរាជ័យនៅក្នុងការបោះឆ្នោត។

រដ្ឋាភិបាលនៃគណបក្សចម្រុះ (Coalition Government) អាចនឹងបន្តព្យាយាមដាក់សម្ពាធលើគណបក្ស Labor ពាក់ព័ន្ធនឹងប្រធានបទគោលនយោបាយបរទេសដើម្បីទាញយកផលប្រយោជន៍ពីរឿងនេះ។

កាលពីខែកុម្ភៈ ឆ្នាំ ២០២២ រដ្ឋមន្ត្រីការពារជាតិ លោក Peter Dutton បានលើកឡើងថា «គណបក្សកុម្មុយនិស្តចិននឹងផ្តល់ការគាំទ្រដល់គណបក្ស Labor នៅក្នុងអំឡុងពេលបោះឆ្នោតខាងមុខ»។ ការបញ្ចេញមតិយោបល់ជាបន្តបន្ទាប់ ត្រូវបានធ្វើឡើងពីសំណាក់សមាជិករដ្ឋាភិបាលដែលបានបន្តលើកឡើងថា «គណបក្ស Labor នឹងប្រកាន់ជំហរទន់ភ្លន់ចំពោះប្រទេសចិន»។

គណបក្ស Labor ក៏បានប្រើប្រាស់ប្រធានបទពាក់ព័ន្ធនឹងគោលនយោបាយការបរទេសផងដែរ (បើទោះបីជានៅក្នុងកម្រិតតិចតួចក៏ដោយ) ជាមួយនឹង «ការចោទសួរអំពីការជួលកំពង់ផែ Darwin ទៅឱ្យប្រទេសចិន»។

ខណៈពេលដែលរដ្ឋាភិបាលនៃគណបក្សចម្រុះបានឆក់យកឱកាសដើម្បីបង្កការបំភាន់ដល់ម្ចាស់ឆ្នោតដែលថា «គណបក្ស Labor មានជំហរទន់ភ្លន់លើបញ្ហាសន្តិសុខជាតិ» គណបក្ស Labor ក៏បានបង្កើនការត្រួតពិនិត្យលើគោលនយោបាយការពារជាតិ និងសន្តិសុខជាតិរបស់រដ្ឋាភិបាលនៃគណបក្សចម្រុះ។

គោលនយោបាយរបស់គណបក្សទាំង២ ស្តីពីប្រទេសចិន មានលក្ខណៈដូចគ្នាច្រើន ដោយក្នុងនោះគណបក្សទាំង២ បានថ្កោលទោសការរំលោភសិទ្ធិមនុស្ស និងបានគាំទ្រការធ្វើពហិការកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង។ អ្វីដែលខុសគ្នានោះគឺ «ទម្ងន់នៃការប្រើប្រាស់ពាក្យពេជន៍»។

ប្រសិនបើគណបក្ស Labor ឈ្នះការបោះឆ្នោតនៅខែឧសភាខាងមុខនេះ ពួកគេអាចនឹងមិនសូវអនុវត្ត «ការទូតមេហ្គាហ្វូន» នៅក្នុងទំនាក់ទំនងជាមួយប្រទេសចិន និងជាមួយតំបន់ឡើយ ហើយអាចនឹងមានទំនោរងាកទៅរកការផ្សះផ្សាឡើងវិញ។

ចុងឆ្នាំនេះគឺជាខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងអូស្ត្រាលីនិងចិន ដែលអាចនឹងផ្តល់នូវឱកាសសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន។

គេនៅមិនទាន់ច្បាស់ទេថា «តើការផ្តោតលើបញ្ហាសន្តិសុខនៅក្នុងគោលនយោបាយការបរទេសរបស់អូស្ត្រាលីនឹងមានការប្រែប្រួលខ្លាំង បន្ទាប់ពីការបោះឆ្នោតដែរឬយ៉ាងណា»។ ឥទ្ធិពលរបស់ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី (DFAT) បានថយចុះជាបន្តបន្ទាប់នៅក្រោមរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សចម្រុះ ហើយស្ថាប័ននេះមិនអាចមានលទ្ធភាពកំណត់ទិដ្ឋភាពសំខាន់ៗនៃគោលនយោបាយការបរទេសបានទេ។

