ខ្មែរប៉ុស្ដិ៍ Close

យោធាមីយ៉ាន់ម៉ាកំពុងតែចាប់ដៃជាមួយពួកបះបោរនៅឥណ្ឌា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 46
យោធាមីយ៉ាន់ម៉ាកំពុងតែចាប់ដៃជាមួយពួកបះបោរនៅឥណ្ឌា ក្រុមឧទ្ទាម Nagar នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា

កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ក្រុមឧទ្ទាមបំបែកខ្លួនបានបើកការវាយឆ្មក់ដ៏សាហាវ នៅក្នុងតំបន់ Manipur ដែលស្ថិតនៅភាគឦសាននៃប្រទេសឥណ្ឌា ហើយការវាយប្រហារនេះបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសឥណ្ឌា និងមីយ៉ាន់ម៉ាដែលកំពុងតែមានភាពចម្រូងចម្រាស់ស្រាប់ បានឈានទៅរកភាពពុះកញ្ជ្រោលសារជាថ្មី។

ក្បួនរថយន្តដែលមានមនុស្ស ៧នាក់ រួមមានមេបញ្ជាការនៃអង្គភាពទាហាន ប៉ារ៉ា Assam Rifles, ប្រពន្ធរបស់គាត់, កូនប្រុសអាយុ ៦ឆ្នាំ និងទាហានចំនួន ៤នាក់ផ្សេងទៀតត្រូវបានកងទ័ពរំដោះប្រជាជន (PLA) និងក្រុមឧទ្ទាមរណសិរ្សប្រជាជន Manipur Naga (MNPF) ធ្វើការបាញ់សម្លាប់។

ក្រុមឧទ្ទាមទាំង២ នេះ មានទីជម្រកនៅតាមព្រំដែនប្រទេសមីយ៉ាន់ម៉ា ហើយរបាយការណ៍បានបង្ហាញថា ពួកគេបានធ្វើការដកថយត្រឡប់មកប្រទេសមីយ៉ាន់ម៉ាវិញ បន្ទាប់ពីបានធ្វើសកម្មភាពវាយឆ្មក់ដ៏ប្រល័យនេះ។

ប្រទេសឥណ្ឌាមាន ព្រំប្រទល់ជាប់ប្រទេសមីយ៉ាន់ម៉ា និងតំបន់ភ្នំប្រវែង ១៦០០ គីឡូម៉ែត្រ ដែលចំណុចនេះបានបង្កនូវភាពងាយស្រួល សម្រាប់ក្រុមឧទ្ទាមក្នុងការលាក់ខ្លួនគេចចេញពីអាជ្ញាធរ។

អស់រយៈពេលជា ច្រើនឆ្នាំមកហើយ ក្រុមឧទ្ទាមជនជាតិភាគតិច Naga, Manipuri និង Assamese ដែលមកពីភាគឦសាននៃប្រទេសឥណ្ឌាបាន រក្សាមូលដ្ឋានរបស់ខ្លួន នៅក្នុងតំបន់ Sagaing របស់ប្រទេសមីយ៉ាន់ម៉ា ហើយក្រោយពីពួកគេ បើកការវាយប្រហារមកលើកងកម្លាំងឥណ្ឌាហើយ ពួកគេតែងតែដកខ្លួនថយមកកាន់តំបន់នេះវិញ។

ជម្រកទាំងនោះគឺជាចំណុចក្តៅនៃជម្លោះទ្វេភាគីអស់រយៈពេលយូរយារណាស់មកហើយ។ ប៉ុន្តែគោល នយោបាយរបស់ប្រទេសមីយ៉ានម៉ាហាក់មានការផ្លាស់ប្តូរ នៅពេលដែលក្រុម យោធា Tatmadaw បានបើកការវាយលុកមកលើជំរំដ៏សំខាន់មួយរបស់ពួកឧទ្ទាមកាលពីខែមករា ឆ្នាំ២០១៩។

