ខ្មែរប៉ុស្ដិ៍ Close

ការប្រកាសអំពីនាវាមុជទឹករបស់ AUKUS ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំជាយូរ នឹងកើតមានក្នុងពេលឆាប់ៗនេះ៖ តើយើងគួររំពឹងអ្វីខ្លះអំពីរឿងនេះ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 57

នាយករដ្ឋមន្ត្រី Anthony Albanese ត្រូវបានគេរំពឹងថា នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោននៅក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ ដើម្បីប្រកាសអំពីផែនទីបង្ហាញផ្លូវដែលគ្រប់គ្នាបានរង់ចាំជាយូរមកហើយសម្រាប់កិច្ចព្រមព្រៀងនាវាមុជទឹក AUKUS ដោយនឹងមានការចូលរួមពីសំណាក់នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak និងប្រធានាធិបតីអាមេរិក Joe Biden។

ដូច្នេះ «តើវាអាចនឹងនាំមកនូវហានិភ័យនិងបញ្ហាប្រឈមអ្វីខ្លះ? «តើលោក Albanese រក្សាតុល្យភាពរវាងសម្ព័ន្ធភាព, តម្រូវការបច្ចេកវិទ្យា និងក្តីកង្វល់ក្នុងតំបន់បានទេ?» ហើយ «តើផែនការនេះអាចនឹងអនុវត្តបានទាន់ពេលវេលាដែរឬទេ?»

នៅក្នុងខែកញ្ញា ឆ្នាំ ២០២១ អតីតនាយករដ្ឋមន្ត្រី Scott Morrison បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញដ៏គួរឱ្យភ្ញាក់ផ្អើលមួយជាមួយលោក Biden និងនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ដើម្បីប្រកាសអំពីកិច្ចព្រមព្រៀងបច្ចេកទេសត្រីភាគី ដែលមានឈ្មោះថា «AUKUS»។

កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យអូស្ត្រាលីអាចមានសិទ្ធិទទួលបាននាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអែរ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម និងការពារជាតិរវាងប្រទេសទាំង ៣។ សៀវភៅសការពារជាតិឆ្នាំ ២០០៩ បានអំពាវនាវឱ្យមាននាវាមុជទឹកដែលដើរដោយម៉ាស៊ូត-អគ្គិសនីថ្មីចំនួន ១២ គ្រឿង ក៏ប៉ុន្តែវិបត្តិហិរញ្ញវត្ថុពិភពលោក បាននាំមកនូវការកាត់បន្ថយការផ្តល់មូលនិធិ និងការពន្យារពេលក្នុងការផ្តល់មូលនិធិ។

ក្រោយមក លោក Tony Abbott បានលើកឡើងនូវបំណងចង់បញ្ជាទិញនាវាមុជទឹកដែលផលិតដោយជប៉ុន ក៏ប៉ុន្តែជាមួយនឹងសម្ពាធពីឧស្សាហកម្មក្នុងស្រុក បូករួមនឹងការក្តោបក្តាប់អំណាចរបស់លោកបានធ្លាក់ចុះខ្សោយ បំណងរបស់លោកក៏ត្រូវបានគេបដិសេធ។ អ្នកស្នងតំណែងបន្តពីលោក គឺលោក Malcolm Turnbull បានបង្កើតកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារជាមួយប្រទេសបារាំងជំនួសវិញ ដោយក្នុងនោះអូស្ត្រាលីបាននិយាយថា «ខ្លួននឹងបញ្ជាទិញនាវាមុជទឹកដែលមានលក្ខណៈប្រពៃណី»។

កិច្ចព្រមព្រៀងរបស់បារាំងត្រូវបានលុបចោលដោយលោក Morrison ដើម្បីបំពេញតាមផែនការរបស់ AUKUS។ ការអភិវឌ្ឍបច្ចេកវិទ្យាបានធ្វើឱ្យនាវាមុជទឹកដែលដើរដោយម៉ាស៊ូត-អគ្គិសនីក្លាយជារឿងលែងមានប្រយោជន៍សម្រាប់អូស្ត្រាលី ដោយសារនាវាមុជទឹករបស់អូស្ត្រាលីតែងត្រូវប្រឈមមុខនឹងការធ្វើដំណើរឆ្លងកាត់ផ្លូវដ៏វែងរវាងកំពង់ផែនីមួយៗ ក៏ដូចជាការធ្វើដំណើរទៅកាន់តំបន់ក្តៅដែលស្ថិតនៅឆ្ងាយៗ។

នាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរអាចស្ថិតនៅក្រោមទឹកបានយូរជាងម៉ូដែលដែលដើរដោយម៉ាស៊ូត-អគ្គិសនី។ ផ្នែកមួយទៀតនៃហេតុផលគឺ «កិច្ចព្រមព្រៀងនឹងបង្កើនការរារាំងប្រទេសចិន នៅពេលដែលឥទ្ធិពលរបស់ចិនកំពុងកើនឡើងនៅក្នុងតំបន់ប៉ាស៊ីហ្វិក»។

