ខ្មែរប៉ុស្ដិ៍ Close

AUKUS, អាស៊ីអាគ្នេយ៍ និងឥណ្ឌូ-ប៉ាស៊ីហ្វិក៖ បន្ថែមពីលើការគ្រប់គ្រងលើទស្សនៈយល់ឃើញតាមទម្លាប់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 142
AUKUS, អាស៊ីអាគ្នេយ៍ និងឥណ្ឌូ-ប៉ាស៊ីហ្វិក៖ បន្ថែមពីលើការគ្រប់គ្រងលើទស្សនៈយល់ឃើញតាមទម្លាប់ AUKUS, អាស៊ីអាគ្នេយ៍ និងឥណ្ឌូ-ប៉ាស៊ីហ្វិក៖ បន្ថែមពីលើការគ្រប់គ្រងលើទស្សនៈយល់ឃើញតាមទម្លាប់

ប្រធានាធិបតីឥណ្ឌូណេស៊ី Joko «Jokowi» Widodo នៅពេលថ្មីៗនេះ បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់សារព័ត៌មាន នៅពេលដែលលោកបានកត់សម្គាល់ថា «អាស៊ានគួរតែចាត់ទុកកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី (AUKUS) រវាងអូស្ត្រាលី-ចក្រភពអង់គ្លេស-អាមេរិក ជាដៃគូ ជាជាងជាគូប្រកួតប្រជែង»។

ក្រៅពីការលើកឡើងរបស់លោក បូករួមនឹងសេចក្តីថ្លែងការណ៍ជាសាធារណៈនៅពេលថ្មីៗនេះ ដែលត្រូវបានចេញដោយរដ្ឋាភិបាលអាស៊ានទាក់ទងទៅនឹងការព្រួយបារម្ភជាបន្តបន្ទាប់អំពីការការពារការរីករាលដាលនៃអស្ថិរភាពក្នុងតំបន់ អត្ថបទនៅតាមបណ្តាញសារព័ត៌មានបានរំលេចឡើងនូវសំណួរសំខាន់ៗពាក់ព័ន្ធនឹងបញ្ហាថា «តើ AUKUS អាចមានលក្ខណៈស៊ីគ្នាជាមួយនឹងផែនការថ្នាក់តំបន់របស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែរឬទេ»។

វាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលការរៀបចំថ្មីៗអាចប្រឈមមុខនឹងបញ្ហានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឬអាស៊ី ដោយសារតែភាពចម្រុះនៅក្នុងតំបន់ ក៏ដូចជាភាពខុសគ្នានៃទស្សនៈយល់ឃើញស្តីពីការផ្លាស់ប្តូរតុល្យភាពអំណាច, ការមិនទុកចិត្តគ្នា, ជម្លោះ និងភាពចម្រុះនៃស្ថាប័នជាច្រើននៅក្នុងផែនការថ្នាក់តំបន់ដែលរួមបញ្ចូលទាំងសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិកទាំង ៥ ក៏ដូចជាយន្តការដែលផ្តោតលើអាស៊ាន, ស្ថាប័នពហុភាគី និងស្ថាប័នតូចៗផ្សេងទៀត។

វាក៏មិនមែនជាបញ្ហាប្រឈមថ្មីនោះដែរ។ ជាឧទាហរណ៍ : នៅឆមាសទី២ នៃសតវត្សរ៍ទី ២០ អង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ (Southeast Asia Treaty Organization) មានវត្តមាននៅក្នុងរយៈពេលដ៏ខ្លី ខណៈដែលយន្តការផ្សេងៗទៀត ដូចជាកិច្ចព្រមព្រៀងការពារជាតិរបស់អំណាចទាំង ៥ រវាងអូស្ត្រាលី, ម៉ាឡេស៊ី នូវែលសេឡង់, សិង្ហបុរី និងអង់គ្លេស អាចមានដំណើរការល្អជាងការរំពឹងទុក។

កាលពីពេលថ្មីៗនេះ ការផ្តោតអារម្មណ៍កាន់តែខ្លាំងរបស់ក្រុម Quad លើការផ្តល់ទំនិញសាធារណៈ បន្ថែមពីលើការដោះស្រាយបញ្ហាមួយចំនួន ដូចជាភាពឈ្លានពានរបស់ចិន បានបង្ហាញពីសញ្ញានៃការទទួលយកកាន់តែខ្លាំង និងការកាត់បន្ថយគំលាតនៃការយល់ឃើញដែលធ្លាប់កើតមានកាលពីពេលមុន។