ប្រតិបត្តិការនៃការបោសសម្អាតនេះបាន រុញច្រានពួកឧទ្ទាម Naga, Manipuri និង Assamese ឱ្យចាកចេញពីទីបញ្ជាការកណ្តាលរបស់ពួកគេនៅតំបន់ Taga នៅភាគខាងជើងតំបន់ Sagaing និងបានធ្វើឱ្យទំនាក់ទំនងយោធាឥណ្ឌា និងមីយ៉ាន់ម៉ាមានភាព ប្រសើរឡើងគួរឱ្យកត់សម្គាល់។

ហើយដោយសារទំនាក់ទំនងទាំងនេះ និងកិច្ចព្រមព្រៀងសព្វាវុធដែលត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ ទើបប្រទេសឥណ្ឌាមិនបានធ្វើការរិះគន់ជាសាធារណៈចំពោះរដ្ឋប្រហាររបស់យោធាមីយ៉ាន់ម៉ានោះទេ ។

ប៉ុន្តែឥឡូវនេះ យោធាមីយ៉ាន់ម៉ាមិនត្រឹមតែផ្តល់ការអនុគ្រោះជាថ្មីម្តងទៀត ចំពោះវត្តមានរបស់ក្រុមឧទ្ទាមនៅតាមតំបន់ព្រំដែនរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបានប្រើប្រាស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងការពារប្រជាជន (PDFs) ដែលកំពុងតែធ្វើសកម្មភាពប្រឆាំងនឹងរបបយោធាចាប់តាំងពីកើតមានរដ្ឋប្រហារទៀតផង។

ក្រុមឧទ្ទាមរបស់ប្រជាជន Meitei បានធ្វើការវាយប្រហារមកលើកងកម្លាំងការពារប្រជាជន PDF នៅតំបន់ Tamu នៃខេត្ត Sagaing ហើយជាថ្នូរត្រឡប់មកវិញពួកគេត្រូវបានអនុញ្ញាតឱ្យរក្សាជម្រកសុវត្ថិភាពរបស់ពួកគេនៅខាងព្រំដែន របស់ប្រទេសមីយ៉ាន់ម៉ា។

ក្រុមកងទ័ពបដិវត្តន៍ Zomi ដែលត្រូវបានគេសន្មតថា ជាក្រុមជនជាតិភាគតិច Chin ឬ Mizo បានធ្វើការវាយប្រហារទៅ លើជំរុំមួយដែលត្រូវ បានបង្កើតឡើងដោយកងកម្លាំងប្រឆាំងរដ្ឋប្រហារនៅក្នុងទីក្រុង Tedim នៃរដ្ឋ Chin កាលពីចុងខែកញ្ញា។

ប្រភពព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ការប្រើប្រាស់ទាហានកូនជឹងរបស់យោធាមីយ៉ាន់ម៉ា កំពុងតែកើនឡើង ខណៈតំបន់ទីក្រុងដែលធ្លាប់តែស្ងប់ស្ងាត់ ក៏បានក្លាយទៅជាសមរភូមិប្រយុទ្ធគ្នាផងដែរចាប់តាំងពីមានការធ្វើរដ្ឋប្រហារ ។

កងទ័ពរំដោះប្រជាជន PLA ដែលជាក្រុមប្រដាប់អាវុធនៃរណសិរ្សបដិវត្តន៍ប្រជាជន (RPF) គឺជាក្រុមប្រយុទ្ធដ៏សកម្មក្នុងចំណោមប្រជាជន Meitei ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ហើយស្ថាបនិកដែលបានបង្កើតក្រុមនេះ បានទទួលការបណ្តុះបណ្តាលពីសំណាក់ជនជាតិចិននៅក្នុងជំរុំយោធាក្បែររដ្ឋធានី Lhasa របស់ទីបេ។