ការគ្រប់គ្រងដ៏ច្របូកច្របល់របស់រដ្ឋាភិបាល Morrison ពាក់ព័ន្ធនឹងការលុបចោលកិច្ចព្រមព្រៀងជាមួយបារាំងបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនង។ AUKUS ក៏បានបង្កើតឱ្យមានការព្រួយបារម្ភនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតផងដែរ ដែលបារម្ភថា «កិច្ចព្រមព្រៀងនេះអាចបង្កឱ្យមានការប្រកួតប្រជែងសព្វាវុធនិងភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់»។

អ្នករិះគន់យល់ឃើញថា «AUKUS គឺជាជំហានដើរថយក្រោយដែលអាចបំផ្លាញជំហរនៅក្នុងតំបន់របស់អូស្ត្រាលី និងការទទួលយកកិច្ចព្រមព្រៀងស្តីពីការមិនរីកសាយភាយនុយក្លេអ៊ែរ។ រដ្ឋាភិបាលរបស់លោក Albanese បានប្រឆាំងនឹងការលើកឡើងទាំងនេះ ហើយកិច្ចប្រជុំដែលខិតជិតមកដល់នៅទីក្រុងវ៉ាស៊ីនតោន បានបង្ហាញថា «ឥឡូវនេះអូស្ត្រាលីបានបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងនៅក្នុងរឿងនេះ»។

អ្នករិះគន់ក៏បានលើកឡើងដែរថា «AUKUS នឹងបង្កផលប៉ះពាល់ដល់អធិបតេយ្យភាពរបស់អូស្ត្រាលី»។ លោក Albanese បានច្រានចោលការយល់ឃើញនេះ ដោយលើកហេតុផលថា «ការដាក់ពង្រាយទ្រព្យ សម្បត្តិយោធាក្នុងករណីជម្លោះណាមួយកើតឡើង គឺជាការសម្រេចចិត្តរបស់អូស្ត្រាលីក្នុងនាមជាប្រទេសអធិបតេយ្យដូចគ្នានឹងអាមេរិកដែលនឹងរក្សាអធិបតេយ្យភាពរបស់ខ្លួន ហើយចក្រភពអង់គ្លេសក៏នឹងធ្វើដូចគ្នាដែរ»។

អ្វីដែលគួរឱ្យហួសចិត្តនោះគឺ «ការពឹងផ្អែកលើបច្ចេកវិទ្យារបស់អាមេរិកបានក្លាយជាផ្នែកមួយដ៏សំខាន់នៃផែនការការពារអធិបតេយ្យភាពរបស់អូស្ត្រាលី»។ រដ្ឋាភិបាល Albanese បានកំណត់ផែនការស្តារទំនាក់ទំនងឡើងវិញជាមួយបារាំង ហើយកាលពីដើមឆ្នាំនេះឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអូស្ត្រាលីក៏បាននិយាយដែរថា «ប្រទេសទាំងពីរបាននិងកំពុងស្តារទំនាក់ទំនងឡើងវិញ»។

ចំពោះទំនាក់ទំនងជាមួយប្រទេសជិតខាងនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងនិងអាស៊ីអាគ្នេយ៍ រដ្ឋមន្ត្រីការបរទេស Penny Wong និងរដ្ឋមន្ត្រីការពារជាតិ Richard Marles បាននិងកំពុងខិតខំព្យាយាមយ៉ាងសកម្ម ក្នុងការបន្ធូរបន្ថយក្តីកង្វល់ជុំវិញបញ្ហាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការបន្តចូលរួមជាដៃគូដ៏គួរឱ្យគោរពរបស់អាស៊ាន និងរបស់កិច្ចប្រជុំ «Pacific Islands Forum»។

រដ្ឋាភិបាល Albanese បានបន្តសង្កត់ធ្ងន់ថា «ការពង្រឹងសមត្ថភាពការពារជាតិគឺជារឿងល្អសម្រាប់ដៃគូសន្តិសុខនៅតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក»។ គំនិតផ្តួចផ្តើមរបស់អូស្រ្តាលីបានទទួលនូវការសាទររហូតមកដល់ពេលនេះ ដោយក្នុងនោះឥណ្ឌូណេស៊ីបានសន្យាថានឹងចុះហត្ថលេខាលើកតិកាសញ្ញាថ្មីមួយជាមួយអូស្ត្រាលី ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការយោធា ដែលកំពុងមានការកើនឡើងកាន់តែខ្លាំង។

