ខ្មែរប៉ុស្ដិ៍ Close

អាស៊ានកំពុងមានបញ្ហា ប៉ុន្តែតើបញ្ហានោះធំប៉ុណ្ណា?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 120
អាស៊ានកំពុងមានបញ្ហា ប៉ុន្តែតើបញ្ហានោះធំប៉ុណ្ណា? ប្រធានាធិបតី Joko “Jokowi” Widodo និងរដ្ឋមន្ត្រីការបរទេស លោកស្រី Retno Marsudi នៅក្នុងសន្និសីទសារព័ត៌មានក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅទីក្រុង Labuan Bajo កាលពីថ្ងៃទី ១១ ឧសភា។ (AFP/Achmad Ibrahim)

ការប្រែក្លាយអាស៊ានឱ្យទៅជា «ចំណុចកណ្តាល» នៃកំណើនសេដ្ឋកិច្ចពិភពលោក និងការបង្កើត «ទស្សនៈវិស័យឆ្នាំ ២០៤៥» របស់អាស៊ាន គឺជាគោលដៅចម្បងនៃការធ្វើជាប្រធានប្តូរវេនរបស់ឥណ្ឌូនេស៊ីនៅក្នុង
ឆ្នាំនេះក្រោមពាក្យស្លាក «បញ្ហាអាស៊ាន»។

ទីក្រុងរមណីយដ្ឋាន Labuan Bajo ដែលស្ថិតនៅក្នុងខេត្ត East Nusa Tenggara បានដើរតួរជាទីតាំងដ៏ស្រស់បំព្រងសម្រាប់មេដឹកនាំអាស៊ានក្នុងការជួបប្រជុំ និងចែករំលែកនូវគំនិតរបស់ពួកគេនៅក្នុងសប្តាហ៍នេះ។ ប៉ុន្តែក្រៅពីសេចក្តីប្រកាសរួម និងឯកសារផ្សេងៗទៀត ដែលទទួលបានពីកិច្ចប្រជុំកំពូលនោះ យើងត្រូវចោទជាសំនួរថា តើអាស៊ានពិតជាមានសារៈសំខាន់ចំពោះប្រជាជនដែលពួកគេតំណាងឱ្យដែរឬទេ? ហើយប្រសិនបើវាពិតមែន តើវាមានសារៈសំខាន់របៀបណា?

ជាធម្មតា កិច្ចប្រជុំកំពូលរយៈពេល ២ ថ្ងៃភាគច្រើនគឺមិនមានការឆ្លើយតបចំពោះសំណួរដែលលំបាកៗនោះទេ ដើម្បីអាចសម្រេចបាននូវសមិទ្ធផលល្អៗភ្លាមៗ។ យ៉ាងណាក៏ដោយយើងត្រូវតែផ្តល់ការកោតសរសើរដល់ឥណ្ឌូនេស៊ីដែលបានផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសង្រ្គាមស៊ីវិលដែលកំពុងតែលេបត្របាក់ប្រទេសសមាជិកមីយ៉ាន់ម៉ា បើទោះបីជាវឌ្ឍនភាពទាំងមូលនៅតែមានភាពយឺតយ៉ាវក៏ដោយ។

យ៉ាងណាមិញ មនុស្សមួយចំនួនបានចោទជាសំណួរដូចគ្នាថា ហេតុអ្វីបានជាត្រូវផ្តោតទៅលើបញ្ហាដែលគ្មាននរណាម្នាក់អាចដោះស្រាយបានភ្លាមៗ ហើយហេតុអ្វីមិនព្រមនាំគ្នាពិភាក្សាទៅលើប្រធានបទដែលគ្រប់គ្នាអាចឈានទៅដល់ការព្រមព្រៀងគ្នាបាន? វាគឺជាគំនិតដ៏គួរឱ្យទាក់ទាញមួយ ប៉ុន្តែដរាបណាប្រទេសមីយ៉ាន់ម៉ានៅតែជារដ្ឋសមាជិក ហើយដរាបណាវិបត្តិរបស់ពួកគេមិនត្រូវបានដោះស្រាយ វានឹងពិបាកណាស់ក្នុងការរំពឹងថា អាស៊ាននឹងធ្វើឱ្យមានការរីកចម្រើនពិតប្រាកដនៅទីកន្លែងផ្សេងទៀត។

