ខ្មែរប៉ុស្ដិ៍ Close

កូនសត្វកន្ធាយក្បាលកង្កែបចំនួន៥៦៥ក្បាល ត្រូវបានលែងឱ្យទៅរស់នៅក្នុងទីជម្រកធម្មជាតិវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 4
កូនសត្វកន្ធាយក្បាលកង្កែបចំនួន៥៦៥ក្បាល ត្រូវបានលែងឱ្យទៅរស់នៅក្នុងទីជម្រកធម្មជាតិវិញ កូនសត្វកន្ធាយក្បាលកង្កែបចំនួន៥៦៥ក្បាល ត្រូវបានលែងឱ្យទៅរស់នៅក្នុងទីជម្រកធម្មជាតិវិញ

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល Wildlife Reserve Singapore និងសម្ព័ន្ធដើម្បីការរស់រានប្រភេទសត្វអណ្តើក (Turtle Survival Alliance) បានលែងកូនសត្វកន្ធាយក្បាលកង្កែប (ឬរមិច) ដែលជាប្រភេទរងគ្រោះ ជិតផុតពូជនៅលើសកលលោកចំនួន ៥៦៥ក្បាល ឱ្យទៅរស់នៅក្នុងទីជម្រកធម្មជាតិនៅតាម ដងទន្លេមេគង្គវិញ។ កូនកន្ធាយក្បាលកង្កែបនេះត្រូវបានប្រមូលកូនវាពីសម្បុកការពារ ដោយសហគមន៍យកទៅប្រលែងដែលជាផ្នែកមួយនៃសកម្មភាពគម្រោង។

កន្ធាយក្បាលកង្កែបស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាប្រភេទរង គ្រោះជិតផុតនៅលើសកលលោក ខណៈចំនួនរបស់វានៅតែបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងបានគិតថាកន្ធាយក្បាលកង្កែប បានផុតពូជពីកម្ពុជាទៅហើយ រហូតដល់ ឆ្នាំ២០០៧ គេបានរកឃើញវត្តមានពួកវាម្តងទៀត នៅក្នុងបរិវេណ៤៨គីឡូម៉ែត្រនៅដងទន្លេមេគង្គចន្លោះខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

លោក ញូន ចន្ទី អ្នកសម្របសម្រួលគម្រោងអភិរក្សសត្វកន្ធាយក្បាលកង្កែបនៃអង្គការ WCS បាននិយាយនៅ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ថា “ការលែងកូនកន្ធាយក្បាល កង្កែបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនចំនួនសត្វកន្ធាយក្បាលកង្កែបរស់នៅក្នុង ធម្មជាតិ។”

“ការលែងកូនកន្ធាយក្បាលកង្កែបនេះក៏នឹងជួយបង្កើនប្រាក់ចំណូលសម្រាប់ ប្រជាសហគមន៍ និងលើកទឹកចិត្តឱ្យពួកគាត់គាំទ្រ និងចូលរួមក្នុងការអភិរក្សប្រភេទសត្វនេះ ពីព្រោះគម្រោង នឹងបង់ប្រាក់ឱ្យ សហគមន៍សម្រាប់ការយាមថែរក្សា និងការពារសម្បុកពងកូនសត្វកន្ធាយ ក្បាលកង្កែប”។

ចាប់តាំងពីឆ្នាំ២០០៧មក អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានអនុវត្តន៍ គម្រោងអភិរក្សកន្ធាយក្បាលកង្កែប (កន្លងមកអនុវត្តន៍ដោយអង្គការអភិរក្សអន្តរជាតិ) ដោយសហការជាមួយរដ្ឋបាលជលផល និងសម្ព័ន្ធដើម្បីការរស់រាន ប្រភេទសត្វអណ្តើក។ កម្មវិធីការពារសំបុកបានលើកទឹកចិត្តឱ្យប្រជាសហគមន៍រស់នៅខេត្តក្រចេះ និងស្ទឹងត្រែង ចូលរួមការពារសត្វកន្ធាយក្បាលកង្កែបដោយបានជ្រើសរើសអតីតអ្នកប្រមូលពង និងមេពូជកន្ធាយក្បាលកង្កែបឱ្យមកធ្វើការងារជាបុគ្គលិករបស់គម្រោង ដើម្បីស្វែងរក និងការពារសំបុកសត្វកន្ធាយក្បាលកង្កែបជំនួសឱ្យការប្រមូលយកពង និងមេពូជសម្រាប់ហូប និងលក់។ ចាប់តាំងពីពេលនោះមក យើងបានការពារសំបុកពងកូនបានចំនួន ៤០២ សំបុក និងបានលែងកូនកន្ធាយក្បាលកង្កែបចំនួន ៩ ០៤៧ កូន។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលបានឱ្យដឹង ថា “ការការពារដោយមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ពិតជាចាំបាច់ខ្លាំងណាស់ ដើម្បីថែរក្សាកន្ធាយក្បាលកង្កែបកុំឱ្យបាត់បង់ពីលើលោកយើងនេះ។ ការប្រមូលយកពងកូន ឬចាប់យកមេពូជកន្ធាយក្បាលកង្កែបមកលក់ ឬធ្វើជាម្ហូបគឺជាអំពើខុសច្បាប់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា”។ “សាធារណៈជនទាំងអស់អាចចូលរួមអភិរក្សសត្វ កន្ធាយក្បាលកង្កែបកុំឱ្យបាត់បង់បានតាមរយៈការមិនទិញ និងបរិភោគសាច់ ឬពងសត្វកន្ធាយក្បាលកង្កែប”។

ការងារអភិរក្សសត្វកន្ធាយក្បាលកង្កែបទទួលបានការគាំទ្រពីម្ចាស់ជំនួយដូចជា Critical Ecosystem Partnership Fund (CEPF) អង្គការអភិរក្សអន្តរជាតិ Wildlife Reserve Singapore និងសម្ព័ន្ធដើម្បីការរស់រានប្រភេទសត្វអណ្តើក (Turtle Survival Alliance)៕

អត្ថបទទាក់ទង