ខ្មែរប៉ុស្ដិ៍ Close

បារាំង ប្រកាសបិទកន្លែងនានា និងជម្រុញឲ្យប្រជាជន ៦៧លាននាក់ នៅក្នុងផ្ទះ ក្រោយផ្ទុះ COVID-19

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 56
បារាំង ប្រកាសបិទកន្លែងនានា និងជម្រុញឲ្យប្រជាជន ៦៧លាននាក់ នៅក្នុងផ្ទះ ក្រោយផ្ទុះ COVID-19 បារាំង ប្រកាសបិទកន្លែងនានា និងជម្រុញឲ្យប្រជាជន ៦៧លាននាក់ នៅក្នុងផ្ទះ ក្រោយផ្ទុះ COVID-19

រដ្ឋាភិបាលបារាំងបានប្រកាសថា ចាប់ពីថ្ងៃអាទិត្យនេះទៅ ហាងលក់ទំនិញ ភោជនីយដ្ឋាន ព្រមទាំងកន្លែងកម្សាន្តនានា នៅទូទាំងប្រទេស នឹងត្រូវបិទទ្វារជាបណ្តោះអាសន្ន ហើយបានជំរុញប្រជាជន៦៧លាននាក់របស់ខ្លួន ឲ្យស្នាក់នៅក្នុងផ្ទះ ប្រសិន បើមិនមានធុរៈចាំបាច់ខ្លាំង ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19 ដែលជាជំងឺកំពុងរាតត្បាតជាសកល។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។

ក្នុងឱកាសនៃការប្រកាសអំពីដំណឹងខាងលើ នាយករដ្ឋមន្រ្តីបារាំង លោក Edouard Philippe បានលើកឡើងថា រដ្ឋាភិបាលពុំមាន ជម្រើសអ្វីផ្សេងឡើយ ស្របពេលដែលករណីឆ្លងនៅក្នុងប្រទេសបារាំងបានកើនឡើងយ៉ាងឆាប់រហ័ស ដោយនាពេលនេះមានអ្នក ឆ្លង COVID-19 ជិត៤,៥០០នាក់ និងស្លាប់៩១នាក់។ កន្លងមក បារាំងក៏បានប្រកាសបិទសាលារៀននៅទូទាំងប្រទេសផងដែរ។

គួរជម្រាបថា បើតាមលោក Philippe កន្លែងមិនសូវសំខាន់ទាំងអស់ដែលនឹងត្រូវបិទជាបណ្តោះអាសន្ន រួមមានដូចជាហាងកាហ្វេ ភោជនីយដ្ឋាន រោងភាពយន្ត ក្លឹបកម្សាន្តពេលរាត្រី និងហាងលក់ទំនិញជាដើម ខណៈហាងលក់ស្បៀងអាហារ ឱសថស្ថាន និង ស្ថានីយចាក់សាំង ទទួលបានការលើកលែង។ ម៉្យាងវិញទៀត លោក Philippe ក៏បានជំរុញឲ្យប្រជាជនបារាំងទាំងអស់កុំដើរហើរ នៅខាងក្រៅ ប្រសិនបើមិនចាំបាច់ខ្លាំងថែមទៀតផង៕

អត្ថបទទាក់ទង