អស់រយៈពេលជាង ២ ឆ្នាំចាប់តាំងពីរបបយោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យមក អាស៊ានមិនទាន់បានដាក់សម្ពាធដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរស្ថានភាពនៅទីនោះនៅឡើយទេ។ បើទោះមានអ្វីកើតឡើងក៏ដោយ ជម្លោះកំពុងតែមានសភាពកាន់តែអាក្រក់ទៅៗ ជាមួយនិងសញ្ញានៃការគាបសង្កត់កាន់តែឃោរឃៅពីសំណាក់របបយោធា។

ការវាយប្រហារតាមអាកាសទៅលើភូមិមួយនៅក្នុងតំបន់ Sagaing កាលពីខែមុន ដែលបានសម្លាប់មនុស្សចំនួន ១៨៦ នាក់ ដែលរួមមានទាំងកុមារ 40 នាក់ផង នោះ គឺមិនគ្រប់គ្រាន់ដើម្បីជំរុញអាស៊ាននិងសហគមន៍អន្តរជាតិចាត់វិធានការលើសពីការថ្កោលទោសនោះទេ។

ជំនួយមនុស្សធម៌របស់អាស៊ានទើបតែត្រូវបានគេចាប់ផ្តើមចែកចាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលអ្នកការទូតរបស់ប្លុកនេះក៏ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខបាញ់ប្រហារកាលពីដើមសប្តាហ៍នេះផងដែរ។

ឥណ្ឌូនេស៊ីបានលាតត្រដាងរឿងមួយកាលពីសប្តាហ៍មុនថា ពួកគេបាននឹងកំពុងជួបពិភាក្សាជាមួយក្រុមប្រឆាំងមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីដើមឆ្នាំមក ដែលនេះគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការស្វែងរកសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ រឿងនេះគឺពិតជាគួរទទួលបានការសរសើរ ប៉ុន្តែឥណ្ឌូនេស៊ីត្រូវតែចែករំលែកព័ត៌មាននេះជាមួយភាគីសំខាន់ៗមួយចំនួនទៀត ដែលរួមមានទាំងប្រទេសនិងស្ថាប័នដែលកំពុងបំពេញការងារនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

ឥណ្ឌូនេស៊ីអាចហៅសកម្មភាពបែបនេះថា «ជាការទូតស្ងាត់ស្ងៀម» ប៉ុន្តែអ្នកផ្សេងទៀតបានមើលឃើញថា វាគឺជាសកម្មភាពខ្វះតម្លាភាព។

វាមិនត្រឹមតែប្រជាជនមីយ៉ាន់ម៉ាប៉ុណ្ណោះទេដែលមានអារម្មណ៍ថា អាស៊ានមានភាពពាក់ព័ន្ធតិចតួចនៅក្នុងជីវិតរបស់ពួកគេ។ ប្រជាជននៅក្នុងរដ្ឋជាសមាជិកទាំង ៩ ផ្សេងទៀតក៏មានសិទ្ធិសួរថា តើអាស៊ានមានសារៈ
សំខាន់យ៉ាងណាចំពោះពួកគេផងដែរ។

ការស្ទង់មតិនៅពេលកន្លងមកបានបង្ហាញថា អាស៊ានមានភាពជាប់ពាក់ព័ន្ធតិចតួចប៉ុណ្ណោះដល់ជីវិតរបស់ប្រជាជន ហើយមនុស្សភាគច្រើនមានអារម្មណ៍ថា ពួកគេមានទំនាក់ទំនងតិចតួចបំផុតជាមួយនឹងការងាររបស់អង្គការនេះ។