ជុំវិញបញ្ហាដែលពាក់ព័ន្ធនឹងនយោបាយការបរទេស លោក Morrison តែងតែងាកទៅរកគណៈកម្មាធិការសន្តិសុខជាតិ (NSC) នៃគណៈរដ្ឋមន្ត្រីរបស់លោក។ សំណើរទៅកាន់គណៈកម្មាធិការ NSC នឹងត្រូវបានពិភាក្សា ដោយរដ្ឋមន្ត្រី និងមន្ត្រីមកពីគ្រប់ក្រសួង បូករួមទាំងពីទីភ្នាក់ងារពាក់ព័ន្ធ ក៏ដូចជាពីក្រសួង DFAT ក៏ប៉ុន្តែសំឡេងរបស់រដ្ឋមន្ត្រីការបរទេសពុំសូវមានប្រសិទ្ធភាពនោះទេ។

នៅក្រោមរដ្ឋាភិបាលរបស់លោក Morrison និងនៅក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីការបរទេសរូបនេះ បញ្ហាសំខាន់ៗផ្នែកការទូតតែងត្រូវបានមើលរំលង ដែលជាហេតុបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងអូស្ត្រាលីជាមួយនឹងបណ្តាដៃគូយុទ្ធសាស្ត្រសំខាន់ៗនៅក្នុងតំបន់ និងនៅជុំវិញពិភពលោក។

ជាក់ស្ដែង គេមិនច្បាស់ទេថា «តើឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅទីក្រុងប៉ារីស ឬទីក្រុងហ្សាការតាបានទទួលការជូនដំណឹងអំពីកិច្ចព្រមព្រៀង AUKUS ដែរឬអត់» ហើយពួកគេក៏ទំនងជាមិនបានចូលរួមនៅក្នុងការពិភាក្សាអំពីកិច្ចព្រមព្រៀងនេះទេ។

ប្រធានាធិបតីបារាំង Emmanuel Macron បានសម្តែងនូវការខឹងសម្បារចំពោះការសម្រេចចិត្តរបស់អូស្ត្រាលីជុំវិញបញ្ហានេះ ដែលបានធ្វើឱ្យទំនាក់ទំនងរវាងបារាំងនិងអូស្ត្រាលីត្រូវរងនូវការជាប់គាំង។

ឥណ្ឌូណេស៊ីក៏បានសម្តែងនូវការអាក់អន់ចិត្តខ្លាំងផងដែរជុំវិញបញ្ហានេះ។ អ្នកការទូតអូស្ត្រាលី បានព្យាយាមយ៉ាងអស់ពីសមត្ថភាពក្នុងការស្ដារនូវការធ្លាក់ចុះការជឿទុកចិត្ត នៅក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេសសំខាន់ៗទាំងនេះ។

ឧទាហរណ៍មួយទៀតនៃកំហុសផ្នែកគោលនយោបាយរបស់មន្ត្រីនៃក្រសួងការបរទេសនិងពាណិជ្ជកម្ម (DFAT) ដែលបានបង្កនូវការបំផ្លាញដល់ផលប្រយោជន៍ជាតិរបស់អូស្ត្រាលីគឺ «ការអំពាវនាវរបស់រដ្ឋមន្ត្រីការបរទេស Marise Payne ឱ្យមានការស៊ើបអង្កេតឯករាជ្យ លើប្រភពដើមនៃវីរុសកូវីដ-១៩»។

ការអត្ថាធិប្បាយរបស់លោកស្រី Payne បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយចិន។ ប្រសិនបើដំណើរការនៃគោលនយោបាយរបស់អូស្ត្រាលីមានភាពសមហេតុផល ដោយមានការពិគ្រោះយោបល់យ៉ាងល្អិតល្អន់ជាមួយក្រសួងការបរទេសនិងពាណិជ្ជកម្ម នោះលោកស្រី Payne អាចនឹងមិនចេញសេចក្តីថ្លែងការណ៍បែបនេះទេ។