ទន្ទឹមគ្នានេះដែរ ការទទួលយកនូវគំនិតផ្តួចផ្តើមសន្តិសុខសកលដែលចិនបានលើកឡើងនៅពេលថ្មីៗនេះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ បញ្ហាប្រឈមមានលក្ខណៈកាន់តែគួរឱ្យកត់សម្គាល់នៅក្នុងសតវត្សរ៍ទី ២១ ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

នៅពេលដែលអាមេរិកនិងចិនបង្កើនការវិនិយោគកាន់តែច្រើនលើការកសាងស្ថាប័នរបស់ពួកគេរៀងៗខ្លួននៅចំពេលមានការប្រកួតប្រជែងកាន់តែតានតឹង គំនិតផ្តួចផ្តើមថ្មីអាចទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីសំណាក់រដ្ឋមួយចំនួនដែលមិនបានកាន់ជើងអាមេរិក ឬចិន ឬអាចបង្កការភាន់ច្រឡំ ខណៈដែលប្រទេសមួយចំនួនបានប្រកាន់យកអាកប្បកិរិយារង់ចាំមើលសិនដើម្បីពិចារណាថា «តើវាមានលក្ខណៈស៊ីគ្នានឹងផលប្រយោជន៍របស់ពួកគេដែរឬទេ»។

ការព្រួយបារម្ភក៏បានកើនឡើងកាន់តែខ្លាំងផងដែរនៅពេលនិយាយដល់មជ្ឈភាពអាស៊ាន ដែលបានក្លាយជាវេទិកាសម្រាប់មហាអំណាចក្នុងការបង្កើនការចូលរួមនៅក្នុងតំបន់ បូករួមទាំងបញ្ហាមួយចំនួន ដូចជាបញ្ហាសមុទ្រចិនខាងត្បូង ឬការបង្កើតការឆ្លើយតបជាបន្តចំពោះគោលគំនិតឥណ្ឌូ-ប៉ាស៊ីហ្វិក។

របៀបដែល AUKUS ត្រូវបានគេយល់តាំងពីដើមដំបូង (ជាមួយនិងការផ្តោតលើអំណាចរឹងនៅចំពេលកើតមានការឈ្លានពានរបស់ចិន និងជាមួយការផ្តោតលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ) បានបង្ហាញឱ្យឃើញថា «វាអាចបង្កក្តីបារម្ភជាសាធារណៈនៅក្នុងមជ្ឈដ្ឋានមួយចំនួន»។

អ្នកបង្កើតគោលនយោបាយដែលមកពីបណ្តាប្រទេសជាសមាជិក AUKUS បានព្យាយាមអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហាមួយចំនួន និងបានព្យាយាមពិគ្រោះយោបល់បន្ថែមជាមួយបណ្តាប្រទេសសំខាន់ៗ
នៅក្នុងតំបន់នៅពេលដែលផែនការបានចាប់ផ្តើមដំណើរការទៅមុខ។ ចាប់តាំងពីពេលនោះមក សេចក្តីថ្លែងការណ៍ជាសាធារណៈពីក្នុងតំបន់អាស៊ីអាគ្នេយ៍ មានភាពវិជ្ជមានជាងមុន បើទោះបីជាការព្រួយបារម្ភ នៅតែមានខ្លះៗក៏ដោយ។

ការព្រួយបារម្ភត្រូវបានបង្ហាញជាសាធារណៈដែលរួមមានដូចជាការមិនរីកសាយភាយ (Non-proliferation), ស្ថិរភាពក្នុងតំបន់ និងការទាមទារឱ្យមានសមភាពរវាង AUKUS និងផែនការសន្តិសុខ ដែលដឹកនាំដោយចិន។ ប៉ុន្តែក្រៅពីការគ្រប់គ្រងលើទស្សនៈយល់ឃើញតាមទម្លាប់ បញ្ហារយៈពេលវែងជាងនេះគឺថា «តើ AUKUS នឹងត្រូវបានចាត់ទុកជាអ្វីនៅក្នុងផែនការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

AUKUS អាចក្លាយជាយន្តការដែលឈានទៅមុខដោយឯករាជ្យ ដោយគ្មានការចូលរួមជាក់លាក់ណាមួយជាមួយស្ថាប័ននានាដែលផ្តោតលើអាស៊ាន ក៏ដូចជាជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្រៅតែពីការពិគ្រោះ និងការប្តេជ្ញាចិត្តមួយចំនួន។ ជាឧទាហរណ៍ : សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិកទាំង៥ បានដើរលើផ្លូវរៀងៗខ្លួន បើទោះបីជាពួកគេបានផ្តល់ឱកាសដល់ការបង្កើតបណ្តាញមួយចំនួនជាមួយភាគីដទៃក៏ដោយ។

ក្នុងករណីដូចជាសម្ព័ន្ធភាពអាមេរិក-ជប៉ុន ពួកគេអាចរួមចំណែកចំពោះស្ថេរភាពក្នុងតំបន់កាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយ វានៅតែអាចមានឧបសគ្គមួយចំនួនសម្រាប់ AUKUS នៅក្នុងដំណាក់កាលនេះ ដោយហេតុថា «គ្រប់យ៉ាងនៅមិនទាន់បានត្រៀមរួចរាល់នៅឡើយនោះទេដែលអាចរហូតដល់ឆ្នាំ ២០៤០ បូករួមនឹងបញ្ហាប្រឈមមួយចំនួនដែល AUKUS ត្រូវដោះស្រាយ»។

AUKUS អាចប្រកាន់យកវិធីសាស្រ្តមុខ២ (Two-track-like Approach) ស្តីពីការបន្តផ្តោតលើសមត្ថភាពអំណាចរឹងនៅក្នុងចំណោមប្រទេសពាក់ព័ន្ធទាំង៣ ទន្ទឹមនឹងការព្យាយាមស្វែងរកឱកាសដើម្បីបង្កើនការចូលរួមជាមួយបណ្តាប្រទេសផ្សេងទៀត។ វាអាចមានពាក់ព័ន្ធនឹងរឿងជាច្រើន ក្រៅតែពីការគ្រប់គ្រងលើការយល់ឃើញរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍នីមួយៗ ហើយវាអាចមានពាក់ព័ន្ធនឹងការព្យាយាមបង្ហាញទៅកាន់បណ្តាប្រទេសក្នុងតំបន់ថា «ផែនការនេះនឹងឆ្លើយតបដោយផ្ទាល់ទៅនឹងផលប្រយោជន៍ និងតម្រូវការរបស់ពួកគេ»។

សម្រាប់ AUKUS បើទោះបីជាចំណាប់អារម្មណ៍អាចបន្តផ្តោតលើសសរស្តម I (Pillar I) និងសមត្ថភាពនាវាមុជទឹកក៏ដោយ ក៏ឱកាសពិតប្រាកដគឺស្ថិតនៅក្នុងសសរស្តម II (Pillar II) ដែលផ្តោតលើសមត្ថភាពកម្រិតខ្ពស់នៅក្នុងវិស័យដូចជាបញ្ញាសិប្បនិមិត្ត, អ៊ីនធើណិត និងនវានុវត្តន៍ដែលត្រូវបានដាក់បញ្ចូលទៅក្នុងរបៀបវារៈអាស៊ានរួចហើយ ហើយអាចទទួលបានការចាប់អារម្មណ៍បន្ថែមទៀតពីសំណាក់បណ្តារដ្ឋអាស៊ីអាគ្នេយ៍ ប្រសិនបើវាមិនផ្តោតតែទៅលើភូមិសាស្ត្រនយោបាយនិងសន្តិសុខ ហើយងាកមកផ្តោតបន្ថែមលើបញ្ហាជាអាទិភាពជាតិ ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច ឬការអប់រំជាដើម។