គម្រោងសហគមន៍របស់អាស៊ានគឺជាគំរូចម្បងដែលបង្ហាញអំពីការបរាជ័យរបស់រដ្ឋាភិបាលជាមួយនឹងប្រជាជនរបស់ខ្លួន។ ក្រោយពីបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ២០១៥ កម្មវិធីនេះបានសម្រេចពន្យារពេលយ៉ាងឆាប់រហ័សចំពោះគោលដៅក្នុងការបង្កើតសហគមន៍ជុំវិញប្លុកមួយនេះឱ្យបានមុនឆ្នាំ ២០២៥។

ការលើកឡើងនេះមិនមែនជាការបដិសេធចំពោះការងារដ៏មានតម្លៃដែលអាស៊ានបានធ្វើនោះទេ ប៉ុន្តែកង្វះនៃអារម្មណ៍ជាសហគមន៍ក្នុងចំណោមប្រជាជននៅក្នុងតំបន់ពិតជាបានបង្ហាញអំពីដែនកំណត់នៃលទ្ធភាពរបស់អាស៊ាននៅពេលបច្ចុប្បន្ន ។

ឥឡូវនេះ ក្រោមការដឹកនាំរបស់ឥណ្ឌូនេស៊ី ប្លុកនេះបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យថ្មីសម្រាប់ឆ្នាំ ២០៤៥ និងគោលដៅដែលមានមហិច្ឆតាធំជាងនេះទៅទៀត គឺការប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ឱ្យក្លាយទៅជាចំណុចកណ្តាលនៃកំណើនសេដ្ឋកិច្ច។

តើអាស៊ានអាចសម្រេចនូវផែនការនេះដោយរបៀបណា ខណៈដែលសង្រ្គាមស៊ីវិលកំពុងតែកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ានោះ? តើបញ្ហានៅក្នុងប្លុកដែលជាប្រភពនៃភាពមិនស៊ីសង្វាក់គ្នានៃការយល់ដឹងនិងការកាន់តែឃ្លាតឆ្ងាយពីគ្នា ជាពិសេសគឺប្រជាជនមីយ៉ាន់ម៉ាអាចរារាំងអាស៊ានមិនឱ្យសម្រេចគម្រោងខាងលើបានឬទេ?

ការអភិវឌ្ឍដ៏គួរឲ្យកត់សម្គាល់មួយនៅក្នុងកិច្ចប្រជុំកំពូល Labuan Bajo គឺការចូលរួមរបស់នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Taur Matan Ruak មុនពេលដែលប្រទេសរបស់លោកបានចូលជាសមាជិកអាស៊ានជាផ្លូវការនៅចុងឆ្នាំនេះ។

ចំណាត់ការនេះនឹងជួយបង្កើនចំនួនប្រជាជនអាស៊ានដែលកំពុងមានជាង ៦០០ លាននាក់ ហើយវាក៏ជាការក្រើនរំលឹកទៅដល់រដ្ឋាភិបាលនានាថា ពួកគេត្រូវតែធ្វើការងារឱ្យបានច្រើនបន្ថែមទៀតសម្រាប់ប្រជាជន របស់ពួកគេដើម្បីឱ្យច្បាស់ថា អាស៊ានពិតជាមានសារៈសំខាន់សម្រាប់ប្រជាជនរបស់ពួកគេ។

សម្រាប់ពេលនេះ កិច្ចប្រជុំកំពូលគឺគ្មានអ្វីក្រៅតែពីការថតរូបភាព និងការប្រកាសដ៏ខ្ពង់ខ្ពស់ដែលស្ទើរតែមិនបានជះឥទ្ធិពលអ្វីបន្តិចសោះដល់ជីវិតរបស់ប្រជាជនដែលពួកគេកំពុងតែតំណាងអោយនោះឡើយ៕

The Jakarta Post

អត្ថបទទាក់ទង