ក្តីកង្វល់ដ៏សំខាន់បំផុតមួយនៅតែជាសំណួរថា «តើរដ្ឋាភិបាលនិងការិយាធិបតេយ្យរបស់អាមេរិកនឹងមានឆន្ទៈក្នុងការជួយសម្រួលដល់ការត្រៀមខ្លួនរួចជាស្រេចរបស់អូស្ត្រាលីចំពោះបច្ចេកវិទ្យានុយក្លេអ៊ែរក្នុងកម្រិតណា»។ ដើម្បីអាចសម្រេចរឿងនេះបាន ការងារដ៏សំខាន់ដែលត្រូវធ្វើគឺ «ការដោះស្រាយជាមួយច្បាប់របស់អាមេរិកដែលបានរឹតត្បិតលើការនាំចេញបច្ចេកវិទ្យានុយក្លេអ៊ែរ» ដែលជារឿងដ៏សំខាន់សម្រាប់ AUKUS។ តួអង្គសំខាន់ៗមួយចំនួនកំពុងតស៊ូមតិសម្រាប់រឿងនេះជំនួសមុខឱ្យអូស្ត្រាលី។

អូស្ត្រាលីកាន់តែមានសារៈសំខាន់សម្រាប់ផែនការពង្រឹងផ្នែកយោធារបស់អាមេរិកដែល នេះមានន័យថា «អាមេរិកមានចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យសម្ព័ន្ធភាពជាមួយអូស្ត្រាលីមានដំណើរការ»។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងផលប្រយោជន៍ជាច្រើន និងការគាំទ្រទ្វេភាគីសម្រាប់ AUKUS កិច្ចព្រមព្រៀងត្រីភាគីទំនងជាអាចជំនះបាននូវបញ្ហាទាំងនេះ។

ផែនការរបស់រដ្ឋាភិបាលគឺ «ការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅលើដីគោក» ក៏ប៉ុន្តែវាអាចនឹងមិនកើតឡើងនៅក្នុងពេលឆាប់ៗនេះទេ។ ទន្ទឹមនឹងនេះដែរ នាវាមុជទឹកប្រភេទ Collins បច្ចុប្បន្នរបស់អូស្ត្រាលី គ្រោងនឹងទទួលការជួសជុលឡើងវិញដើម្បីអាចយកមកប្រើប្រាស់បានសម្រាប់រយៈពេល ១ ទសវត្សរ៍ក្រោយ។

មនុស្សមួយចំនួនបានលើកឡើងថា «អូស្ត្រាលីអាចដំណើរការនាវាមុជទឹកនុយក្លេអ៊ែរដែលផលិតដោយចក្រភពអង់គ្លេសជាបណ្តោះអាសន្ន រហូតដល់ការផលិតរបស់អូស្ត្រាលីអាចចាប់ផ្តើម»។ អាមេរិកផលិតនាវាដែលមានទំហំធំជាង ក៏ប៉ុន្តែខ្សែច្រវ៉ាក់ផលិតកម្មរបស់អាមេរិកបានឈានដល់កម្រិតពេញសមត្ថភាពហើយ។

ជម្រើសរបស់អង់គ្លេសមានទំហំតូចជាង ក៏ប៉ុន្តែមានភាពងាយស្រួលក្នុងការប្រើប្រាស់។ ដោយសារចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងសម្ពាធផ្នែកហិរញ្ញវត្ថុ ការបញ្ជាទិញនាវាមុជទឹកពីផលិតកម្មរបស់អង់គ្លេសអាចមានសារៈសំខាន់ជាអាយុជីវិតចំពោះឧស្សាហកម្មរបស់ប្រទេសនេះ។

បញ្ហាប្រឈមនៅតែមានច្រើន ខណៈចំណេះដឹងផ្នែកបច្ចេកវិទ្យានុយក្លេអ៊ែររបស់អូស្ត្រាលីក៏នៅមានកម្រិត ហើយឧស្សាហកម្មសំណង់សំរាប់ទ័ពជើងទឹករបស់ខ្លួនក៏កំពុងជួបប្រទះនូវភាពច្របូកច្របល់ខ្លាំង។ ផ្នែកសាកលវិទ្យាល័យមានតួនាទីដ៏សំខាន់ក្នុងការបំពេញនូវតម្រូវការកម្លាំងពលកម្មខាងផ្នែកនុយក្លេអ៊ែរ ហើយសាកលវិទ្យាល័យមួយចំនួនដូចជា ANU កំពុងបង្ហាញនូវការវិវឌ្ឍទៅមុខជាលំដាប់។

ផែនការ AUKUS គឺជាគម្រោងប្រកបដោយមហិច្ឆតា, មានតម្លៃថ្លៃ និងដែលពោរពេញទៅដោយហានិភ័យ។ ពេលវេលានេះនឹងក្លាយជាពេលវេលាដ៏លំបាក ជាពិសេសពាក់ព័ន្ធនឹងការពង្រឹងភាពធន់និងការទប់ទល់។ រឿងដ៏លំបាកបំផុតគឺ «ការធ្វើឱ្យផែនការនេះអាចសម្រេចបាននូវលទ្ធផលជាក់ស្តែង»៕

The Conversation