ខ្មែរប៉ុស្ដិ៍ Close

លោក នេត្រ ភក្ត្រា ជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់អនុវត្តមុខងារវិស័យបរិស្ថានដើម្បីបម្រើ និងផ្តល់សេវាជូនពលរដ្ឋនៅមូលដ្ឋាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 48
លោក នេត្រ ភក្ត្រា ជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់អនុវត្តមុខងារវិស័យបរិស្ថានដើម្បីបម្រើ និងផ្តល់សេវាជូនពលរដ្ឋនៅមូលដ្ឋាន លោក នេត្រ ភក្ត្រា ជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់អនុវត្តមុខងារវិស័យបរិស្ថានដើម្បីបម្រើ និងផ្តល់សេវាជូនពលរដ្ឋនៅមូលដ្ឋាន

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់អនុវត្តមុខងារវិស័យបរិស្ថាន ដែលក្រសួងបានធ្វើប្រតិភូកម្ម និងការប្រគល់មុខងារគ្រប់គ្រងជូនដើម្បីប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ការលេីកឡេីងបែបនេះ របស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការផ្តល់បច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ នៅសាលាខេត្តកំពង់ស្ពឺ។

នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនាមជាមន្ត្រីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង់សំណល់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីធានាបាននូវគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថាន ហើយពង្រឹងការអនុវត្តច្បាប់ និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ១១លើការងារអភិរក្សធនធានធម្មជាតិដែលមានឱ្យបានស្ថិតស្ថេរគង់វង្សសម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងនៅក្នុងបរិបទនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមចក្ខុវិស័យរបស់ក្រសួងបរិស្ថាន ក្នុងការកសាងរដ្ឋបាលទំនើប ដើម្បីធានាបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។

បន្ថែមពីនេះលោកថា ក្នុងនោះរដ្ឋបាលទំនើប សំដៅដល់ប្រព័ន្ធការងារមួយ ដែលមានភាពឆ្លើយតប ដំណើរការការងារប្រកបដោយប្រសិទ្ធភាព និងធនធានមនុស្សប្រកបដោយ ឧត្ដមភាព ភាពជាអ្នកដឹកនាំ សុចរិតភាព ការទទួលខុសត្រូវខ្ពស់ មនសិការវិជ្ជាជីវៈ ការច្នៃប្រឌិត និងភាពម្ចាស់ការ។

ជំវិញករណីនេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា នេះជាជំហានយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយក្នុងការដោះស្រាយបញ្ហាបរិស្ថាន ដែលមានលក្ខណៈស្មុគស្មាញ និងប្រទាក់ក្រឡាគ្នា តម្រូវឱ្យមានវិធានការគោលនយោបាយ និងដំណោះស្រាយដែលមានលក្ខណៈបរិសកម្ម (proactive) ឱ្យបានច្រើនពោលគឺ យើងត្រូវមានការគិតគូរទុកជាមុនពីចម្ងាយ មុនពេលបញ្ហាកើតឡើង ជាងវិធានការគោលនយោបាយ និងដំណោះស្រាយធានាគាំពារបរិស្ថាន ដែលមានលក្ខណៈប្រតិកម្ម (reactive) ពោលយើងត្រូវរត់តាមក្រោយបញ្ហា ដោយហេតុថា សេចក្តីសម្រេចចិត្តមួយនៅនេះនឹងអាចបង្កផលវិបាកជាច្រើនសម្រាប់រយៈពេលអនាគត។

ក្រសួងបរិស្ថានធ្វើកំណែទម្រង់រចនាដឹកនាំ និងគ្រប់គ្រងរបស់ក្រសួងដូចជាបណ្តាអង្គភាពក្រោមឱវាទបន្តបន្ទាប់ ព្រមទាំងបានកសាងគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដូចជាពង្រឹងសមត្ថភាពមន្ត្រីតាមគ្រប់មធ្យោបាយ និងលទ្ធភាព ដើម្បីចូលរួមកិច្ចការជាតិ ឱ្យឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចសង្គមកម្ពុជា ក៏ដូចជាបរិការណ៍តំបន់ និងអន្តរជាតិផងដែរ។

ជាមួយនោះដែរ លោក នេត្រ ភក្ត្រា ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន ក្នុងការធ្វើកំណែទម្រង់ក្នុងវិស័យបរិស្ថាននាពេលកន្លងមក និងការគិតគូរលើការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ និងបង្កើនចំណូលសម្រាប់ពលរដ្ឋមូលដ្ឋាន តាមរយៈការជំរុញទេសចរណ៍ធម្មជាតិ ការជំរុញឱ្យមានការផ្សព្វផ្សាយ និងប្រើប្រាស់ផលិតផលរបស់ប្រជាសហគមន៍ និងការពង្រឹងតួនាទីរបស់សហគមន៍ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ សត្វព្រៃព្រៃឈើ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះដែរធ្វើឡើងរយៈពេលបីថ្ងៃ ពីថ្ងៃទី២៤-២៦ ដោយមានសិក្ខាកាមចូលរួមចំនួន ៨០នាក់ មកពីខេត្តកណ្តាល កំពង់ឆ្នាំង ខេត្តកោះកុង និងខេត្តកំពង់ស្ពឺ។

ក្នុងរយៈពេល ៣ថ្ងៃនៃសិក្ខាសាលាថ្នាក់តំបន់នេះ មន្ត្រីជំនាញនៃក្រសួងបរិស្ថាននឹងធ្វើបង្ហាញជូនដល់មន្ត្រីថ្នាក់ក្រោមជាតិនូវទស្សនទាននៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការគ្រប់គ្រងសំណល់រឹងតាមទីប្រជុំជន ការគ្រប់គ្រងប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ការបណ្តុះបណ្តាលបច្ចេកទេសអនុវត្តមុខងារការអភិវឌ្ឍដោយចីរភាព មុខងារផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានបរិស្ថាន ការងារគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ៕

អត្ថបទទាក់ទង