ខ្មែរប៉ុស្ដិ៍ Close

ប្រទេសចិនផ្តល់នូវគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) : តើមានអ្វីដែលថ្មីរឺទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 161
ប្រទេសចិនផ្តល់នូវគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) : តើមានអ្វីដែលថ្មីរឺទេ? ប្រទេសចិនផ្តល់នូវគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) : តើមានអ្វីដែលថ្មីរឺទេ?

សុន្ទរកថារបស់លោក Xi Jinping នៅក្នុងពិធីបើកវេទិកា Boao Forum សម្រាប់តំបន់អាស៊ីឆ្នាំ ២០២២ បានលើកឡើងអំពីគំនិតផ្តួចផ្តើមថ្មីរបស់ប្រទេសចិនសម្រាប់ការពង្រឹងសន្តិសុខអន្តរជាតិ។ ពេលវេលានៃការថ្លែងសុន្ទរកថានេះ ពោលគឺនៅមួយថ្ងៃមុនពេលកងកម្លាំងរុស្ស៊ីបើកការវាយលុកចូលអ៊ុយក្រែនមិនមែនជារឿងចៃដន្យនោះទេ ហើយអ្នកសង្កេតការណ៍អន្តរជាតិក៏បាននាំគ្នាគូសបញ្ជាក់អំពី «សន្តិសុខដែលមិនអាចបំបែកបាន»។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការលើកឡើងអំពី «សន្តិសុខដែលមិនអាចបំបែកបាន» ត្រូវបានឃើញជាញឹកញាប់នៅក្នុងកិច្ចពិភាក្សារបស់ប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាទំនាក់ទំនងសន្តិសុខជាមួយប្រទេសជិតខាង។ នៅ ២ ថ្ងៃបន្ទាប់ពីការថ្លែងសុន្ទរកថារបស់លោក Xi រដ្ឋមន្ត្រីការបរទេសចិន Wang Yi ក៏ បាននិយាយលម្អិតអំពីផែនការ GSI ដែលត្រូវបានគាំទ្រដោយគោលការណ៍សំខាន់ៗចំនួន ៦ ដូចខាងក្រោម៖

  1. ការចែករំលែកអំពីចក្ខុវិស័យនៃសន្តិសុខ និងកិច្ចសហប្រតិបត្តិការរួមដ៏ទូលំទូលាយ និងប្រកបដោយនិរន្តរភាព
  2. ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេសទាំងអស់
  3. ការគោរពតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ
  4. ការយកចិត្តទុកដាក់លើបញ្ហាសន្តិសុខស្របច្បាប់របស់ប្រទេសទាំងអស់
  5. ការដោះស្រាយទំនាស់និងវិវាទរវាងប្រទេសនានាដោយសន្តិវិធី តាមរយៈការសន្ទនា និងការពិគ្រោះយោបល់
  6. ការរក្សាសន្តិសុខទាំងក្នុងផ្នែកប្រពៃណីនិងមិនប្រពៃណី

ពាក្យថា «មិនអាចបំបែកបាន» «Indivisible» បានលេចឡើងចំនួន ២ ដង ទាំងនៅក្នុងសុន្ទរកថារបស់លោក Xi និងការបកស្រាយរបស់លោក Wang។ យោងតាមការលើកឡើងរបស់ លោក Xi : «មនុស្សជាតិគឺជាសហគមន៍សន្តិសុខ ដែលមិនអាចបំបែកបាន» ខណៈដែលលោក Wang Yi បានលើកឡើងថា «ដំណោះស្រាយដ៏យូរអង្វែងសម្រាប់បញ្ហាប្រឈមផ្នែកសន្តិសុខសកលគឺការប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិសុខដែលមិនអាចបំបែកបាន, ការយកចិត្តទុកដាក់លើបញ្ហាសន្តិសុខស្របច្បាប់របស់គ្នាទៅវិញទៅមក និងការកសាងផែនការសន្តិសុខប្រកបដោយតុល្យភាព, ប្រសិទ្ធភាពនិងនិរន្តរភាពជាមួយនឹងទស្សនៈនៃសន្តិសុខសកលរួម»។

«ការប្តេជ្ញាចិត្តទាំង ៦» នេះមិនមែនជារឿងថ្មីនៅក្នុងគោលនយោបាយការបរទេសនិងសន្តិសុខរបស់ចិននោះទេ។ ការស្វែងរកអត្ថបទពេញលេញនៅក្នុងមូលដ្ឋានទិន្នន័យរបស់កាសែត People’s Daily ដែលជាកាសែតផ្លូវការរបស់បក្សកុម្មុយនីស្តចិនបានបង្ហាញថា «ឯកសារយោងដំបូងដែលបានប្រើប្រាស់ពាក្យសន្តិសុខដែលមិនអាចបំបែកបាន (安全不可分割) ត្រូវបានចុះផ្សាយនៅក្នុងខែមិថុនា ឆ្នាំ ១៩៥៤» នៅក្នុងអត្ថបទដែលពាក់ព័ន្ធនឹងស្ថានភាពសន្តិសុខនៅក្នុងឧបទ្វីបកូរ៉េ និងប្រទេសជិតខាង។

