ខ្មែរប៉ុស្ដិ៍ Close

ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនដល់ ២០,៨ ប៊ីលានដុល្លារអាមេរិក ដែលធានាដល់ការនាំចូលបានដល់ទៅ ១០ខែ ប្រសិនបើមិនមានចំណូលសោះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 60
ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនដល់ ២០,៨ ប៊ីលានដុល្លារអាមេរិក ដែលធានាដល់ការនាំចូលបានដល់ទៅ ១០ខែ ប្រសិនបើមិនមានចំណូលសោះ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនដល់ ២០,៨ ប៊ីលានដុល្លារអាមេរិក ដែលធានាដល់ការនាំចូលបានដល់ទៅ ១០ខែ ប្រសិនបើមិនមានចំណូលសោះ

បើទោះបីជាកម្ពុជាកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ទុនបម្រុងអន្តរជាតិរបស់កម្ពុជាបន្តស្ថិតក្នុងកម្រិត ២០,៨ ប៊ីលាន ដុល្លារអាម៉េរិក ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជាបន្តទទួលរងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងក្នុងស្រុកនិងតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យចម្បងៗដូចជា វិស័យទេសចរណ៍ កម្មន្តសាល និងសំណង់ លើកលែងវិស័យកសិកម្មដែលបន្តមានវឌ្ឍនភាពល្អ។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងការបង្កើនការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយនិងឆាប់រហ័ស។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាកញ្ចប់ តាមដំណាក់កាលជាបន្តបន្ទាប់ ដើម្បីទ្រទ្រង់និងស្ដារសកម្មភាពសេដ្ឋកិច្ច និងជួយដល់ជនក្រីក្រ ប្រកបដោយប្រសិទ្ធភាពផងដែរ។ សេចក្ដីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ ធនាគារជាតិនៃកម្ពុជាបានរួមចំណែករក្សាស្ថេរភាពថ្លៃ និងជំនឿទុកចិត្តមកលើសេដ្ឋកិច្ច ព្រមទាំងអនុវត្តនយោបាយរូបិយវត្តុ វិត្ថារកម្ម ដោយថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្ន ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ជាក់ស្ដែង អត្រាប្ដូរប្រាក់បន្តមានស្ថិរភាពក្នុងរង្វង់ ៤ ០៨៥ រៀល ក្នុងមួយដុល្លារអាម៉េរិក និង បានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាអតិផរណាមានកម្រិតទាបអាចគ្រប់គ្រងបាន ២,៥ភាគរយ។

ជាមួយគ្នានេះ ទុនបម្រុងអន្តរជាតិបន្តស្ថិតក្នុងកម្រិតខ្ពស់ ២០,៨ ប៊ីលានដុល្លារអាម៉េរិក ដែលអាចធានាការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណជាង ១០ខែ និងបានពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀលផងដែរ។ ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តមានភាពធន់ និងបានផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

ទ្រព្យសកម្មប្រព័ន្ធធានាគារបានកើនឡើង ១៨ភាគរយ ឥណទានអតិថិជនមានកំណើន ២៣,៤ភាគរយ និងប្រាក់បញ្ញើអតិថិជនកើន ២០,៧ភាគរយ។ ស្ថានភាពដើមទុនក៏មានភាពរឹងមាំ ដោយអនុបាតសាធនភាពមានកម្រិត ២៤,៤ភាគរយ សម្រាប់វិស័យធនាគារ និង ២២,៧ភាគរយ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ សន្ទនីភាពមានកម្រិតខ្ពស់ ១៥៩,៨ភាគរយ សម្រាប់គ្រឹះស្ថានធនាគារ និង ១៧២,៦ភាគរយ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។

ចំពោះអនុបាតឥណទានមិនដំណើរការមានកម្រិតទាប ២,៤ភាគរយ សម្រាប់វិស័យធនាគារ និង ២ភាគរយ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ស្របពេលដែលគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក៏ត្រូវបានអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ លើសពីនេះ ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញបានចំនួន ៣៦៧ ២៣៩ គណនី ស្មើនឹង ២២,២ ទ្រីលានរៀល (៥,៥ ប៊ីលានដុល្លារអាម៉េរិក)។

បើតាមធនាគារជាតិនៃកម្ពុជាក៏បានលើកឡើងដែរថា ដើម្បីបន្តគាំទ្រដល់ការរក្សាលំនឹងសេដ្ឋកិច្ច-សង្គម និងការស្ដារឡើងវិញនៃសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជានឹងបន្តអនុវត្តន៍វិធានការគាំទ្រកំណើន និងរួមចំណែករក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបានរឹងមាំ ស្របតាមការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង