ខ្មែរប៉ុស្ដិ៍ Close

សណ្តាប់ធ្នាប់ថ្មី របស់ពិភពលោក? វីរុសរាតត្បាត, សកលភាវូបនីយកម្ម និងសង្គ្រាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 102
សណ្តាប់ធ្នាប់ថ្មី របស់ពិភពលោក? វីរុសរាតត្បាត, សកលភាវូបនីយកម្ម និងសង្គ្រាម សណ្តាប់ធ្នាប់ថ្មី របស់ពិភពលោក? វីរុសរាតត្បាត, សកលភាវូបនីយកម្ម និងសង្គ្រាម

សកលភាវូបនីយកម្មកំពុងរងនូវការធ្វើតេស្តសាកល្បងមិនធ្លាប់មានពីមុនមក បន្ទាប់ពីបានរងនូវការវាយប្រហារដោយវីរុសកូវីដ-១៩ និងសង្រ្គាម។ វីរុសរាតត្បាតបានចោទជាសំណួររួចទៅហើយអំពីការពឹងផ្អែករបស់ពិភពលោក ទៅលើគំរូសេដ្ឋកិច្ចដែលមានការលុបចេញនូវរនាំងពាណិជ្ជកម្ម ក៏ប៉ុន្តែបានធ្វើឱ្យប្រទេសនានាពឹងផ្អែកលើគ្នាទៅវិញទៅមកកាន់តែខ្លាំងនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

ក្រុមហ៊ុននានាបាននិងកំពុងខិតខំព្យាយាមទប់ទល់នឹងការរាំងស្ទះធំៗនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពិភពលោក ហើយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានបង្កើនការព្រួយបារម្ភកាន់តែខ្លាំងអំពីការរំខានបន្ថែមទៀត នៅក្នុងគ្រប់វិស័យទាំងអស់ ដោយរាប់ចាប់ពីការផ្គត់ផ្គង់ថាមពល រហូតដល់គ្រឿងបន្លាស់រថយន្ត និងរហូតដល់ការនាំចេញស្រូវសាលី និងវត្ថុធាតុដើម។

លោក Larry Fink ដែលប្រធានក្រុមហ៊ុនហិរញ្ញវត្ថុយក្ស «BlackRock» បាននិយាយចំៗថា «ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានបិទបញ្ចប់នូវសកលភាវូបនីយកម្ម ដែលយើងបានជួបប្រទះនៅក្នុងរយៈ ពេល៣ទសវត្សរ៍ចុងក្រោយនេះ។ យើងបានឃើញការទំនាក់ទំនងរវាងប្រទេសនិងប្រទេស, រវាងក្រុមហ៊ុននិងក្រុមហ៊ុន និងសូម្បីតែរវាងមនុស្សនិងមនុស្ស បានបន្តរងនូវភាពតានតឹងដោយសារការរាតត្បាតនៃវីរុសកូវីដ-១៩ នៅក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ»។

ប៉ុន្តែរដ្ឋមន្ត្រីនៃក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen មិនបានយល់ស្រប នឹងការលើកឡើងខាងលើនេះទេ ដោយក្នុងនោះ លោកស្រីបានប្រាប់ CNBC នៅក្នុងបទសម្ភាសន៍មួយថា «ខ្ញុំពិតជាមិនយល់ស្របចំពោះរឿងនេះទេ។ យើងបានចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងសេដ្ឋកិច្ចពិភពលោក ហើយខ្ញុំរំពឹងថា រឿងនេះនឹងនៅតែបន្តស្ថិតក្នុងសភាពបែបនេះ។ វាគឺជាអ្វីដែលបាននាំមកនូវផលប្រយោជន៍ដល់សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក»។

កង្វះខាតម៉ាស់នៅដើមដំបូងនៃការកើតមានវីរុសរាតត្បាតក្នុងឆ្នាំ ២០២០ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីការពឹងផ្អែករបស់ពិភពលោក ទៅលើរោងចក្រចិនសម្រាប់ទំនិញគ្រប់ប្រភេទ។ ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានបង្កើនការព្រួយបារម្ភអំពីកង្វះខាតស្បៀងអាហារនៅជុំវិញពិភពលោក ខណៈពេលដែលប្រទេសមហាអំណាចកសិកម្មទាំង២ គឺស្ថិតក្នុងចំណោមប្រទេសផលិតស្បៀងអាហារដ៏សំខាន់របស់ពិភពលោក។