ទោះបីជាវាទើបស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើមក៏ដោយ ក៏យើងបានចាប់ផ្តើមឃើញវោហាសាស្ត្រមួយចំនួនជុំវិញរបៀបដែលសសរស្តម្ភនេះ និង AUKUS អាចជះឥទ្ធិពលកាន់តែទូលំទូលាយនៅក្នុងតំបន់។ ការលើកយកមកពិភាក្សានូវចំណុចប្រទាក់ប្រឡាគ្នាមួយចំនួននៅក្នុងចំណោមសម្ព័ន្ធភាព និងភាពជាដៃគូរបស់អាមេរិកដូចជាជាមួយជប៉ុន ឬហ្វីលីពីន អាចជាជំហានដំបូងនៅក្នុងដំណើរការនៃការធ្វើសង្គមូបនីយកម្មនៅក្នុងតំបន់ដ៏ចម្រុះ។

បើទោះបីជាការប្រកាសដាក់ឱ្យដំណើរការ AUKUS កាលពីខែកញ្ញា ឆ្នាំ ២០២១ បានផ្តោតសំខាន់តែទៅលើនាវាមុជទឹកក៏ដោយ ក៏វាអាចទទួលស្គាល់នូវការងារអាទិភាពមួយចំនួននៅក្នុងតំបន់ ដូចជាទស្សនវិស័យ
ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាស៊ាន និងសមុទ្រចិនខាងត្បូង រួមជាមួយនឹងរឿងអាទិភាពមួយចំនួនទៀត ដូចជាអ៊ីនធើណិត, លំហអវកាស និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

ស្រដៀងគ្នានេះដែរ ការពិគ្រោះយោបល់របស់អាមេរិកនិងអង់គ្លេសអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានទទួលស្គាល់រួចហើយនូវតម្រូវការក្នុងការសម្របសម្រួលការអនុវត្តនូវយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកនិងរបស់ចក្រភពអង់គ្លេស ជាពិសេសនៅពេលដែលអង់គ្លេសកំពុងព្យាយាមស្តារឡើងវិញនូវការចូលរួមជាអន្តរជាតិរបស់ខ្លួននៅក្រោយ Brexit និងនៅចំពេលកើតមានការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ជាមួយនិងការយកចិត្តទុកដាក់របស់អាស៊ានចំពោះមជ្ឈភាពរបស់ខ្លួន និងភាពចម្រុះនៃទស្សនៈនៅក្នុងតំបន់ ការសង្ស័យ ឬភាពមិនច្បាស់លាស់ចំពោះស្ថាប័នដូចជា AUKUS អាចនឹងនៅតែកើតមាន។ ដូចដែលយើងបានឃើញម្តងហើយម្តងទៀតជាមួយនិងករណីជាច្រើនដែលរាប់ចាប់ពីសកម្មភាពជាច្រើនរបស់ Quad ក្នុងការពង្រឹងជំហររបស់ខ្លួននៅក្នុងសតវត្សរ៍ទី២១ រហូតដល់សន្ទុះយ៉ាងលឿនដែលកិច្ចប្រជុំរដ្ឋមន្ត្រី
ការពារជាតិអាស៊ានបានបង្កើតឡើង ចាប់តាំងពីការចាប់ផ្តើមនៅក្នុងឆ្នាំ ២០១០ រហូតមកដល់ឆ្នាំ ២០១៧ ស្ថាប័ននានាបានបន្តបង្ហាញពីសមត្ថភាពក្នុងការវិវឌ្ឍទៅមុខ ផ្ទុយពីអ្វីដែលមនុស្សជាច្រើនបានយល់ឃើញនៅគ្រាដំបូង និងបើទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ។

លទ្ធភាពនៃការវិវឌ្ឍទៅមុខ គួរតែមានទំហំកាន់តែធំសម្រាប់យន្តការខ្នាតតូច ដោយសារការប្តេជ្ញាចិត្តរបស់ពួកគេគឺ «ការផ្តល់នូវភាពបត់បែនកាន់តែច្រើនដល់ស្ថាប័នពហុភាគី ជាជាងការរឹតត្បិតរចនាសម្ព័ន្ធនៃកិច្ចប្រជុំ និងរបៀបវារៈ»។ អ្វីដែលបានកើតឡើងអាចផ្តល់នូវពន្លឺសម្រាប់យើងពាក់ព័ន្ធនឹងរបៀបដែលយើងធ្វើការវាយតម្លៃ AUKUS និងការវិវឌ្ឍរបស់វានៅក្នុងសណ្តាប់ធ្នាប់តំបន់៕

The Diplomat

អត្ថបទទាក់ទង