ការធ្លាក់ចុះនៃឥទ្ធិពលរបស់ក្រសួងការបរទេសនិងពាណិជ្ជកម្ម (DFAT) នៅក្នុងដំណើរការបង្កើតគោលនយោបាយបានបង្ហាញថា «អូស្ត្រាលីនឹងមិនមានលទ្ធភាពបង្កើតគោលនយោបាយរយៈពេលវែងនោះទេហើយក៏នឹងមិនអាចធ្វើការពិចារណាលើបញ្ហាយុទ្ធសាស្ត្របាន ប្រកបដោយភាពត្រឹមត្រូវនោះដែរ»។

គណបក្ស Labor បានលើកឡើងជាយូរមកហើយអំពី «ការពង្រឹងកិច្ចការការទូតនៅក្នុងតំបន់» ហើយប្រសិនបើគណបក្សនេះពិតជាឈ្នះការបោះឆ្នោតនៅខែឧសភាខាងមុខនេះមែន រដ្ឋមន្ត្រីការបទេសបម្រុង គឺលោកស្រី Penny Wong បានប្តេជ្ញាថា «លោកស្រីនឹងតែងតាំងបេសកជនពិសេសប្រចាំនៅអាស៊ានមួយរូប»។ លោកស្រី Wong មានឥទ្ធិពលដ៏គួរឱ្យកត់សម្គាល់នៅក្នុងគណបក្សរបស់លោកស្រី ដែលនឹងអាចផ្តល់នូវការធានាថា «ជំហររបស់ក្រសួងការបរទេសនិងពាណិជ្ជកម្ម (DFAT) នឹងមានសភាពខ្លាំងក្លាជាងមុន នៅក្នុងការបង្កើតគោលនយោបាយ»។

ប៉ុន្តែបណ្តាទីភ្នាក់ងារសន្តិសុខរបស់អូស្ត្រាលីក៏បានពង្រឹងខ្លួនយ៉ាងរឹងមាំផងដែរ នៅក្នុងការបង្កើតគោលនយោបាយការបរទេស។ កំណែទម្រង់រចនាសម្ព័ន្ធចាំបាច់ត្រូវតែធ្វើឡើងដើម្បីពង្រឹងឡើងវិញនូវតួនាទីរបស់ក្រសួងការបរទេសនិងពាណិជ្ជកម្ម (DFAT) នៅក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ និងការដកចេញនូវការផ្តោតខ្លាំងពេកលើបញ្ហាសន្តិសុខនៅក្នុងគោលនយោបាយការបរទេសរបស់អូស្ត្រាលី។

គេនឹងបន្តរង់ចាំមើលថា «តើគណបក្ស Labor នឹងមានឆន្ទៈ ហើយអាចមានសមត្ថភាពដោះស្រាយបញ្ហាប្រឈមទាំងនេះបានដែរឬទេ ប្រសិនបើពួកគេឈ្នះនៅក្នុងការបោះឆ្នោត»។ ប្រាកដណាស់ គណបក្សនេះនឹងព្យាយាមងាកចេញពីការផ្តោតលើប្រធានបទទាំងនេះនៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីចៀសវាងពីការចោទប្រកាន់ថា «ពួកគេមានជំហរទន់ខ្សោយផ្នែកសន្តិសុខ»។

ការបង្កើនវោហាសាស្ត្រពាក់ព័ន្ធនឹងគោលនយោបាយការបរទេសរបស់អូស្ត្រាលី ទំនងជានឹងលេចឡើងនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ដោយក្នុងនោះរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សចម្រុះនឹងព្យាយាមលាបពណ៌លើគណបក្ស Labor ថាមានជំហរទន់ភ្លន់ចំពោះប្រទេសចិន និងមានភាពទន់ខ្សោយជុំវិញបញ្ហាសន្តិសុខ។ គណបក្ស Labor នឹងព្យាយាមបន្សាបបញ្ហាទាំងនេះ។

លំនឹងនយោបាយអាចនឹងកើតមាននៅក្រោយការបោះឆ្នោត ក៏ប៉ុន្តែការផ្តោតខ្លាំងលើបញ្ហាសន្តិសុខនៅក្នុងគោលនយោបាយការបរទេសរបស់អូស្ត្រាលីនៅក្រោយការបោះឆ្នោត ទំនងជានឹងបន្តកើតមាន បើទោះបីជាគណបក្សចម្រុះជាអ្នកឈ្នះ ឬគណបក្ស Labor ជាអ្នកឈ្នះក៏ដោយ។ East Asia Forum

អត្ថបទទាក់ទង