ការយកចិត្តទុកដាក់បានផ្តោតទៅលើអឺរ៉ុប ជាពិសេសប្រទេសអាល្លឺម៉ង់ ដែលបានពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់ឧស្ម័នពីប្រទេសរុស្ស៊ី ខណៈ ដែលឥឡូវនេះ រុស្ស៊ីបាននិងកំពុងស្ថិតនៅក្រោមទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។

អតីតប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Pascal Lamy បាននិយាយថា «ភាពងាយរងគ្រោះមួយចំនួនបានលេចឡើង និងបានបង្ហាញឱ្យឃើញអំពីភាពទន់ខ្សោយនៃការមានខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងទីតាំងខុសៗគ្នា»។

ជាក់ស្ដែង ភាពតានតឹងផ្នែកពាណិជ្ជកម្មសកលបានជំរុញឱ្យសហភាពអឺរ៉ុបស្វែងរកស្វ័យភាពជាយុទ្ធសាស្ត្រនៅក្នុងវិស័យសំខាន់ៗមួយចំនួន ដោយក្នុងនោះ ការផលិតគ្រឿងអេឡិចត្រូនិក និងមីក្រូឈីបដែលមាន សារៈសំខាន់សម្រាប់ឧស្សាហកម្មជាច្រើន រាប់ចាប់ពីវីដេអូហ្គេម រហូតដល់រថយន្ត បានក្លាយជាចំណុចអាទិភាពសម្រាប់តំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក។

លោក Ferdi De Ville ដែលជាសាស្ត្រាចារ្យនៅ «Ghent Institute for International & European Studies» បាននិយាយថា «វីរុសរាតត្បាតមិនបាននាំមកនូវការផ្លាស់ប្តូរសំខាន់ៗ នៅក្នុងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម (Reshoring) នោះទេ (ការនាំយកផលិតកម្មត្រឡប់មកពីបរទេសវិញ)។ ប៉ុន្តែលើកនេះ ស្ថានភាពអាចនឹងមានលក្ខណៈខុសគ្នា ដោយសារជម្លោះនេះនឹងជះឥទ្ធិពលលើរបៀបដែលបណ្តាអាជីវកម្មពិចារណាអំពីការវិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេ»។

លោក De Ville ដែលជាអ្នកនិពន្ធអត្ថបទ «ទីបញ្ចប់នៃសកលភាវូបនីយកម្ម» «The end of globalisation as we know it» បាននិយាយថា «ការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរដែលពួកគេមិននឹកស្មានដល់កាលពីប៉ុន្មានខែមុន នៅពេលឥឡូវនេះបានក្លាយទៅជាការពិតហើយ។ ដូច្នេះ គោលដៅនៅពេលឥឡូវនេះគឺការបង្វែរទិសដៅនៃការពឹងផ្អែកជាយុទ្ធសាស្ត្រ ទៅកាន់បណ្តាប្រទេសជាសម្ព័ន្ធមិត្តវិញ (Friend-shoring)»។

កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនៅថ្ងៃសុក្រ ស្តីអំពីការបង្កើតក្រុមការងារមួយដែលនឹងទទួលបន្ទុកលើការកាត់បន្ថយការពឹងផ្អែករបស់អឺរ៉ុបលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី គឺជាឧទាហរណ៍ដ៏ថ្មីបំផុតនៃការបង្វែរផលិតកម្មទៅកាន់បណ្តាប្រទេសជាសម្ព័ន្ធមិត្តវិញ (Friend-shoring)។