ការកំណត់របស់ចិនពាក់ព័ន្ធនឹងសន្តិសុខដែលមិនអាចបំបែកបានពីប្រទេសកូរ៉េខាងជើង ត្រូវបានគេយកមកប្រើប្រាស់ឡើងវិញនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។ មុនពេលមានការរំលាយសហភាពសូវៀតនៅខែធ្នូ ឆ្នាំ ១៩៩១ ពាក្យនេះត្រូវបានគេប្រើប្រាស់ប្រហែល ៦០ ដងនៅក្នុងសារព័ត៌មាន People’s Daily ដែលរួមមានទាំងការបង្ហាញអំពីសាមគ្គីភាពរបស់មន្ត្រីចិនជាមួយប្រទេសមួយចំនួន ដែលមិនរាប់បញ្ចូលសហភាពសូវៀត ក៏ដូចជានៅក្នុងការដកស្រង់សម្តីរបស់អាមេរិក អឺរ៉ុប និងជប៉ុន ពាក់ព័ន្ធនឹងការពិភាក្សារបស់ពួកគេជុំវិញបញ្ហាដែលមិនទាក់ទងនឹងប្រទេសចិន។

នៅក្នុងទសវត្សរ៍ឆ្នាំ ២០០០ ពាក្យថា «សន្តិសុខដែលមិនអាចបំបែកបាន» ត្រូវបានលើកឡើងកាន់តែទូលំទូលាយទាំងនៅក្នុងផ្នែក «នយោបាយថ្នាក់ទាប» ដូចជាការផ្តល់ជំនួយ, ថាមពល, អាហារ និងព័ត៌មានអេឡិចត្រូនិក បន្ថែមពីលើផ្នែក «នយោបាយជាន់ខ្ពស់» ដូចជាកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម, ការបំបែកខ្លួន និងលទ្ធិជ្រុលនិយមនៅក្រោមអង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងវេទិកាផ្សេងៗទៀត ដូចជាសន្និសីទស្តីពីអន្តរកម្មនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA), BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) ក៏ដូចជាគោលការណ៍មូលដ្ឋាននៅក្នុងទំនាក់ទំនងចិន-រុស្ស៊ី។

ឃ្លាខាងលើក៏ត្រូវបានផ្សារភ្ជាប់ផងដែរជាមួយនឹងការ លើកឡើងរបស់អឺរ៉ុបអំពីវិធានការសន្តិសុខដែលត្រូវបានដាក់ចេញនៅក្នុងប្រទេសមួយចំនួន ដូចជាលីប៊ី និងស៊ីរី។ ជាឧទាហរណ៍ : លោក Zhou Wenzhong ក្នុងតួនាទីជាអគ្គលេខាធិការនៃវេទិកា Boao ក្នុងឆ្នាំ ២០១៥ បានកត់សម្គាល់នៅក្នុងបទសម្ភាសន៍មួយថា «ភាពរុងរឿងនិងសន្តិសុខរបស់អាស៊ីគឺជារឿងដែលមិនអាចបំបែកបាន ហើយអនាគតរបស់តំបន់និងការរំពឹងទុករបស់ប្រទេសជាសមាជិកទាំងអស់ក៏ដូចគ្នាផងដែរ»។

ការពិនិត្យឡើងវិញយ៉ាងទូលំទូលាយអំពីគំនិតរបស់ចិនពាក់ព័ន្ធនឹងសន្តិសុខដែលមិនអាចបំបែកបាន នឹងតម្រូវឱ្យមានការសិក្សាស្វែងយល់បន្ថែមទៀត។ ឃ្លាខាងលើមានដើមកំណើតនៅក្នុងការពិភាក្សារបស់ប្រទេសចិនពាក់ព័ន្ធនឹងកិច្ចការការទូតរបស់ចិនចាប់តាំងពីប្រទេសនេះត្រូវបានបង្កើតឡើងជារដ្ឋមួយ។

សម្រាប់ប្រទេសកំពុងអភិវឌ្ឍការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងការស្វែងរកភាពចម្រុងចម្រើនផ្នែកសេដ្ឋកិច្ចត្រូវបានចាត់ទុកជារឿងដែលកើតមុនការផ្តោតសំខាន់លើសន្តិសុខ។ នៅសព្វថ្ងៃនេះ ការស្វែងរកសន្តិសុខត្រូវបានគេទទួលស្គាល់ថាជា «សកម្មភាពស្របច្បាប់សម្រាប់ប្រទេសចិន»។