កងទ័ពរំដោះប្រជាជន PLA បានធ្វើការវាយប្រហារជាច្រើនដងនៅត្រង់ជ្រលងភ្នំ Imphal ដែលជាតំបន់សំខាន់របស់ប្រជាជន Meitei នៃរដ្ឋ Manipur មុន ពេលពួកគេបំបែកខ្លួនទៅជាក្រុមផ្សេងៗគ្នា ហើយក្រុមដែលនៅ សេសសល់បានដក ខ្លួនថយទៅសំងំនៅតាមព្រំដែនប្រទេសមីយ៉ាន់ម៉ា។

ក្រៅពីក្រុម RPF ឬ PLA នៅមានក្រុមឧទ្ទាម Meitei មួយចំនួនទៀតដូចជា គណបក្សបដិវត្តន៍ប្រជាជន Kangleipak (PREPAK), រណសិរ្សរំដោះជាតិ និងគណបក្សកុម្មុយនិស្ត Kangleipak។ សម្លៀកបំពាក់របស់ពួកឧទ្ទាម Meitei ទាំងអស់សុទ្ធតែបង្ហាញអំពីរបៀបវារៈឆ្វេងនិយមជាមួយនឹងការទាមទារឯករាជ្យសម្រាប់តំបន់ Manipuri ពីសំណាក់ប្រទេសឥណ្ឌា។

ក្រុមឧទ្ទាមរណសិរ្សប្រជាជន Manipur Naga (MNPF) គឺជាក្រុមតូចមួយនៃក្រុមសកម្ម ប្រយុទ្ធ Naga ជនជាតិភាគតិចដែលបានធ្វើប្រតិបត្តិការដាច់ដោយឡែកពីក្រុមប្រឹក្សាសង្គមនិយមជាតិដ៏សំខាន់នៃ Nagaland (ឬ Nagalim) ហើយក្រុមទាំងនោះក៏បានទទួលទីជម្រកជាយូរមកហើយដែរនៅតាមព្រំដែនប្រទេសមីយ៉ាន់ម៉ា។

ពួកឧទ្ទាម Naga ដែលមកពីប្រទេសឥណ្ឌាមានមូលដ្ឋាននៅតំបន់ភ្នំ Naga នៃប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីកងទ័ពឥណ្ឌាបានបណ្តេញពួកគេចេញកាលពីទសវត្សរ៍ឆ្នាំ ១៩៧០។ ហើយក្រុម Naga ទាំងនោះក៏ទទួលបានអត្ថប្រយោជន៍តាមរយៈការផ្គត់ផ្គង់អាវុធពីសំណាក់ប្រទេសចិនរហូតដល់គោលនយោបាយគាំទ្ររបស់ទីក្រុងប៉េកាំងបានផ្លាស់ប្តូរកាលពីទសវត្សរ៍ឆ្នាំ ១៩៨០។

ភាពអសមត្ថភាព ឬភាពមិនមានឆន្ទៈរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងការរុះរើជម្រកពួកឧទ្ទាមទាំង នោះ គឺជាបន្លាដ៏មុតស្រួចនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសជិតខាងទាំងពីរ ហើយក៏បានបង្កឱ្យមានការមិនទុកចិត្តគ្នាទៅវិញទៅមក និងការសង្ស័យគ្នាជាច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

អាជ្ញាធរមីយ៉ាន់ម៉ាជារឿយៗ តែងតែបានធ្វើការបដិសេធថា មិនមានជំរុំបែបនេះនោះទេ ហើយចាប់តាំងពីមានការធ្វើរដ្ឋប្រហារមក ប្រទេសមីយ៉ាន់ម៉ាកំពុងតែធ្លាក់ចូលទៅក្នុងភាពឯកោម្តងទៀត ហើយមានប្រទេសជាសម្ព័ន្ធមិត្តបរទេសតិចតួចប៉ុណ្ណោះ។ ប្រទេសរុស្ស៊ីគឺជាប្រទេសមួយក្នុង ចំណោមនោះ។ ប៉ុន្តែអ្វីដែលជាកត្តាជម្រុញទំនាក់ទំនងនោះ គឺការធ្វើពាណិជ្ជកម្ម ដោយសារតែប្រទេសមីយ៉ាន់ម៉ាគឺជាប្រទេសដែលទិញសម្ភារៈយោធារបស់ប្រទេសរុស្ស៊ីដ៏សំខាន់។