លោក Lamy បាននិយាយថា «ដូច្នេះ វាមិនបានបង្ហាញអំពីសញ្ញានៃការបិទបញ្ចប់សកលភាវូបនីយកម្មនោះទេ។ សកលភាវូបនីយកម្មគឺជាភាវៈដែលតែងមានការប្រែប្រួលឥតឈប់ឈរ»។ សកលភាវូបនីយកម្ម បានប្រឈមមុខនឹងវិបត្តិដ៏ធំរួចទៅហើយ នៅពេលដែលអតីតប្រធានាធិបតីអាមេរិក Donald Trump បានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិននៅក្នុងឆ្នាំ ២០១៨។

លោក Joe Biden បានជំរុញឱ្យមានតម្រូវការស្តីពី «ការទិញផលិតផលរបស់អាមេរិក» (Buy American) នៅក្នុងផែនការវិនិយោគដ៏ធំរបស់លោកស្តីពីការកសាងសហរដ្ឋអាមេរិកឡើងវិញ»។ លោកបាននិយាយនៅក្នុងសន្ទរកថាមួយថា «យើងនឹងទិញតែផលិតផលរបស់អាមេរិកដើម្បីធានាឱ្យបានថា អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីនាវាផ្ទុកយន្តហោះ រហូតដល់ដែកសម្រាប់ធ្វើរបងផ្លូវហាយវេ គឺសុទ្ធតែជាផលិតផលដែលផលិតនៅអាមេរិក»។

គោលគំនិតមួយ ដែលបានផុសឡើងក្នុងអំឡុងរដ្ឋបាលរបស់លោក Trump គឺ «ការកាត់ផ្តាច់ទំនាក់ទំនង» ដែលជាការធ្វើឱ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនិងចិន មិនមានការជាប់ពាក់ព័ន្ធគ្នា។ នៅពេលនេះ ការគំរាមកំហែងមិនមានលក្ខណៈធូរស្រាលនោះទេ ជាពិសេសនៅពេលដែលចិនបដិសេធមិនព្រមថ្កោលទោសលើការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។

អាមេរិកបានព្រមានថា «ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ របស់ពិភពលោក នឹងប្រឈមមុខនឹងផលវិបាក ប្រសិនបើខ្លួននៅតែបន្តផ្តល់ជំនួយជាសម្ភារៈយោធាដល់ប្រទេសរុស្ស៊ីនៅក្នុងការធ្វើសង្រ្គាម នៅអ៊ុយក្រែន»។ ប្រទេសចិនបានប្រឈមមុខនឹងបញ្ហាចម្រូងចម្រាសជាច្រើនជាមួយលោកខាងលិច តួយ៉ាងដូចជាបញ្ហាតៃវ៉ាន់ដែលទីក្រុងប៉េកាំងបានបន្តប្តេជ្ញាថា នឹងដណ្តើមយកមកវិញនៅថ្ងៃណាមួយ ហើយអាចនឹងប្រើប្រាស់កម្លាំង ក្នុងករណីចាំបាច់។

លោក Xiaodong Bao ដែលជាអ្នកគ្រប់គ្រងផលបត្រនៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម «Edmond de Rothschild» បាននិយាយថា «វានឹងមិនផ្តល់ជាផលប្រយោជន៍ដល់ប្រទេសចិនទេ សម្រាប់ពេលនេះ
ក្នុងការចូលរួមនៅក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសលោកខាងលិច ក៏ប៉ុន្តែសង្គ្រាមនៅអ៊ុយក្រែនគឺជាឱកាសមួយសម្រាប់ប្រទេសចិន ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក»។

កាសែត Wall Street Journal បានរាយការណ៍ថា «ទីក្រុងប៉េកាំងកំពុងពិភាក្សាជាមួយប្រទេសអារ៉ាប៊ីសាអូឌីតស្តីអំពីការបញ្ជាទិញប្រេងជាប្រាក់យ័ន (Yuan) ជំនួសឱ្យប្រាក់ដុល្លារ»។ លោក Bao បាន និយាយថា «ប្រទេសចិននឹងបន្តកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត ខណៈការកាត់ផ្តាច់ទំនាក់ទំនងផ្នែកហិរញ្ញវត្ថុកំពុងមានការកើនឡើង»។ The Asean Post

អត្ថបទទាក់ទង