ដោយឈរលើមូលដ្ឋាននេះ ចិនបានបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីរក្សាស្ថិរភាពជារួមនៃប្រព័ន្ធអន្តរជាតិដែលត្រូវបានចាត់ទុកជារឿងដ៏សំខាន់សម្រាប់សន្តិសុខរបស់ប្រទេសទាំងអស់។ «តើផែនការ GSI អាចត្រូវបានចាត់ទុកជាការឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមសន្តិសុខដែលដឹកនាំដោយសហរដ្ឋអាមេរិកដូចជា QUAD និង AUKUS ដែរឬ ទេ?» ចម្លើយគឺអាច តែវាក៏អាចមានបង្កប់នូវបញ្ហាផងដែរ។

នៅក្នុងសុន្ទរកថារបស់ប្រធានាធិបតី Xi ភាពសមហេតុផលសម្រាប់ផែនការ GSI គឺ «ចិត្តគំនិតស្តីពីសង្រ្គាមត្រជាក់នឹងបង្កការបំផ្លាញដល់ក្របខណ្ឌសន្តិភាពសកល ហើយអនុត្តរភាព និងនយោបាយបែបប្រកួតប្រជែងអំណាចនឹងបង្កគ្រោះថ្នាក់ដល់សន្តិភាពរបស់ពិភពលោក ខណៈការប្រឈមមុខដាក់គ្នានៅក្នុងប្លុកនឹងធ្វើឱ្យបញ្ហាប្រឈមផ្នែកសន្តិសុខកាន់តែមានសភាពធ្ងន់ធ្ងរនៅក្នុងសតវត្សរ៍ទី២១»។

ការវាយតម្លៃបែបនេះគឺជាវោហាសាស្ត្រធម្មតានៅក្នុងការបកស្រាយរបស់ចិនអំពីកិច្ចការពិភពលោក។ វាតំណាងឱ្យទស្សនៈមួយរបស់ចិនដែលថា «ខ្លួនកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដ៏អយុត្តិធម៌ ឬត្រូវបានគេកំណត់ជាគោលដៅដែលត្រូវកម្ចាត់តាមរយៈមធ្យោបាយយោធា»។

ទស្សនៈរបស់ប្រទេសចិនអាចនឹងធ្វើឱ្យប្រទេសផ្សេងៗទៀតពិបាកយល់។ ការលើកឡើងបែបនេះអាចធ្វើឱ្យការដោះស្រាយបញ្ហាសន្តិសុខអន្តរជាតិកាន់តែមានការលំបាក ហើយវាក៏មិនបានបង្ហាញអំពីការទទួលស្គាល់ដែរនូវតួនាទីគាំទ្រដែលប្រទេសផ្សេងទៀតបានចូលរួមនៅក្នុងការជួយឱ្យប្រទេសចិនមានវិបុលភាពសេដ្ឋកិច្ច ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៨០។

QUAD និង AUKUS គឺជាកិច្ចព្រមព្រៀងដែលមានលក្ខណៈយោធា ហេតុដូច្នេះហើយ វាច្បាស់ជាតម្រូវឱ្យមានការកំណត់អត្តសញ្ញាណនៃប្រទេសគោលដៅសម្រាប់សកម្មភាពរួមរបស់បណ្តាប្រទេសជាសមាជិក ហើយការវិវឌ្ឍរបស់ពួកគេពិតជាអាចបង្កហានិភ័យដល់ប្រទេសចិន។ បណ្តាញទំនាក់ទំនងរបស់កិច្ចព្រមព្រៀង QUAD ឬ AUKUS និងបណ្តាប្រទេសពាក់ព័ន្ធដូចជាប្រទេសចិន ចាំបាច់ត្រូវតែបង្កើតឡើងដើម្បីបន្ធូរ បន្ថយការព្រួយបារម្ភរបស់គ្នាទៅវិញទៅមក។

ជាក់ស្តែង ប្រតិបត្តិការនៅពេលអនាគតរបស់កិច្ចព្រមព្រៀង QUAD ឬ AUKUS អាចបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក ដែលនេះក៏ដោយសារតែការពឹងពាក់គ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចដែលមានរួមបញ្ចូលទាំងប្រទេសចិន។ ទំនាក់ទំនងនៅពេលអនាគតរវាងកិច្ចព្រមព្រៀង QUAD ឬ AUKUS ជាមួយនឹងប្រទេសដែលមិនមែនជាសមាជិកគួរតែត្រូវបានចាត់ទុកជា «ភាពមិនច្បាស់លាស់» ជាជាង «ការខាតបង់របស់ចិននៅក្នុងផ្នែកសន្តិសុខ»។

«តើផែនការ GSI នឹងបង្កផលប៉ះពាល់ដល់អាស៊ាន និងភាពជាដៃគូជាមួយប្រទេសមហាអំណាចផ្សេងទៀតបូករួមទាំងអាមេរិកដែរឬទេ?»