ប្រទេសចិនមាន ផលប្រយោជន៍ផ្នែកភូមិសាស្ត្រសំខាន់ៗជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ហើយការ ស្ទាក់ស្ទើររបស់ប្រទេសឥណ្ឌាក្នុងការថ្កោលទោសចំពោះរដ្ឋប្រហារបានកើត មានដោយសារតែការព្រួយបារម្ភថា ទីក្រុងប៉េកាំងនឹងយកវិបត្តិនេះដើម្បីពង្រឹងមហិច្ឆតាក្នុងតំបន់របស់ខ្លួន។

ឧត្តមសេនីយ Bipin Rawat នាយសេនាធិការការពារជាតិរបស់ប្រទេសឥណ្ឌាបានលើកឡើងជាសាធារណៈនៅក្នុងសិក្ខាសាលាយោធាមួយកាលពីថ្ងៃទី២៤ ខែកក្កដាក្រោមប្រធានបទ «ឱកាស និងបញ្ហាប្រឈមនៅតំបន់ភាគឦសានប្រទេសឥណ្ឌា» ថា «ប្រទេសឥណ្ឌាត្រូវតាមដានឱ្យបានដិតដល់ចំពោះស្ថានការណ៍ដែលកំពុងកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្រទេសចិនកំពុងតែបង្កឱ្យមានច្រកចូលបន្ថែមទៀត ហើយបន្ទាប់ពីអន្តរជាតិបានធ្វើការដាក់ទណ្ឌកម្មឡើងវិញមកលើប្រទេសនេះ គម្រោង BRI របស់ប្រទេសចិននឹងកាន់តែមានសារៈសំខាន់បន្ថែមទៀត»។

ភ្លាមៗបន្ទាប់ពីការធ្វើរដ្ឋប្រហារ មេទ័ពឥណ្ឌា លោក Manoj Mukund Naravane បាននិយាយថា «ប្រតិបត្តិការជាបន្តបន្ទាប់រួមគ្នាជាមួយក្រុមយោធា Tatmadaw បានបង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ និងការស៊ីសង្វាក់គ្នារវាងក្រុមទាហានជួរមុខរបស់ប្រទេសទាំងពីរ» ។

អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺ ប្រទេសឥណ្ឌាក៏ជា ប្រទេសមួយក្នុង ចំណោមប្រទេសចំនួន៨ ដែលបានបញ្ជូនតំណាងអនុព័ន្ធយោធារបស់ខ្លួនទៅចូលរួមក្បួនដង្ហែរទិវាកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ានៅក្នុងទី ក្រុង Naypyitaw កាលពីថ្ងៃទី២៧ ខែមីនារួមគ្នាជាមួយប្រទេសផ្សេងៗទៀតរួមមាន ប្រទេសចិន រុស្ស៊ី ប៉ាគីស្ថាន បង់ក្លាដែស វៀតណាម ឡាវ និងថៃ។

គេកំពុងតែរង់ចាំមើលថា តើការវាយឆ្មក់ទៅលើតំបន់ Manipur នឹងបង្កឱ្យមានផលវិបាកចំពោះទំនាក់ទំនងរវាងប្រទេសឥណ្ឌានិងមីយ៉ាន់ម៉ាបែបណានៅពេលអនាគត ខណៈដែលប្រទេសឥណ្ឌាអាចនឹងមានការ ស្ទាក់ស្ទើរក្នុងការវិលត្រលប់ទៅយុគសម័យមុនឆ្នាំ ២០១៩ ស្របពេលដែលអ្នកវិភាគបានលើកឡើងថា ប្រទេសឥណ្ឌាមិនអាចមិនអើពើនឹងសម្ព័ន្ធភាពថ្មីដែលទើប នឹងត្រូវបានបង្កើតរវាងក្រុមឧទ្ទាមនៅភាគឦសាន ជាមួយនឹងរបបយោធាមីយ៉ាន់ម៉ា នោះទេ។

