ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យជាច្រើន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 68
រាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យជាច្រើន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យជាច្រើន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ២០ម៉ឺនដុល្លារ និងគ្រឿងបរិក្ខារពេទ្យជាច្រើនទៀត ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលខ្លាំងនៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ។

យោងតាមលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើទៅលោក មីង អោងលាំង មេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ថវិកា ២០ម៉ឺនដុល្លារ ដែលកម្ពុជាឧបត្ថម្ភនេះ គឺបន្ថែមពីលើប្រាក់ ១០ម៉ឺនដុល្លារ ដែលកម្ពុជាបានផ្តល់ទៅមីយ៉ាន់ម៉ា តាមរយៈអាស៊ាន។

លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា គ្រឿងបរិក្ខារដែលឧបត្ថម្ភទៅមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ក្នុងលិខិតនោះថា លោកជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ កម្ពុជា និងមីយ៉ាន់ម៉ា នឹងយកឈ្នះលើជំងឺរាតត្បាតសកលនេះទាំងស្រុង។

ក្នុងលិខិតបានបញ្ជាក់ដែរថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ អន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងដឹកនាំគណៈប្រតិភូ ដើម្បីប្រគល់ជូនអំណោយខាងលើនេះ តាមជើងហោះហើរពិសេស ដែលនឹងត្រូវរៀបចំឡើងដើម្បីទៅទីក្រុងណៃពិដោ នាពេលឆាប់ៗនេះ។

អត្ថបទទាក់ទង