ក្នុងការគ្រប់គ្រងកិច្ចការសន្តិសុខក្នុងតំបន់និងពិភពលោក អាស៊ានមានសក្ដានុពលខ្លាំងជាងអ្វីដែលគេបានទទួលស្គាល់ជាទូទៅទៅទៀត។ មជ្ឈភាពអាស៊ានបានបង្កើតឱ្យមានគំនិតផ្តួចផ្តើមដែលរួមទាំងភាពជាដៃគូ សន្ទនា និងយន្តការដូចជាវេទិកាតំបន់អាស៊ាន។

វេទិកាការទូត និងការពិគ្រោះយោបល់របស់អាស៊ានបានរួចផុតពីផលប៉ះពាល់ដែលបង្កឡើងដោយបញ្ហាសន្តិសុខនៅក្នុងតំបន់ និងការប្រកួតប្រជែងដែលកំពុងតែមានភាពតានតឹងកាន់តែខ្លាំង។ ដូច្នេះ ទាំងចិន ឬអាមេរិក ឬមហាអំណាចផ្សេងៗទៀតមិនអាចព្រងើយកន្តើយចំពោះអាស៊ានបាននោះទេ។

ផែនការ GSI គឺជាពាក្យដដែលៗដែលបានបញ្ជាក់អំពីគោលការណ៍នៃការរួមរស់ដោយសន្តិវិធីដែលប្រទេសចិននិងបណ្តាប្រទេសអាស៊ីផ្សេងទៀតបានទទួលយក ចាប់តាំងពីសន្និសីទ Bandung ឆ្នាំ ១៩៥៥។ គំនិតរបស់ចិនគឺ «ការបដិសេធនូវការបង្កើតប្លុកសន្តិសុខ» ហើយអ្វីដែលផែនការ GSI ចង់បានគឺ «ការចង់ឱ្យអាស៊ាននិងរដ្ឋជាសមាជិកចាត់ទុកសន្តិសុខរបស់ចិនជារឿងដែលមិនអាចបំបែកចេញពីតំបន់ភូមិសាស្រ្តរបស់តំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍»។

ការអំពាវនាវបែបនេះបានបង្ហាញអំពីការគូសបញ្ជាក់អំពីគោលការណ៍នៃកិច្ចសន្ទនា និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងដែលជាគោលការណ៍ដែលអាស៊ានតែងតែសង្កត់ធ្ងន់។ ផែនការ GSI របស់ចិន មិនមានអ្វីប្លែក ហើយក៏មិនមានភាពច្នៃប្រឌិតអ្វីនោះដែរ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យ «សន្តិសុខ» នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះទេ។

ការផ្គូផ្គងផែនការ GSI ជាមួយនឹងគំនិតផ្តួចផ្តើមអភិវឌ្ឍសកល (GDI) ដែលត្រូវបានលើកឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ បាននាំមកនូវការចាប់អារម្មណ៍ចំពោះការកើនឡើង នៃកម្រិតនៃភាពសកម្មរបស់ទីភ្នាក់ងារការទូតចិន។ ប៉ុន្តែអ្វីដែលគេមិនសូវបានចាប់អារម្មណ៍នោះគឺ «ការសង្កត់ធ្ងន់របស់ចិនទៅលើគំនិតផ្តួចផ្តើម GDI ក្នុងការអនុលោមតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ»។

ទាំងសម្រាប់ផែនការ GDI និង GSI ប្រទេសចិនពិតជាបានផ្តល់តម្លៃយ៉ាងធំធេងលើគោលការណ៍ និងតួនាទីរបស់ស្ថាប័នពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិ។ សរុបមក យោងតាមការទទូចរបស់ចិនដែលថា «ការអភិវឌ្ឍមានន័យស្មើនឹងសន្តិសុខ» ការផ្សព្វផ្សាយផែនការ GDI/GSI របស់ចិនអាចមានលក្ខណៈដូចគ្នានឹងកាលពីអតីតកាល និងគ្មានអ្វីថ្មីនោះទេ។

ផែនការ GSI ដែលដូចគ្នាទៅនឹងផែនការ GDI ដែរ គឺមានន័យស្មើនឹងការដោះស្រាយភាពខុសប្លែកគ្នារបស់ចិននៅក្នុងបរិបទនៃការអភិវឌ្ឍ ឬសន្តិសុខតាមរយៈការពិគ្រោះយោបល់ដោយបើកចំហ ជាជាងការ បង្កើតប្លុកសន្តិសុខ ដែលត្រូវបានរចនាឡើងដើម្បីព្យាយាមយកឈ្នះ តាមរយៈការប្រឈមមុខដាក់គ្នា ឬមធ្យោបាយយោធា៕

Fulcrum