ជាងនេះទៅទៀត អាជ្ញាធរសន្តិសុខរបស់ប្រទេសឥណ្ឌាបានដឹងយ៉ាងច្បាស់អំពីវត្តមាន របស់ពួកឧទ្ទាមទាំង នោះនៅក្នុងប្រទេសចិន។ ពួកគេប្រហែលជានឹងមិនអាចទទួលបានការគាំទ្រដោយផ្ទាល់ពីសំណាក់ភ្នាក់ងារសន្តិសុខរបស់ប្រទេសចិននោះទេ។ ប៉ុន្តែក្រុមឧទ្ទាម PLA, PREPAK និង ULFA ក៏កំពុងតែមានតំណាងក្រៅផ្លូវការនៅក្នុងទីក្រុង Ruili និងទីក្រុងផ្សេងៗទៀតដែលស្ថិតនៅតាមព្រំដែនភាគខាងលិចនៃខេត្តយូណានផងដែរ។

មិនមានភស្តុតាងអ្វីដើម្បីបញ្ជាក់ថា ភ្នាក់ងារសន្តិសុខរបស់ប្រទេសចិនបានលើក ទឹកចិត្តឱ្យពួកឧទ្ទាម PLA និង MNPF ធ្វើការវាយប្រហារមកលើក្បួនយោធាប៉ារ៉ាឥណ្ឌាកាលពីថ្ងៃទី១៣ វិច្ឆិកានោះទេ ប៉ុន្តែច្បាស់ណាស់ ពួកគេពិតជាបានតាមដានព្រឹត្តិការណ៍ នេះយ៉ាងដិតដល់និងបានប្រើប្រាស់ក្រុមឧទ្ទាមនៅឥណ្ឌាដែលជាមិត្តរបស់ពួកគេដើម្បីប្រមូលព័ត៌មានសម្ងាត់។ ភាពងាយរងគ្រោះសារជាថ្មីនៃតំបន់ភាគឦសាននៃប្រទេសឥណ្ឌាប្រាកដជាកំពុងតែស្ថិតនៅក្នុងផែនការផលប្រយោជន៍យុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ប្រទេសចិន។

ជាមួយនឹងការយកចិត្តទុកដាក់របស់របបយោធាមីយ៉ាន់ម៉ាទៅ លើបញ្ហាសន្តិសុខផ្ទៃក្នុង និងក្រុមឧទ្ទាមឥណ្ឌាក្នុងការផ្តល់ទីជំរកដល់ពួកគេជាថ្នូរនឹងការវាយប្រហារទៅលើក្រុម PDF ស្ថានភាពនៅតាមព្រំដែនឥណ្ឌា-មីយ៉ាន់ម៉ា ហាក់ដូចជាកំពុងតែវិលត្រឡប់ទៅរក សភាពចាស់វិញហើយ។

នេះគឺជាលើក ដំបូងដែលរបបយោធា បានធ្វើការសហការដោយបើកចំហជាមួយក្រុមបះបោរភាគឦសានរបស់ប្រទេសឥណ្ឌា ហើយនេះក៏ជាជំហានដែលអាចបង្កើតឱ្យមានគំរូសន្តិសុខដ៏ថ្មីសន្លាងមួយ ជំនួសឱ្យគំរូ
សន្តិសុខចាស់ដែលផុយស្រួយផងដែរ៕ Asia Times

អត្ថបទទាក់ទង